ធ្វើជាអ្នកដឹកនាំគេ អ្នកត្រូវដឹងរឿងសំខាន់ៗទាំងនេះ
ការចាប់ផ្ដើមធ្វើដំណើរឆ្ពោះទៅរកភាពជាអ្នកដឹកនាំដ៏អស្ចារ្យម្នាក់ អ្នកត្រូវហ៊ានប្រឈមមុខទៅនឹងការពិតមួយចំនួនដែលអ្នកមិនចង់ស្ដាប់ ឬមិនចង់ធ្វើ ហើយត្រូវតែទទួលយក។ អ្នកដឹកនាំពិតប្រាកដសាងនូវទំនុកចិត្ត និងថាមពលតាមរយៈគោលដៅដ៏មោះមុតរបស់ពួកគេ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ។ ក្នុងនាមជាអ្នកដឹកនាំដ៏ល្អម្នាក់ អ្នកត្រូវមានសមត្ថភាពបំផុសឡើងនូវការព្រមព្រៀងដែលល្អប្រសើរ ព្រមទាំងប្រសិទ្ធភាពការងារដែលរីកចម្រើនពីមនុស្សជុំវិញខ្លួនអ្នកផងដែរ។ លើសពីនេះ ជាអ្នកដឹកនាំដ៏អស្ចារ្យ ក៏ត្រូវយល់ច្បាស់ពីបញ្ហា ដែលត្រូវនឹងប្រឈមមុខ ត្រូវចេះដោះស្រាយនូវរាល់បញ្ហាបានភ្លាមៗ និងចេះធ្វើឲ្យគេគោរពផងដែរ។
ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗ ចំនួន៦ អាចជាអ្វីដែលអ្នកដឹកនាំត្រូវធ្វើដើម្បីក្លាយជាអ្នកដឹកនាំដ៏ល្អ និងមានការទទួលខុសត្រូវម្នាក់៖
១. ផ្ដល់ក្តីស្រលាញ់ និងការយកចិត្តទុកដាក់បុគ្គលិកក្រោមបង្គាប់ជាអតិបរមា
នៅក្នុងពិភពលោកដែលលាយឡំទៅដោយការសន្យាខ្យល់ ការបោកបញ្ឆោត និងការបោកប្រាស់ អ្នកដឹកនាំល្អម្នាក់យកចិត្តទុកដាក់ខ្លាំងបំផុតដល់សុខទុក្ខរបស់បុគ្គលិក ព្រមទាំងធានាការពារផលប្រយោជន៍របស់បុគ្គលិក។ ភាសា “ស្រលាញ់” របស់អ្នកដឹកនាំមិនមែនបានត្រឹមតែនិយាយនោះទេ ពោលគឺត្រូវបង្ហាញសកម្មភាពដែលបញ្ជាក់ពីក្តីស្រលាញ់ផងដែរ។ អ្នកដឹកនាំត្រូវបញ្ជាក់ថា ខ្លួនបានផ្ដល់ធនធានគ្រប់គ្រាន់សម្រាប់បុគ្គលិកបំពេញការងារ ត្រួសត្រាយផ្លូវពួកគេឲ្យរួចផុតពីឧបសគ្គនានា និងផ្ដល់សិទ្ធអំណាចគ្រប់គ្រាន់ឲ្យពួកគេបំពេញការងារប្រកបដោយភាពជោគជ័យ។ ក្តីស្រលាញ់ប្រភេទនេះទើបស័ក្ដិសមធ្វើជាអ្នកដឹកនាំកម្រិតពិភពលោកបាន។
២. ផ្ដល់សុវត្ថិភាពនៅកន្លែងការងារ
