១២ ចំណុច បង្ហាញពីភាពខុសគ្នារវាងបុគ្គលដែលមានភាពជាអ្នកដឹកនាំ និងអ្នកដើរតាម

នៅពេលនិយាយពាក្យថា “ភាពជាអ្នកដឹកនាំ” មនុស្សភាគច្រើន តែងយល់ភ្លាមៗថា ភាពជាអ្នកដឹកនាំ សំដៅដល់បុគ្គលដែលកាន់ការងារខ្ពស់/ធំ ឬបុគ្គលមានមុខតំណែង និងតួនាទីសម្រេចចិត្តផ្សេងៗនៅក្នុងស្ថាប័នណាមួយ។ ការយល់បែបនេះ ក៏ត្រូវម្យ៉ាងដែរ ដោយសារភាពជាអ្នកដឹកនាំសំដៅលើលក្ខណៈបុគ្គលដែលមានគំនិតដឹកនាំអ្នកដទៃ និងជួយឱ្យអ្នកដទៃធ្វើកិច្ចការផ្សេងៗ ដើម្បីសម្រេចគោលដៅរួមរបស់ស្ថាប័ន។ បុគ្គល​មាន​ភាព​ជា​អ្នកដឹកនាំ គឺ​ខុស​ប្លែក​គ្នា​ពី​អ្នក​អនុវត្ត​តាម។ តើ​មាន​អ្វីខ្លះ​ដែល​ជា​ចំណុច​ខុស​គ្នា?

១. មាន​កម្លាំង​ជំរុញ​ចិត្ត​ចេញពី​ខាងក្នុង

សម្រាប់​អ្នក​អនុវត្ត​តាម​នឹង​មាន​កម្លាំង​ជំរុញ​ចេញពី​ខាងក្រៅ​ជា​ចំណែក​ដ៏​ធំ ដូច​ជា តំណែង កេរ្តិ៍ឈ្មោះ និង​ឋានៈ​ផ្សេង​ៗ ប៉ុន្តែ​បុគ្គល​មាន​ភាព​ជា​អ្នកដឹកនាំនឹង​មាន​កម្លាំង​ជំរុញ​ចិត្ត​ចេញពី​ខាងក្នុង​វិញ។ ពេល​ខ្លះ​ ពួក​គេ​មិន​បាន​ធ្វើការ​ព្រោះតែ​កេរ្តិ៍ឈ្មោះ ឬ​ប្រាក់​​ទេ ប៉ុន្តែ​ជា​ការ​បន្ត​បោះជំហាន​ទៅ​មុខ ព្រោះ​គេដឹង​ថាខ្លួន​ជា​អ្នក​ណា និង​ធ្វើ​ជា​ប្រយោជន៍​ដល់​អ្នក​ដទៃ​បាន ហើយ​ក៏​មិន​ត្រូវការ​យក​រង្វាន់​សម្រាប់​លើកទឹកចិត្ត​ពួក​គេ​ទេ។

២. បន្តរៀនសូត្រ​ជាប់ជា​និច្ច

បុគ្គល​មាន​ភាព​ជា​អ្នកដឹកនាំ​ នឹង​មាន​ទំនុកចិត្តខ្ពស់ ប៉ុន្តែ​គេ​ដឹង​ថាខ្លួន​គេ​មិនមែន​ជា​វីរជន ហើយ​ឆ្លាត​លើស​អ្នក​ដទៃ​ឡើយ។ ពួក​គេ​ព្រម​ទទួលស្គាល់​ថាមិន​យល់​លើ​រឿង​អ្វីមួយ និង​ព្រម​រៀនសូត្រ​នៅ​ពេល​មានឱកាស​។ ប៉ុន្តែ​អ្នក​អនុវត្ត​តាមនឹង​ព្យាយាម​ប្រាប់​ខ្លួនឯង​ថា ខ្លួន​រវល់​ខ្លាំង និង​មិន​រៀនសូត្រ​បន្ថែម​ទេ។

៣. បោះជំហាន​ទៅ​មុខ

មនុស្ស​ដែល​មាន​លក្ខណៈ​ជា​អ្នក​អនុវត្ត​តាម ទោះបីជា​ធ្វើការ​ងារ​បាន​ល្អ​យ៉ាងណា​ក្តី ក៏​មិន​អាច​បោះ​ជំហាន​ទៅ​មុខ និង​មិន​អាច​គិត​ទៅ​ឱ្យ​ឆ្ងាយ​ជាង​មុន​ទេ។ ផ្ទុយ​ទៅ​វិញ បុគ្គល​មាន​ភាព​ជា​អ្នកដឹកនាំ នឹង​មើលឃើញ​ការងារ​របស់​ខ្លួន គឺ​ត្រូវ​តែ​សម្រេច​ឱ្យ​បាន និង​គិត​អំពី​ភាព​ជោគជ័យ​តាម​ឱកាស និង​ស្ថានភាព។

