ឧបនិស្ស័យ ៧ ប្រការរបស់អ្នកដឹកនាំឆ្នើម

ម្តងម្កាល អ្នកបានជួបអ្នកដឹកនាំម្នាក់ដែលមានភាពលេចធ្លោ សូម្បីតែនៅក្នុងបន្ទប់មួយដែលពោរ​ពេញទៅអ្នកបុគ្គលដែលមានជំនាញ មានបទពិសោធន៍ និងជោគជ័យក៏ដោយ។ អ្នកអាចប្រាប់បានភ្លាមៗថា ពួកគេគ្រាន់តែគិត ធ្វើសកម្មភាព និងដឹកនាំខុសពីមនុស្សភាគច្រើន​ផ្សេងទៀតប៉ុណ្ណោះ។ បុគ្គលដ៏កម្រទាំងនោះ មិនមែនក្លាយជាអ្នកដឹកនាំឆ្នើម ក្នុងរយៈពេលមួយយប់នោះ​ទេ តែអ្នកខ្លះក៏មានទេពកោសល្យ ភាពជាអ្នកដឹកនាំពីកំណើត។ តាមរយៈការបណ្តុះបណ្តាល បទពិសោធន៍ និង​បន្ថែមដោយការពិនិត្យមើលផ្លូវចិត្តខ្លួនឯងនោះ ពួកគេបានរៀនអំពីវិធីធ្វើការសម្រេចចិត្តយ៉ាងរហ័ស។ ពួកគេរៀនធ្វើការជាមួយមនុស្ស ដែលមានបុគ្គលិកលក្ខណៈខុសៗគ្នាជាច្រើន។ ពួកគេរៀន​បណ្តុះបណ្តាល ជំរុញទឹកចិត្ត និងបំផុសគំនិត។

ដើម្បីលេចធ្លោក្នុងភាពជាអ្នកដឹកនាំ អ្នកត្រូវបង្កើត​ទម្លាប់​មួយចំនួន ហើយទម្លាប់​ទាំងនេះ​នឹងក្លាយ​ទៅជាស​កម្មភាព​ប្រចាំថ្ងៃ​របស់អ្នក៖

១. ផ្តល់អាទិភាពលើសុខភាពផ្ទាល់ខ្លួន

មេដឹកនាំអស្ចារ្យបង្កើតទម្លាប់យក​ចិត្ត​ទុកដាក់​លើខ្លួនឯង​ក្នុងផ្នែក​ទាំងបួន គឺរាង​កាយ អារម្មណ៍ ចិត្ត និងស្មារតី។​ គេដឹងថាសុខភាព​ផ្នែក​រាងកាយ​ជាមូលដ្ឋាន​នៃគ្រប់​កិច្ចការ​អស្ចារ្យ​និង​ឱកាស​ដើម្បី​រីកចម្រើន។ ប្រសិនបើ​រាងកាយ​អ្នកមិន​មាន​សុខភាពទេ តើចិត្ត អារម្មណ៍ និងស្មារតី​របស់​អ្នកអាច​ល្អប្រសើរ​បាន​ដោយ​របៀបណា? ដោយសារ​ហេតុផល​នេះ​ហើយបាន​ជាមេដឹកនាំ​អស្ចារ្យ​តែងតែ​ហាត់ប្រាណ​យ៉ាងទៀត​ទាត់ ទទួលទាន​អាហារល្អ​សម្រាប់​សុខភាព និងគេង​គ្រប់គ្រាន់។

២. រក្សាគោលដៅនៅចំពោះមុខ

មេដឹកនាំជាច្រើននាក់បង្រៀនអំពីសិល្បៈ​នៃការ​សរសេរ​គោល​ដៅទុក និងការ​សរសេរ​គោកដៅ​ទាំងនោះ​ឡើងវិញ​រាល់ថ្ងៃ។ មេដឹកនាំ​ខ្លះទៀត​និយាយថា​អះអាងថា​ការអាន​គោលដៅ​ឱ្យឮៗ​រាល់ថ្ងៃ​ជាការគ្រប់គ្រាន់​ហើយ។ ទោះជា​ប្រើប្រាស់​របៀបណា​ក៏ដោយ ​ប្រសិនបើ​អ្នកចង់​ក្លាយជា​មេដឹក​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ អ្នកត្រូវ​បង្កើត​ទម្លាប់​ផ្ទាល់ខ្លួន​ក្នុងការ​កំណត់​ឱ្យដឹង​អំពី​គោលដៅ​នៅចំពោះ​មុខរាល់ថ្ងៃ។ គំនិត​ស្នូលក្នុង​ការធ្វើ​ឱ្យ​គោលដៅ​នៅមាន​ភាពរស់​រវើកក្នុង​ចិត្តរាល់ថ្ងៃ​គឺដើម្បី​ចងចិត្ត​អ្នកឱ្យ​ជាប់នៅលើផ្លូវ​ទៅសម្រេច​គោលដៅ​នោះ​ឱ្យបាន​ទោះជាត្រូវ​ប្រឈម​នឹងឧបសគ្គ​បែបណា​ក៏ដោយ។

