៥ ជំហានសំខាន់ៗ ដើម្បីធ្វើឲ្យការសន្ទនាមានប្រសិទ្ធភាពខ្ពស់

ការប្រាស្រ័យទាក់ទង គឺជាការធ្វើអន្តរកម្មរវាងបុគ្គម្នាក់ទៅបុគ្គលម្នាក់ទៀត ឬមនុស្សមួយក្រុម ទៅមនុស្សមួយក្រុមទៀតក្នុងការចែករំលែកចំណះដឹង បទពិសោធន៍ ឬអ្វីផ្សេងៗទៀតនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

ការនិយាយ ជាជំនាញទំនាក់ទំនងសំខាន់មួយដែលមនុស្សត្រូវចេះមិនអាចខានបាន។ មិនថាអ្នកនោះ ជាសិស្ស-និស្សិត បុគ្គលិកបម្រើការតាមស្ថាប័នានា ឬថ្នាក់ដឹកនាំណាមួយក្ដី ការចេះនិយាយបានល្អជាមួយគូសន្ទនា​ ធ្វើឲ្យទំនាក់ទំនងរបស់ខ្លួនកាន់តែប្រសើរ។

ក្នុងនោះ ការនិយាយ ឬជជែក គេបែងចែកតាមថ្នាក់ធំ និងតូច។ ខាងក្រោមនេះ យើងនឹងបកស្រាយអំពីការជជែកខ្នាតតូច ឬក្រុមតូច ធ្វើយ៉ាងណាឲ្យមានប្រសិទ្ធិភាពជាមួយដៃគូ។

១. ធ្វើជាអ្នកស្ដាប់

ជជែកគ្នា មិនមែនជារឿងប្រកែកយកឈ្នះឬចាញ់ឡើយ ដូចនេះមានពេលនិយាយ ហើយក៏មានពេលស្ដាប់ដែរ។ ពេលដៃគូនិយាយ យើងគួរធ្វើជាអ្នកស្ដាប់ដ៏ល្អ ទើបការជួបជជែកដើរដោយរលូនទៅបាន។

២. សង្កេតមើលភាសារាងកាយ

នៅពេលជជែកគ្នា យើងមិនអាចត្រឹមតែស្ដាប់នោះទេ ការសង្កេតមើលភាសារាងកាយរបស់ដៃគូក៏ជារឿងចាំបាច់មួយដែរ។ គួរសង្កេតភ្នែក ឬកាយវិការដទៃទៀត ដើម្បីយល់ថាគូសន្ទនាយកចិត្តទុកចិត្តឬអត់។

៣. ប្រើកាយវិការឆ្លើយតប

ដូចបានបញ្ជាក់ខាងលើ និយាយគ្នា មិនមែនត្រឹមតែនិយាយ តែដើម្បីបង្ហាញការគោរពដល់គូសន្ទនា យើងត្រូវមានកាយវិការឆ្លើយតបដូចជា ងក់ក្បាល ឬញញឹមជាដើម។ ក្រៅពីនោះ ការបង្ហាញការធុញទ្រាន់ រសាប់រសល់ មុខក្រញែក្រញូវ មិនគួរបញ្ចេញមកក្រៅនោះទេ ព្រោះវាសញ្ញានៃការបញ្ចប់ការសន្ទនាដោយប្រយោល។

៤. ចូលប្រធានបទ

ក្នុងវិស័យការងារ ការសន្ទនាទោះធ្វើឡើងតាមរូបតូចឬធំក្ដី ត្រូវធ្វើជាលក្ខណៈផ្លូវការ។ កុំបង្វែររឿងវែងឆ្ងាយបង្ហិនពេល និងចៀសវាងការលេងសើចជ្រុលនាំឲ្យគ្មានបានសាច់ការអ្វី។ អ្នកអាជីព គេគ្មានពេលអូសបន្លាយនិយាយរឿងកំប៉ិកកំប៉ុកនោះទេ ដូច្នេះចូលប្រធានបទចំៗ ទើបឆាប់ចប់សេចក្ដី។

៥. សង្ខេបឡើងវិញ

ទោះការនិយាយគ្នា មិនដូចជាការតែងសេចក្ដីក៏ដោយ តែមុនលាគ្នាឬបញ្ចប់ការជជែក យើងគួរសង្ខេបខ្លឹមសារសំខាន់ៗនៃការជួបលើកនេះ ទើបជាការល្អទាំងសងខាង។

ប្រភព៖ EF


អត្ថបទទាក់ទង

ជំនាញទន់ទាំង ៥ ដែលអ្នកត្រូវដុសខាត់ ដើម្បីទទួលបានជោគជ័យនៅកន្លែងធ្វើការ

Leave a Reply

Your email address will not be published.