ក្រុមហ៊ុនមិនត្រូវមើលរំលងបុគ្គលិក ដែលមានមូលដ្ឋានគ្រឹះគុណសម្បត្តិសំខាន់ៗទាំង ៥ នេះទេ

ការ​ស្វែង​រក​បុគ្គលិក​ដែល​មាន​សមត្ថភាព​ធ្វើ​ការ​តាម​អ្វី​ដែល​ក្រុមហ៊ុន​ចង់​បាន​ជា​រឿង​សំខាន់។​ បើ​លោក​អ្នក​រើស​បាន​បុគ្គលិក​ដែល​មាន​ទាំង​សមត្ថភាព​ធ្វើការ​ និង​ចំណេះ​ជំនាញ​ផ្សេង​ៗ​ទៀត​នឹង​រឹត​តែ​ល្អ។​​ យ៉ាងណាមិញ គុណ​សម្បត្តិ​លេចធ្លោ​របស់​បុគ្គលិក​ខុស​ៗ​គ្នា​ តែ​បើ​សិន​លោកអ្នក​បាន​ជួប​បុគ្គល​ដែល​មាន​គុណសម្បត្តិ​ទាំង​ ៥​ នេះ​ហើយ​ បាន​ន័យ​ថា​អ្នក​គួរតែរើសមនុស្ស​ត្រូវ​ហើយ៖

១. អ្នកសម្បូរ​ជំនាញ​ដោះស្រាយ​បញ្ហា (Adept problem solver)​

ក្រុមហ៊ុន​​ដែល​​សម្បូរ​​ទៅ​ដោយ​អ្នក​​ជំនាញ​ដោះស្រាយ​បញ្ហា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព និងឆាប់​រហ័ស​បំផុត គឺ​​ជា​កូនសោ​ដ៏​សំខាន់​នាំ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ និង សមិទ្ធផល​​គ្មាន​ដែន​កំណត់។ ទេពកោសល្យ​​​នៅ​ពេល​នេះ​ គឺ​ជា​ជំនាញ​ដោះស្រាយ​បញ្ហា​ដោយ​មិន​ស្ទាក់ស្ទើរ ដែល​មាន​ដូច​ជា៖

  • លើកឡើង​យុត្តិសាស្ត្រ​ថ្មីៗ​សម្រាប់​ដោះស្រាយ​បញ្ហា
  • ឈាន​​មុខ​គេ​​​ក្នុង​ការ​ផ្តល់​ជំនួយ​ទៅ​បុគ្គលិក​រួម​ក្រុម
  • ជម្រុញ និងលើក​ទឹកចិត្ត​ឲ្យ​មាន​ការ​អនុវត្ត​​បន្ថែម
  • ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ដោយ​​ភាព​ច្នៃប្រឌិត
  • ផ្តល់​ការ​ចែក​រំលែក​យ៉ាង​ឆាប់រហ័ស
  • មាន​ការ​អត់ធ្មត់​ខ្ពស់

២. ​ការ​បន្ទាប​ខ្លួន (Humility)

ការ​ដាក់​ខ្លួន ឬបន្ទាប​​ខ្លួន ​គឺ​ជា​​គុណសម្បត្តិ​ពិសេស​មួយ​ទៀត​​​​របស់​​បុគ្គលិក និងអ្នក​ដឹកនាំ​នានា​​ ​ដោយ​ដឹង​ថា ខ្លួន​នឹង​មិនប្រើប្រាស់​ទេពកោសល្យ​​ និងសមិទ្ធផល​ដ៏​ត្រចះត្រចង់​របស់​ខ្លួន​ទៅ​សម្ញែង ឬបង្កើន​ឥទ្ធិពល​លើ​បុគ្គលិករួម​ក្រុម​​នោះ​ឡើយ។ ​ប៉ុន្តែ​ការ​ជួយ​ជ្រោមជ្រែង​ និងលើក​ទឹកចិត្ត​ឲ្យ​បុគ្គល​ផ្សេងៗ​ទៀត​នៅ​ក្នុង​ក្រុមហ៊ុន​​ឲ្យ​ជោគជ័យ​ដូច​ខ្លួន គឺ​ជា​រឿង​អាទិភាព​។ បុគ្គលិក​ប្រភេទ​នេះ ​អាច​អង្កេត​លើបុគ្គលិក​លក្ខណៈ​ដូច​ខាងក្រោម៖

    • ទទួល​យក​គំនិត​ល្អៗ​របស់​អ្នកដទៃ
    • រៀនសូត្រ​ពី​​ភាព​បរាជ័យ​របស់​ខ្លួន
    • រាប់អាន​អ្នកដទៃ​ដោយ​ស្មើភាព
    • យក​បុគ្គល​ជោគជ័យ​ជា​គម្រូ