៣. រៀបចំផែនការសម្រាប់ថ្ងៃបន្ទាប់

ទម្លាប់ដ៏សំខាន់ដើម្បីធ្វើជាមេដឹកនាំដ៏មាន​ប្រសិទ្ធភាព​គឺរៀបចំ​ផែនការ​ទុក​សម្រាប់ថ្ងៃ​បន្ទាប់​ជាស្រេច​នៅពេល​មុនចូល​គេង។ តើអ្នកអាច​ជោគជ័យ​បានដោយ​របៀបណា​ប្រសិនបើ​អ្នកខ្វះ​ភាព​ច្បាស់លាស់​ចំពោះ​កិច្ចការ​ដែលអ្នក​ប្រុង​នឹងធ្វើ​នៅថ្ងៃ​បន្ទាប់? អ្នកប្រហែល​នឹងសម្រេចកិច្ច​ការបានខ្លះ ប៉ុន្តែ​អ្នកប្រហែល​មិនអាច​ផ្តោតចិត្ត​មូលលើ​កិច្ចការ​សំខាន់ ឬទិសដៅ​វែងឆ្ងាយ​បានទេ បើគ្មាន​ផែនការ​ជាមុន។ ការរៀបចំ​ផែនការ​ទុកសម្រាប់​ថ្ងៃស្អែក​ជួយឱ្យ​អ្នកធ្វើការ​បានច្រើន​ក្នុងពេលដ៏ខ្លី។

៤. អានសៀវភៅរាល់ថ្ងៃ

មេដឹកនាំជោគជ័យដឹងនិងជឿជាក់លើ​អត្ថប្រយោជន៍​នៃទម្លាប់​អាន​ប្រចាំថ្ងៃ។ ការអាន​សៀវភៅ​ធ្វើឱ្យ​មនុស្ស​មានគំនិត​ច្រើន និង​កាន់តែ​មានភាព​វៃឆ្លាត ជួយបង្កើត​ភាព​ច្បាស់លាស់​ក្នុងគំនិត កាត់បន្ថយ​អារម្មណ៍​តានតឹង ពង្រីក​គ្រឹះ​នៃ​ចំណេះដឹង ​ពង្រីក​ឃ្លាំង​ពាក្យពេចន៍ បង្កើន​ការចងចាំ បណ្តុះ​ជំនាញ​ក្នុងការវែកញែក​ហេតុផល អភិវឌ្ឍ​សមត្ថភាព​ផ្តោតចិត្ត បង្កើនជំនាញ​សរសេរ នាំអារម្មណ៍​ទៅរក​កន្លែង​ស្ងប់ស្ងាត់ និងជាប្រភព​អស្ចារ្យ​នៃការកម្សាន្ត​ដែលចំណាយ​លុយអស់តិច។

៥. រៀនពីមនុស្សដែលគេកោតសសើរ

មេដឹកនាំអស្ចារ្យច្រើនតែ​ជាមនុស្ស​ដែលចង់​សម្រេច​កិច្ចការ​ច្រើន និងស្តីបន្ទោស​ខ្លួនឯង​ខ្លាំង​នៅពេល​បង្កើត​កំហុសអ្វី​មួយ។ ដើម្បី​ជៀសវាង​ការជាប់​គាំង​នៅក្នុង​អន្ទាក់​នៃបរាជ័យ មេដឹកនាំ​ជោគជ័យ​ដឹងច្បាស់​ថា​គេត្រូវ​មានមនុស្ស​អស្ចារ្យ​ជាច្រើន​នាក់ដែលគេគោរព​និងកោត​សសើរ​ដើម្បី​ធ្វើជាគំរូ និងចាំផ្តល់​ប្រឹក្សា​ក្នុងពេល​ចាំបាច់។​ មនុស្ស​ដែលគួរ​ឱ្យកោត​សសើរ​ទាំងអស់​នេះមិនបាំបាច់​តែជាមនុស្ស​ដែលនៅ​មានជីវិត​អាចទាក់ទង​គ្នា​ដោយផ្ទាល់​បានទេ សូម្បីតែ​មនុស្ស​នៅក្នុង​ទ្វីបខុសគ្នា ឬរស់​ក្នុងសម័យ​កាលខុសគ្នា​ក៏អាច​ជាទីប្រឹក្សា​ល្អបានដែរ​ពីព្រោះ​មនុស្ស​ទាំងអស់នោះ​បានចែក​រំលែកគំនិត និងបទ​ពិសោធន៍​របស់គេ​តាមរយៈ​សៀវភៅ​រួចទៅហើយ។

