ដំណាក់កាលទាំង ៥ នៃការកកើត និងការវិវត្តន៍រហូតក្លាយជាវិវាទ (Dispute Transformation Model)

វិវាទ សំ. បា. ( ន. ) ដំណើរ​ទាស់ទែង​គ្នា, ដំណើរ​ឈ្លោះ​ប្រកែក​គ្នា : មាន​វិវាទ, កើត​វិវាទ​នឹង​គ្នា ។ វិវាទ​កម្ម អំពើ​វិវាទ ។ វិវាទ​ការណ៍ ឬ វិវាទ​មូល (–ទៈ –) ហេតុ​ដែល​នាំ​ឲ្យ​កើត​វិវាទ, ដំណើរ​វិវាទ ។ វិវាទ​ការី (–ការ៉ី) អ្នក​ហៃ​ឈ្លោះ (បើ​ស្រ្តី​ជា វិវាទ​ការិនី) ។ វិវាទ​បក្ខ ឬ–បក្ស (–ទៈបុ័ក) ពួក​អ្នក​វិវាទ, គូ​វិវាទ ។ វិវាទ​ព័ស្តុ ឬ –វត្ថុ (–ទៈព័ស ឬ –ទៈវ័ត-ថុ) រឿង​ឬ​ដំណើរ​វិវាទ ។ វិវាទាធិករណ៍ (សំ. បា. < វិវាទ + អធិករណ) អធិករណ៍​ដែល​កើត​ព្រោះ​ដំណើរ​ទាស់​មាត់​ពាក្យ​គ្នា; ការ​កើត​ក្តី​ព្រោះ​តែ​សម្តី ។ វិវាទាបន្ន (–ប័ន; សំ. បា. < វិវាទ + អាបន្ន “ដែល​ដល់, ដែល​ប្រទះ”) អ្នក​ដែល​កំពុង​មាន​វិវាទ​នឹង​គ្នា​ដោយ​ហេតុ​ណា​មួយ ។ល។

ការរស់នៅដែលមានការទំនាក់ទំនងរវាងបុគ្គល និងបុគ្គលនៅក្នុងសង្គម មិនថានៅក្នុងគ្រួសារ ឬ នៅក្រៅគ្រួសារ យើងតែងរមែងសង្កេតឃើញមានវិវាទកើតឡើងជាញឹកញាប់។ វិវាទខ្លះអាចដោះស្រាយបានដោយការអនុគ្រោះ ការចចារគ្នាតែពីរភាគី វិវាទខ្លះអាចដោះស្រាយបានដោយពឹងពាក់អ្នកទីបីមកសម្រុះសម្រួល ឬ កាត់សេចក្តីតាមច្បាប់។

កាលពីអំឡុងឆ្នាំ ១៩៧០ នៅសហរដ្ឋអាមេរិក មានសន្ទុះនៃការប្តឹងផ្តល់ទៅតុលាការយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលធ្វើឲ្យរឿងក្តីកកស្ទះនៅតុលាការ ហើយសាធារណៈជនបានរិះគន់យ៉ាងខ្លាំងដល់ភាពយឺតយ៉ាវនៃដំណើរការនីតិវិធីដោះស្រាយវិវាទនៅតុលាការ។ ចលនានេះ ធ្វើឲ្យក្រសួងយុត្តិធម៌នៃសហរដ្ឋអាមេរិក បានធ្វើការស្រាវជ្រាវរកមូលហេតុនៃវិវាទជារួម ក្នុងគោលបំណងស្វែងរកយុទ្ឋសាស្ត្រនៃការដោះស្រាយវិវាទឲ្យមានប្រសិទ្ធភាព និងឆាប់រហ័ស។ ការស្រាវជ្រាវនេះ ត្រូវបានបោះផ្សាយនៅឆ្នាំ១៩៨០ ក្រោមចំណងជើងថា “The Emergence and Transformation of Disputes: Naming, Blaming, Claiming … (ការកកើត និងការវិវត្តន៍នៃវិវាទ: ការដាក់ឈ្មោះ ការបន្ទោស ការទាមទារ …)”។

ការស្រាវជ្រាវនេះ ធ្វើឡើងដោយអ្នកជំនាញខាងសង្គមវិទ្យានៃច្បាប់ចំនួន ៣រូប គឺ វិល្លៀម ហ្វេលស្ទីនណឺ (William L.F. Felstiner), រីឆាត អាប៊ែល (Richard L. Abel), និង អូស្ទីន សារ៉ាត (Austin Sarat)។ នៅក្នុងការស្រាវជ្រាវនេះ គាត់បានបែងចែកដំណាក់កាលនៃការកកើត និងការវិវត្តន៍រហូតក្លាយជាវិវាទ (Dispute Transformation Model) ដូចខាងក្រោម៖

