កំហុសទូទៅចំនួន ១០ របស់នាយកប្រតិបត្តិ ពេលចូលបម្រើការងារដំបូង
នាយកប្រតិបត្ដិ ឬជាភាសាអង់គ្លេស “Chief Executive Officer” ឬ CEO គឺជាអ្នកគ្រប់គ្រងជាន់ខ្ពស់ និងជាអ្នកសម្រេចចិត្តក្នុងក្រុមហ៊ុន ពោលគឺសំដៅដល់តំណែងដែលខ្ពស់ជាងគេមួយនៅក្នុងក្រុមហ៊ុនមួយ។ ភារកិច្ចរបស់អ្នកគ្រប់គ្រងក្នុងក្រុមហ៊ុនមួយ អាចមានភាពទូលំទូលាយ និងគ្រប់ដណ្តប់ច្រើន តាំងពីការសម្រេចចិត្តទាក់ទងទៅនឹងទិសដៅយុទ្ធសាស្រ្តសម្រាប់ក្រុមហ៊ុន រហូតដល់ការរក្សាកម្រិតយល់ដឹងអំពីអ្វីៗដែលគូប្រជែងកំពុងតែធ្វើ។ នាយកប្រតិបត្ដិ មានភារកិច្ចដឹកនាំ គ្រប់គ្រង និងប្រតិបត្តិក្នុងកម្រិតខ្ពស់ ដើម្បីធានាដល់ជោគជ័យនៃពាណិជ្ជកម្មទាំងមូល។ ពួកគេនឹងធ្វើការពិនិត្យ និងចាត់ចែងរាល់ធនធានទាំងអស់របស់ក្រុមហ៊ុន ជាអ្នកដែលធ្វើការទាក់ទងដោយផ្ទាល់ជាមួយនឹងប្រធានក្រុមប្រឹក្សាភិបាល និងជាអ្នកដែលចេញមុខជាសាធារណៈ ឬ តំណាងឲ្យក្រុមហ៊ុនទាំងមូលផងដែរ។ ជាទូទៅ នាយកប្រតិបត្ដិ គឺត្រូវបោះឆ្នោតជ្រើសរើសដោយសមាជិកក្រុមប្រឹក្សាភិបាល ឬ ម្ចាស់ភាគហ៊ុន។
ធ្វើជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនដែលទើបនឹងបង្កើតថ្មីថ្មោងមួយ មិនមែនជារឿងមួយងាយស្រួលនោះឡើយ។ បុគ្គលនោះត្រូវមានសមត្ថភាពពេញលេញអាចដឹកនាំក្រុមហ៊ុនឆ្ពោះទៅរកភាពជោគជ័យបាន។ ទោះបីជាយុទ្ធសាស្ត្រគម្រោងធនធាន និងអ្វីៗផ្សេងទៀតជាឆ្អឹងឆ្អែងរបស់ក្រុមហ៊ុនស្ថិតនៅក្នុងកម្រិតណាក៏ដោយ អ្វីដែលជាគោលដៅរបស់ក្រុមហ៊ុន គឺចង់ពាំនាំមកនូវសមិទ្ធផលថ្មីៗឲ្យបានល្អជាងមុន។ ប៉ុន្តែអ្វីដែលជាចំណោទបញ្ហានោះគឺថា តើនាយកប្រតិបត្តិក្រុមហ៊ុនថ្មីថ្មោងអាចសម្រេចបានគោលដៅនេះបានឬអត់? បើមិនអាចសម្រេចបាន នោះច្បាស់ជាមានកំហុសផ្សេងៗកើតឡើងជាមិនខាន។
ខាងក្រោមនេះ គឺជាកំហុសធំៗចំនួន ១១ ចំណុចរបស់នាយកប្រតិបត្តិក្រុមហ៊ុនដែលគេបានរកឃើញថា បានកើតមានជាទូទៅពេលចូលធ្វើការជាលើកដំបូង៖
១. គ្មានបេសកកម្មត្រឹមត្រូវ មានយុទ្ធសាស្ត្រទន់ខ្សោយ
កំហុសដ៏ធំមួយទៀតរបស់នាយកប្រតិបត្តិ ក្រុមហ៊ុនថ្មីថ្មោងដែលធ្វើឲ្យបាត់បង់ទំនុកចិត្តពីភាគីដែលពាក់ព័ន្ធ និងបុគ្គលិករបស់ខ្លួននោះគឺ ការបង្កើតបេសកកម្មមួយដែលមិនត្រឹមត្រូវ និង មានយុទ្ធសាស្ត្រទន់ខ្សោយ។ នេះមិនខុសអ្វីពីការដឹកនាំឲ្យក្រុមហ៊ុនធ្លាក់ចូលជ្រោះនោះឡើយ ព្រោះថា មិនដឹងជាគោលដៅរបស់ក្រុមហ៊ុនចង់សម្រេចអ្វី? ធ្វើដោយរបៀបណា?
