ជំនឿ​ខុសឆ្ពងចំនួន ១០ ទាក់ទង​នឹង​នាយក​ប្រតិបត្តិ​​ជោគជ័យ

កន្លង​មក​យើង​តែង​សង្កេត​ឃើញ​ថា មាន​អត្ថបទ​ជាច្រើន​ដែល​ចុះ​ផ្សាយពី​នាយក​ប្រតិបត្តិ​ និង​អ្នក​ដឹកនាំ​ដែល​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ជាច្រើន នៅ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​នានា។ ​ហើយ​មាន​អត្ថបទ​មួយ​ចំនួន​តូច​ដែល​បាន​បញ្ជាក់​ថា​ ដើម្បី​ទទួល​បាន​នូវ​ភាព​ជោគជ័យដូច​ជា​មនុស្ស​ទាំង​អស់​នោះ ទាមទារ​ឲ្យ​មនុស្ស​ម្នាក់​ត្រូវ​មាន​បុគ្គលិក​លក្ខណៈអស្ចារ្យ​មួយ​ចំនួន​ជាដើម​ ។ល។ មាន​ចំណុច​ខ្លះ គឺ​អាច​និយាយ​បាន​ថា​ត្រឹម​ត្រូវ ក៏​ប៉ុន្តែក៏​នៅ​មាន​ចំណុច​មួយ​ចំនួន​ ដែល​មិន​ជា​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ។ ខាងក្រោមនេះ​ គឹជាជំនឿ​ចាស់​គម្រិល​ និង​ខុស​ស្រឡះ ១០ ចំណុច​ ទាក់​ទង​នឹង​ភាព​ជា​អ្នក​ដឹក​នាំ​ដ៏អស្ចារ្យ​ម្នាក់៖

ជំនឿ​ខុសឆ្ពង​ទី​១៖ ពួកជា​មនុស្ស​ដែល​រួសរាយ​រាក់​ទាក់ (They’re extroverted leaders.)

អ្នក​ត្រូវ​ដឹង​ថា​សព្វ​ថ្ងៃ​នេះ គឺ​យើង​កំពុង​រស់​នៅ​ក្នុង​យុគសម័យ​ ដែល​ពោរពេញ​ទៅ​ដោយ​មនុស្ស​ស្រគត់​ស្រគំ ​និង​មនុស្ស​ដែល​មិន​សូវ​ចេះ​និយាយ​ស្ដី​ច្រើន។ ហើយ​អ្នក​គប្បី​ត្រូវ​ដឹង​ថា ​មាន​មនុស្ស​ដែល​ជោគជ័យ​ និង​មហាសេដ្ឋី​ជាច្រើន​ សុទ្ធតែ​ជា​មនុស្ស​ដែល​ស្រគត់​ស្រគំ តួ​យ៉ាង​មាន​ដូច​ជា​លោក ប៊ីល ហ្គេតស៍ (Bill Gates) លោក ឡារី ផេក (Larry Page) លោក វ៉ារិន ប៊ូហ្វេ (Warren Buffet) និង​លោក ឆាលស៍ ស្វេប (Charles Schwab) ជាដើម។ ដូច្នេះ​ ចំណុច​ដែល​បាន​លើក​ឡើង​ថា អ្នក​ដឹកនាំ​ដែល​អស្ចារ្យ​ គប្បី​មាន​អត្តចរិត​រួស​រាយ​មក​ពី​កំណើត​នោះ គឺ​ពិត​ជា​ចំណុច​ដែល​ខុស​ស្រឡះ ហើយ​គ្រាន់​តែ​ជា​ជំនឿ​បែប​ចាស់​គម្រិល​ប៉ុណ្ណោះ។

ជំនឿ​ខុសឆ្ពងទី​២៖ ពួកគេជាមនុស្ស​ដែល​មាន​សំណាង ឬ​ត្រូវ​បាន​ជួយ​ជ្រោម​ជ្រែង​ពី​ក្រុម​គ្រួសារ​ ។ល។ (They’re privileged.)

