ប្រព័ន្ធចំនួន ៤ ដែលសហគ្រិនជោគជ័យប្រើប្រាស់ដើម្បីសម្រេចគោលដៅ

សហគ្រិន គឺជាបុគ្គលម្នាក់ដែលមិនធ្វើការងារឲ្យក្រុមហ៊ុនផ្សេង ហើយបង្កើត និងធ្វើអាជីវកម្មតូចមួយតាមរយៈរកប្រាក់វិនិយោគ និងទទួលយករាល់ហានិភ័យ និងរង្វាន់នៃការរកស៊ី។ សហគ្រិន ត្រូវបានគេមើលឃើញជាទូទៅថាជាអ្នកច្នៃប្រតិដ្ឋ ជាមនុស្សមានប្រភពនៃគំនិតថ្មី ផលិតផលថ្មី និងសេវាកម្ម ឬដំណើរការថ្មី។

សហគ្រិន ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ច។ ពួកគេទាំងនេះ គឺជាមនុស្សដែលមានជំនាញ និងគំនិតផ្តួចផ្តើមដែលចាំបាច់ ដើម្បីប្រមើលមើលពីតម្រូវការនាពេលបច្ចុប្បន្ន និងអនាគត ដែលនឹងនាំយកគំនិតថ្មីៗល្អៗទៅកាន់ទីផ្សារ។ សហគ្រិនដែលទទួលបានជោគជ័យក្នុងការចាប់ផ្ដើមអាជីវកម្ម ត្រូវបានទទួលរង្វាន់ដោយមានប្រាក់ចំណេញកិត្តិនាម។ អ្នកទាំងឡាយដែលបរាជ័យ គឺទទួលរងការបាត់បង់ផងដែរ។

សហគ្រិនជាមនុស្សដែលមានការប្រឹងប្រែងចង់បានប្រាក់ចំណូល និងជោគជ័យ។ ប៉ុន្តែ ពេលខ្លះ សហគ្រិនថ្មី បែរជាជាប់អន្ទាក់ក្នុងភាពមមាញឹកនៃការងាររហូតមកដឹងថាត្រូវធ្វើអ្វីខ្លះ។ មានមនុស្សច្រើននាក់ណាស់ដែលបំផ្លាញខ្លួនឯងក្នុងសហគ្រិនភាពមុនពេលរកលុយបានទៅទៀត។ រឿងនេះកើតឡើងដោយសារគេធ្វើកិច្ចការដែលគេគិតថាគួរតែធ្វើជាជាងកិច្ចការដែលចាំបាច់ត្រូវធ្វើពិតប្រាកដ។​

បើលោកអ្នកសម្លឹងមើលទម្លាប់របស់សហគ្រិនជោគជ័យពិតប្រាកដ លោកអ្នកនឹងឃើញលក្ខណៈដូចគ្នាមួយគឺ ពួកគេធ្វើការតាមប្រព័ន្ធ។ គេយល់អំពីសារៈសំខាន់នៃទម្លាប់ និងបង្កើតប្រព័ន្ធដែលជួយឱ្យពួកគេធ្វើកិច្ចការដែលគេត្រូវធ្វើរាល់ថ្ងៃ ដោយមិនប៉ះពាល់ដល់សុខភាពឬខាតបង់ពេលវេលា។ 

នៅពេលលោកអ្នកបង្កើតទម្លាប់មួយ វាលែងជារឿងដែលត្រូវគិតទៀតហើយ ប៉ុន្តែវាក្លាយទៅជាកិច្ចការដែលលោកអ្នកធ្វើដោយស្វ័យប្រវត្តិ។ ដំណើររបស់មនុស្សម្នាក់ៗខុសៗគ្នា ហើយពាណិជ្ជកម្មនីមួយៗតម្រូវឱ្យមានបណ្តុំជំនាញផ្សេងៗដែរ ប៉ុន្តែមានប្រព័ន្ធមួយចំនួនដែលទូទៅសម្រាប់សហគ្រិនជោគជ័យទាំងអស់៖

១. រៀបចំកំណត់ម៉ោងពេលធ្វើការ

មនុស្សជាច្រើនប្រឡូកក្នុងសហគ្រិនភាពដោយបំណងចង់បានសេរីភាពដើម្បីធ្វើការនៅពេលណាដែលគេចង់ធ្វើ ពោលគឺគេចង់គេចឱ្យផុតពីបែបបទនៃការងារពីព្រឹកដល់ល្ងាចដូចបុគ្គលិកទូទៅ។ ប៉ុន្តែការពិតគឺថា បើលោកអ្នកមិនបង្កើតម៉ោងពេលធ្វើការឱ្យច្បាស់លាស់សម្រាប់ខ្លួនឯងទេ លោកអ្នកប្រហែលមិនទទួលបានផលិតភាពក្នុងការសម្រេចជោគជ័យទេ។ ការកំណត់ម៉ោងពេលធ្វើការនេះមិនចាំបាច់ត្រូវតែគិតជាចំនួនពេលវេលាជាក់លាក់ទេ ប៉ុន្តែវាត្រូវជាគោលការណ៍ម្យ៉ាងដែលលោកអ្នកដឹងច្បាស់ថានឹងរុញច្រានឱ្យលោកអ្នកខិតទៅកាន់តែជិតគោលដៅដែលចង់បានរាល់ថ្ងៃ។

