របៀបដឹកនាំ ៥ ប្រភេទដែលត្រូវបានបែងចែកដោយផ្លាតុង

ផ្លាតុង គឺជាទស្សនវិទូដែលជាបិតាទស្សនវិជ្ជាលោកខាងលិច ដោយលោកគឺជាកូនសិស្សរបស់សូក្រាត និងជាគ្រួរបស់អារីស្ដូត។ ផ្លាតុង​ កើតនៅ​ក្នុង​អំឡុង​ឆ្នាំ​៤២៨​មុនគ.ស នៅ​អាថែន ប្រទេស​ក្រិកផ្លាតុង​ធំដឹង​ក្តីឡើង នៅ​ក្នុង​ពេល​ដែល​ក្រិក​កំពុង​ស្ថិតក្នុង​កលយុគ​នយោបាយ​ដ៏​ធ្ងន់ធ្ងរ គឺ​សង្រ្គាម​ស៊ីវិល រវាង​អាថែន និង​ស្ប៉ាត ដែល​គេ​ឲ្យឈ្មោះ​ថា “សង្រ្គាម​ប៉េឡូប៉ូនែស”។ នៅ​ក្នុង​កលយុគនយោបាយ​នេះ ផ្លាតុង​ បាន​ឆ្លងកាត់​នូវ​ការ​ផ្លាស់ប្តូរ​របបនយោបាយ​ជាច្រើន​លើក​នៅ​អាថែន គឺ​ចេញ​ពី “​របបប្រជាធិបតេយ្យ” (របប​នយោបាយដែល​រដ្ឋាភិបាល​កើតចេញ​ពី​ការជ្រើសរើសដោយ​ប្រជាជន​ជាទូទៅ) ទៅ “​​របប​អប្បជនាធិបតេយ្យ” (របបនយោបាយ​ដែល​រដ្ឋាភិបាល​កើតចេញ​ពី​​​ជនមួយក្រុមតូច) មុននឹង​វិលត្រឡប់​មក​កាន់​របបប្រជាធិបតេយ្យ​វិញ។

ផ្លាតុង បានបែងចែករបៀបដឹកនាំជា ៥ ប្រភេទ៖

១. អភិជនាធិបតេយ្យ (Aristocracy)

របបនេះ គឺការគ្រប់គ្រងមួយដែលដឹកនាំដោយមនុស្សដែលមានការអប់រំល្អ ដែលមានការគិតពិចារណា ដោយប្រើប្រាស់ហេតុផលត្រឹមត្រូវ។ ក្នុងទ្រឹស្ដីរបស់ផ្លាតុង មនុស្សក្នុងវណ្ណៈអភិជន មានសមតុល្យរវាងចំណង់ ភាពតក្ក និងផ្លូវសាសនា។ សង្គមមួយនេះ ជាទូទៅ ដឹកនាំដោយមនុស្សដែលមានទស្សនវិជ្ជាខ្ពង់ខ្ពស់ ដែលមានចូលចិត្តចំណេះដឹង មានភាពឆ្លាតវៃ និងចង់រស់នៅប្រកបដោយជីវិតសាមញ្ញ។

២. របបសក្តិភូមិ (Timocracy)

សង្គមមួយនេះ កាត់បន្ថយគុណតម្លៃនៃភាពតក្ក ហើយផ្ដោតទៅលើសារៈសំខាន់នៃចំណង់អំណាច និងជឿលើសាសនា។ ជាទូទៅ មនុស្សដែលមានចំណេះដឹង គុណធម៌មិនត្រូវគេឲ្យតម្លៃ ហើយមនុស្សម្នាក់ៗ ខិតខំ ដើម្បីតែអំណាចខ្លួនឯង ដោយពួកគេមានលក្ខណៈកាចសាហាវ ចូលចិត្តធ្វើសង្រ្កាម។ ក្នុងសង្គមមួយនេះ ពលរដ្ឋម្នាក់ៗ ផ្ដោតសំខាន់ទៅលើមាសប្រាក់ ការកម្សាន្ត ជាជាងការអប់រំ។

៣. គណាធិបតេយ្យ (Oligarchy)

