វិធីសាស្រ្ត ៥ យ៉ាង ដើម្បីលើកទឹកចិត្តបុគ្គលិករបស់អ្នកប្រកបដោយប្រសិទ្ឋភាព
គ្រប់នាយកប្រតិបត្តិ អ្នកគ្រប់គ្រង និងអ្នកដឹកនាំអាជីវកម្ម សុទ្ធតែដឹងថា និយោជិតរបស់ពួកគេ គឺជាអាយុជីវិតរបស់ក្រុមហ៊ុន។ បើគ្មាននិយោជិតដែលមានប្រសិទ្ធិភាពនៅពីក្រោមទេ ពួកគេនឹងមិនអាចទទួលបានជោគជ័យរយៈពេលវែងបានឡើយ។ ដើម្បីឱ្យអាជីវកម្មរីកចម្រើន ក្រុមហ៊ុនត្រូវផ្តោតលើការខិតខំរបស់បុគ្គលិកដើម្បីបង្កើតផលិតភាពការងារ និងបន្ថែមភាពរីករាយ។
បុគ្គលិកដែលមានភាពសប្បាយរីករាយ គឺជាបុគ្គលិកដែលមានផលិតភាពការងារល្អ តែតើគួរធ្វើយ៉ាងណាទើបអាចជំរុញទឹកចិត្តបុគ្គលិកឲ្យធ្វើការងារបានល្អ ខិតខំធ្វើការងារ និងបំពេញតួនាទីរបស់ពួកគេចេញពីទឹកចិត្ត? តាមពិតទៅ វាមិនចាំបាច់ចំណាយធនធានច្រើនណាស់ណាទេ ដើម្បីជំរុញឲ្យបុគ្គលិកបំពេញការងារតាមអ្វីដែលយើងចង់បាន និងអាចឈានទៅសម្រេចបំណងរបស់ស្ថាប័ននោះ។
ចំណុចទាំង ៥ ខាងក្រោមនេះនឹងជួយបង្ហាញផ្លូវអ្នកពីការលើកទឹកចិត្តបុគ្គលិករបស់អ្នក៖
១. មានទំនាក់ទំនងល្អ (Communicate Better)
ទំនាក់ទំនងរវាងមនុស្សគឺសំខាន់ណាស់ មិនថានៅក្នុងគ្រួសារ មិត្តភក្តិ ឬនៅក្នុងសហគមន៍រស់នៅទេ។ យ៉ាងណាមិញនៅក្នុងស្ថាប័នមួយក៏ដូចគ្នា បើចង់ឲ្យការងារដំណើរការទៅបានល្អលុះត្រាអ្នកភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលិក តាមដានពីស្ថានភាពការងាររបស់ពួកគេដើម្បីដឹងថាពួកគេអាចសម្រេចការងារដែលអ្នកដាក់ឲ្យនោះបានដោយភាពងាយស្រួល ឬលំបាកប៉ុណ្ណា។ បើគ្រាន់តែជួបគ្នាតាមររយៈ email ផ្ញើរតែការងារ គាត់ផ្ញើរតែរបាយការណ៍ ឬលទ្ធផលផ្សេងៗមកកាន់អ្នកវិញ សួរថាគាត់មានអារម្មណ៍យ៉ាងណា។ តែបើអ្នកតាមដានការងារបុគ្គលិករបស់អ្នកដោយការជួបមុខផ្ទាល់ សួរនាំពីស្ថានភាព ការងារ ជួយដោះស្រាយបញ្ហាដែលគាត់ជួប គាត់នឹងមានអារម្មណ៍ថាអ្នកមិនត្រឹមតែជាចៅហ្វាយ ជាអ្នកគ្រប់គ្រង តែជាអាណាព្យាបាលដែលតែងយកចិត្តទុកដាក់លើគាត់យល់ពីស្ថានភាពគាត់ និងផ្តល់ជាដំបូន្មានល្អៗដល់គាត់ អ្នកផ្តល់តម្លៃឲ្យបុគ្គលិក។ ទោះបីបុគ្គលិករបស់អ្នកហត់នឿយនឹងការងារប៉ុណ្ណា ក៏ពួកគេនៅតែរីករាយនឹងបំពេញការងារជូនស្ថាប័នដែរ។
២. ជាឧទាហរណ៍ល្អសម្រាប់បុគ្គលិក (Be an Example)
អ្នកមិនអាចរំពឹងថាបុគ្គលិកអ្នកអាចបំពេញការងារ និងមានឥរិយាបថសមស្របទៅនឹងអ្វីដែលអ្នកចង់បាន អ្វីដែលអ្នកចង់ឲ្យគាត់បំពេញឡើយ។ វិធីសាស្រ្តតែមួយល្អបំផុតគឺខ្លួនអ្នកត្រូវធ្វើជាគំរូ ជាឧទាហរណ៍ដ៏ល្អសម្រាប់ពួកគាត់អនុវត្តតាម ទោះជាអ្នកជាម្ចាស់អាជីវកម្ម ឬជាអ្នកគ្រប់គ្រងក៏ដោយបើអ្នកបង្ហាញថាអ្នកមានភាពពេញចិត្ត រីករាយនឹងគោលដៅរបស់ស្ថាប័ន នោះបុគ្គលិកអ្នកនឹងខិតខំធ្វើការដើម្បីបានទៅដល់គោលដៅមួយនោះទាំងអស់គ្នា។ បើអ្នកហាក់បង្ហាញថាគ្រាន់តែបំពេញការងារដើម្បីប្រាក់បៀវត្ស នោះបុគ្គលិកឬអ្នកក្រោមបង្គាប់អ្នកក៏គ្រាន់តែដើរលេងៗកំដរអ្នក ដោយមិនប្រាកដថាបានទៅដល់គោលដៅនោះឬត្រូវឈប់ហើយបកក្រោយវិញនោះទេ។
