ស្ថានភាពចំនួន ៣ ដែលបង្ហាញពីក្រុមហ៊ុនដែលមានការគ្រប់គ្រងមិនល្អ

កំណើនអ្នកធ្វើការបានកើនឡើងជាលំដាប់ ចំណែកក្រុមហ៊ុនក៏មានតូចធំទៅតាមនោះដែរ។ ក្នុងក្រុមហ៊ុនមួយ មានការគ្រប់គ្រង និងរចនាសម្ព័ន្ធខុសៗគ្នា ហើយប្រមូលផ្តុំមនុស្សទៅតាមសមត្ថភាព។

យើងតែងសង្កេតឃើញថា ដ្បិតតែប្រទេសខ្លះ បានអភិវឌ្ឍ ឬកំពុងអភិវឌ្ឍក៏ពិតមែន តែថ្នាក់ដឹកនាំមួយចំនួនមិនបានផ្តោតសំខាន់ទៅលើសមត្ថភាពរបស់បុគ្គលិកឡើយ ទង្វើបែបនេះបានបណ្តាលឱ្យក្រុមហ៊ុនឈានទៅរកភាពច្របូលច្របល់ និងមិនរីកចម្រើន។ ជួនកាល នៅក្នុងក្រុមហ៊ុនមួយ អាចបង្កើតជាបក្សពួកក៏មានដែរ។ បើជួបនឹងក្រុមហ៊ុនបែបនេះ នឹងអាចធ្វើឱ្យបុគ្គលិកគ្មានកម្លាំងចិត្តក្នុងការធ្វើការងារ និងមិនបានបញ្ចេញសមត្ថភាពរបស់ពួកគេបានឡើយ។

ខាងក្រោមនេះ គឺជាស្ថានភាពដែលឧស្សាហ៍ជួបប្រទះនៅក្នុងក្រុមហ៊ុនដែលគ្មានការគ្រប់គ្រងបានត្រឹមត្រូវ៖

១. ផ្តោតលើទំនាក់ទំនងជាសំខាន់

ប្រើមនុស្សមិនមើលសមត្ថភាព សម្អាងតែមានទំនាក់ទំនងជិតស្និទ្ធនឹងខ្លួន ឱ្យតែមានទំនាក់ទំនងល្អ គឺអាចឡើងតំណែង ហើយអ្នកដែលមានសមត្ថភាពពិតប្រាកដបែរជាមើលរំលង និងមិនទទួលបានការលើកស្ទួយទៅវិញ។ នៅក្នុងក្រុមហ៊ុនបែបនេះ មិននិយាយពីចំណេះ ជំនាញ និងសមត្ថភាពឡើយ គ្រាន់តែនិយាយពីទំនាក់ទំនងល្អតែប៉ុណ្ណោះ។

ឧទារហណ៍៖ បុគ្គលិក “ក” ពូកែនិយាយ តែងតែយកចិត្តថ្នាក់លើ តែចំពោះការងារវិញ គឺមិនអាចទុកចិត្តបានទេ។ រីឯ បុគ្គលិក “ខ” មិនពូកែនិយាយ ក៏មិនចេះយកចិត្តអែបអបថ្នាក់លើដែរ ប៉ុន្តែការងារវិញធ្វើបានយ៉ាងល្អ។ ចំពោះថ្នាក់លើមួយចំនួន ច្បាស់ណាស់ប្រាកដជាលើកស្ទួយ បុគ្គល “ក” ដែលមានទំនាក់ទំនងល្អជាមួយខ្លួនជាក់ជាមិនខាន។

២. តួនាទីមិនច្បាស់លាស់

ថ្នាក់លើបែងចែកការងារមិនច្បាស់លាស់ ដូច្នេះការងារមានភាពច្របូកច្របល់ ធ្វើឱ្យបុគ្គលិកមិនដឹងថាគួរធ្វើការងារណាមុន ក៏អាចដោយសារថ្នាក់លើរបស់អ្នកផ្ទាល់គ្មានសមត្ថភាពក្នុងការគ្រប់គ្រង តែរូបគេបែរជាកាន់តំណែងខ្ពស់ទៅវិញ។

នៅក្នុងក្រុមហ៊ុនបែបនេះ បុគ្គលិកស្លូតត្រង់ រមែងតែងតែធ្វើការច្រើនជាងគេ រូបគេត្រូវបានចាត់ចែងឱ្យធ្វើការណាដែលមិនសូវសំខាន់ ឬមិនត្រូវជំនាញរបស់គេ ហើយរូបគេមិនទទួលបានការឃើញពីភាពសំខាន់ រីឯបុគ្គលិកដែលខ្ជិលច្រអូស បែរជាអង្គុយលេងទៅវិញ ស្រួលខ្លួនទៅវិញ។

៣. ការបែងចែកអត្ថប្រយោជន៍ដោយគ្មានតម្លាភាព

បើគ្មានការកំណត់ទៅលើការបែងចែកអត្ថប្រយោជន៍ច្បាស់លាស់ទេ ការងារដែលបានធ្វើ គឺមិនទទួលបានការទទួលស្គាល់ និងគ្មានការលើកទឹកចិត្ត បែបនេះថ្ងៃក្រោយនៅក្នុងការងារមានតែមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះដែលសុខចិត្តធ្វើ ព្រោះគេគិតថា ទោះធ្វើ ឬមិនធ្វើក៏គ្មានអ្វីខុសគ្នាដែរ សុទ្ធតែទទួលបានដូចគ្នា។

ដូច្នេះហើយ ការបែងចែកអត្ថប្រយោជន៍គ្មានតម្លាភាព គឺគួរឱ្យខ្លាចណាស់ អ្នកទាំងអស់គ្នាគិតថាមិនធ្វើការក៏ទទួលបានអត្ថប្រយោជន៍ដែរ ខំ ឬមិនខំ ក៏បានស្មើគ្នា ក្រុមហ៊ុនបែបនេះ គឺគ្មានការរីកចម្រើនអ្វីឡើយ ការធ្វើការក៏គ្មានប្រសិទ្ធភាពខ្ពស់ដែរ។ បើនៅតែស្ថិតនៅក្រោមថ្នាក់លើដែលគិតតែផលប្រយោជន៍ទៀតនោះ មានគេជូនកាដូ អញ្ជើញទៅញុំាបាយ មិនយូរទេបុគ្គលិកម្នាក់នេះនឹងអាចឡើងឋានៈលឿន និងប្រាក់ខែខ្ពស់ទៀតផង។ បរិបថបែបនេះ ពិតជាធ្វើឱ្យបុគ្គលិកស្មោះត្រង់បាក់ទឹកចិត្ត និងគ្មានកម្លាំងចិត្តធ្វើការបន្តនោះឡើយ។


អត្ថបទទាក់ទង

វិធីសាស្ត្រ ៤ យ៉ាង ដើម្បីលើកទឹកចិត្តអ្នកកើតក្នុងជំនាន់សហស្សវត្សក្នុងកន្លែងការងារ

 

Leave a Reply