ក្នុងសង្គមមួយនេះ ទ្រព្យសម្បត្តិ ត្រូវគេចាត់ទុកថាជាគ្រឿងជំរុញចិត្តដ៏សំខាន់បំផុត ដោយពួកគេឲ្យតម្លៃទៅលើអ្នកមានទ្រព្យសម្បត្តិ និងខ្ពើមរអើមអ្នកក្រីក្រ។ បើទោះបីជាសង្គមមួយនេះ មានការខំប្រឹងប្រែងធ្វើការងារ ប៉ុន្តែពួកគេមានភាពអត្មានិយម ដោយគ្រប់សកម្មភាពរបស់ពួកគេ គឺដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។ ការឲ្យតម្លៃទៅលើទ្រព្យសម្បត្តិកាន់តែច្រើន ធ្វើឲ្យមនុស្សបាត់បង់គុណធម៌។

៤. ប្រជាធិបតេយ្យ (Democracy)

ផ្លាតុង មានជំនឿថា របបគ្រប់គ្រង គឺផ្ដោតសំខាន់ទៅលើសេរីភាព។ លោកមានជំនឿថា តួនាទីរបស់អជ្ញាធរ និងច្បាប់ទាំងអស់ គឺដើម្បីបម្រើសង្គម។ មនុស្ស មានសិទ្ធសេរីភាពក្នុងការធ្វើអ្វីដែលខ្លួនចង់ធ្វើ ដោយមិនចាំបាច់ឱនលំទោនចំពោះនរណាម្នាក់ឡើយ។ ក្នុងសង្គមមួយនេះ ប្រជាធិបតេយ្យ គឺផ្ដល់សេរីភាពទៅដល់មនុស្សគ្រប់ៗគ្នាស្មើៗគ្នា ដោយមិនរើសអើង។

៥. របបផ្ដាច់ការ/ទុជនាធិបតេយ្យ (Tyranny)

បើយោងតាមទស្សនរបស់ផ្លាតុង របបនេះ បែងជាបំណែកតូចៗ ដោយមានអ្នកគ្រប់គ្រងដោយជនផ្ដាច់ការ ចូលចិត្តប្រើអំពើហិង្សា គ្មានតម្លាភាព។ សង្គមមួយនេះ គឺត្រូវបែងចែក ហើយរបបគ្រប់គ្រងមួយនេះ គឺចង់បានសេរីភាព ប៉ុន្តែខ្វះច្បាប់គ្រប់គ្រង។ របបមួយនេះ គឺគ្មានសិលធម៌ អត្មានិយម និងគ្មានយុត្តិធម៌។

អ្នកអាចប្រៀបធៀបរបបគ្រប់គ្រងទាំងនេះ ទៅនឹងបរិយាកាសនយោបាយសព្វថ្ងៃនេះ។ អ្នកប្រាកដជាគិតថាការគ្របគ្រងបែបប្រជាធិបតេយ្យដែលល្អជាងគេ។

មនុស្សម្នាក់ៗ ចង់បានទ្រព្យសម្បត្តិ ប៉ុន្តែអ្នកត្រូវសួរខ្លួនរបស់អ្នកថា វាមិនមែនជាអ្វីដែលសំខាន់បំផុតសម្រាប់ជីវិតរបស់អ្នកនោះទេ អ្នកត្រូវទុកចន្លោះសម្រាប់រឿងផ្សេងៗក្នុងជីវិតរបស់អ្នក ពេញចិត្តនឹងពិភពលោកដែលនៅជុំវិញអ្នក។ អ្នកអាចរៀននូវមេរៀនដ៏មានតម្លៃ៣យ៉ាងរបស់ផ្លាតុង៖

