ទំនាក់ទំនង​ ៣ ប្រភេទ ​ដែល​ជួយ​រក្សា​អាជីវកម្មបានល្អ​

បុគ្គល​គ្រប់រូបនៅក្នុង​គ្រប់​សង្គម​ទាំងអស់ មាន​ទំនាក់ទំនង​ច្រើន​ប្រភេទ​ខុសៗ​គ្នា​ដូចជា ទំនាក់ទំនង​ជាមួយ​ស​មា​ជិ​ក​គ្រួសារ មិត្តភក្តិ សហការី អ្នកជិតខាង មនុស្ស​ស្គាល់គ្នា មិត្ត​ប្រុស មិត្តស្រី គ្រូបង្រៀន និង​មនុស្ស​ផ្សេងៗ​ទៀត​។ ទំនាក់ទំនង​អន្តរ​បុគ្គល គឺជា​ទំនាក់ទំនង ចំណង ឬ​ការបញ្ចូល​គ្នា​ក្នុងសង្គម​រវាង​មនុស្ស​ពីរ ឬ​ច្រើន​នាក់ ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ភាពសប្បាយ​រីករាយ និង​អាចបំពេញ​តម្រូវការ​ផ្សេងៗ​ខាង​ផ្នែក​ស​ញ្ចេ​ត​នា សង្គម រាងកាយ បញ្ញា និង​សេដ្ឋកិច្ច​។

នៅក្នុង​សង្គម​ដែល​មាន​ទំនាក់ទំនង​មិន​ដាច់​នេះ​ លោកអ្នក​ប្រហែល​យល់ថា​យើង​មាន​ជំនាញ​ទំនាក់ទំនង​ល្អឥតខ្ចោះ​ហើយ​។ ប៉ុន្តែ ​ការពិត​ គឺ​មនុស្សយើង​ច្រើនតែ​បង្កើត​បញ្ហា​ស្មុគស្មាញ​លើស​តម្រូវការ​ទៅវិញ​។ ជំនាញ​ទំនាក់ទំនង ​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​លើ​សមត្ថភាព​ធ្វើ​អាជីវកម្ម។ ហេតុដូច្នេះ​ហើយ​បាន​ជា​លោកអ្នក​ចាំបាច់​ត្រូវ​មាន​ទំនាក់ទំនង​ក្នុង​របៀប​ច្បាស់លាស់​។ លោក ប៊ីល ហ្គេត (Bill​ Gates)​ ធ្លាប់​និយាយ​ថា​ “ខ្ញុំ​ជា​អ្នកជឿ​ជាក់​ថា​ ឧបករណ៍​ណា​ក៏ដោយ​ដែល​ជួយ​ពង្រឹង​ទំនាក់ទំនង ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​របៀប​ដែល​មនុស្ស​អាច​រៀន​ពីគ្នា​បាន​។”

លោកអ្នក​អាច​ប្រើប្រាស់​ទំនាក់ទំនង​ក្នុង​របៀប​ ៣ យ៉ាង ​ខាងក្រោម​នេះ​ ដើម្បី​ជា​ប្រយោជន៍​ដល់​អាជីវកម្មនៅក្នុង​ដៃ​៖

១. ទំនាក់ទំនង​ជាមួយ​ខ្លួនឯង​

សូមចាប់ផ្តើម​ពី​របៀប​ដែល​លោកអ្នក​ទាក់ទង​ជាមួយនឹង​ខ្លួនឯង​។ នៅពេល​ដាច់​ឆ្នាំ​ម្តង​ៗជា​ពេល​ល្អ​ដើម្បី​វាយតម្លៃ​ខ្លួនឯង​។ ចំណុច​សំខាន់​គឺ​លោកអ្នក​ត្រូវ​មាន​ភាព​ស្មោះត្រង់​និង​ច្បាស់លាស់​ចំពោះខ្លួន​ឯង​។ ពិចារណា​ទៅ​មើល​ថា​តើ​លោកអ្នក​បានសម្រេច​គោលដៅ​ដែល​បាន​កំណត់ទុក​ហើយ​ឬនៅ​។ សូមសុំ​យោបល់​ពី​ដៃគូ​ បុគ្គលិក​ អតិថិជន​ និង​មិត្តភក្តិ​ទាំងអស់​ដើម្បី​ស្គាល់​ខ្លួនឯង​កាន់តែ​ច្បាស់​។ លើកទឹកចិត្ត​មនុស្ស​ទាំងអស់​នេះ​ឱ្យ​និយាយ​ការពិត​អំពី​លោកអ្នក​។