៣. អាចសហការ​គ្នាបាន​ល្អ​​នៅ​ក្នុង​ក្រុមហ៊ុន (Collaborative)

ទេពកោសល្យ​មួយ​ទៀត​របស់​បុគ្គលិក​ឆ្នើម​​របស់​ក្រុមហ៊ុន​​ គឺ​នៅ​ពេល​ដែល​បុគ្គលិក​នោះ​​​អាច​​​​បំពេញ​​បេសកកម្ម​របស់​ខ្លួន​ដោយ​ការ​សហការ​គ្នា (Collaborative) ឬធ្វើ​ការ​​ជា​ក្រុម (Teamwork)។ ភាព​សហការ​នឹង​អាច​ជោគជ័យ​​នៅ​ពេល​ដែល​មនុស្ស​បុគ្គលិក​ទាំង​អស់​​៖

  • ប្ដេជ្ញា​ចិត្ត​អនុវត្តន៍​​ផែនការ​នានា
  • មាន​ជំនាញ​​​ទំនាក់ទំនង​ដ៏​រឹងមាំ​​
  • មិន​ផ្តល់​មតិ​អវិជ្ជមាន​ផ្ទាល់​ខ្លួន​​លើ​អ្នក​ដទៃ
  • មិន​កេង​​ចំណេញ​​លើ​ក្រុម​ការងារ​​ពី​​លទ្ធផល​ដែល​ទទួល​បាន
  • មាន​ភាព​ស្នាលស្និត​​ និង ​ទំនាក់​ទំនង​ល្អ​ជា​មួយ​មនុស្ស​ជុំវិញ​ខ្លួន
  • ស្វាគមន៍​​​ដោយ​រីករាយ​នូវ​វត្តមាន​​សមាជិក​ថ្មី​ដែល​មាន​ជំនាញ​ដើម្បី​សមិទ្ធផល​ដ៏​អស្ចារ្យ​ដល់​ក្រុមហ៊ុន​ទាំងមូល​

៤. អាចសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរ​ជានិច្ច (Adaptable)

ភាព​ផ្លាស់​ប្តូរ​​របស់​ក្រុមហ៊ុន​ ​​អាច​​ស្តែង​​ឲ្យ​ឃើញ​​តាម​រយៈ​ច្បាប់​ថ្មី តម្រូវការ​​ថ្មី មនុស្ស​ថ្មី និងបរិស្ថាន​ថ្មី​បាន​ចូល​មកដល់។ វា​ជា​​ស្ថានភាព​មួយ​ដែល​បុគ្គលិក​គ្រប់រូប​អាច​សម្រប​ខ្លួន​ទៅ​នឹង​ស្ថានការណ៍​​​ដែល​​មិន​រំពឹង​មួយ​បាន ឬអាច​ដោះស្រាយ​ទៅ​នឹង​បញ្ហា​ប្រឈមមុខ​​​ថ្មី​ៗបាន​យ៉ាង​មាន​ប្រសិទ្ធភាព​​​បំផុត។ ​បុគ្គលិក​ប្រភេទ​​នេះ​ ត្រូវតែ​​ស្វាគមន៍​ដោយរីករាយ​ក្នុង​ការ​ព្យាយាម ​និងសិក្សា​ស្វែង​យល់​ពី​វិធីសាស្ត្រ​ថ្មីៗ ដើម្បី​សម្រេច​បាន​តាម​គោលដៅ​របស់​ខ្លួន​​ ព្រម​ទាំង​រក្សាទុក​គោលការណ៍​បើក​ចំហ​​ពី​មតិ​របស់​​​សាធារណជន។ ​​​​​​​​​​​ទោះបី​ជា​យ៉ាងណា​ក៏ដោយ​ បុគ្គលិក​ទាំង​នោះ​អាច​សម្រេច​​​ចំណុច​នេះ​​បាន​លុះត្រា​តែ​ជា​បុគ្គលិក​​៖​

  • ក្លាហាន
  • អាច​ចាប់​យក​​ចំណេះ​ដឹង​​ថ្មីៗ​បាន​យ៉ាង​​ឆាប់រហ័ស
  • ផ្លាស់ប្ដូរ​ចំណុច​អាទិភាព​ឆ្លើយតប​ទៅ​នឹង​​គោលដៅ​ដែល​ផ្លាស់ប្ដូរ
  • ជំរុញ​ និង ​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​កែលំអ​ជាជាង​ការ​រិះគន់​នៅ​ក្នុង​ក្រុមហ៊ុន
  • មាន​ភាព​ស្ងប់ស្ងាត់ និង រំងាប់​ផ្លូវ​អារម្មណ៍​បាន​ល្អ​នៅ​ពេល​មាន​បញ្ហា​តានតឹង
  • អាច​គ្រប់គ្រង​​គម្រោង​​ ឬ ផែនការ​ផ្សេងៗ​ស្រប​តាម​ពេលវេលា​ដែល​បាន​កំណត់
  • ព្យាយាម​កែលំអ​ចំណុច​អវិជ្ជមាន​​តាម​រយៈ​ការ​ទទួល​បាន​នូវ​គំនិត និង ព័ត៌មាន​ថ្មីៗ​យ៉ាង​​ឆាប់​រហ័ស។