​អ្នក​ដឹកនាំ ក៏​ដូច​ជា​នាយក​ប្រតិបត្តិ​ជាច្រើន​ មិន​មែន​សុទ្ធ​តែ​មាន​សំណាង​ធ្លាក់​មក​ពីលើ​មេឃ ហើយ​ទទួល​បាន​តំណែង​កំពូល​មួយ​នេះ​នោះ​ទេ។ ប៉ុន្តែ​នាយក​ប្រតិបត្តិ​ភាគច្រើន គឺ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ស្ទើរ​តែ​ស្មើរ​នឹង​រាប់​រយ​ដង​នៃ​មនុស្ស​ទូ​ទៅ​ មុន​ពេល​ដែល​ពួក​គេ​ទទួល​បាន​នូវ​លទ្ធផល​ល្អ​ដូច​សព្វ​ថ្ងៃ​នេះ។ ហើយ​បើ​សិន​ជា​និយាយ​ទៅ​ គឺ​ពិត​ជា​មាន​មនុស្ស​ជោគជ័យ​មួយ​ភាគ​តូច​ខ្លះ​ពិត​មែន ដែល​មាន​អត្ថប្រយោជន៍​ ច្រើន​ជាង​គេ​បន្តិច ពី​ព្រោះ​កើត​មក​ក្នុង​គ្រួសារ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ និង​គំនិត​ជោគជ័យ​រួច​មក​ហើយ ក៏​ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា មាន​តិច​តួច​តែ​ប៉ុណ្ណោះ ហើយ​បើ​សិន​ជា​ពួក​គេ​មិន​មែន​ជា​មនុស្ស​ដែល​ពូកែ​ទេ ទោះ​ទ្រព្យ​សម្បត្តិ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ក៏​គង់​តែ​រលាយ​ដូច​គ្នា ប៉ុន្តែ​ដោយ​សារ​សមត្ថភាព​ដែល​ពួក​គេ​មាន ទើប​ពួក​គេ​នៅ​តែ​អាច​រក្សា​ភាព​ជាអ្នក​ដឹក​នាំ និង​ជា​មនុស្ស​ជោគជ័យ​របស់​ពួក​គេ​បាន។

ជំនឿ​ខុសឆ្ពងទី​៣៖ ពួកគេជា​មនុស្ស​ដែល​ពូកែ​នៅ​ក្នុង​ការ​បង្កើតទំនាក់​ទំនង (They’re social networkers.)

នាយក​ប្រតិបត្តិ​ភាគ​ច្រើន​បំផុត ​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​កំពូល​ៗ​នានា គឺ​ពិត​ជា​មិន​សូវ​ចូល​ចិត្ត​ចំណាយ​ពេល​ក្នុង​ការ​ប្រើ​ប្រាស់​ ឬ​មាន​វត្តមាន​នៅ​លើ​បណ្ដាញ​សង្គម​ប៉ុន្មាន​នោះ​ទេ ហើយ​ប្រសិន​បើ​មាន​អ្នក​ខ្លះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ក៏​ពួក​គេ​មិន​សូវ​ជា​ Post ឬ Tweet ច្រើន​ណាស់​ណា​ដែរ (នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​នានា​ដែល​ទទួល​បាន)។ ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​ គឺនាយក​ប្រតិបត្តិ​ភាគ​ច្រើន គឺ​ពិត​ជា​មាន​ភាព​មមាញឹក​ខ្លាំង​ នៅ​ក្នុង​ការ​ដំណើរ​ការ​ក្រុមហ៊ុន​របស់​ពួក​គេ ហើយ​ពួក​គេ​ពិត​ជា​មិន​អាច​ចំណាយ​ពេល​បាន​ច្រើន នៅ​ក្នុង​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ឡើយ។

ជំនឿ​ខុសឆ្ពងទី​៤៖ ពួកគេជាមនុស្ស​ដែល​ចង់​រ​ផ្សព្វផ្សាយ​ពី​ខ្លួន​ឯង​ (They covet their personal brand.)

