វិធីសាស្រ្តសំខាន់ៗចំនួន ៤ ដើម្បីដឹកនាំក្រុមការងារនៅពេលខ្លាចបរាជ័យ
ជារៀងរាល់ថ្ងៃ អ្នកត្រូវគ្រប់គ្រងឱកាស បញ្ហា និងមនុស្សនៅក្នុងរបៀបថ្មី។ ទម្ងន់នៃទំនួលខុសត្រូវទាំងអស់នេះ នឹងរុញច្រានអ្នកទៅរកដំណាក់កាលផ្លាស់ប្តូរទាំងខ្លួនឯង និងអាជីវកម្ម។ ខាងក្រោមនេះជាវិធីសាស្រ្តសំខាន់ៗចំនួន ៤ ដើម្បីដឹកនាំក្រុមការងារនៅពេលខ្លាចបរាជ័យ៖
១. គ្រប់គ្រងអារម្មណ៍ភ័យខ្លាច
តើមានរឿងអ្វីអាក្រក់បំផុតដែលអាចកើតឡើងដោយសារអារម្មណ៍ភ័យខ្លាចនេះ? គោលបំណងនៃការចោទសួរនេះមិនមែនដើម្បីស្វែងរកគ្រប់របៀបដែលអ្នកអាចបរាជ័យនោះទេ។ ប៉ុន្តែការចោទសំណួរមួយនេះគឺដើម្បីយល់ច្បាស់ថាហានីភ័យដែលអាចអាចគិតឃើញមានអ្វីខ្លះ? បើអ្នកដឹងថាមានហានីភ័យអ្វីខ្លះហើយ អ្នកក៏អាចរៀបចំផែនការដើម្បីកាត់បន្ថយហានីភ័យទាំងនោះដែរ។ បើអ្នកកត់ត្រាទុកគ្រប់រឿងរ៉ាវដែលអាចនឹងកើតឡើង អ្នកនឹងដឹងថា៥០ភាគរយនៃរឿងនៅក្នុងបញ្ជីនោះមិនមានលទ្ធភាពកើតឡើងបានទេ។
២. ជម្រុះការភ័យខ្លាចចេញ
ក្រោយពីបានបញ្ចេញភាពយន្តគំនូរជីវចលរឿង Inside Out នៅក្នុងឆ្នាំ២០១៥ ក្រុមហ៊ុន Pixar Film បានចែករំលែកឥទ្ធិពលដែលភាពយន្តនោះមានលើអ្នកទស្សនា។
ក្នុងចំណោមឥទ្ធិពលទាំងនោះ ក្មេងម្នាក់ប្រាប់ថានៅពេលមើលរឿងនោះ គេដឹងថាអារម្មណ៍ខ្លាចរបស់គេជារឿងធម្មជាតិនិងមិនមានអ្វីខុសទេ ប៉ុន្តែគេបានបណ្តោយឱ្យអារម្មណ៍ភ័យខ្លាចនោះគ្រប់គ្រងលើរូបគេយូរពេកហើយ។ ភាពក្លាហានមិនមែនជាអវត្តមាននៃការភ័យខ្លាចទេ ប៉ុន្តែវាជាសមត្ថភាពដើម្បីបោះជំហានទៅមុខឆ្លងកាត់ការភ័យខ្លាច។ ដោយសារការភ័យខ្លាចជាអារម្មណ៍មូលដ្ឋានមួយរបស់មនុស្ស គ្មាននរណាអាចជម្រុះវាចោលបានទាំងស្រុងទេ ប៉ុន្តែអ្នកអាចរៀនគ្រប់គ្រងវាបាន។
៣. គ្រប់គ្រងដំណើរការ មិនមែនការងារទេ
នៅពេលត្រូវគ្រប់គ្រងក្រុមការងារ ការខ្លាចបរាជ័យស្តែងចេញជាស្ថានភាពមួយដែលជំរុញឱ្យម្ចាស់ពាណិជ្ជកម្មគ្រប់គ្រងល្អិតល្អន់លើក្រុមការងារ។ ម្ចាស់ពាណិជ្ជកម្មឆាប់ឆេវឆាវ និងនៅមិនសុខជាមួយក្រុមការងារ។ នៅទីបំផុត ការខ្លាចបរាជ័យក៏នាំឱ្យម្ចាស់ពាណិជ្ជកម្មនោះបង្កើតស្ថានភាពជាក់ស្តែងដែលគេខ្លាច។ បើអ្នកដឹងថាខ្លួនឯងកំពុងតែធ្លាក់ក្នុងផ្លូវនេះ អ្នកត្រូវដឹងថាវាជារឿងធម្មតាទេ។ ស្ថានភាពនេះចាំបាច់ណាស់ក្នុងដំណាក់កាលផ្លាស់ប្តូររបស់អ្នក។ គន្លឹះស្ថិតនៅត្រង់ការផ្លាស់ប្តូរការផ្តោតចិត្តជាសំខាន់របស់អ្នកពីរបៀបធ្វើការទៅរករបៀបដែលការងារធ្វើរួចរាល់។
៤. សរសេរដាក់លើក្រដាស
លំហាត់មួយនេះមិនមែនជាការពង្រីកឬបង្ហាញការភ័យខ្លាចឱ្យកាន់តែច្បាស់ទេ ប៉ុន្តែអ្នកត្រូវដាក់ឈ្មោះវាឱ្យបានត្រឹមត្រូវ។ ដំណើរនៃការសរសេររឿងរ៉ាវអ្វីមួយដោយប្រើដៃពិតជាមានឥទ្ធិពលលើការទាញគំនិតចេញពីខួរក្បាលរបស់អ្នក។ នៅពេលអារម្មណ៍ផ្សេងៗដូចការភ័យខ្លាចនេះអណ្តែតឡើងដដែលៗក្នុងចិត្តរបស់អ្នក វានឹងរីកកាន់តែធំ និងកាន់តែច្បាស់លាស់។ បើបណ្តោយកាន់តែយូរ វានឹងធ្វើឱ្យអ្នកលែងអាចធ្វើសកម្មភាពអ្វីបានទាំងអស់។ ការសរសេរអំពីអារម្មណ៍ភ័យខ្លាចជាការដាក់ឈ្មោះឱ្យអារម្មណ៍នោះ ហើយបើអ្នកអាចដាក់ឈ្មោះវាបាន អ្នកក៏អាចគ្រប់គ្រងវាបានដែរ។
និយាយជារួមមក អាជីវកម្មរបស់អ្នក តម្រូវឱ្យអ្នកបង្កើតគំនិតថ្មីៗជានិច្ច ហើយពេលខ្លះជារឿងគួរឱ្យខ្លាចថែមទៀតផង។ ក្នុងពេលជាមួយគ្នានេះដែរ អ្នកក៏ត្រូវប្រឈមនឹងការភ័យខ្លាចបរាជ័យ នៅពេលអ្នកប្រឹងប្រែងដើម្បីឈានទៅរកជំហានបន្ទាប់។ បរាជ័យជាការរៀនសូត្រ ហើយការរៀនសូត្រជាផ្នែកចាំបាច់នៃជោគជ័យ។ ចំណុចនេះមានន័យអាចយល់បាន ប៉ុន្តែបើគ្មានឧបករណ៍ និងបច្ចេកទេសដើម្បីគ្រប់គ្រងខ្លួនឯងទេ វាជារឿងដែលពិបាកខ្លាំងណាស់ដើម្បីបង្កើតបរិស្ថានជោគជ័យ។
អត្ថបទទាក់ទង