ការស្រាវជ្រាវមួយស្តីពីសុវត្ថិភាពខាងចិត្តសាស្ត្រដែលធ្វើឡើងដោយលោកស្រី សាស្ត្រាចារ្យ Amy Edmondson ប្រចាំសាកលវិទ្យាល័យ ហាវើដ (Harvard University) បានបង្ហាញថា នៅពេលអ្នកដឹកនាំលើកកម្ពស់វប្បធម៌សុវត្ថិភាពខ្ពស់នៅកន្លែងការងារ នេះមានន័យថា បុគ្គលិកមានសេរីភាពគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ ផ្តល់យោបល់ លើកជាគំនិត និងស្នើសុំជំនួយជាដើមដែលនាំមកនូវការសិក្សារៀនសូត្រ និងផ្ដល់លទ្ធផលការងារកាន់តែល្អប្រសើរឡើង។ សូមចងចាំថា នៅពេលអវត្តមានសុវត្ថិភាពផ្លូវចិត្ត វត្តមានភាពភ័យខ្លាចនឹងចូលមកជំនួស ហើយភាពភ័យខ្លាចនេះនឹងធ្វើឲ្យប៉ះពាល់ដល់សក្ដានុពលរបស់ក្រុមហ៊ុន។
៣. ប្រឈមមុខទៅនឹងជម្លោះផ្សេងៗ ដើម្បីដោះស្រាយបញ្ហាបាន
ការប៉ះទង្គិច ឬភាពខ្វែងគំនិតគ្នា គឺមិនអាចជៀសផុតបានឡើយនៅពេលមនុស្សកាន់តែច្រើនចូលរួមធ្វើការងារជាមួយអ្នក។ ជាជាងឆ្លើយតបដោយកំហឹងក្រេវក្រោធ អ្នកដឹកនាំពិតប្រាកដដឹងថា ការចូលទៅអន្តរាគមន៍ដោះស្រាយជម្លោះដោយការស្ដាប់ហេតុផល និងស្វែងយល់ស្ថានភាពគ្រប់ភាគី គឺជាមធ្យោបាយដ៏ល្អបំផុតមួយដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នាទាំងនោះ ហើយនាំមកនូវកិច្ចសហការមួយនៅទីបំផុត។
៤. រីករាយក្នុងការស្តាប់មតិរិះគន់ស្ថាបនាឲ្យអស់ពីចិត្តពីថ្លើម
មានអ្នកដឹកនាំច្រើនណាស់ដែលមិនចង់ស្តាប់ គំនិត មតិយោបល់ និងមតិរិះគន់ស្ថាបនាត្រឡប់មកវិញពីអ្នកដទៃដែលពាក់ព័ន្ធទៅនឹងការដឹកនាំរបស់ខ្លួនឡើយ។ អ្នកដឹកនាំប្រភេទនេះ ជាប្រភេទមនុស្សដែលងប់ងុល និងឲ្យតម្លៃតែគំនិតខ្លួនឯង ហើយយល់ថា អ្វីដែលខ្លួនធ្វើសុទ្ធតែត្រឹមត្រូវទាំងអស់។ តាមពិតទៅចង់ធ្វើជាអ្នកដឹកនាំដែលពិតប្រាកដ ត្រូវបើកចិត្តឲ្យទូលាយក្នុងការទទួលយកគំនិតរិះគន់ពីមជ្ឈដ្ឋាននានា ជាពិសេសបុគ្គលិករបស់ខ្លួន។ អ្នកដឹកនាំប្រភេទនេះ លើកឡើងជាសំណួរផ្សេងៗ ចេះស្នើសុំយោបល់ ជំនួយ និងស្វែងយល់ពីអ្វីដែលមនុស្សក្រោមបង្គាប់យល់ឃើញចំពោះការដឹកនាំរបស់ខ្លួន ដោយផ្ដោតលើភាពរីកចម្រើននៅពេលអនាគតជារឿងសំខាន់។
៥. ត្រូវគិតថា ការឲ្យតម្លៃបុគ្គលិក គឺជារឿងអាទិភាពមុនអតិថិជន