មាន​មធ្យោបាយ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​មួយ​ដែល​លោកអ្នក​គួរតែ​អនុវត្ត​គឺ​សរសេរ​សំបុត្រ​ជូន​ខ្លួនឯង​ដោយ​កំណត់​យ៉ាង​ច្បាស់​អំពី​គោលដៅ​និង​ផ្លូវ​ដែល​ត្រូវ​ដើរ​។ លោកអ្នក​ត្រូវ​បញ្ជាក់​អំពីអ្វី​ដែល​ចង់​សម្រេច​បាន​នៅក្នុង​ពាណិជ្ជកម្ម​ និង​អ្វី​ដែល​លោកអ្នក​ចង់​អភិវឌ្ឍ​ក្នុងនាម​ជា​បុគ្គល​។ ការ​សរសេរ​លើ​ក្រដាស​ធ្វើ​ឱ្យ​គំនិត​របស់​លោកអ្នក​មាន​ភាព​ច្បាស់លាស់​និង​លេច​រូបរាង​ពិតប្រាកដ​ ហើយក៏​ផ្តល់​កម្លាំងចិត្ត​ច្រើន​ដើម្បី​សម្រេច​គោលដៅ​ពិតប្រាកដ​ដែរ​។

២. ទំនាក់ទំនង​ជាមួយនឹង​បុគ្គលិក​

នៅពេល​លោកអ្នក​កំណត់​ដឹង​ចំណុច​ដែល​ត្រូវ​អភិវឌ្ឍ​ និង​រៀបចំផែនការ​អនុវត្ត​រួចហើយ​ ដល់ពេល​ដែល​លោកអ្នក​ត្រូវ​ប្រកាសប្រាប់​មនុស្ស​គ្រប់គ្នា​ដែល​ពាក់ព័ន្ធ​ក្នុង​ពាណិជ្ជកម្ម​របស់​លោកអ្នក​ ជាពិសេស​បុគ្គលិក​របស់​លោកអ្នក​។ សូម​ធ្វើ​យ៉ាងណា​ឱ្យ​បុគ្គលិក​ទាំងអស់​យល់​អំពី​បំណង​និង​គោលដៅ​របស់​លោកអ្នក​ និង​ដឹង​ច្បាស់​អំពី​ការ​រំពឹង​ទុក​ចំពោះ​ពួកគេ​។ ការ​ធ្វើ​ឱ្យ​បុគ្គលិក​ចូលរួម​ជាផ្នែក​មួយ​នៃ​ដំណើរការ​នឹង​ផ្តល់​ឱ្យ​ពួកគេ​នូវ​អារម្មណ៍​នៃ​ភាពជា​ម្ចាស់ការ​ក្នុង​ដំណើរ​ជោគជ័យ​ពាណិជ្ជកម្ម​។