នៅ​ពេល​ដែល​មាន​ការ​លើ​ឡើង​ពី​ចំណុច​មួយ​នេះ​ ដែល​ថា​នាយក​ប្រតិបត្តិ​មិន​មែន​ជា​មនុស្ស​ដែល​ចង់​ផ្សព្វផ្សាយ​ពី​ម៉ាក ឬពី​ខ្លួន​ឯង​នោះ ​តែង​តែ​មាន​មនុស្ស​ជា​ច្រើន​បាន​ធ្វើ​ការ​លើក​ឡើង​ពីមហាសេដ្ឋី ម៉ាក ខ្យូបេន (Mark Cuban) និង​ប្រធានា​ធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump)។ ក៏​ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា ក្រោយ​ពេល​ដែល​អ្នក​ទទួល​បាន​នូវ​ទ្រព្យ​សម្បត្តិ​ រហូត​ដល់​រាប់​ពាន់​លាន​ដុល្លា​ហើយ​នោះ អ្នក​អាច​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​ខ្លួន​ឯង​តាម​ដែល​អ្នក​ចង់ ក៏​ប៉ុន្តែ​ប្រសិន​បើ​អ្នក​មិន​ទាន់​ជោគជ័យ​បែប​នេះ​នោះ​ទេ អ្នក​មិន​អាច​ធ្វើ​តាម​ពួក​គេ​បាន​ឡើយ ហើយ​ការ​ដែល​លើក​ឡើង​ថា អ្នក​ជោគជ័យ​ចូល​ចិត្ត​ផ្សព្វផ្សាយ​ពី​ខ្លួន​ឯង​នោះ គឺ​ពិត​ជា​ការ​យល់​ខុស​ធ្ងន់​ធ្ងរ​បំផុត។

ជំនឿ​ខុសឆ្ពងទី​៥៖ ពួកគេជាអ្នកជំនាញ​ទូ​ទៅ (They’re generalists.)

សហគ្រិន​ដែល​ជោគជ័យ​ភាគ​ច្រើន គឺ​ជា​មនុស្ស​ដែល​ពូកែ​ក្នុង​ផ្នែក​ណាមួយលើស​អ្នក​ដទៃ។ ជា​ឧទាហរណ៍​លោក ម៉ាក ហ្សាក់ឃឺប៊ឺគ (Mark Zuckerberg) និង​លោក ប៊ីល ហ្គេត (Bill Gates) គឺ​ជា​អ្នក​សរសេរ​កូដ​ដែល​លេចធ្លោ។ លោក វ៉ារិន ប៊ូហ្វេ (Warren Buffet) និង​លោក ឆាលស៍ ស្វេប (Charles Schwab) គឺ​ជា​អ្នក​ឯកទេស​ខាង​វិស័យ​ហិរញ្ញវត្ថុដ៏​អស្ចារ្យ​ជា​ដើម​ ។ល។

ជំនឿ​ខុសឆ្ពងទី​៦៖ ពួកគេ​មាន​កម្រិត​ភាព​ឆ្លាត​វៃ​ផ្នែក​ផ្លូវ​អារម្មណ៍​ខ្ពស់ (They have high EQs.)

​បើ​ទោះ​ជា​កម្រិត​នៃ​ភាព​ឆ្លាត​វៃ​ផ្នែក​ផ្លូវ​អារម្មណ៍​ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ គឺ​ជា​ផ្នែក​មួយ​របស់​មនុស្ស​ដែល​ជោគជ័យ​ក៏​ដោយ ក៏​ប៉ុន្តែ​បើ​មនុស្ស​ម្នាក់​ដែល​មាន​កម្រិត EQ ទាប​ក៏​មិន​ប្រាកដ​ថា​មនុស្ស​ម្នាក់​នោះ​មិន​អាច​ទទួល​បាន​នូវ​ភាព​ជោគជ័យ​នោះ​ដែរ។

ជំនឿ​ខុសឆ្ពងទី​៧៖ ពួកគេជា​អាន​សៀវភៅ​សេដ្ឋកិច្ច​ និង​ពាណិជ្ចកម្ម​ច្រើន (They read loads of business books.)

​យើង​គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា មនុស្ស​ដែល​ជោគជ័យ ​គឺ​ជា​មនុស្ស​ដែល​ចូល​ចិត្ត និង​ងប់​ងល់​ជា​មួយ​នឹង​ការ​អាន​សៀវភៅ។ ​នៅ​ក្នុង​ការ​ជ្រើសរើស​សៀវភៅ​ដើម្បី​អាន អ្នក​ជោគជ័យ ​គឺ​ដូច​គ្នា​ទៅ​នឹង​មនុស្ស​ទូទៅ​ធម្មតា​ដែរ ពួក​គេ​អាន​សៀវភៅ​ដែល​ពួក​គេ​ចង់​អាន ហើយ​ចូល​ចិត្ត ​មាន​ដូចជា​អក្សរសាស្ដ្រ វិទ្យាសាស្ដ្រ ទស្សនវិទ្យា និង​សៀវភៅ​គ្រប់​មុខ​ជំនាញ ហើយ​មិនមែន​តែ​សៀវភៅ​សេដ្ឋកិច្ច​តែ​មួយ​មុខ​នោះ​ទេ។

ជំនឿ​ខុសឆ្ពងទី​៨៖ ពួកគេជាមនុស្ស​ដែល​តែង​តែ​គិត​វិជ្ជមាន (They’re positive thinkers.)