៣. ផ្តល់អំណាចដល់បុគ្គលិក (Empower Them)
មិនមែនផ្តល់អំណាចឲ្យពួកគេសម្រេចការងារអ្វីទាំងអស់នោះទេ តែអំណាចនោះគឺការដែលអនុញ្ញាតឲ្យពួកគេអាចបញ្ចេញ អាចនិយាយអ្វីដែលជាយោបល់គាត់ ពេលខ្លះវាអាចជាបញ្ហាដែលគាត់ចង់លើកឡើង ឬជាគំនិតក្នុងការដោះស្រាយបញ្ហាមួយដ៏ល្អដែលយើងគិតមិនដល់។ ពេលខ្លះគាត់ជាបុគ្គលិកធម្មតាក៏ពិតមែនតែគាត់មានគំនិតល្អៗច្រើន ពួកគេអាចមានយុទ្ធសាស្ត្រទីផ្សារប្លែកដើម្បីទប់ទល់ជាមួយគូប្រកួតប្រជែង។ លើកទឹកចិត្តគាត់កុំខ្លាចក្នុងការបញ្ចេញយោបល់ វាល្អប្រសើរបើពួកគេបានចែករំលែកយោបល់នានាជាជាងការមិនធ្វើអ្វីសោះ។
៤. ផ្តល់នូវឱកាសក្នុងការរីកចម្រើន (Offer Opportunities For Advancement)
ក្នុងនាមជាបុគ្គលិកមានអារម្មណ៍ថារីករាយណាស់ប្រសិនបើពួកគេមើលឃើញថាពួកគេធ្វើការមិនមែនអាចទទួលបានត្រឹមតែប្រាក់ខែមួយមុខ តែគាត់នឹងមានឱកាសអភិវឌ្ឍខ្លួន ទទួលបានចំណេះដឹងថ្មីៗបន្ថែម និងដូចជាចេះការងារច្រើនជាងការរំពឹងទុក។ គ្មាននរណាម្នាក់ចង់ធ្វើការងារដដែលៗ ឬហៅថាការងារដែលងាប់ក្រលា តាំងពីចូលធ្វើការរហូតចេញពីក្រុមហ៊ុនទៅរកការងារថ្មី ដូច្នេះទើបពួកគេតែរីករាយនឹងការមានវគ្គបណ្តុះបណ្តាលលើជំនាញបន្ថែម ឬអាចរៀនពីវគ្គអ្វីថ្មី។ បើធ្វើបែបនេះបានអ្នកអាចក៏សាងកេរ្តិ៍ឈ្មោះឲ្យស្ថាប័នអ្នកបាន ក៏ទទួលបានឱកាសរីកចម្រើនសម្រាប់អាជីវកម្មអ្នកដែរ។
៥. ផ្តល់ជាគ្រឿងលើកទឹកចិត្ត (អាចជារូបិយ និងអរូបិយ) (Provide Incentives)
ពេលខ្លះបុគ្គលិកអាចនឹងចង់បានវត្ថុដែលជាកាដូក្នុងការលើកទឹកចិត្ត តែពួកគេមិនចង់បានរបស់ដែលថ្លៃកប់ពពកអ្វីទេ គ្រាន់តែជាសំបុត្រកុន វត្ថុអនុស្សាវរីយ៍ ដំណើរកំសាន្តជាលក្ខណៈក្រុមការងារ ការញ៉ាំអាហារ ឬពេលខ្លះអាចជាការផ្តល់នូវថ្ងៃឈប់សម្រាកបន្ថែម ហើយមានពេលខ្លះទៀតការផ្តល់ជាលុយសុទ្ធក៏ជាតម្រូវការគាត់ដែរ។ ការលើកទឹកចិត្តដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សានិងចងជើងបុគ្គលិកបានល្អបំផុត ហើយវាក៏ជាធាតុសំខាន់ដើម្បីរុញអាជីវកម្មអ្នកឲ្យលូតទៅដល់គោលដៅបានយ៉ាងលឿនតាមអ្វីដែលអ្នករំពឹងទុក។
ប្រភព៖ Top 5 Ways to Motivate Your Employees (It’s Easier Than You Think) ដោយ Margaret Jacoby លើគេហទំព័រ HUFFPOST,
អត្ថបទទាក់ទង