២. ប្រើប្រាស់ឥទ្ធិពលនៃចំនួន ៥

នេះជាគំនិតទូទៅមួយសម្រាប់សហគ្រិនជោគជ័យទាំងអស់។ ពេលខ្លះលោកអ្នកហាក់ដូចជាជាប់ផុងក្នុងកិច្ចការជាច្រើនដែលរារាំងមិនឱ្យសម្រេចគោលដៅអ្វីមួយច្បាស់លាស់។ ដើម្បីជៀសផុតពីបញ្ហានេះ វិធីសាស្រ្តឥទ្ធិពលនៃចំនួន៥ជួយឱ្យលោកអ្នកសរសេរកិច្ចការសំខាន់បំផុតចំនួន៥ដែលត្រូវធ្វើក្នុងមួយថ្ងៃ។ កិច្ចការនេះត្រូវតែជាកិច្ចការខុសពីធម្មតាដែលលោកអ្នកមិនធ្វើប្រសិនបើគ្មានគម្រោងច្បាស់លាស់។

វិធីសាស្រ្តនេះជាក្បួនបែងចែកភាពខុសគ្នារវាងកិច្ចការដែលសំខាន់ពិតប្រាកដនិងកិច្ចការដែលមិនសំខាន់។ បើលោកអ្នកកត់ត្រាព័ត៌មានទាំងអស់នេះ លោកអ្នកនឹងដឹងច្បាស់ថាត្រូវធ្វើអ្វីខ្លះក្នុងស្ថានភាពបែបណា។ លោក ស្ទេហ្វេន ខូវេយ៍ (Stephen Covey) តែងតែនិយាយថាមនុស្សយើងភាគច្រើនចំណាយពេលធ្វើកិច្ចការដែលបន្ទាន់ ជាជាងកិច្ចការដែលសំខាន់ពិតប្រាកដ។

៣. រៀនចំណេះដឹងថ្មីៗរាល់ថ្ងៃ

ការវិនិយោគល្អបំផុតដែលលោកអ្នកអាចធ្វើបាន គឺការវិនិយោគចំពោះខ្លួនឯង។ សហគ្រិនជោគជ័យតែងតែរៀនអ្វីៗដែលថ្មីរាល់ថ្ងៃតាមរយៈការអានសៀវភៅ ការចូលរួមក្នុងសិក្ខាសាលា និងការស្តាប់អ្នកដទៃជាដើម។ គេយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍខ្លួនរាល់ថ្ងៃ។ វិនិយោគពេលវេលាខ្លះដើម្បីអប់រំខ្លួនឯង ទោះជាក្នុងរបៀបណាក៏ដោយ។ កំណត់យកការអប់រំខ្លួនឯងជាអាទិភាពមួយក្នុងជីវិត។ ពិតណាស់ថាពេលខ្លះលោកអ្នកមិនមានអារម្មណ៍ថាអាចឆ្លៀតពេលទៅរៀនអ្វីបានក្រៅពីការងារទេ ប៉ុន្តែបើមានទម្លាប់ច្បាស់លាស់ លោកអ្នកពិតជាអាចមានពេលយ៉ាងហោចណាស់កន្លះម៉ោងរាល់ថ្ងៃដើម្បីរៀន ហើយពេលវេលាវិនិយោគដើម្បីការអប់រំនេះនឹងជួយលោកអ្នកបានវែងឆ្ងាយទៅមុខក្នុងដំណើរជោគជ័យ។

៤. ថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្ត

គ្មានមនុស្សជោគជ័យណាម្នាក់ដែលមិនគិតគូរចំពោះសុខភាពទេ។ ក្នុងនាមជាសហគ្រិន លោកអ្នកត្រូវយល់ថាលោកអ្នកអាចប្រើប្រាស់ពេលវេលានិងថាមពលតាមចិត្តចង់ ប៉ុន្តែបើរាងកាយរបស់លោកអ្នកដួលរលំដោយសារលោកអ្នកមិនបានយកចិត្តទុកដាក់ថែទាំវាទេ កិច្ចការទាំងអស់ដែលលោកអ្នកប្រឹងប្រែងនឹងលែងមានប្រយោជន៍អ្វីទាំងអស់។ លោកអ្នកមិនចាំបាច់ចំណាយពេលពីរម៉ោងក្នុងមួយថ្ងៃដើម្បីហាត់ប្រាណ ឬត្រូវតែទទួលទានអាហារក្នុងរបៀបតឹងតែងបំផុតនោះទេ ប៉ុន្តែលោកអ្នកត្រូវតែចាត់ទុកសុខភាពជាអាទិភាព។ តាមរយៈការកំណត់របៀបនេះ លោកអ្នកនឹងមានថាមពលច្រើន ហើយចិត្តក៏មានសមត្ថភាពគិតបានច្បាស់លាស់។ ដូច្នេះការវិនិយោគចំពោះសុខភាពខ្លួនឯងក៏ជាផ្នែកសំខាន់មួយនៃការវិនិយោគចំពោះពាណិជ្ជកម្មដែរ។


អត្ថបទទាក់ទង

យុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាពចំនួន ៤ ដែលអាចជួយជំរុញទឹកចិត្តម្ចាស់ពាណិជ្ជកម្ម

Leave a Reply

Your email address will not be published. Required fields are marked *