ឥរិយាបថនៃភាពជាអ្នកដឹកនាំចំនួន ១៥ ដើម្បីគ្រប់គ្រងស្ថាប័នប្រកបដោយប្រសិទ្ឋភាព និងប្រសិទ្ឋផល

កាលណានិយាយពាក្យថា “មេដឹកនាំ” គឺសំដៅទៅលើបុគ្គលទាំងឡាយណាដែលគាត់មានតំណែងជា ប្រធានក្រុម ប្រធានផ្នែក ប្រធាននាយកដ្ឋាន ឬក៏ជាអគ្គនាយក/អគ្គនាយិការ នៅក្នុងជំនាញណាមួយនៃស្ថាប័នផ្សេងៗ។ មេដឹកនាំ គឺជាបុគ្គលម្នាក់មានបទពិសោធន៍ច្រើនឆ្នាំលើមុខជំនាញដែលគាត់បានធ្វើ ហើយក៏ជាបុគ្គលពូកែរៀបចំផែនការ លើកទឹកចិត្ត ដោះស្រាយបញ្ហា និងបែងចែកការងារឲ្យអ្នកនៅក្រោមបង្គាប់របស់គាត់ធ្វើបានដោយរលូន ដើម្បីសម្រេចនៅផែនការរួមនៅក្នុងក្រុមរបស់គាត់ផងដែរ។

តើមេដឹកនាំដ៏ឆ្នើមត្រូវប្រកាន់ឥរិយាបថនៃភាពជាអ្នកដឹកនាំបែបណា ដើម្បីសម្រេចបានភាពស័ក្កសិទ្ធិ និងប្រសិទ្ធិភាពក្នុងការគ្រប់គ្រងស្ថាប័ន?

១. ស្គាល់ពីរបៀបក្នុងការដឹកនាំរបស់អ្នក

នៅមុនពេលធ្វើការលើកកម្ពស់កម្រិតនៃភាពជាអ្នកដឹកនាំរបស់អ្នក រឿងដំបូងដែលអ្នកត្រូវធ្វើ គឺត្រូវយល់ច្បាស់ថាតើអ្នកជាមេដឹកនាំបែបណានៅក្នុងដំណាក់កាលបច្ចុប្បន្ន របស់អ្នក។ ការស្គាល់ច្បាស់នេះ គឺរួមបញ្ចូលទាំងការយល់ដឹងអំពីភាពខ្លាំងនាពេលបច្ចុប្បន្នរបស់អ្នក ក៏ដូចជាចំណុចខ្វះខាតដែលអ្នកត្រូវកែលម្អ។

២. បំផុសគំនិតច្នៃប្រតិដ្ឋក្នុងចំណោមបុគ្គលិក

ការជំរុញគំនិតច្នៃប្រតិដ្ឋ និងចក្ខុវិស័យផ្នែកបញ្ញាក្នុងចំណោមអ្នកក្រោមបង្គាប់របស់អ្នក ត្រូវបានចាត់ទុកថាជាគុណសម្បត្តិសំខាន់ដែលកំណត់នូវអ្នកដឹកនាំដែលមានការចែករំលែក។ អ្នកគួរតែផ្តល់ឱ្យពួកគេនូវការប្រកួតប្រជែងជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹង ដើម្បីជួយពួកគេឱ្យសម្រេចបានដល់គោលដៅ។

៣. មិនត្រឹមតែគ្រប់គ្រង តែត្រូវធ្វើជាគំរូដ៏ល្អ

ដោយគ្រាន់តែគ្រប់គ្រងថ្នាក់ក្រោមរបស់អ្នក នឹងមិនធ្វើឱ្យអ្នកក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យនោះទេ។ អ្នកត្រូវតែធ្វើខ្លួនឱ្យក្លាយទៅជាគំរូល្អសម្រាប់ពួកគេ។ និយាយទៅ ដើម្បីក្លាយទៅជាអ្នកដឹកនាំដ៏អស្ចារ្យនោះ អ្នកត្រូវតែបង្ហាញពីគុណសម្បត្តិដែលអ្នកចង់បានឱ្យសមាជិកក្នុងក្រុមរបស់អ្នកបានឃើញ។

៤. ត្រូវមានថាមពល និងចំណង់ក្នុងការបំពេញការងារ

ប្រសិនបើអ្នកចង់ឱ្យក្រុមការងាររបស់អ្នក គិតខ្វល់អំពីការងាររបស់ពួកគេនោះ អ្នកត្រូវតែបង្ហាញថាអ្នកពិតជាងប់ងុលនឹងការងារដែលអ្នកកំពុងតែធ្វើ។ អ្នកត្រូវមានភាពរស់រវើក និងស្វាហាប់នៅក្នុងសកម្មភាពប្រចាំថ្ងៃ ហើយនៅពេលនោះ បុគ្គលិកក្រោមបង្គាប់របស់អ្នកនឹងធ្វើតាមជាក់ជាមិនខាន។

