ជំហានទាំង ៥ ដើម្បីកសាងក្រុមការងារដ៏រឹងមាំសម្រាប់បើកអាជីវកម្ម
មនុស្សភាគច្រើនប្រាថ្នាចង់ប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន។ ប៉ុន្តែការបើករបរអាជីវកម្ម ពុំមែនជារឿងងាយស្រួលនោះទេ។ មុខជំនួញថ្មីៗជាច្រើន អាចមានការខាតបង់ ឬដួលរលំ ដោយសារតែកត្តាផ្សេងៗដូចជា កង្វះខាតនៃបទពិសោធន៍អាជីវកម្ម មូលធននៅស្ទើរ ឬក៏អសមត្ថភាពក្នុងការគ្រប់គ្រងការទូទាត់បញ្ជីជាដើម។
ការបើកអាជីវកម្ម អាចត្រូវបានផ្ដួចផ្ដើមឡើងចេញពីគំនិតរបស់បុគ្គលមួយរូប ឬច្រើនរូប។ ទោះជាយ៉ាងណា គំនិតដ៏ល្អរបស់បុគ្គលម្នាក់ វាមិនទាន់គ្រប់គ្រាន់នៅឡើយទេ ព្រោះថាអាជីវកម្មដ៏រឹងមាំក៏ត្រូវកសាងឡើងចេញពីក្រុមការងារមួយដ៏រឹងមាំមួយផងដែរ។ ទោះបីជាយ៉ាងនេះក្តី ដើម្បីកសាងក្រុមការងារដ៏រឹងមាំមួយបាន សហគ្រិនទាំងអស់ ត្រូវអនុវត្តតាមវិធីសាស្ត្រមួយចំនួនជាអាទិភាពទើបទទួលបានជោគជ័យក្នុងចំណុចនេះ។ តើត្រូវធ្វើដូចម្តេចខ្លះ? ខាងក្រោមនេះ ជារបៀបកសាងក្រុមការងារដ៏ល្អនៅក្នុងអាជីវកម្មរបស់អ្នកចំនួន ៥ ដែលអ្នកអាចរៀនសូត្របាន៖
១. កំណត់ និងបែងចែកតួនាទីរបស់ភាគីនីមួយៗ (Identify positions)
បុគ្គលដែលសំខាន់បំផុត សម្រាប់បើកអាជីវកម្ម ឬក្រុមហ៊ុនមួយចាំបាច់ត្រូវមានស្ថាបនិក (Founder) មួយរូបជាអ្នកដឹកនាំ។ មុននឹងជ្រើសរើសបុគ្គលិក ស្ថាបនិក ឬ ស្ថាបនិករួម (Co-Founder)ត្រូវកំណត់ថា តើការសម្រេចចិត្តនៅក្នុងក្រុមហ៊ុនត្រូវធ្វើឡើងដោយរបៀបណា? តើរចនាសម្ព័ន្ធក្រុមហ៊ុនត្រូវធ្វើឡើងដូចម្តេចខ្លះ? អ្នកណាជាអ្នកទទួលខុសត្រូវលើតួនាទីគ្រប់គ្រងស្ថាប័ននីមួយៗរបស់ក្រុមហ៊ុន ដូចជាទំនាក់ទំនងទីផ្សារ លក់ ហិរញ្ញវត្ថុ រដ្ឋបាល ឬ គ្រប់គ្រងគម្រោង? ចំណុចដ៏ល្អបំផុតនៅទីនេះ អ្នកត្រូវកំណត់ ឬ បែកចែកតួនាទីទាំងនេះ ដោយលាយលក្ខណ៍អក្សរបង្កើតកិច្ចព្រមព្រៀងមួយឡើងទើបជាការប្រសើរ។ចំណែកឯការជ្រើសរើសបុគ្គលិកវិញ អាចធ្វើបានលុះត្រាតែអ្នកមានថវិកា
