គន្លឹះសំខាន់ៗចំនួន ៥ ដែលអ្នកគ្រប់គ្រង អាចទទួលបានមតិយោបល់ពីនិយោជិត

ការប្រមូលមតិយោបល់ពីនិយោជិត គឺជាផ្នែកដ៏សំខាន់មួយ នៃការថែរក្សាសុខភាពក្រុមរបស់អ្នកឲ្យបានល្អ និងពង្រឹងតួនាទីរបស់អ្នក ក្នុងនាមជាអ្នកគ្រប់គ្រងក្រុមផងដែរ។ មិនថា វាជាការឆ្លើយតប អវិជ្ជមាន ឬវិជ្ជមាននោះទេ រាល់មតិយោបល់ នឹងជួយអ្នកឲ្យគេចផុតពីឧបសគ្គ ដែលរាំងស្ទះដល់ភាពជោគជ័យរបស់ក្រុមអ្នក។

ខាងក្រោមនេះ គឺជាវិធីខ្លះៗដែលអ្នកគ្រប់គ្រងអាចទទួលបានមតិយោបល់ពីនិយោជិត៖

១. បង្កើតការស្ទង់មតិពីនិយោជិត​ (Employee Feedback Surveys)

ការស្ទង់មតិនិយោជិតបែប Pulse Surveys (ដូចការតាមដានជីពចរ)​ គឺជាវិធីល្អមួយក្នុងការស្វែងយល់ពីក្រុមការងារ ពីតម្រូវការ និងអារម្មណ៍របស់ពួកគេដែលស្តែងចេញនាពេលបច្ចុប្បន្ន។ ការតាមដាននិយោជិតជាប្រចាំ អាចជួយឲ្យអ្នកដឹកនាំរក្សាទំនាក់ទំនងជាមួយសមាជិកក្រុម និងអាចជួយស្វែងរកបញ្ហាមុនពេលពួកគេឈានទៅដល់ការលាឈប់។ សម្រាប់ Pulse Surveys គឺតម្រូវឲ្យនិយោជិតឆ្លើយសំណួរតិចតួចប៉ុណ្ណោះប៉ុន្ដែត្រូវធ្វើឡើងញឹកញាប់ពី ១២ សប្តាហ៍ម្ដង។ និយោជិត មិនត្រឹមតែចំណាយពេលខ្លីក្នុងការផ្ដល់មតិនោះទេ វាថែមទាំងអាចផ្តល់ឱ្យអ្នកនូវទិន្នន័យដែលត្រឹមត្រូវជាងការដែលស្ទង់មតិ ១ ឆ្នាំម្ដង។

២. ការស្ទង់មតិតម្រូវតាមនិយោជិតនីមួយៗ (Custom Employee Feedback Surveys)

ការស្ទង់មតិប្រភេទនេះ អាចជួយឲ្យមេដឹកនាំទទួលបានភ្លាមៗនូវមតិយោបល់ ដែលមានលក្ខណៈច្បាស់លាស់ និងជាក់លាក់។ ការស្ទង់មតិ តម្រូវតាមនិយោជិតនីមួយៗ ក៏អាចធ្វើបានជាលក្ខណៈអនាមិកផងដែរ។ វាអាចទាក់ទងនឹងប្រធានបទផ្ទាល់ខ្លួននៃនិយោជិត ការសម្រេចចិត្ត បញ្ហាចម្រូងចម្រាស ភាពតានតឹង និងកង្វល់ដែលកំពុងកើតមានក្នុងក្រុម។

៣. បើកឲ្យមានការផ្តល់មតិជាអនាមិក (An Option for Anonymous Feedback)

ការបញ្ចេញមតិ ជាអនាមិកផ្តល់ឲ្យនិយោជិតនូវកន្លែងមួយដែលមានសុវត្ថិភាពក្នុងការចែករំលែកគំនិត ចម្ងល់ ជាមួយអ្នកគ្រប់គ្រងរបស់ពួកគេ។ ទោះបីក្រុមមានមូលដ្ឋានរឹងមាំក៏ដោយ តែសុវត្ថិភាពផ្លូវចិត្តក្នុងការបញ្ចេញមតិជាអនាមិកនៅតែសំខាន់ ព្រោះវាអាចជួយសម្របសម្រួលឲ្យមានការសន្ទនាលើប្រធានបទមួយចំនួន ដែលមិនអាចរៀបរាប់ប្រាប់មេដឹកនាំដោយផ្ទាល់។

៤. ការប្រជុំមួយទល់មួយជាមួយនិយោជិត (Regular One-on-One Meetings)

ការប្រជុំមួយទល់មួយ គឺជាឱកាសល្អបំផុតទាំងការផ្តល់មតិយោបល់ និងការប្រមូលមតិយោបល់ពីនិយោជិត។ មេដឹកនាំ អាចចាប់ផ្តើមដោយសំណួរសាមញ្ញមួយថាតើខ្ញុំអាចជួយអ្វីអ្នកបាន ” (How can I help?)។ សំណួរនេះ អាចជួយអ្នកក្នុងការរកវិធីក្នុងការជួយគាំទ្រក្រុមរបស់អ្នក។ នៅពេលនិយោជិតមានអារម្មណ៍សុវត្ថិភាពក្នុងការចែករំលែកមតិរបស់ពួកគេ មេដឹកនាំ ក៏ត្រូវតែត្រៀមខ្លួនជាស្រេចក្នុងការបង្កើតឲ្យមានការផ្លាស់ប្តូរនានា និងកែសម្រួលទៅតាមមតិដែលល្អៗ និងមានប្រយោជន៍សម្រាប់ក្រុមហ៊ុន។

៥. បង្កើតឲ្យមានវប្បធម៌វិជ្ជមានក្នុងការបញ្ចេញមតិយោបល់ (A Feedback-Positive Culture)

ដើម្បីទទួលបានមតិយោបល់ពីនិយោជិត វាពិតជាសំខាន់ដែលអ្នកគ្រប់គ្រង អាចបង្កើតនូវបរិយាកាសមួយដែលនិយោជិតគិតថា មានសុវត្ថិភាពក្នុងការនិយាយបញ្ចេញមតិដោយស្មោះត្រង់។ លើសពីនេះអ្នកគ្រប់គ្រងត្រូវតែ៖

  • មានការគិតបើកចំហរ
  • ចេះបង្ហាញថា គំនិតរបស់និយោជិតពិតជាមានតម្លៃ
  • មានសមត្ថភាពក្នុងការបង្វែរមតិរិះគន់ទៅជាសកម្មភាពក្នុងការអភិវឌ្ឍក្រុមហ៊ុន។

សម្រួលពី៖ Office Vibe: How to get employee feedback: 5 methods for managers


អត្ថបទទាក់ទង

អត្ថប្រយោជន៍សំខាន់ៗចំនួន ៤ ក្នុងការបង្កើតវប្បធម៍ស្តាប់បុគ្គលិកនិយាយ

Leave a Reply

Your email address will not be published.