៤. មាន​ទំនុកចិត្តខ្ពស់

អ្នក​អនុវត្ត​តាម ​តែងតែ​សម្លឹង​ឃើញ​ថា សមត្ថភាព និង​ភាព​ជោគជ័យ​របស់​អ្នក​ដទៃ​ទៀត ឬ​មិត្ត​រួមការ​ងារ គឺជា​ក្តី​អន្តរាយ ដែល​អាច​ធ្វើ​ឱ្យ​តួនាទី​របស់​ខ្លួន​មិន​ស្ថិតស្ថេរ។ ប៉ុន្តែ​បុគ្គល​មាន​ភាព​ជា​អ្នកដឹកនាំនឹង​មើលឃើញ​មនុស្ស​មាន​សមត្ថភាព​ទាំងនេះ​ជា​ទ្រព្យសម្បត្តិ ព្រោះ​អ្នកដឹកនាំ​ត្រូវការ​ផ្លាស់​ប្តូរ​អ្វី​ដដែល​ៗ​ឱ្យ​ល្អ​ប្រសើរ​ជាង​មុន។ ការ​សម្លឹង​ឃើញ​អ្នក​ដែល​មាន​សមត្ថភាព​នៅ​ក្បែរ​ខ្លួន ចាត់ទុកជា​រឿង​គួរ​ឱ្យ​រីករាយ។

៥. មានទំនួលខុសត្រូវ

នៅ​ពេល​មាន​កំហុសឆ្គង​កើតឡើង យើង​តែង​សង្កេត​ឃើញ​មនុស្ស​ខ្លះ​ចូល​ចិត្ត​បន្ទោស​ស្ថានភាព​ផ្សេង​ៗ មិត្ត​រួមការ​ងារ និង​បន្ទោស​អ្វី​ផ្សេង​ទៀត ដែល​នឹង​ធ្វើ​ឱ្យ​ខ្លួន​គេច​រួច​ពី​កំហុស ប៉ុន្តែ​បុគ្គល​មាន​ភាព​ជា​អ្នកដឹកនាំ នឹង​បង្ហាញ​ពី​ភាព​ទទួលខុសត្រូវ​ចំពោះ​ទ​ង្វើ​របស់​ខ្លួន ។ ពួក​គេ​មិន​ព្រួយបារម្ភ​ថា ការ​ព្រម​ទទួលកំហុស​នឹង​ធ្វើ​ឱ្យ​គេ​មិនល្អ​នោះ​ទេ ព្រោះ​គេ​ដឹង​ថា បើ​គេ​បន្ទោស​អ្វី​នៅ​ក្បែរ​ខ្លួន វា​នឹង​ធ្វើ​ឱ្យ​គេ​មើលទៅ​អាក្រក់​ក្នុង​ក្រសែភ្នែក​អ្នក​ដទៃ ។

៦. ​មើលឃើញ​ពិភព​ខាងក្រៅ​ក្នុង​ផ្លូវ​ល្អ

ជា​ធម្មតា អ្នក​អនុវត្ត​តាម​សម្លឹង​ឃើញ​ឧបសគ្គចំពោះ​ហេតុការណ៍​ផ្សេង​ៗ ប៉ុន្តែ​អ្នកដឹកនាំ​សម្លឹង​ឃើញ​ភាព​អាច​ទៅ​បាន និង​រក​ផ្លូវ​ចេញពី​បញ្ហា។ អ្វី​ដែល​សំខាន់ នៅ​ពេល​មាន​កំហុសឆ្គង អ្នកដឹកនាំ​នឹង​មិន​ព្រម​នៅ​ជាមួយ​បញ្ហា​ទេ ប៉ុន្តែ​នឹង​ព្យាយាម​ធ្វើ​ឱ្យ​គ្រប់យ៉ាង​ល្អ​ប្រសើរ​ឡើង។

៧. ស្រលាញ់អ្វី​ដែលខ្លួន​កំពុង​ធ្វើ

មនុស្ស​ខ្លះ​អាច​មើល​ថា វា​ជា​រឿង​ធម្មតាដែល​ត្រូវ​ទៅ​ធ្វើ​ការងារ បំពេញ​តួនាទី​របស់​ខ្លួន​ឱ្យ​ចប់​មួយ​ថ្ងៃ​ៗ រួច​ក៏​ត្រឡប់​មក​ផ្ទះ ហើយ​ស្អែក​ឡើង​ក៏​ធ្វើ​រឿងដដែល​ៗ​ទៀត រហូត​ដល់​ក្លាយជា​ជីវិត​ប្រចាំ​ថ្ងៃ ប៉ុន្តែសម្រាប់​បុគ្គល​មាន​ភាព​ជា​អ្នកដឹកនាំ គេ​នឹង​ស្រលាញ់​អ្វី​ដែល​ខ្លួនបាន​ធ្វើ និង​គិត​ថាការងារ​គឺជា​ចំណែក​មួយ​របស់​ជីវិត និង​ជា​ចំណែក​សំខាន់​ផង​ដែរ។

