វិធីសាស្រ្តចំនួន ១០ ដើម្បីជំរុញបុគ្គលិកឲ្យមានភាពជាម្ចាស់លើកិច្ចការរបស់ខ្លួន

ការ​ចូលរួម​របស់​បុគ្គលិក​ក្នុង​កិច្ចការ​ក្រុមហ៊ុន​ ភាគច្រើន​ត្រូវ​បាន​មើល​រំលង​ដោយ​ក្រុមហ៊ុន​។​ បន្ទាប់​ពី​ផ្តល់​ការងារ​ដល់​បុគ្គលិក​ណា​ម្នាក់​ហើយ ក្រុមហ៊ុន​មិន​មាន​ផែនការ ​ឬ​យុទ្ធសាស្ត្រ​ក្នុង​ការ​បន្ត​ជំរុញ​ឲ្យ​បុគ្គលិក​ស្រលាញ់​ការងារ​របស់​ខ្លួន​ឡើយ ដែល​ជា​ចំណុច​ដ៏​មាន​សារសំខាន់​ក្នុង​ការ​រក្សា​បុគ្គលិក។

បុគ្គលិក​ដែល​សកម្ម​ គឺជា​អ្នក​ដែល​ចាត់​ទុក​កន្លែង​ការងារ​ជា​ផ្ទះ​ទី​ពីរ។ ពួក​គេ​អាច​សម្រេច​កិច្ចការ​ដែល​បាន​ដាក់​ឲ្យ​ធ្វើ និង​មាន​ភាព​ស្មោះស្ម័គ្រ​ជាមួយនឹង​ក្រុមហ៊ុន​ជា​និច្ច។ ពួក​គេ​អាច​ក្លាយជា​អ្នកដឹកនាំ​មួយ​រូប ហើយនឹង​នៅ​ក្រុមហ៊ុន​បាន​យូរ ប៉ុន្ដែ​ប្រសិនបើ​អ្នកគ្រប់គ្រង​មើល​រំលង ពួក​គេ​អាច​នឹង​ដើរ​ចេញ​ម្ដង​មួយ​ៗ​មិន​ខាន។ ចំណែក​បុគ្គលិក​មិន​សកម្ម​ គឺជា​អ្នក​ដែល​ចូល​ចិត្ត​ការងារ​របស់​ពួក​គេ​ដែរ ប៉ុន្ដែ​គ្រាន់តែ​ធ្វើ​កិច្ចការ​តាម​តម្រូវការ​ប៉ុណ្ណោះ គឺ​មិន​ធ្វើ​ការងារ​ដើម្បី​គោលដៅ ឬ​តម្លៃ​ក្រុមហ៊ុន​ឡើយ។ ពួកគេ​មិន​មាន​កម្លាំង​ក្នុង​ការ​ធ្វើការ និង​ចែកចាយ​រឿងរ៉ាវ​អវិជ្ជមាន​ក្នុង​ក្រុម​ហ៊ុន។ បុគ្គលិក​ប្រភេទ​នេះ ទោះបី​យើង​មិន​និយាយ ក៏​ក្រុមហ៊ុន​ត្រូវ​ដឹង​ថា​ធ្វើ​យ៉ាងម៉េច​ដែរ។

ម្ចាស់ក្រុមហ៊ុន តែងតែចង់ឲ្យបុគ្គលិករបស់ខ្លួនបំពេញការងារជាមួយក្តីស្រលាញ់ និងគិតថាខ្លួនជាម្ចាស់ដូចគ្នាដែរ លើកិច្ចការរបស់ខ្លួន។ ភាពជាម្ចាស់ (Ownership) តាមពិតមិនមែនមានត្រឹមតែអ្នកដែលមានភាគហ៊ុននោះទេ ពោលគ្រប់គ្នាគួរតែមាន ប៉ុន្តែអ្វីដែលសំខាន់នោះថាតើយើងត្រូវធ្វើដូចម្តេច ដើម្បីឲ្យបុគ្គលទាំងអស់ដែលកំពុងបំពេញការងារ មានរឿងដ៏សំខាន់មួយនេះ។

១. ចែករំលែកទស្សនវិស័យ

ធ្វើឲ្យបុគ្គលិករបស់អ្នកមានអារម្មណ៍ថា ខ្លួនគឺជាផ្នែកដ៏សំខាន់បំផុតមួយ ពោលគឺមិនមែនគ្រាន់តែជាបុគ្គលិកធម្មតានោះទេ។ ត្រូវបង្ហាញពីទស្សនវិស័យ និងបេសកកម្ម​របស់ក្រុមហ៊ុនទៅពួកគាត់គ្រប់រូបឲ្យបានជាប្រចាំ ហើយពន្យល់ក្នុងករណីមិនទាន់យល់បានច្បាស់។

២. អនុញ្ញាតឲ្យបុគ្គលិកចូលរួមក្នុងការបង្កើតនូវគោលដៅ  និងផែនការសកម្មភាពផ្សេងៗ

ត្រូវស្វាគមន៍នូវរាល់ការចូលរួមគំនិត ចំណេះដឹង និងការយល់ឃើញរបស់ពួកគាត់។ លើសពីនេះ ត្រូវអញ្ជើញពួកគាត់ឲ្យចូលរួមក្នុងការសម្រេចចិត្តសំខាន់ៗ។ យ៉ាងហោចណាស់ ក៏អាចធ្វើឲ្យគាត់ដឹងថា ដំណើរការនៃការសម្រេចចិត្តអ្វីមួយ មិនមែនជារឿងងាយស្រួលនោះទេ។