មានទស្សនៈជាច្រើនលើកឡើងថា អតិថិជន គឺជាស្តេច។ ក៏ប៉ុន្តែអ្នកមិនអាចឲ្យតម្លៃអតិថិជនខ្លាំងរហូតដល់មើលរំលងបុគ្គលិករបស់អ្នកឡើយ។ តួនាទីរបស់អ្នកដឹកនាំល្អម្នាក់គួរតែផ្ដោតជាសំខាន់ការបម្រើបុគ្គលិកក្នុងស្ថាប័នជាមុនសិន ពីព្រោះពួកគេជាអ្នកធ្វើការយ៉ាងស្និទ្ធស្នាលជាមួយអតិថិជន។ ប្រសិនបើអ្នកចេះថែរក្សាបុគ្គលិករបស់អ្នក បណ្ដុះបណ្ដាលពួកគេ និងផ្ដល់អំណាចដល់ពួកគេឲ្យបានកាន់តែច្រើន នោះពួកគេនឹងចូលរួមយ៉ាងសកម្មនូវការងារដែលពួកគេកំពុងធ្វើ។ នេះនឹងធ្វើឲ្យពួកគេបង្កើនសមត្ថភាពកាន់តែល្អក្នុងការបង្កើនទំនាក់ទំនងជាមួយអតិថិជនដែលជាមនុស្សសំខាន់ទី២របស់អ្នកសម្រាប់ផ្តល់សេវាកម្ម ឬផលិតផលប្រកបដោយគុណភាព។
៦. ធ្ធ្វើឲ្យមនុស្សក្រោមបង្គាប់រីកចម្រើនដូចខ្លួន
អ្នកដឹកនាំប្រកបដោយសច្ចភាពត្រូវយល់ថា ការសិក្សាស្វែងយល់ពីមនុស្សក្រោមបង្គាប់របស់ខ្លួនឲ្យបានច្បាស់លាស់ជាទីបំផុត គឺជារឿងអាទិភាពដើម្បីធ្វើឲ្យពួកគេមានការអភិវឌ្ឍកាន់តែប្រសើរឡើង។ អ្នកដឹកនាំបែបនេះ ត្រូវចំណាយពេលវេលាច្រើនបន្តិចហើយក្នុងការលះបង់ឲ្យកូនចៅរបស់ខ្លួនតាមរយៈការផ្តល់យោបល់ ប្រឹក្សា បណ្ដុះបណ្ដាល និងបង្ហាញឲ្យពួកគេនូវភាពទទួលខុសត្រូវថ្មីៗដែលនាំមកនូវការអភិវឌ្ឍសមត្ថភាពរបស់ពួកគេ។ ប្រសិនបើអ្នកដឹកនាំណាម្នាក់ខ្វះការប្តេជ្ញាចិត្តក្នុងការធ្វើឲ្យមនុស្សក្រោមបង្គាប់របស់ខ្លួនរីកចម្រើន នោះទំនងនឹងជួបភាពបរាជ័យក្នុងការបង្កើតទំនាក់ទំនងយូរអង្វែង និងអាចប៉ះពាល់ដល់ផលិតភាពការងារ។
សរុបមក ប្រសិនបើអ្នកធ្លាប់ធ្វើការជាមួយអ្នកដឹកនាំដ៏ល្អពិតប្រាកដម្នាក់ អ្នកទំនងជាចងចាំថា បុគ្គលនោះបានធ្វើឲ្យអ្នកមានអារម្មណ៍កក់ក្ដៅបែបណានៅក្នុងជីវិតការងាររបស់អ្នក។ ដូចអ្វីដែលលោកស្រី Maya Angelou សកម្មជននយោបាយដ៏ល្បីល្បាញរបស់អាមេរិកធ្លាប់បានលើកឡើងដូច្នេះថា “ពួកគេនឹងភ្លេចអ្វីដែលអ្នកនិយាយ ពួកគេនឹងភ្លេចអ្វីដែលអ្នកបានធ្វើ ប៉ុន្តែពួកគេមិនភ្លេចឡើយនូវអារម្មណ៍ដែលអ្នកបានធ្វើចំពោះពួកគេទេ។”
ប្រែសម្រួលពី៖ Inc.
អត្ថបទទាក់ទង