គ្រប់គ្រាន់ជាមុនសិន សម្រាប់បើកប្រាក់ខែឲ្យពួកគេ ទើបអាចធ្វើឲ្យអាជីវកម្មលោកអ្នកដំណើរការទៅមុខបាន។
២. កំណត់ជ្រើសរើសប្រភេទបុគ្គលិក ឬអ្នកប្រឹក្សា (Weigh hiring a staffer or consultant)
អាជីវកម្មដំបូងរបស់អ្នក ប្រហែលជាអ្នកមិនចង់បានបុគ្គលិកធ្វើការពេញម៉ោង (Full-time Employees) នោះឡើយពោលគឺអ្នកអាចសម្លឹងមើលលើបុគ្គលជំនាញៗដូចជាអ្នកប្រឹក្សាយោបល់ (Consultant) ឬ អ្នកម៉ៅការជំនាញៗ (skilled contractors) ជួយបង្ហាញទិសដៅអាជីវកម្មរបស់អ្នកវិញ។ បុគ្គលទាំងនេះ អាចជួយឲ្យលោកអ្នកស្វែងយល់ពីស្ថានភាពទូទៅនៃការធ្វើអាជីវកម្មបានដែលក្រុមហ៊ុនជាច្រើនធ្លាប់បានអនុវត្តតាមវិធីសាស្ត្រនេះ ជាពិសេសសម្រាប់អាជីវកម្មថ្មីថ្មោង។ ការជ្រើសរើសបុគ្គលិកវិញ អ្នកគួរតែជ្រើសរើសបុគ្គលិកក្រៅម៉ោង (Part-time Employees) ដែលមានសមត្ថភាពពិតប្រាកដវិញសម្រាប់អនុវត្តផែនការអាជីវកម្មរបស់អ្នក។ នេះអាចនឹងធ្វើឲ្យអ្នកមានសុវត្ថិភាព និង ឱកាសរីកចម្រើនក្នុងអាជីវកម្មច្រើនជាងការជ្រើសរើសបុគ្គលិកពេញម៉ោង (Full-time Employees) មួយចំនួនដែលមិនមាន
សមត្ថភាព។ ព្រោះហេតុអ្វី? ព្រោះថា វានឹងជួយឲ្យអ្នកអាចកំណត់បានយ៉ាងងាយស្រួលថា បុគ្គលិកណាមួយនឹងត្រូវនៅបន្ត ឬ ត្រូវដើរចេញ?
៣. ការចាប់ផ្តើមជ្រើសរើសបុគ្គលិក (Pick candidates)
អ្វីដែលសហគ្រិនថ្មីថ្មោងត្រូវគិតបន្ទាប់ទៀតនោះ គឺការជ្រើសរើសបុគ្គលិកមកបំពេញការងារទៅតាមតួនាទីដែលបានកំណត់ឡើង។ អ្នកត្រូវប្រាកដថា នៅក្នុងក្រុមហ៊ុនរបស់អ្នកមានបុគ្គលម្នាក់ដែលមានជំនាញ និង បទពិសោធន៍ក្នុងការជ្រើសរើសបុគ្គលិកនេះ ដើម្បីពិនិត្យមើលថា បេក្ខជនណាខ្លះស័ក្តិសមបំផុតសម្រាប់តំណែងទាំងនោះ។ បុគ្គលិកថ្មីថ្មោងគួរកំណត់ឡើងដោយកិច្ចសន្យាក្នុងប្រាក់ខែមួយដែលមានកម្រិតឬធ្វើការងារផ្នែកណាមួយឲ្យក្រុមហ៊ុនរបស់អ្នក។ បុគ្គលិកចូលថ្មី គួរតែមនុស្សដែលមានចំណាប់អារម្មណ៍ខ្ពស់ និង បទពិសោធន៍ស្របតាមលក្ខខណ្ឌការងាររបស់អ្នក។