មនុស្ស​ណា​ក៏​ដោយ​ក៏​ចេះ​គិតពី​ចំណុច​វិជ្ជមាន ហើយ​និង​អវិជ្ចមាន​ដែរ ក៏​ប៉ុន្តែ​អ្វី​ដែល​មនុស្ស​ជោគជ័យ​ចូល​ចិត្ត​ធ្វើ នៅ​ពេល​ដែល​ពួក​គេ​ដឹង​ថា​ខ្លួន​ឯង​ត្រូវ​បាន​គំនិត​អវិជ្ជមាន​កំពុង​តែ​គ្រប​ដណ្ដប់​ហើយ​នោះ ពួក​គេ​នឹង​ព្យាយាម​ឈប់​គិត​ពី​ចំណុច​អវិជ្ជមាន​ទាំង​នោះ ហើយ​ប្រឹង​ប្រែង​ធ្វើ​កិច្ចការងារ និង​ជឿជាក់​មក​លើ​ខ្លួន​ឯង​ខ្ពស់ ដែល​ទាំង​នេះ​ហើយ​នឹង​អាច​ធ្វើ​អោយ​ពួក​គេ អាច​មាន​លទ្ធភាព​ ធ្វើ​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​ភាព​ឆ្លាតវៃ។

ជំនឿ​ខុសឆ្ពងទី​៩៖ ទម្លាប់​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ​ធ្វើ​ឲ្យ​មាន​ការ​ខុស​ប្លែក (Their personal habits make a big difference.)

សម្រាប់​ចំណុច​មួយ​នេះ គឺទម្លាប់​ផ្ទាល់​ខ្លួន​ប្រចាំ​ថ្ងៃ មិន​មែន​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ជោគជ័យ​នោះ​ទេ ក៏​ប៉ុន្តែ​ការ​ចេះ​បែង​ចែក​ពេល​វេលា ធ្វើ​កិច្ចការ​ណា​ដែល​សំខាន់​ និង​មាន​ប្រយោជន៍​មុន ទើប​ជា​រឿង​ដែល​ធ្វើ​អោយ​មនុស្ស​ម្នាក់​ជោគជ័យ​ទៅ​បាន។

ជំនឿ​ខុសឆ្ពងទី​១០៖ ពួកគេជាមនុស្ស​ដែល​ពូកែ​នៅ​ក្នុង​ការ​ប្រាស្រ័យទាក់ទង (They’re awesome communicators.)

មាន​នាយក​ប្រតិបត្តិ​ខ្លះ​ មិន​ចូល​ចិត្ត​ និយាយ​ច្រើន ឆ្លើយ​សំណួរ ឬ​ផ្ដល់​បទសម្ភាសន៍​ទៅ​ដល់​អ្នក​សារពត៌មាន​នោះ​ទេ ហើយ​ក៏​មាន​នាយក​ប្រតិបត្តិ​ខ្លះ​ក៏​ចូល​ចិត្ត​ និង​ពូកែ​និយាយ​ផង​ដែរ។ នេះ​បាន​បញ្ជាក់​ថា​ ទោះ​ជា​អ្នក​ជា​មនុស្ស​ដែល​ពូកែ​និយាយ ឬ​មិន​ពូកែ​និយាយ​ក៏​ដោយ អ្នក​នៅ​តែ​អាច​ជោគជ័យ​បាន វា​អាស្រ័យ​ទៅ​លើ​របៀប​របប​នៅ​ក្នុង​ការ​ប្រាស្រ័យទាក់ទងរបស់​អ្នក​ជាមួយ​នឹង​អ្នក​ដទៃ​ប៉ុណ្ណោះ។

សម្រួលពី៖ Steve Tobak, 10 Myths About Successful CEOs, Entrepreneur


អត្ថបទទាក់ទង

តើ CEO ដែលជោគជ័យមានយុទ្ធសាស្រ្តអ្វីខ្លះក្នុងការគ្រប់គ្រងពេលវេលា?

Leave a Reply

Your email address will not be published. Required fields are marked *