គន្លឹះអាថ៌កំបាំងចំនួន ៦ ដើម្បីកសាងក្រុមការងារឱ្យមានភាពអស្ចារ្យ

ការបង្កើតឱ្យមានក្រុម ពិតជាងាយស្រួលជាងការកសាងក្រុមឱ្យមានភាពអស្ចារ្យ មានភាពរឹងមាំយូរអង្វែង និងមានផលិតភាពការងារខ្ពស់។ ក្រុមការងារ​ល្អ រឹងមាំ មាន​ទេពកោសល្យ និង​មាន​សមត្ថភាព​ធ្វើ​ការបម្រើ​ប្រយោជន៍​រួម សហគ្រិន​ណា​មិន​ចង់បាន? ព្រោះ​នោះ​ជា​ទ្រព្យសម្បត្តិ​ដ៏​ធំ ​និង​មានតម្លៃ​នៃ​ការ​ធ្វើ​អាជីវកម្ម​ទៅ​ហើយ​។​ យោងតាមគេហទំព័រ Harvard Business Review បានបង្ហាញនូវគន្លឹះចំនួន ៦ ដែលជាអាថ៌កំបាំងដើម្បីកសាងក្រុមការងារឱ្យមានភាពអស្ចារ្យបាន។

១. បង្កើតឱ្យមានរចនាសម្ព័ន្ធក្រុមដ៏ខ្លាំង

ការបង្កើតរចនាសម្ព័ន្ធ​ ដើម្បីឱ្យសមាជិកក្រុមទាំងអស់ បានស្គាល់ច្បាស់ពីចំនួនសមាជិកក្រុម ស្គាល់ច្បាស់ពីតួនាទី ទំនួលខុសត្រូវរៀងៗខ្លួន និងស្គាល់ច្បាស់ពីដំណើរការនៃការបំពេញការងារឱ្យមានប្រសិទ្ធភាពជាងមុន។

២. ចែករំលែកនូវផ្នត់គំនិតគ្នា

នេះសំដៅលើការជួយដោះស្រាយបញ្ហារបស់ក្រុម និងចែករំលែកនូវចំណេះដឹងឱ្យគ្នាទៅវិញទៅមក ដោយមិនប្រកាន់បក្សពួក​ ពណ៌សម្បុរ សាសនា និងជាតិសាសន៍ជាដើម។ លើសពីនេះ វាបង្កើតទំនាក់ទំនងល្អជាមួយនឹងក្រុមការងារ និងធ្វើឱ្យក្រុមការងារមានផ្នត់គំនិតរីកចម្រើន។

៣. ផ្ដោតលើគោលដៅដោយមានការប្រកួតប្រជែងខ្ពស់

មូលដ្ឋានគ្រឹះនៃក្រុមដ៏អស្ចារ្យទាំងអស់ គឺជាទិសដៅដែលផ្តល់ថាមពល និងការចូលរួមពីសមាជិកក្រុមទាំងអស់។ សមាជិកក្រុម មិនអាចត្រូវបានបំផុសគំនិតទេ ប្រសិនបើពួកគេមិនដឹងថាពួកគេកំពុងធ្វើអ្វី ហើយមិនមានគោលដៅច្បាស់លាស់។ ដូច្នេះ គោលដៅទាំងនោះ គួរតែមានការប្រកួតប្រជែង ដោយធ្វើកិច្ចការងារពោរពេញដោយភាពពេញចិត្ត និងមានមហិ្ឆចតាខ្លាំង ដើម្បីបម្លែងខ្លួនឯងជាបុគ្គលដែលមានលទ្ធផល និងមានផលិតភាពការងារខ្ពស់។

៤. បង្កើតឱ្យមានបរិបទនៃការគាំទ្រគ្នា

ការបង្កើតឱ្យមានប្រព័ន្ធនៃការផ្ដល់ព័ត៌មានលម្អិត ផ្ដល់នូវជំនួយ និងការផ្ដល់ជាមតិយោបល់ឱ្យមានភាពរហ័ស និងងាយស្រួលទៅកាន់ក្រុមការងារ ដើម្បីបំពេញកិច្ចការងារឱ្យមានប្រសិទ្ធភាពខ្ពស់។ ការធ្វើបែបនេះ ក្នុងគោលបំណងឱ្យក្រុមការងារមានផលិតភាពការងារ បំពេញការងារជាលក្ខណៈប្រព័ន្ធ មិនងាយខ្វះនូវព័ត៌មាន និងកាត់បន្ថយនូវបញ្ហានានា។

៥. វាយតម្លៃក្រុម

នៅពេលដែលបានកំណត់នូវដំណាក់កាល ដើម្បីសម្រេចនូវគោលដៅរបស់ក្រុម ជំហានបន្ទាប់ ប្រធានក្រុម ត្រូវតែមានការវាយតម្លៃលើក្រុម ដោយផ្ដោតលើលទ្ធផល សមត្ថភាព សហការ និងការអភិវឌ្ឍន៍សមត្ថភាពរបស់បុគ្គលម្នាក់ៗ។ ធ្វើបែបនេះ ដើម្បីដឹងពីស្ថានភាពការងារ និងស្ថានភាពរបស់ក្រុម ដើម្បីអាចដោះស្រាយបញ្ហារាំងស្ទះណាមួយបានទាន់ពេលវេលា និងឆាប់បានសម្រេចគោលដៅ ជាពិសេសអាចដឹងពីសមត្ថភាព និងពង្រឹងសមត្ថភាពរបស់ក្រុមម្នាក់ៗ។

៦. បង្កើតច្បាប់ និងលក្ខខណ្ឌអនុញ្ញាត

វាសំដៅលើការឈ្វេងយល់លម្អិតពីបរិយាកាសណាដែលអាចបង្កើតផលិតភាពក្រុមនីមួយ បន្ទាប់មកបង្កើតជាច្បាប់ និងលក្ខខណ្ឌនានា ដើម្បីជួយដល់ក្រុមទាំងមូល។

ប្រភព៖ The Secrets of Great Teamwork, by Martine Haas and Mark Mortensen, Harvard Business Review


អទ្ថបទទាក់ទង

វិធីសាស្រ្តចំនួន ៦ ដែលអាចជួយបង្កើនផលិតភាពបុគ្គលិករបស់អ្នក

 

Leave a Reply

Your email address will not be published. Required fields are marked *