៦. ផ្តោតចិត្តលើកិច្ចការដែលលំបាក

មេដឹកនាំអស្ចារ្យរស់នៅនិងរីកចម្រើន​ក្នុង​កន្លែង​ដែល​មានការ​ប្រជែង​ខ្លាំង។ បើអ្នក​រុញច្រាន​ខ្លួនឯង​ទៅក្នុង​ការប្រជែងកាន់តែ​ច្រើន អ្នកនឹង​មានទំនុក​ចិត្ត​កាន់តែខ្លាំង​ក្នុងការ​ប្រឈម​កាន់តែ​ធំថែមទៀត។ កិច្ចការ​លំបាក​មិនបាន​ជួយ​ឱ្យអ្នករីក​ចម្រើន​ជំនាញ ឬចំណេះ​ដឹងអ្វីទេ ប៉ុន្តែ​វាជួយ​ឱ្យអ្នក​ពង្រីក​ជំនឿចិត្ត​លើខ្លួនឯង​កាន់តែ​ខ្លាំង។ មេដឹកនាំ​ដែលមាន​បទពិសោធន៍​ដឹងច្បាស់​អំពីភាព​ខុស​គ្នារវាង​ការប្រជែង​ដែលនាំ​ទៅរក​ភាពរីក​ចម្រើន និងការប្រជែង​ដែលនាំ​ទៅរក​អន្តរាយ។

៧. ធ្វើសកម្មភាពនៅពេលភ័យខ្លាច

ការភ័យខ្លាចត្រូវតែប្រឈម។ ធម្មជាតិ​របស់មនុស្ស​តែងតែ​ជឿជាក់​និងទុកចិត្ត​លើអ្វី​ដែលគេ​បានស្គាល់​ជាជាងអ្វី​ដែលគេ​មិនធ្លាប់ស្គាល់។ ទោះជា​យ៉ាងណា មេដឹកនាំ​អស្ចារ្យ​បង្កើត​ទម្លាប់​ជម្នះ​ស្ថានភាព​ដដែលៗ​ចេញនិង​ស្វែងរក​អ្វីដែល​ថ្មីជានិច្ច។ គេដឹងច្បាស់ថា​ការរីក​ចម្រើន និងរឿង​អស្ចារ្យ​អាចកើតឡើង​តែពេលណា​ដែលគេ​ធ្វើកិច្ចការ​ដែលគេ​មិនធ្លាប់​ធ្វើប៉ុណ្ណោះ។ ការរីកចម្រើន​បែបច្នៃប្រឌិត​មិនអាច​កើតចេញ​ពីភាពសុខ​ស្រួលទេ។ មនុស្សយើង​ភាគច្រើន​សំងំនៅ​ក្នុងភាព​សុខ​ស្រួល និងសុវត្ថិភាព​នៃប្រាក់​ខែទៀងទាត់ ប៉ុន្តែ​សហគ្រិន​និងប្រធាន​ក្រុមហ៊ុន​ធំៗជា​មនុស្ស​ដែលហ៊ាន​ប្រថុយ​ចេញមុខ​បង្កើត​ការងារ​និងស្ថានភាព​សុខស្រួល​ទាំងអស់នេះ។

ជារួមមកវិញ អ្នកដឹកនាំឆ្នើម ជាមនុស្ស​ដែលមាន​មហិច្ឆតា​ចំពោះ​ការងារ ស្រឡាញ់​មនុស្ស​ជុំវិញ​ខ្លួន និងចូលចិត្ត​ផ្តល់​ប្រយោជន៍ទៅ​សហគមន៍​វិញ។ អ្នកដឹកនាំឆ្នើម ​យល់ច្បាស់​ថា​ជោគជ័យ​ក្នុងរូបភាព​ណាក៏ដោយ មិនមែន​ជាព្រឹត្តិ​ការណ៍ទេ ​ប៉ុន្តែ​ជាដំណើរការ។​ អ្នកដឹកនាំ​ជោគជ័យ​បំផុត​ យល់ច្បាស់​ទៀតថា ​ជោគជ័យ​ក្នុងកិច្ចការ​អ្វីមួយ​ជាលទ្ធផល​នៃការព្យាយាម​ច្រើនលើក​ច្រើន​សា។ ហេតុដូច្នេះ​ហើយ ជោគជ័យ​ គឹជាការ​ប្រឹងប្រែង​ប្រចាំថ្ងៃ និងការប្តេជ្ញា​ចិត្តរាល់ថ្ងៃ​ក្នុងដំណើរ​ឆ្ពោះ​ទៅសម្រេច​គោលដៅជីវិត។

សម្រួលពី៖ Sherrie Campbell (2018), 8 Habits of Highly Successful Leaders, Entrepreneur


អត្ថបទទាក់ទង

សកម្មភាពទាំង ៧ នេះនឹងធ្វើឲ្យអ្នកក្លាយជាអ្នកដឹកនាំ មិនមែនឋានៈ ឬតួនាទីនោះទេ

 

Leave a Reply

Your email address will not be published. Required fields are marked *