៥. ភាព​ជា​អ្នកដឹកនាំ (Leadership)

នៅ​ពេល​ដែល​ប្រឈមមុខ​បញ្ហា​មួយ ក្នុង​នាម​ជា​សមាជិក​ដ៏​សកម្ម​ និងពូកែ​ម្នាក់ បុគ្គលិក​ដែល​មាន​​ភាព​ជា​អ្នក​ដឹកនាំ​ដឹង​ពី​ពេលវេលា​ដ៏​សមគួរ​មួយ​​​ថា តើ​គួរ​​ឈាន​ទៅ​មុខ ឬ ថយក្រោយ? បុគ្គលិក​​ប្រភេទ​នេះ ផ្ដោត​លើ​ភាព​ជោគជ័យ​លើ​គម្រោងក្រុមហ៊ុន​​​ជា​កិច្ចការ​អាទិភាព មិនមែន​​បង្ហាញ​ភាព​ជា​អ្នក​ដឹកនាំ​ក្នុង​​ការងារ​​មួយ​នោះ​​ឡើយ​។ ភាព​ជា​អ្នកដឹកនាំ​ដ៏​​ពូកែ​ គឺ​ជា​​បុគ្គល​ដែល​ចេះ​ដាក់​បន្ទាប​ខ្លួន ដឹកនាំ និងមាន​បេសកកម្ម​​មួយ​ដែល​ផ្ដោត ព្រម​ទាំងលើក​ទឹកចិត្ត​ឲ្យ​អ្នកដទៃ ឬមនុស្ស​រួម​ក្រុម​ត្រូវ​បញ្ចេញ​សកម្មភាព​ផុសផុល​ឡើង​។ ដូចគ្នា​នេះ​ដែរ បុគ្គលិក​ដែល​មាន​បុគ្គលិក​លក្ខណៈ​ភាព​ជា​អ្នក​ដឹកនាំ តែងតែ​ទទួល​បាន​ការ​គោរព និងឲ្យ​តម្លៃ​ពី​ក្រុម​ការងារ​ជានិច្ច ត្បិតអី​ខ្លួន​មាន​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​​​ដល់​ផលប្រយោជន៍​រួម​។ ជា​ញឹកញាប់ ​បុគ្គល​ប្រភេទ​នេះ បាន​បង្ហាញ​សមត្ថភាព​​របស់​ខ្លួន​ឡើង និងស្វែង​រក​មតិ​នានា​ពី​អ្នកដទៃ​ ទាំង​វិជ្ជមាន និងអវិជ្ជមាន។ ​​​សូម​ចាំ​ថា បុគ្គលិក​ “ទេពកោសល្យ​​កំពូល” (Top Talent) មិន​ដែល​និយាយ​ថា “វា​មិនមែន​ជា​ការងារ​របស់​ខ្ញុំ​ទេ!” ទៅ​កាន់​បុគ្គលិក​គ្រប់គ្នា​នោះ​ឡើយ​។

សរុបមក គុណ​សម្បត្តិ​​សំខាន់​ៗជា​មូលដ្ឋាន​គ្រឹះ​របស់​បុគ្គលិក​​​​ខាងលើ​នេះ​ ក៏​ត្រូវ​បាន​គេ​លើកឡើង​ទន្ទឹម​នឹង​គ្នា​នេះ​ផង​ដែរ​ ថាគួរតែ​សាបព្រោះ​ឲ្យ​បាន​កាន់តែ​ច្រើន​​នៅ​ក្នុង​ក្រុមហ៊ុន​​នានា​ ទើប​ក្រុមហ៊ុន​នោះ​មាន​ជ័យ​ជំនះ​អាច​រីក​ចម្រើន​ទៅ​មុខ​បាន។


អត្ថបទទាក់ទង

បើអ្នកគ្រប់គ្រង អាចផ្ដល់ឲ្យបុគ្គលិកនូវ ៧ចំណុចនេះ នោះពួកគេនឹងមិនលាឈប់ទេ

Leave a Reply

Your email address will not be published. Required fields are marked *