២. បរាជ័យក្នុងការអនុវត្តតាមយុទ្ធសាស្ត្រ និងគម្រោងរបស់ក្រុមហ៊ុន
មាននាយកប្រតិបត្តិក្រុមហ៊ុនមួយចំនួនបានបង្ហាញយុទ្ធសាស្ត្រល្អៗ និង គម្រោងក្នុងអាជីវកម្មរបស់ក្រុមហ៊ុនគូរឲ្យជឿជាក់បាន។ ប៉ុន្តែបញ្ហានានាបានកើតមានឡើងនៅពេលដែលខ្លួនបរាជ័យក្នុងការអនុវត្តតាមផែនការនោះ ហើយគោលដៅរបស់ក្រុមហ៊ុនក៏បរាជ័យទៅតាមនោះដែរ។
៣. បរាជ័យស្វែងរកបុគ្គលស្នូលធ្វើជាខ្នងបង្អែករបស់ក្រុមហ៊ុន
នេះប្រហែលជានាយកប្រតិបត្តិក្រុមហ៊ុនខ្លួនឯងយល់ថា ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ ព្រមទាំងមានអំនួតខ្លួនឯងផង អាចធ្វើជាជន្ទល់ក្នុងក្រុមហ៊ុនបាន។ ផ្ទុយទៅវិញ នេះគ្រាន់តែជាសញ្ញាណមួយដែលអាចរុញច្រើនឲ្យក្រុមហ៊ុនបរាជ័យប៉ុណ្ណោះ ត្បិតអីគ្មានបុគ្គលស្នូលដ៏រឹងមាំជាច្រើនទៀតសម្រាប់រ៉ាប់រងការងារនិង ជួយបង្ហាញយុទ្ធសាស្ត្រល្អៗមកជំនួសបាន។
៤. មិនបង្កើតវប្បធម៌ចែករំលែកចំណេះដឹងក្នុងក្រុមហ៊ុន
ការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន និង បុគ្គលផ្សេងទៀតនៅក្នុងក្រុមហ៊ុនគឺជាកត្តាសំខាន់ដើម្បីចែករំលែកចំណេះដឹងទៅវិញទៅមក។ វាជាកំហុសដ៏ធំនៅពេលដែលនាយកប្រតិបត្តិក្រុមហ៊ុនម្នាក់ព្យាយាមនៅស្ងប់ស្ងៀមមិនព្រមបណ្ដុះវប្បធម៌ចែករំលែកចំណេះដឹងនិង ការបណ្តុះបណ្តាលនៅក្នុងក្រុមហ៊ុន។ នេះមិនត្រឹមតែបាត់បង់ភាពទំនាក់ទំនងយ៉ាងជិតស្និទ្ធនៅក្នុងការងារប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យបុគ្គលិកនីមួយៗបាត់បង់ទំនុកចិត្ត និង យកចិត្តទុកដាក់ក្នុងការងារទៀតផង។
៥. មិនបានកសាងវប្បធម៌គណនេយ្យភាពនៅក្នុងក្រុមហ៊ុន
ការកសាងគណនេយ្យភាពនៅក្នុងក្រុមហ៊ុន ដូចជាទំនួលខុសត្រូវ និងការសម្រេចចិត្ត គឺជារឿងដ៏សំខាន់បំផុតមួយដែលនាយកប្រតិបត្តិក្រុមហ៊ុនត្រូវបញ្ចេញជាលើកដំបូងនៅក្នុងក្រុមហ៊ុន។ ក្នុងនាមជាអ្នកដឹកនាំ អ្នកត្រូវចេញមុខជានិច្ចបើមិនដូច្នេះទេ ច្បាស់ជាដួលរលំមិនខាន។
៦. មិនបានកសាងទំនុកចិត្ត និងភាពជឿជាក់
ទំនុកចិត្ត និង ភាពជឿជាក់ គឺជារឿងសំខាន់ណាស់ ជាពិសេសសម្រាប់នាយកប្រតិបត្តិក្រុមហ៊ុនទើបបង្កើតថ្មី ត្បិតអីការងារក៏ថ្មីជួបមនុស្សថ្មីៗច្រើនដែលមានវប្បធម៌ការងារខុសគ្នាៗ។ បើនាយកប្រតិបត្តិក្រុមហ៊ុនម្នាក់មើលរំលងចំណុចនេះមែននោះ មិនយូរមិនឆាប់អាជីវកម្មរបស់ក្រុមហ៊ុននឹងដាំដូងចុះងើបឡើងមិនរួចជាក់ជាមិនខាន។ ទោះបីជាយ៉ាងណាក៏ដោយទំនុកចិត្ត និង ភាពជឿជាក់ត្រូវកសាងឲ្យបានជាពិសេសជាមួយបុគ្គលពាក់ព័ន្ធសំខាន់ៗរបស់ក្រុមហ៊ុននៅក្នុងរយៈពេល ៣ ខែដំបូង។