១. unPIE = unPerceived Injurious Experience មានការបំពានដែលពុំទាន់ត្រូវបានដឹង

ឧទាហរណ៍ករណីប្រជាពលរដ្ឋរស់នៅក្បែរទីតាំងពិសោធន៍នុយក្លេអ៊ែរ។ ដំបូងឡើយពួកគាត់មិនបានដឹងទេថា តំបន់របស់ពួកគាត់អាចរងផលប៉ះពាល់ដោយសារការសាយភាយចំហាយនុយក្លេអ៊ែរតាមបរិយាកាស។ ពួកគាត់ជួបបញ្ហាសុខភាពប្រហាក់ប្រហែលគ្នា តែគាត់មិនបានដឹងថា បញ្ហាសុខភាពនោះបណ្តាលមកពីអ្វីនោះទេ។ ដំណាក់កាលនេះហៅថា unPIE

២. PIE = ការដឹងថាមានការបំពាន

ក្រោយពេលពួកគាត់បានទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ និងស្វែងរកមូលហេតុនៃជំងឺទើបគាត់ដឹងថាគាត់មានបញ្ហានេះដោយសារចំហាយនុយក្លេអ៊ែរដែលភាយចេញពីទីតាំងពីសោធន៍នៅក្បែរតំបន់រស់នៅរបស់ពួកគាត់។ ការដឹងអំពីមូលហេតុនៃការបពានដែលបង្កឲ្យមានការខូចខាតនេះហៅថា Naming (ការដាក់ឈ្មោះ)។ ដំណាក់កាលដែលគាត់បានដឹងពីមូលហេតុនៃការខូចខាតនេះហៅថា PIE

៣. Grievance = ការបំពានបង្ករឡើងដោយតតិយជន ហើយខ្លួនគ្មានកំហុស

ក្រោយពេលដឹងថាការខូចខាតកើតឡើងពីការបំពានរបស់តតិយជន អ្នករងគ្រោះនឹងពិចារណាថាតើការបំពាននោះសមហេតុផលឬទេ? តើខ្លួនអាចទទួលយកការបំពាននោះបានឬទេ? បើចម្លើយគឺទេ មានន័យថា អ្នករងគ្រោះមិនសុខចិត្តចំពោះការបំពាននេះឡើយ ហើយគេហៅថា Blaiming (ការបន្ទោស)។ ដំណាក់កាលកំណត់បានពីការបំពាននេះហៅថា Grievance

៤. Claim = ជូនដំណឹងអំពីការខូចខាតដោយសារការបំពានចំពោះជនបង្ករ និងទាមទារអោយទទួលខុសត្រូវ

ជនរងគ្រោះដែលមិនសុខចិត្តចំពោះការខូចខាតដែលបង្កឡើងដោយជនបង្ក ធ្វើការជូនដំណឹងអំពីការខូចខាតនេះទៅជនបង្កជាក់លាក់។ ការជូនដំណឹងនេះ ហៅថា Claiming (ការទាមទារ) ហើយដំណាក់កាលនេះហៅថា Claim

៥. Dispute = វិវាទ

វិវាទមិនកើតឡើងឡើយ ប្រសិនបើជនដែលត្រូវបានជូនដំណឹង ទទួលស្គាល់ និងយល់ព្រមទទួលខុសត្រូវតាមការទាមទារ។ ប៉ុន្តែប្រសិនបើភាគីនៃការទាមទារបដិសេធទាំងស្រុង ឬមួយផ្នែកនៃការទាមទារ នោះវិវាទនឹងកើតមានឡើង។ ការបដិសេធនេះហៅថា Objecting (ការបដិសេធ) ហើយដំណាក់កាលនៃការតតាំងគ្នារវាងភាគីទាំងពីរទាក់ទងនឹងការទាមទារនេះ ហៅថា Dispute (វិវាទ)

ហេតុនេះ យើងឃើញថា រាល់ការបំពានទាំងអស់ ពុំមែនសុទ្ធតែវិវត្តទៅជាវិវាទនោះទេ។ វិវាទ មិនអាចកើតមានឡើងឡើយ ប្រសិនបើការបំពានមិនបានឆ្លងដំណាក់កាល Naming មានន័យថា ជនរងគ្រោះពុំបានដឹងពីការបំពាន។ ហើយទោះបីជាសមីខ្លួនដឹងពីការបំពាននេះក៏ដោយ ប្រសិនបើគ្មាន Blaiming ក៏វិវាទមិនកើតឡើងដែរ។ ករណីនេះ កើតឡើងក្នុងករណី ជនបង្ក ជាបុគ្គលជិតស្និតរបស់ជនរងគ្រោះ ហើយជនរងគ្រោះអនុគ្រោះដោយពុំចង់ទាមទារឲ្យមានការទទួលខុសត្រូវ។ ម្យ៉ាងទៀត ទោះបីជាជនរងគ្រោះ ដឹង និងមិនសុខចិត្តចំពោះការបំពាននោះក៏ដោយ បើគាត់មិនជូនដំណឹង និងមិនទាមទារចំពោះជនបង្ក ហើយជនបង្កមិនបដិសេធចំពោះការទាមទារទេនោះ អ្វីគ្រប់យ៉ាងនឹងមិនវិវត្តទៅជាវិវាទឡើយ។


អត្ថបទទាក់ទង

នីតិវិធិជម្រះក្តីវិវាទការងារ

Leave a Reply

Your email address will not be published. Required fields are marked *