៤ ជំហាន ក្នុងការអនុវត្តផែនការយុទ្ឋសាស្រ្ត ដើម្បីដើរឲ្យទាន់សភាពការណ៍
ផែនការ គឺជាដំណើរការនៃការកំណត់គោលដៅអង្គភាព និងសម្រេចចិត្តនូវវិធីដែលល្អបំផុត ដើម្បីសម្រេចគោលដៅទាំងនោះ។ ផែនការ ត្រូវបានបង្កើតឡើង ពីព្រោះបើគ្មានផែនការទេ យើងមិនអាចធ្វើអ្វីមួយឲ្យមានប្រសិទ្ឋភាព និងប្រសិទ្ឋផលបានឡើយ។ វាក៏ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់នូវការតម្រែតម្រង់ទិសដៅ ការកាត់បន្ថយភាពច្រំដែរ កម្រិតគ្រោះថ្នាក់ថយចុះ កាត់បន្ថយផែនការផ្លាស់ប្ដូរ ភាពខ្ជះខ្ជាយអប្បបរមា កំណត់ស្ដង់ដាដើម្បីសម្របសម្រួលក្នុងការត្រួតពិនិត្យ។
យុទ្ធសាស្ត្រ គឺសំដៅលើការរៀបចំផែនការក្នុងការធ្វើអ្វីមួយ។ នេះមានន័យថា ជាសំណុំនៃផែនការ ដើម្បីរៀបចំគម្រោងក្នុងគោលបំណងអ្វីមួយ ដើម្បីសម្រេចទិសដៅ។ ឧទាហរណ៍៖ បង្កើតយុទ្ធសាស្ត្រឡើង ក្នុងគោលបំណងដើម្បីអនុវត្តឲ្យទទួលបានភាពជោគជ័យ។
ការរៀបចំផែនការយុទ្ធសាស្រ្ត ជាពាក្យមួយដែលធ្វើឱ្យមានការយល់ផ្សេងគ្នា។ សម្រាប់មនុស្សខ្លះ ពាក្យនេះធ្វើឱ្យគេគិតស្រមៃដល់រូបភាពនៃកិច្ចប្រជុំយូរ ដើម្បីប្រមូលទិន្នន័យ ជជែកគ្នា និងបង្កើតឯកសារដែលមិនមាននរណាម្នាក់អាន។ នេះជាហេតុផលមួយដែលមនុស្សភាគច្រើនមិនចូលចិត្តការរៀបចំផែនការយុទ្ធសាស្រ្ត។ ប៉ុន្តែសព្វថ្ងៃនេះរបៀបដែលមនុស្សធ្វើដំណើរ ធ្វើការ រស់នៅ ទិញទំនិញ និងទាក់ទងបានប្រែប្រួលរហ័សណាស់។ ហើយដំណើរប្រែប្រួលទាំងអស់នេះមានន័យថា លោកអ្នកមិនមានពេលប្រាំឆ្នាំ ដើម្បីឆ្លើយតប និងបត់បែនតាមនោះទេ។
ការវិវដ្តជាប្រចាំនៃទីផ្សារ និងអ្នកប្រើប្រាស់សព្វថ្ងៃនេះ មានន័យថា ជារឿងចាំបាច់ដែលលោកអ្នកត្រូវយកចិត្តទុកដាក់លើអ្វីៗដែលកំពុងតែកើតឡើងនៅខាងក្រៅក្រុមហ៊ុន ឧស្សាហកម្ម និងភូមិសាស្រ្តរបស់លោកអ្នក។ បើលោកអ្នកចង់បង្កើតពាណិជ្ជកម្មមួយដែលមានអាយុកាលយូរអង្វែង ផែនការយុទ្ធសាស្រ្តដែលផ្តោតលើការវិភាគពីខាងក្រៅត្រូវតែជាដំណើរការផ្លាស់ប្តូរជានិច្ច។
ការវិភាគបរិស្ថានខាងក្រៅរបស់លោកអ្នក មិនចាំបាច់ត្រូវតែជាដំណើរការពិបាកនោះទេ។ ការវិភាគបរិស្ថានខាងក្រៅផ្តល់ឱកាសឱ្យលោកអ្នកវាយតម្លៃដឹងថាតើលោកអ្នកបត់បែនតាមវប្បធម៌ និងអ្នកប្រើប្រាស់ក្នុងពេលអនាគតដែរឬទេ។ ជំនួសឱ្យការប្រើប្រាស់គំរូផែនការយុទ្ធសាស្រ្តដែលហួសសម័យ លោកអ្នកអាចអនុវត្តតាមជំហានទាំងនេះ ដើម្បីដើរទាន់សភាពការណ៍៖
១. សម្លឹងមើលគំរូពាណិជ្ជកម្មគូប្រជែង