៥. ត្រូវធ្វើខ្លួនជាអ្នកជំនាញខាងទំនាក់ទំនង

គ្មាននរណាម្នាក់ អាចក្លាយទៅជាមេដឹកនាំដ៏អស្ចារ្យម្នាក់ ដោយមិនអាចប្រាស្រ័យទាក់ទងគំនិតរបស់គាត់ឱ្យមានប្រសិទ្ធភាពជាមួយក្រុមការងារបានឡើយ។ អ្នកគួរតែព្យាយាមបង្ហាញអំពីគំនិត និងការព្រួយបារម្ភរបស់អ្នកទៅបុគ្គលិកក្រោមបង្គាប់ ដោយប្រើពាក្យសម្ដី និងទាំងកាយវិការ។ អ្នកគួរតែមានការយល់ដឹងដោយពេញលេញអំពីបែបបទនៃការបំពេញការងារវប្បធម៌ និងប្រវត្តិសាស្ត្ររបស់អ្នក។ ការធ្វើបែបនេះ នឹងអាចជួយគាំទ្រទ្រឹស្តីរបស់អ្នកប្រកបដោយការពិតជាក់ស្ដែង។

៦. ប្រកាន់នូវគំនិតវិជ្ជមានគ្រប់ពេលវេលា

អ្នកដឹកនាំដ៏អស្ចារ្យ អាចបង្ហាញនូវអាកប្បកិរិយាជាវិជ្ជមាន និងសុទិដ្ឋិនិយម ទោះបីជាជួបប្រទះនឹងការលំបាកដែលអាចជាមូលហេតុនៃការបំផុសគំនិត សម្រាប់បុគ្គលិករបស់គេ។ វាមិនមែនមានន័យថា អ្នកត្រូវតែមើលអ្វីគ្រប់យ៉ាងនៅក្នុងផ្លូវល្អនោះទេ។ ផ្ទុយទៅវិញ អ្នកត្រូវរក្សាគំនិតអារម្មណ៍សុទិដ្ឋិនិយម និងក្តីសង្ឃឹម នៅពេលប្រឈមនឹងបញ្ហា។

៧. លើកទឹកចិត្តអ្នកដទៃឱ្យចូលរួមចែករំលែកគំនិត

ជាជាងការធ្វើជាប្រភពនៃគំនិត និងការសម្រេចចិត្ត អ្នកគួរតែលើកទឹកចិត្តក្រុមការងាររបស់អ្នកឲ្យចូលរួមយ៉ាងសកម្មនៅក្នុងដំណើរនៃការធ្វើសេចក្តីសម្រេចចិត្ត ដូចជាការអនុវត្តលទ្ធិប្រជាធិបតេយ្យ។ ការដឹកនាំដោយអនុវត្តនូវលទ្ធិប្រជាធិបតេយ្យបែបនេះ អាចធ្វើឱ្យមានភាពប្រសើរឡើងនៃទំនាក់ទំនងគំនិតច្នៃប្រតិដ្ឋ និងការដោះស្រាយបញ្ហាក្នុងចំណោមបុគ្គលិកក្រោមបង្គាប់។

៨. ព្យាយាមជំរុញទឹកចិត្តតាមដែលអាចធ្វើទៅបាន

ដើម្បីក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យ អ្នកមិនត្រូវគ្រាន់តែជួយជំរុញបុគ្គលិករបស់អ្នកនោះទេ ប៉ុន្តែអ្នកក៏គួរតែលើកទឹកចិត្តយ៉ាងសកម្មឱ្យពួកគេឈានសម្រេចទៅដល់គោលដៅ។ ការជំរុញទឹកចិត្តនេះ អាចជាការផ្តល់រង្វាន់ ការទទួលស្គាល់ និងការសរសើរ ចំពោះសមិទ្ធផលការងាររបស់ពួកគេ។

៩. ផ្តល់កិត្តិយស និងការកោតសរសើរចំពោះបុគ្គលិកឆ្នើម

វិធីសាស្ត្រដ៏សំខាន់មួយដែលមេដឹកនាំដ៏អស្ចារ្យ អាចធ្វើឱ្យអ្នកបុគ្គលិករបស់គាត់មានអារម្មណ៍ថា មានការពេញចិត្ត និងក្ដីរីករាយ គឺដោយការផ្តល់កិត្តិយសទៅកាន់បុគ្គលិកដែលបំពេញការងារបានល្អលើសពីការរំពឹងទុក។ ទង្វើនេះ អាចជួយលុបបំបាត់ឧបសគ្គ ឆ្ពោះទៅកាន់ភាពជោគជ័យរបស់ពួកគេ នៅពេលដែលយើងបានផ្តល់រង្វាន់ដល់កិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ពួកគេ។