៤. ដំណាក់កាលធ្វើបទសម្ភាសន៍ (Interview)
ឥឡូវនេះ របៀបនៃការជ្រើសរើស និង ជ្រើសរើសបេក្ខជនដែលត្រូវធ្វើបទសម្ភាសន៍ក៏បានធ្វើរួចហើយដែរ ហើយអ្វីដែលត្រូវធ្វើបន្ទាប់នោះគឺ ការសម្ភាសន៍ជ្រើសរើសបុគ្គលិក។ បុគ្គលិកដែលមានសមត្ថភាព គឺជាគោលដៅរបស់អ្នកតែត្រូវធ្វើដូចម្តេចដើម្បីឆក់យកបុគ្គលិកប្រភេទនេះបាន? ការត្រៀមទុកជាមុននូវសំនួរសំខាន់ៗ ដូចជាប្រវត្តិរបស់បេក្ខជនបទពិសោធន៍ ជំនាញនៃការគិតដំណោះស្រាយបញ្ហានិងបុគ្គលិកលក្ខណៈផ្សេងៗទៀតសម្រាប់សួរក្នុងពេលសម្ភាសន៍ជាវិធីសាស្ត្រដ៏ល្អសម្រាប់អ្នក។ នេះមិនគ្រប់គ្រាន់ឡើយ ពោលអ្នកត្រូវរៀបរបៀបវារៈជាច្រើនទៀត ដើម្បីតាមដានអត្តចរិត សកម្មភាព ឫកពាររបស់បេក្ខជននីមួយៗនៅពេលធ្វើបទសម្ភាសន៍។ ក្រៅពីនេះអ្នកអាចសាកល្បងធ្វើតេស្តលើកឡើងពីគម្រោងមួយរបស់ក្រុមហ៊ុននៅពេលធ្វើបទសម្ភាសន៍ហើយត្រូវរង់ចាំអង្កេតមើលថាតើបេក្ខជនទាំងនោះមានប្រតិកម្មឬវិធីសាស្ត្របែបណាចំពោះគម្រោងនេះ? អ្នកត្រូវសម្រិតសម្រាំងបុគ្គលិកពិសេសៗឲ្យបានកាន់តែច្រើន ព្រោះថានេះជាជម្រើសដ៏ល្អមួយដើម្បីឲ្យអ្នកអាចចម្រាញ់យកបុគ្គលិកមានសមត្ថភាពម្នាក់ក្នុងចំណោមបេក្ខជនទាំងនោះ។
៥. ការបណ្តុះបណ្តាលបុគ្គលិក (Training)
ដំណាក់កាលនៃការធ្វើបទសម្ភាសន៍បានបញ្ចប់ទៅហើយ នេះមានន័យថា បុគ្គលិកថ្មីនេះអាចជាប់ដោយស្វ័យប្រវត្តិហើយមែនទេ? ទេមិនមែនដូច្នេះនោះឡើយ។ អ្នកមិនត្រូវប្រញាប់ប្រញាល់ក្នុងរឿងនេះនោះឡើយ ត្បិតអីអ្នកត្រូវការរបាយការណ៍វាយតម្លៃមួយទៀតទៅលើពួកគេបន្ទាប់ពីបានជាប់ជាបុគ្គលិករួចហើយនោះ។ ដូច្នេះ វិធីសាស្ត្របណ្តុះបណ្តាល អភិវឌ្ឍជំនាញ អាជីពការងារ និង ផ្តល់ការងារសាកល្បង (Probation) ដល់បុគ្គលិកថ្មីនេះគឺជាអ្វីដែលអ្នកត្រូវធ្វើ ដើម្បីធ្វើឲ្យពួកគេយល់ដឹងពីកិច្ចការក្នុងក្រុមហ៊ុនរបស់អ្នកកាន់តែច្បាស់បន្ថែមទៀត។ នេះហើយជាស្ពានមួយដែលចម្បងអ្នកពីក្រុមហ៊ុនតូចតាចមួយទៅជាក្រុមហ៊ុនធំមួយដែលមានបុគ្គលិកល្អៗជាក្រុមការងារដ៏រឹងមាំបាន។
អត្ថបទទាក់ទង