លោកអ្នកមិនត្រឹមតែត្រូវរំពៃមើលគូប្រជែងនៅក្នុងឧស្សាហកម្មជាមួយគ្នានោះទេ ប៉ុន្តែត្រូវមើលទាំងពាណិជ្ជកម្មដែលនៅខាងក្រៅឧស្សាហកម្មរបស់លោកអ្នកផងដែរ។ ក្រុមហ៊ុន DoorDash បានអនុវត្តតាមគំរូរបស់ក្រុមហ៊ុន Uber ដើម្បីកែប្រែរបៀបដែលមនុស្សទទួលទានអាហារ សូម្បីការធ្វើដំណើរ និងភោជនីយដ្ឋានជាឧស្សាហកម្មពីរខុសគ្នាដាច់ក៏ដោយ។ ការផ្លាស់ប្តូរទីផ្សារទ្រង់ទ្រាយធំផ្សេងទៀតមានដូចជា ការថែទាំសុខភាពពីចម្ងាយ ការទូទាត់ចំណាយតាមបច្ចេកវិទ្យា និងការសង្កត់ធ្ងន់លើចីរភាព និងបរិស្ថាន ក៏ប្រហែលនឹងមានឥទ្ធិពលលើពាណិជ្ជកម្មរបស់លោកអ្នកដែរ។ បើទោះជាគ្មាននរណាម្នាក់ដឹងច្បាស់ថាពិភពលោកនេះនឹងទៅជាយ៉ាងណាក្នុងរយៈពេល ៥ ឆ្នាំទៀត ក៏ចាំបាច់លោកអ្នកត្រូវទទួលស្គាល់ និងវិភាគនិន្នាការផ្សេងៗដើម្បីប្រុងប្រៀបខ្លួនទុកជាមុនដែរ។
២. ជ្រើសរើសនិន្នាការណាដែលទាក់ទងគ្នា
បន្ទាប់ពីលោកអ្នកបានប្រមូលផ្តុំនិន្នាការទាំងអស់ហើយ សូមសម្រេចថានិន្នាការមួយណាដែលទាក់ទងនឹងលោកអ្នក និងអតិថិជនរបស់លោកអ្នក ហើយនិន្នាការមួយណាដែលគួរតែវិភាគលម្អិតបន្ថែមទៀត។ សូមរៀបចំបញ្ជីនៃនិន្នាការទាំងអស់នោះតាមលំដាប់នៃល្បឿនក្នុងការប្រែប្រួល។ បើទោះជារថយន្តគ្មានមនុស្សបើកអាចជះឥទ្ធិពលខ្លាំងនៅក្នុងពេលអនាគតក៏ដោយ ក៏វាប្រហែលមិនប៉ះពាល់ដល់ពាណិជ្ជកម្មរបស់លោកអ្នកខ្លាំងដូចការផ្លាស់ប្តូរផ្សេងទៀតទេ។ សូមសង្កត់ធ្ងន់លើនិន្នាការដែលកំពុងតែកើតឡើងនៅពេលនេះ និងកើតឡើងនៅពេលបន្តិចទៀតនេះ។
៣. គិតស្រមៃដល់ការជ្រើសរើសគំរូថ្មី
តាមរយៈគំនិតថ្មីនេះ សូមសួរខ្លួនឯង និងក្រុមការងារថា “តើយើងបើកទ្វារនៅថ្ងៃស្អែកនេះជាលើកដំបូង តើយើងនឹងមើលទៅដូចជាអ្វីទៅ?” សំណួរនេះ ជួយឱ្យលោកអ្នកលុបបំបាត់ព្រំដែននៃគំនិតច្នៃប្រតិដ្ឋ និងអាចគិតក្រៅក្បួន។ ប្រហែលលោកអ្នកគួរតែប្រមូលក្រុមការងារមកប្រជុំគ្នាឱ្យផ្តល់លំហាត់មួយឱ្យគេគិតរករបៀបប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនណាមួយ ដោយមិនបាច់ប្រាប់ថាលំហាត់នោះមិនមែនជាការពិតទេ។ លំហាត់បែបនេះ អាចជួយក្រុមការងាររបស់លោកអ្នកឱ្យគិតរកមើលពាណិជ្ជកម្មរបស់លោកអ្នកក្នុងរបៀបថ្មី ហើយក៏អាចមានប្រយោជន៍ច្រើនដែរ។
៤. ពិនិត្យមើលឧបករណ៍នៃគូប្រកួតប្រជែង
តើពេលណាដែលលោកអ្នកបានសម្លឹងមើលគេហទំព័ររបស់គូប្រជែងដើម្បីវិភាគជំហររបស់គេ? សូមបង្កើតទម្លាប់នៃការយល់របៀបដែលគូប្រជែងរបស់លោកអ្នកកំពុងតែផ្លាស់ប្តូរ និងស្គាល់អ្វីៗដែលគេកំពុងតែធ្វើដើម្បីលោកអ្នកអាចបន្តបន្ថែមគុណតម្លៃ និងធ្វើឱ្យពាណិជ្ជកម្មរបស់លោកអ្នកខុសពីគេ។ ការផ្លាស់ប្តូរ ជារឿងចៀសមិនរួចទេ ទោះជាលោកអ្នកប្រឹងប្រែងជម្នះខ្លាំងយ៉ាងណា ឬលោកអ្នកមានផែនការតិចតួចយ៉ាងណាក៏ដោយ។ ក្នុងនាមជាមេដឹកនាំ នេះជាទំនួលខុសត្រូវរបស់លោកអ្នកដែលត្រូវទទួលស្គាល់សភាពមិនអាចគេចផុតនៃការផ្លាស់ប្តូរ ហើយត្រូវទទួលយកដោយដៃទាំងពីរ ជាជាងនៅធ្វើព្រងើយកន្តើយដូចមិនមានអ្វីកើតឡើង។ ទោះជាលោកអ្នកដើរផ្លូវណាក៏ដោយ ការផ្លាស់ប្តូរនឹងកើតឡើង ហើយលោកអ្នកអាចជ្រើសរើសធ្វើជាអ្នកដឹកមុខគេ ឬដើរតាមគេ។
ប្រភព៖ Entrepreneur
អត្ថបទទាក់ទង