៣. ពន្យល់ពួកគាត់អំពីហេតុផល

សូមកុំគ្រាន់តែដាក់ការងារឲ្យគាត់ធ្វើ ដោយគ្មានបានប្រាប់អ្វីសោះ។ មិនត្រូវបណ្តោយឲ្យបុគ្គលិកធ្វើកិច្ចការដោយងងឹតងងុលនោះឡើយ គាត់ពិតជាមិនសប្បាយចិត្តឡើយ។ ដូចនេះ គ្រប់ការងារ ត្រូវបង្ហាញពួកគាត់ឲ្យបានដឹងអំពី “មូលហេតុនៃចំណុចនេះហើយ ធ្វើឲ្យគាត់​រីកចម្រើន និងស្រលាញ់ពេញចិត្តការងារនៅជាមួយពួកយើង។

៤. អនុញ្ញាតឲ្យគាត់ជ្រើសរើសវិធីធ្វើរបស់គាត់

ពេលសមស្របមួយ អ្នកគួរតែផ្តល់ឱកាស ឬអនុញ្ញាតឲ្យពួកគាត់អាចអនុវត្តការងារតាមវិធីរបស់គាត់នូវការងារដែលយើងបានប្រគល់ជូន។ ចំណុចនេះ អាចធ្វើឲ្យគាត់មានការទទួលខុសត្រូវចំពោះកិច្ចការរបស់ខ្លួនបានល្អបំផុត ដោយគាត់​អាចអនុវត្តតាមវិធីរបស់គាត់។ ប៉ុន្តែក្នុងករណី វិធីសាស្រ្តរបស់គាត់ មិនសមស្រប (អន់) អ្នកមិនគួរ​បន្ទោស ឬបង្អាប់វិធីនោះឡើយ ផ្ទុយទៅវិញ អ្នកគួរតែផ្តល់ និងពន្យល់វិធីសាស្រ្តជាជម្រើសវិញ។

៥. ផ្ទេរសិទ្ឋិអំណាច

ដើម្បីឲ្យគាត់មានអារម្មណ៍ថាខ្លួនជាម្ចាស់ អ្នកចាំបាច់ត្រូវតែផ្តល់អំណាចឲ្យគាត់ខ្លះ មិនមែនផ្តល់តែការងារនោះទេ។ ភាពជាអ្នកដឹកនាំ ឬភាពជាម្ចាស់ ចាំបាច់ត្រូវការការអនុវត្តជាក់ស្តែង។

៦. ផ្តល់នូវជំនឿជឿជាក់ឲ្យគាត់

ការជឿជាក់ទៅលើពួកគាត់ អាចធ្វើឲ្យគាត់មានជំនឿជាក់លើខ្លួនឯង ក្នុងការអនុវត្តកិច្ចការណាមួយ។

៧. លើកទឹកចិត្តគាត់ក្នុងការដោះស្រាយបញ្ហាខ្លួនឯង

អាចស្តាប់បញ្ហារបស់គាត់ ប៉ុន្តែគួរតែកុំទាន់ផ្តល់ជាដំណោះស្រាយ។ ជំនួសមកវិញ អ្នកអាចសួរពួកគាត់អំពីឬសគល់នៃបញ្ហាទាំងនោះ ដែលត្រង់នេះហើយ គាត់ពិតជាអាចរកដំណោះស្រាយដោយខ្លួនគាត់ផ្ទាល់។

៨. ជំរុញឲ្យគាត់មានការទទួលខុសត្រូវ

ត្រូវជំរុញលើកទឹកចិត្តឲ្យបុគ្គលិកមានការទទួលខុសត្រូវ​ចំពោះកិច្ចការរបស់គាត់។ ជួបជជែកពិភាក្សា បង្កើតគោលដៅ និងកំណត់ពេលវេលាជាក់លាក់មួយ​ហើយបន្តជួយគាត់ដើម្បីសម្រេចបានលទ្ធផលល្អបំផុត។

៩. ផ្តល់នូវមតិស្ថាបនា

តាមរយៈលទ្ធផលការងារណាមួយ យើងត្រូវតែឲ្យពួកគាត់ដឹងពីអ្វីដែលពួកគាត់កំពុងធ្វើ ហើយផ្តល់នូវការមតិកែលំអបន្ថែម។ ពេលខ្លះ ពួកគាត់​មិនមែនសុទ្ធតែក្លាហានក្នុងការ​សុំយោបល់ពីអ្នកឡើយ ដូចនេះអ្នកត្រូវតែផ្តល់ជូនពួកគាត់ ដើម្បីអភិវឌ្ឍនូវចំណេះដឹង និងជំនាញរបស់ពួកគាត់នៅពេលអនាគត។

១០. ការទទួលស្គាល់ស្នាដៃ និងកោតសរសើរ

មិនអាចខ្វះបានឡើយ ការកោតសរសើរអំពីសមិទ្ធផលទាំងឡាយដែលពួកគាត់ធ្វើបានល្អ។ ការទទួលស្គាល់ និងការសាទរនេះហើយ ដែលជួយលើក​ទឹកចិត្តឲ្យពួកគាត់បន្តកិច្ចការនោះទៅមុខក្នុងផ្លូវមួយដ៏យូរអង្វែង។ លើសពីនេះ រង្វាន់ដ៏សមរម្យមួយ​ ត្រូវតែផ្តល់ជូនពួកគាត់ក្នុងករណីសម្រេចបានលទ្ធផលដ៏ប្រសើរមួយ។

សម្រួលពី៖ ericchester.com


អត្ថបទទាក់ទង

វិធិសាស្រ្តចំនួន ៩ ដើម្បីបង្កើតក្រុមការងារ​រួបរួម​ពិតៗ​មួយ​នៅ​ក្នុងអង្គភាព​

 

Leave a Reply

Your email address will not be published. Required fields are marked *