វិធីសាស្រ្ត ៤ យ៉ាង ក្នុងការតាមដានការងារបុគ្គលិកដែលអសកម្មប្រកបដោយប្រសិទ្ធភាព
ការគ្រប់គ្រងមិនបានគ្រប់ជ្រុងជ្រោយ នឹងក្លាយជាវិបត្តិរ៉ាំរ៉ៃដែលជះឥទ្ធិពលដល់អង្គភាពគ្រប់លំដាប់ គ្រប់វិស័យ គ្រប់ទម្រង់ និងទំហំ។ ភាគច្រើន គេសម្គាល់អ្នកគ្រប់គ្រងម្នាក់ៗថា ធ្វើការបានល្អអាស្រ័យលើថា គេក្តាប់ការងារក្នុងក្រុមហ៊ុនបានណែនកម្រិតណា ឬជិះសេះលែងដៃ?
អ្នកគ្រប់គ្រងខ្លះរអ៊ូ និងមានអារម្មណ៍ថា មិនមានពេលវេលាគ្រប់គ្រាន់សម្រាប់តាមដានការរីកចម្រើនរបស់និយោជិតនីមួយៗប្រកបដោយប្រសិទ្ធភាពនោះទេ ដែលការពិតគឺថានេះជាកាតព្វកិច្ច និងពេលវេលាចាំបាច់ត្រូវចំណាយដើម្បីឲ្យការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។
ខាងក្រោមនេះជាវិធីសាស្រ្ត ៤ យ៉ាង ក្នុងការតាមដានការងារបុគ្គលិកដែលអសកម្មប្រកបដោយប្រសិទ្ធភាព៖
១. ប្រមូលព័ត៌មាន
ប្រមូលព័ត៌មានអំពីការងារកូនចៅយើងអាចធ្វើបានផងដែរតាមរយៈការសួរនាំអតិថិជន អ្នកលក់ អ្នករួមការងារ និងអ្នកគ្រប់គ្រងផ្សេងៗទៀតអំពីការងាររួមរបស់ពួកគេជាមួយនិយោជិតម្នាក់នោះដោយមិនស្នើសុំការវាយតម្លៃប៉ុន្តែស្នើសុំការពិពណ៌នា។ កុំសួររកចំណាប់អារម្មណ៍ពីគាត់ ប៉ុន្តែសួរព័ត៌មានលំអិតពីសកម្មភាពគាត់ ហើយកុំជឿអ្វីៗដែលឮ មុនពេលដែលអាចរកបានប្រភពណាល្មមជាទីទុកចិត្តសិន។
២. ជួយបុគ្គលិកឲ្យចេះត្រួតពិនិត្យវាយតម្លៃខ្លួនឯង
និយោជិតគ្រប់រូបគួរទទួលបានការបណ្ដុះបណ្ដាលឲ្យប្រើឧបករណ៍ត្រួតពិនិត្យខ្លួនឯងជាប្រចាំដូចជា មានផែនការគម្រោង ធ្វើបញ្ជីត្រួតពិនិត្យមួយណារួច មួយណាជំពាក់ មួយណាមិនដំណើរការ និងមានកំណត់ហេតុសកម្មភាពជាក់លាក់ និយោជិតអាចដឹងខ្លួនឯងថា តើពួកគេកំពុងបំពេញគោលដៅនិងប្រើពេលវេលាកំណត់ដែលបានដាក់ចេញនៅក្នុងផែនការគម្រោងល្អ ឬមិនល្អដោយសារហេតុផលអ្វី?
៣. ប្រជុំ និងអង្កេត
ការត្រួតពិនិត្យនិយោជិតដោយជោគជ័យបានចាប់ផ្តើមជាមួយនឹងការបង្កើតទម្លាប់ នៃកិច្ចប្រជុំទៀងទាត់ និងអាចប្រជុំតទល់មួយ និងមួយឬជាក្រុម។ របៀបនេះនឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរបស់អ្នកគ្រប់គ្រងក្នុងការទទួលបានព័ត៌មានលម្អិតក៏បង្ហាញពីអ្នកណាធ្វើអ្នកណាលំៗ បង្កើនការទទួលខុសត្រូវម្នាក់ៗរៀងខ្លួន។
ប៉ុន្តែអ្នកគ្រប់គ្រងក៏ត្រូវតែចេះរបៀបលួចអង្កេតពីក្រៅ និងមានទម្លាប់ពិនិត្យមើលការងាររបស់និយោជិតដោយមិនបាច់សន្ទនាផងដែរ។ វិធីមួយមានប្រសិទ្ធភាពបំផុតដើម្បីតាមដានការអនុវត្តការងាររបស់និយោជិត គឺដោយផ្ទាល់ភ្នែកកុំប្រើត្រចៀក។ ការមើលភាសា និងរបៀបដែលបុគ្គលិកយើងកំពុងចចារដោះស្រាយជាមួយអតិថិជនត្រឹមតែរយៈពេលពីរបីនាទី នឹងប្រាប់យើងបន្ថែមទៀតអំពីចំណុចខ្វះឬខ្លាំង នៃការអនុវត្តសេវាកម្មអតិថិជនរបស់ក្រុមហ៊ុនបាន។
នោះហើយជាមូលហេតុដែលអង្គការជាច្រើនលើកទឹកចិត្តដល់អ្នកគ្រប់គ្រងរបស់ពួកគេឲ្យនៅបន្ទប់ផ្ទាល់ជាមួយអ្នកលក់ ឬដើរចុះឡើងស្ដាប់ ដើម្បីអាចមើលរបៀបបុគ្គលិកធ្វើការងារហើយ ករណីពួកគេមានការលំបាក និងជោគជ័យ ជាមួយនឹងភារកិច្ចដោះស្រាយតឹងតែងយើងអាចចូលជួយភ្លាមៗ។
៤. ត្រូវសុំភស្តុតាងលទ្ធផលជាក់ស្ដែង
នៅក្នុងការសន្ទនាមួយទល់នឹងមួយជាមួយនិយោជិកគ្រប់រូប សូមសួរនូវអ្វីដែលបុគ្គលនោះបានធ្វើសម្រេច ចាប់តាំងពី«វិធានការ»«ការវិនិច្ឆ័យ»និងតួលេខលទ្ធផល ។ល។ ការស្នើសុំសូចនាករ គឺជាវិធីទីមួយសម្រាប់ឲ្យនុស្សម្នាក់ៗបន្ថែមស្មារតីទទួលខុសត្រូវចំពោះសកម្មភាពខ្លួន ហើយលែងទម្លាប់អួតអាងដែលគ្មានមូលដ្ឋាន។ ដរាបណាអ្នកគ្រប់គ្រងអនុវត្តការសន្ទនាគ្រប់បែបយ៉ាងជាមួយមនុស្សគ្រប់រូបជាប្រចាំ ធាតុនៃការអនុវត្តការងារសកម្ម និងការត្រួតពិនិត្យវាយតម្លៃ ប្រាកដជាក្លាយជាទម្លាប់។
អត្ថបទទាក់ទង