វិធីសាស្រ្តចំនួន ៤ ដែលធ្វើឲ្យអ្នកក្លាយជាអ្នកដឹកនាំម្នាក់ដែលកូនចៅមិនអាចបំភ្លេចបាន
ភាពជាអ្នកដឹកនាំល្អ មិនមែនរៀនសូត្រមកពីសាលានោះឡើយ។ វាទទួលបានមកពីបទពិសោធន៍ដែលអ្នកធ្លាប់ឆ្លងកាត់។ ការស្ទង់មតិបង្ហាញថា និយោជិតរហូតដល់ទៅពាក់កណ្តាល បានចាកចេញពីការងារដោយសារតែបញ្ហារបស់ពួកគេជាមួយអ្នកគ្រប់គ្រងដែលជះឥទ្ធិពលទៅលើបទពិសោធន៍ការងារសរុបរបស់និយោជិត។
ខាងក្រោមនេះ គឺជាវិធីសាស្រ្តចំនួន ៤ ដែលធ្វើឲ្យអ្នកក្លាយជាអ្នកដឹកនាំម្នាក់ដែលកូនចៅមិនអាចបំភ្លេចបាន៖
១. អ្នកដឹកនាំដែលស្ដាប់ច្រើនជាងនិយាយ
មិនថាអ្នកដឹងច្រើនប៉ុណ្ណា ឬមានទេពកោសល្យខ្លាំងប៉ុណ្ណាក៏ដោយ អ្នកតែម្នាក់ឯងមិនអាចសម្លឹងឃើញបញ្ហាបានគ្រប់ជ្រុងជ្រោយនោះឡើយ។ ភាពចចេសរឹងរូសមិនស្ដាប់អ្នកដទៃ មានតែនាំមកនូវលទ្ធផលអវិជ្ជមានសម្រាប់អ្នកនៅចុងបញ្ចប់ប៉ុណ្ណោះ។ ហេតុនេះ អ្នកដឹកនាំល្អ យករូបភាពធំជាសំខាន់ ដោយចេះឲ្យតម្លៃទៅលើអ្នកដទៃ ចេះស្ដាប់គំនិតយោបល់របស់អ្នកដទៃ ហើយចេះថ្លឹងថ្លែងយកគំនិតទាំងនោះមកគិតពិចារណាឲ្យបានល្អ។
២. អ្នកដឹកនាំដែលផ្ដល់ឯករាជ្យភាពដល់បុគ្គលិក
ការផ្ដល់ឯករាជ្យភាពដល់បុគ្គលិក នឹងធ្វើការឲ្យពួកគេមានសេរីភាពគ្រប់គ្រាន់សម្រាប់បញ្ចេញសមត្ថភាពរបស់ខ្លួនឲ្យអស់ពីលទ្ធភាព និងរិះរកការដោះស្រាយបញ្ហាប្រកបដោយការច្នៃប្រតិដ្ឋ។
៣. អ្នកដឹកនាំដែលមិនភ័យខ្លាចការបង្កើតកំហុស
កំហុស គឺជាផ្នែកមួយនៃជីវិត។ វាបំពេញជីវិតរបស់អ្នកឲ្យពេញលេញ។ បើអ្នកធ្វើត្រូវរហូតនោះជីវិតរបស់អ្នកនឹងពោរពេញដោយភាពសោះកក្រោះ និងឥតមានខ្លឹមសារអ្វីនោះឡើយ។ កំហុសជួយឲ្យអ្នករៀនពីបទពិសោធន៍ជីវិត និងជាអ្វីដែលអ្នកត្រូវការដើម្បីភាពរុងរឿងរីកចម្រើន។ អ្នកដឹកនាំល្អយល់ពីចំណុចនេះច្បាស់ ហើយពួកគេមិនខំជជែកយកតែត្រូវខ្លួនឯងនោះឡើយ។
៤. អ្នកដឹកនាំដែលមិនកេងប្រវ័ញ្ចយកមុខមាត់ពីកូនចៅ
សមិទ្ធផលកិច្ចការដែលល្អ ត្រូវផលិតចេញមកពីភាពសាមគ្គីរួមចិត្តគំនិតគ្នាតែមួយរបស់កូនចៅ សមត្ថភាពរបស់ពួកគេ និងការខិតខំប្រឹងប្រែងរបស់ពួកគេ។ ថ្វីបើស្ថិតនៅក្រោមការដឹកនាំរបស់អ្នក តែបើអ្នកគ្មានពួកគេ នោះអ្នកក៏មិនអាចសម្រេចសមិទ្ធផលអស្ចារ្យបានតែម្នាក់ឯងនោះដែរ។ អ្នកដឹកនាំល្អ មិនកេងប្រវ័ញ្ចយកមុខមាត់ពីការខិតខំរបស់កូនចៅ ហើយផ្ទុយទៅវិញពួកគេមើលឃើញពីការរួមចំណែករបស់បុគ្គលិក ចេះលើកសរសើរបុគ្គលិក និងជំរុញពួកគេឲ្យខិតខំធ្វើការជាងមុន។
អត្ថបទទាក់ទង
តើការពិគ្រោះយោបល់ផ្នែកគ្រប់គ្រង (Management Consulting) គឺជាអ្វី?