៧. មិនយកចិត្តទុកដាក់ស្តាប់ និងមិនស្វែងយល់មនុស្សនៅជុំវិញខ្លួន
វាជាកំហុសដ៏ធ្ងន់ធ្ងរមួយ ប្រសិនបើនាយកប្រតិបត្តិក្រុមហ៊ុនថ្មីថ្មោងម្នាក់មិនបើកចិត្តឲ្យទូលាយយកចិត្តទុកដាក់ស្តាប់ឲ្យបានច្រើនពីបុគ្គលិកនិងសម្លឹងមើលមនុស្សនៅជុំវិញខ្លួននៅពេលឈានជើងចូលក្រុមហ៊ុនជាលើកដំបូង។ បុគ្គលគ្រប់លំដាប់ថ្នាក់ នឹងសបញ្ជាក់ពីបរិស្ថាន និង វប្បធម៌ការងារនៅទីនោះ ដើម្បីបើកផ្លូវមួយឲ្យនាយកប្រតិបត្តិក្រុមហ៊ុនថ្មីវាស់ស្ទង់សមត្ថភាពរបស់ខ្លួន និងវាយតម្លៃការងារជាទូទៅបាន។
៨. ដាក់ការសន្យាធំពេក និងកំណត់ការរំពឹងទុកដោយគ្មានហេតុផល
ជាទូទៅគេសង្កេតឃើញថានាយកប្រតិបត្តិក្រុមហ៊ុនថ្មីថ្មោងពិតជាសកម្មនឹងការងារជាទីបំផុត ហើយច្បាស់ណាស់ដែរថា ខ្លួនត្រូវបញ្ចេញសមត្ថភាពឲ្យអស់នៅពេលនេះ ជាមួយនឹងមហិច្ឆតាដ៏ធំមួយ។អ្វីដែលជាបញ្ហានោះ គឺថា ក្រុមហ៊ុនមួយចំនួនមិនបានជោគជ័យនោះឡើយដោយសារតែការដាក់សន្យាធំពេក និង រំពឹងទុកដោយគ្មានហេតុផលជាអំណះអំណាង។ ទីបំផុតខ្លួនក៏បរាជ័យ បុគ្គលិកទាំងក្រុមហ៊ុនក៏បរាជ័យ។
៩. ធ្វើការផ្លាស់ប្ដូរដោយប្រថុយប្រថាន
ការផ្លាស់ប្ដូរឲ្យរីកចម្រើនជាងមុន វាប្រាកដណាស់សម្រាប់នាយកប្រតិបត្តិក្រុមហ៊ុនថ្មីចង់បាន។ ចំណោទបញ្ហានោះ គឺថាការសម្រេចចិត្តក្នុងការផ្លាស់ប្ដូរបានធ្វើឡើងដោយប្រថុយប្រថានបំផុត ពោលគឺមិនបានសិក្សាស្រាវជ្រាវពីស្ថានភាពទីផ្សារ អាជីវកម្ម និងធនធានមនុស្សនៅក្រុមហ៊ុនឲ្យបានគ្រប់គ្រាន់។ បើអ្នកស្ថិតនៅក្នុងស្ថានភាពនេះមែននោះ សូមបញ្ឈប់ត្រឹមនេះ ហើយលើកឡើងពីជម្រើសដ៏ត្រឹមត្រូវមួយដោយការស្រាវជ្រាវដ៏ជឿជាក់បានពីភាគីពាក់ព័ន្ធនៅក្នុងក្រុមហ៊ុន។
១០. ចង់បានលទ្ធផលល្អឥតខ្ចោះ មិនកំណត់ពីលទ្ធភាពរបស់ក្រុមហ៊ុន
នាយកប្រតិបត្តិក្រុមហ៊ុនថ្មីថ្មោងជានិច្ចកាលផ្ដោតលើសមិទ្ធផលជារឿងសំខាន់បើអាចសម្រេចបានក្នុងរយៈពេលដ៏ខ្លីគឺកាន់តែល្អ។ នេះបានធ្វើឲ្យនាយកប្រតិបត្តិក្រុមហ៊ុនមួយចំនួនដាក់សម្ពាធធំជាងមុនដល់បុគ្គលិក ដោយមិនបានសិក្សាស្វែងយល់ និង កំណត់ពីលទ្ធភាពផ្សេងរបស់ក្រុមហ៊ុនដូចជា កត្តាធនធានមនុស្ស យុទ្ធសាស្ត្រ បច្ចេកវិទ្យា។ល។ នេះមិនយូរមិនឆាប់ បុគ្គលិកនឹងចាកចេញពីក្រុមហ៊ុនជាមិនខាន។
អត្ថបទទាក់ទង
មេរៀនចំនួន ១០ ដើម្បីប្រែក្លាយពីអ្នកគ្រប់គ្រងល្អ ទៅជាអ្នកគ្រប់គ្រងដ៏អស្ចារ្យ