  • រៀនផ្ដល់អាទិភាពដល់រឿងត្រឹមត្រូវ៖ មេរៀនដែលសំខាន់ដែលអ្នកត្រូវរៀននោះគឺអ្នកត្រូវស្វែងរកតុល្យភាពនូវរឿងដែលសំខាន់សម្រាប់អ្នក។ អ្នកអាចនឹងផុងខ្លួនទៅនឹងសកម្មភាពរាល់ថ្ងៃរបស់អ្នក និងមហិច្ឆតារបស់អ្នក។ អ្នកត្រូវប្រឹងធ្វើការដើម្បីរកប្រាក់ ប៉ុន្តែអ្នកត្រូវចាំថាលុយកាក់តែមួយមុខមិនមែនជារឿងចាំបាច់បំផុតនោះទេសម្រាប់អ្នក។ ដូចនេះអ្នកត្រូវចេះឲ្យតម្លៃ និងផ្ដល់អាទិភាពទៅរឿងដែលត្រឹមត្រូវសម្រាប់ជីវិតរបស់អ្នកផ្សេងៗទៀត។
  • ចំណេះដឹងគឺសំខាន់៖ កុំឈប់រៀន ស្វែងរកចំណេះដឹង។ មិនមែនអ្នកឈប់រៀន នោះអ្នកថាអ្នកនឹងមិនបន្តស្វែងរកចំណេះដឹងផ្សេងទៀតនោះទេ ហើយបញ្ចប់ការសិក្សារបស់អ្នកដល់ទីបញ្ចប់នោះទេ។ អ្នកត្រូវរៀនជំនាញថ្មី រៀនភាសា និងរៀនអំពីអ្វីគ្រប់យ៉ាងដែលអ្នកជួបរៀងរាល់ថ្ងៃ។
  • ភ្ជាប់ទៅកាន់អ្វីៗនៅជុំវិញអ្នក៖ អ្នកអាចភ្ជាប់ព្រលឹងរបស់អ្នកទៅកាន់ពិភពជុំវិញខ្លួនអ្នក ដោយការនៅស្ងៀមស្ងាត់ម្នាក់ឯង  ធ្វើលំហាត់ប្រាណ និងចំណាយពេលជាមួយធម្មជាតិ។

សូមបញ្ជាក់ផងដែរថា ផ្លាតុង បាន​បង្កើត​នូវ​បណ្ឌិតសភា​មួយ ក្នុងគោលដៅ​ផ្តល់​ការ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​ខាង​ផ្នែក​ទស្សនវិជ្ជា វិទ្យាសាស្រ្ត និង​ច្បាប់ ទៅ​ដល់​អនាគត​មេដឹកនាំ​រដ្ឋ។ បណ្ឌិត​សភា​របស់​ផ្លាតុង ​ត្រូ​វ​បាន​គេ​ចាត់ទុក​ថា​ជា​សកលវិទ្យាល័យ​ដំបូង​បង្អស់​ នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​មនុស្សជាតិ ហើយ​បណ្ឌិតសភា​នេះ​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ ទាក់ទាញ​ ​កូនសិស្ស​ជាច្រើន​ពី​គ្រប់ទិសទី ក្នុងនោះ​ក៏​រួមមាន​ទាំង​អនាគត​ប្រវត្តិ​វិទូដ៏ល្បីល្បាញ​ក្នុង​ប្រវត្តិសាស្រ្ត​ម្នាក់​ផងដែរ គឺ​អារីស្តូត។ ផ្លាតុង ​ទទួល​មរណភាព​នៅ​ក្នុងវ័យ​ ៦០ឆ្នាំ ហើយ​បើទោះបីជា​ផ្លាតុង​លាចាក​លោក​នេះ​ទៅ ហើយ​​អាណាចក្រ​ក្រិក​ត្រូវ​ដួលរលំ​បាត់ទៅ តែ​បណ្ឌិតសភារបស់​លោក​នៅតែ​មាន​ដំណើរការ​ រហូត​ដល់​ប្រមាណ​ជា ៣០០ឆ្នាំក្រោយ​មក​ទើប​ត្រូវ​គេ​បិទ។ ហើយ​បើទោះបីជា​បណ្ឌិត​សភា​នេះ​ត្រូវ​បិទ នៅ​ឆ្នាំ​៨៣​មុនគ.ស តែ​ទស្សនវិជ្ជា​របស់​ផ្លាតុង​​នៅតែ​ត្រូវ​បាន​គេ​យក​ទៅ​បង្រៀន​តៗគ្នា ​រីកសាយភាយ​ទៅតាម​​ចក្រភពរ៉ូម ហើយ​បន្ត​រហូត​មក​ទល់​នឹង​សម័យកាល​បច្ចុប្បន្ន។


អត្ថបទទាក់ទង

តើអ្វីជាអនុត្តរិយទាំង ៦ប្រការ អ្នកដឹកនាំត្រូវអនុវត្តតាម?

 

Leave a Reply

Your email address will not be published. Required fields are marked *