ការ​បញ្ចូល​បុគ្គលិក​ទៅ​ក្នុង​ដំណើរការ​របៀប​នេះ​អាច​ជួយ​ពួកគេ​ឱ្យ​រៀន​និង​អាច​ជំរុញ​គំ​និ​តថ្មី​ៗដម្បី​ជួយ​ពាណិជ្ជកម្ម​លោកអ្នក​ឱ្យ​រីកចម្រើន​ថែមទៀត​។ បន្ថែម​ពីលើ​នេះ​ ពួកគេ​អាច​ជួយ​លោកអ្នក​ឱ្យ​មាន​ទំនួល​ខុសត្រូវ​ចំពោះ​គោលដៅ​ដែល​បាន​កំណត់​។ ការសិក្សា​មួយ​បាន​រក​ឃើញថា៧៦​%នៃ​មនុស្ស​ដែល​សរសេរ​គោលដៅ​ សកម្មភាព​ និង​រាយការណ៍​ដំណើរ​រីកចម្រើន​ប្រចាំ​សប្តាហ៍​ឱ្យ​មិត្តភក្តិ​ស្តាប់​ តែងតែ​សម្រេច​គោលដៅ​ពិតប្រាកដ​។

៣. ទំនាក់ទំនង​ជាមួយនឹង​អតិថិជន​

ប្រហែល​មនុស្ស​សំខាន់​បំផុត​ដែល​លោកអ្នក​ត្រូវ​រក្សា​ទំនាក់ទំនង​ជាមួយ​គឺ​អតិថិជន​របស់​លោកអ្នក​។ អតិថិជន​ជា​ឆ្អឹងខ្នង​នៃ​ពាណិជ្ជកម្ម​ ពីព្រោះ​បើ​គ្មាន​អតិថិជន​ទេ​ ពាណិជ្ជកម្ម​របស់​លោកអ្នក​ក៏​មិន​អាច​ជោគជ័យ​បាន​ដែរ​។ សម្រាប់​អតិថិជន​ លោកអ្នក​មិន​ត្រឹមតែ​ចាំបាច់​ត្រូវ​បង្ហាញ​ផលិតផល​និង​សេវាកម្ម​ឱ្យ​បាន​ច្បាស់លាស់​ប៉ុណ្ណោះទេ​ ប៉ុន្តែ​លោកអ្នក​ត្រូវ​បញ្ជាក់​អំពី​កិច្ចការ​អ្វីខ្លះ​ដែល​លោកអ្នក​អាច​ធ្វើ​បាន​ដើម្បី​ជួយ​ឱ្យ​ជីវិត​របស់​ពួកគេ​កាន់តែ​ងាយស្រួល​ឡើង​។ យោង​តាម​ការសិក្សា​មួយ​ ៨៩​%នៃ​អតិថិជន​ផ្លាស់​ប្តូរ​ការ​គាំទ្រ​ចំពោះ​ក្រុមហ៊ុន​ដោយសារ​បទពិសោធន៍​ទាក់ទង​អតិថិជន​មិនល្អ​។ សូម​ចងចាំ​ថា​បទពិសោធន៍​នៃ​ទំនាក់ទំនង​ជាមួយ​អតិថិជន​ក៏​មាន​សារៈសំខាន់​ដូចគ្នានឹង​គុណភាព​នៃ​ផលិតផល​និង​សេវាកម្ម​ដែរ​។

ក្រុមហ៊ុន​ល្បីឈ្មោះ​ដូច Apple​ និង ​Ikea​ ជាដើម​តែងតែ​ស្វែងរក​មតិយោបល់​ពីអ​តិថិ​ជន​។ ជាក់ស្តែង ​ក្រុមហ៊ុន ​Ikea​ បញ្ជូន​បុគ្គលិក​ទៅដើរ​មើលតាម​ផ្ទះ​ដើម្បី​បានឃើញ​ច្បាប់​របៀប​ដែល​អតិថិជន​ប្រើប្រាស់​ផលិតផល​របស់​ពួកគេ​ដើម្បី​អភិវឌ្ឍ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

ប្រភព​យោង៖

  • Entrepreneur​
  • RHAC

អត្ថបទទាក់ទង

៥ ជំហានសំខាន់ៗ ដើម្បីធ្វើឲ្យការសន្ទនាមានប្រសិទ្ធភាពខ្ពស់

 

Leave a Reply

Your email address will not be published. Required fields are marked *