៨. មានគំនិតផ្តួចផ្តើម

ផ្តើមចេញពីគំនិតផ្តួចផ្តើមតូចៗដើម្បីដឹកនាំសកម្មភាពការងារក្រុមមួយឱ្យដំណើរការល្អ និងសម្រេចលទ្ធផលដូចការរំពឹងទុក គឺចាត់ទុកជាបុគ្គលដែលមានគំនិតផ្តួចផ្តើមការងារ។ ទន្ទឹមគ្នានេះ គេអាចកត់សម្គាល់បុគ្គលដែលមានភាពជាអ្នកដឹកនាំតាមរយៈរូបភាពបំផុសគំនិតការងារ ការបង្កើតសកម្មភាពការងារឱ្យសកម្ម ការដឹកនាំការងារ និងការបង្ហាញវិធីសាស្ត្រដោះស្រាយបញ្ហាអ្វីមួយ។ អ្នកដែលមានគំនិតផ្តួចផ្តើមនេះហើយ អាចចាត់ទុកជាបុគ្គលដែលមានភាពជាអ្នកដឹកនាំ។

៩. ក្លាហាន​ដើម្បី​ផ្លាស់​ប្តូរ

មនុស្ស​មួយ​ចំនួន​ ភ័យខ្លាច​ក្នុង​ការ​ផ្លាស់​ប្តូរ ព្រោះគេ​គិត​ថាជា​រឿង​លំបាក ហើយ​មាន​អារម្មណ៍​ថាស្ថានភាព​ដើម ការងារ​ដើម វា​ប្រសើរ​ជាង។ ប៉ុន្តែ​បុគ្គល​មាន​ភាព​ជា​អ្នកដឹកនាំតែងតែ​សម្លឹង​ឃើញ​ឱកាស​ក្នុង​ការ​ផ្លាស់​ប្តូរ​ទៅ​រក​អ្វី​ដែល​ថ្មី។

១០. មិន​ស្ទាក់ស្ទើរ

អ្នក​អនុវត្ត​តាម ជា​មនុស្ស​ដែល​ស្ទាក់ស្ទើរ និងភ័យ​ខ្លាច​ថា​អាច​នឹង​ធ្វើ​ខុស ប៉ុន្តែ​បុគ្គល​មាន​ភាព​ជា​អ្នកដឹកនាំ​នឹង​មិន​ភ័យ​ខ្លាច​​ទេ ទោះបីជា​ពេល​ខ្លះ​គេ​មិន​ប្រាកដក្នុង​ចិត្ត​ថាអ្វី​ដែល​កំពុង​តែ​ធ្វើ​នោះ​សម​ស្រប​ឬ​អត់​ក្តី ព្រោះ​មនុស្ស​ប្រភេទ​នេះ​គិត​ថាការ​សម្រេចចិត្ត​ធ្វើ​អ្វី​ម្យ៉ាងគឺ​ល្អ​ជាង​ការ​ស្ទាក់​ស្ទើរចិត្ត និង​ផ្លាស់​ប្តូរ​ចុះឡើង។

១១. ចាត់​ទុក​ការងារ​សំខាន់

អ្នក​អនុវត្ត​តាម​ តែងតែ​ព្រួយបារម្ភ​រឿង​មុខ​តំណែង​របស់​ខ្លួនឯង និង​អ្នកធ្វើការ​ជាមួយ​គ្នា ហើយ​ក្រែង​ចិត្ត​អ្នក​ដែល​មាន​តួនាទី​ខ្ពស់​ជាង ព្រោះ​ពួក​គេ​ខ្វះ​នូវ​ការ​ជំរុញ​ចិត្ត រួម​ទាំង​ខ្វះ​ទំនុកចិត្ត​លើ​ខ្លួនឯង ចំណែកឯ​បុគ្គល​មាន​ភាព​ជា​អ្នកដឹកនាំ ពួក​គេ​តែង​ផ្តោត​លើ​ទិន្នន័យ និង​ចំណុច​លម្អិត​នៃ​ការងារ​ដោយ​យក​មក​ជជែក​គ្នា​លើ​តុ។ រីឯ​ដៃគូ​សន្ទនា​នឹង​មាន​តួនាទី​អ្វី​នោះ ពួក​គេ​មិន​ចាប់អារម្មណ៍​ឡើយ គឺ​គុណភាព​ការងារ​ជា​រឿង​សំខាន់។

១២. ដាក់ខ្លួន

អ្នក​អនុវត្ត​តាម តែងតែ​ស្វែងរក​កេរ្តិ៍ឈ្មោះ កិត្តិយស ខណៈ​ដែល​បុគ្គល​មាន​ភាព​ជា​អ្នកដឹកនាំ​តែង​ឱនលំទោន​ដាក់ខ្លួន និង​មិន​ព្យាយាម​ធ្វើ​ឱ្យ​អ្នក​ដទៃ​មាន​អារម្មណ៍​ថាខ្លួន​គេ​ឆ្លាត​ជាង​អ្នក​ដទៃ។


អត្ថបទទាក់ទង

១០ ជំហានក្នុងការបង្កើតរចនាសម្ព័ន្ធស្ថាប័នប្រកបដោយប្រសិទ្ធភាព

 

Leave a Reply

Your email address will not be published. Required fields are marked *