១០. កុំខ្លាចនឹងសុំទោស

គ្មានអ្នកដឹកនាំដ៏អស្ចារ្យណាម្នាក់ដែលល្អឥតខ្ចោះនោះឡើយ ហើយអ្នកប្រហែលជាអាចនឹងមានកំហុសឆ្គងនៅពេលណាមួយ។ នៅពេលរឿងនេះកើតឡើង អ្នកមិនត្រូវភ័យខ្លាចក្នុងការសុំទោស និងរៀនពីកំហុសឆ្គងនោះឡើយ វាអាចនឹងជួយអ្នកឱ្យក្លាយទៅជាអ្នកដឹកនាំដែលល្អប្រសើរជាងនេះនៅពេលអនាគត។

១១. បង្ហាញការគោរពដល់អ្នកដែលនៅជុំវិញខ្លួនអ្នក

នៅក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានការគោរពពីអ្នកដទៃនោះ អ្នកត្រូវគោរពអ្នកដទៃជាមុន។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើបែបនេះ មិនតែអំពីការគោរពចំពោះតែបុគ្គ លដែលអ្នកចាត់ទុកថាជាបុគ្គលិកដែលបំពេញការងារបានល្អនោះទេ។ ផ្ទុយទៅវិញ ក្នុងនាមជាអ្នកដឹកនាំ អ្នកគួរតែគោរពមនុស្សគ្រប់គ្នាដោយមិនគិតពីការរួមចំណែកតិច ឫច្រើនរបស់ពួកគេនៅក្នុងការងារនោះទេ។

១២. បង្ហាញពីភាពក្លាហាននៅចំពោះមុខទុក្ខលំបាក

វាមិនមែនជាការភ្ញាក់ផ្អើលនោះទេ ដែលថាអ្នកដែលប្រតិបត្តិតាមអ្នកដឹកនាំ នឹងតាមមើលគាត់ ឬនាង ដើម្បីយកធ្វើជាគម្រូ។ ប្រសិនបើអ្នកចង់ក្លាយជាអ្នកដឹកនាំដែលមានការបំផុសគំនិតដ៏ល្អនោះ អ្នកត្រូវបង្ហាញពីភាពក្លាហានរបស់អ្នក ទោះបីជានៅពេលជួបប្រទះនឹងទុក្ខលំបាកក៏ដោយ។

១៣. ធ្វើការវិភាគអំពីការសម្រេចចិត្តមុនពេលចាប់ផ្ដើមធ្វើសកម្មភាព

អ្នកដឹកនាំដ៏អស្ចារ្យម្នាក់ មិនគួរជាមនុស្សដែលធ្វើអ្វីតាមតែសន្ទុះចិត្តនោះទេ។ ការសម្រេចចិត្តទាំងឡាយ ត្រូវតែឆ្លងកាត់វិភាគ ដោយប្រុងប្រយ័ត្នអំពីគុណសម្បត្តិ និងគុណវិបត្តិមុននឹងឈានទៅដល់ការអនុវត្ត។ ខណៈពេលដែលវាអាចនឹងត្រូវការពេលវេលា ដើម្បីប្រមូលព័ត៌មាន តែការសម្រេចចិត្តដោយប្រុងប្រយ័ត្ន នឹងផ្តល់នូវលទ្ធផលល្អប្រសើរក្នុងរយៈពេលវែង។

១៤. មានចក្ខុវិស័យ និងបេសកកម្ម

ភាពជាអ្នកដឹកនាំពិតប្រាកដ គឺត្រូវតែផ្ដោតទៅលើការមានចក្ខុវិស័យ និងបេសកកម្ម ដើម្បីឈានទៅសម្រេចគោលដៅជាក់លាក់ណាមួយ។ ដើម្បីជំរុញចិត្តអ្នកដទៃឲ្យផ្លាស់ទីក្នុងទិសដៅដូចគ្នា អ្នកត្រូវតែមានសមត្ថភាពអាចបញ្ចុះបញ្ចូលបុគ្គលិកក្រោមបង្គាប់ឱ្យប្រតិបត្តិតាមចក្ខុវិស័យរបស់អ្នក ពោលគឺជាផ្លូវដែលត្រឹមត្រូវ។

១៥. កុំខ្លាចក្នុងការទទួលយកមតិយោបល់កែលម្អ

វិថីដើម្បីក្លាយទៅជាអ្នកដឹកនាំដ៏អស្ចារ្យ មិនមែនជាវិថីតែមួយទេ។ នៅក្នុងការស្វែងរកភាពអស្ចារ្យរបស់អ្នក អ្នកក៏គួរតែអាចចូលទៅជិតបុគ្គលិកក្រោមបង្គាប់របស់អ្នក ដើម្បីទទួលបានមកវិញនូវមតិយោបល់ និងការបំផុសគំនិត។ អ្នកគួរទទួលយកគំនិតថ្មីៗពីពួកគេ ហើយធ្វើការកែលម្អគំនិតទាំងនោះ ដើម្បីបំផុស និងលើកទឹកចិត្តដល់បុគ្គលិករបស់អ្នកបន្ថែមទៀត។


អត្ថបទទាក់ទង

ហេតុអ្វីបានជាមេដឹកនាំប្រកបដោយប្រសិទ្ធភាពខ្ពស់បរាជ័យ?

Leave a Reply

Your email address will not be published. Required fields are marked *