ឥរិយាបថចំនួន ៨ ក្នុងចំណោមមេដឹកនាំដែលមានគេស្រឡាញ់បំផុត
ឥរិយាបថ (អិរ៉ិយ៉ាបត់) បា.; សំ. ( ន. ) (ឦយ៌ាបថ) ផ្លូវឬគន្លងនៃឥរិយា គឺការដើរ, ឈរ, អង្គុយ, ដេក (ម. ព. ឥរិយា ផង) ។ សម្រេចឥរិយាបថ ប្រើឥរិយាបថ ។ សម្រេចឥរិយាបថដេក សម្រេចការដេក (ដេក) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អិរ៉ិយ៉ាប៉ៈថៈ, ដូចជា ឥរិយាបថចារ ការសម្រេចឬប្រើឥរិយាបថ។ ឥរិយាបថបរិវត្តន៍ ការផ្លាស់ឥរិយាបថ។ ឥរិយាបថបរិហារ ការរក្សាឥរិយាបថ គឺការចេះលៃឥរិយាបថទាំងបួន ។ ឥរិយាបថរោគ រោគដែលកើតព្រោះការប្រើឥរិយាបថពុំស្មើ មានអង្គុយច្រើនពេកជាដើម (ហៅ វិសមបរិហារជាពាធ ក៏បាន) ។ ឥរិយាបថវិសមភាព ភាវៈមិនស្មើនៃឥរិយាបថ គឺការប្រើឥរិយាបថបួនពុំស្មើ ។ ឥរិយាបថសមភាព ការប្រើឥរិយាបថបួនស្មើល្អ ។ ឥរិយាបថសម្បត្តិ ការបរិបូណ៌ដោយឥរិយាបថ គឺឥរិយាបថទាំងបួនសមរម្យមិនឆ្គង ។ ឥរិយាបថសម្បន្ន (–សំ-ប័ន) អ្នកដែលមានឥរិយាបថទាំងបួនសមរម្យ (បើស្ត្រីជា ឥរិយាបថសម្បន្នា អ. ថ. -ស័ម-បុ័ន-ន៉ា) ។ ។ល។ ព. កា. ឲ្យរក្សាឥរិយាបថទាំងបួន : ឥរិយាបថបួន គួរជនប្រុងខ្លួន តាមសុជីវធម៌ ត្រឹមត្រូវទៀងទាត់ បែបបទបវរ នឹងមានអំណរ មិននឹកស្តាយក្រោយ ។
មេដឹកនាំ មានន័យថា អ្នកគ្រប់គ្រង ឬអ្នកដឹកនាំផ្លូវ អ្នកឈានមុខគេ ធ្វើជាគំរូគេលើគ្រប់សកម្មភាពទាំងពួងតាំងពីការដេក ដើរ ឈរ អង្គុយ និយាយ ស្តាប់ គិត ដែលយើងនិយាយថាដឹកមុខគេ។ ភាពជាអ្នកដឹកនាំសំដៅទៅលើការដឹកនាំ ទៅរកផ្លូវល្អផ្លូវដែលត្រឹមត្រូវមិនបំផ្លាញផលប្រយោជន៍ជាតិ ឬសង្គម និងមានចក្ខុវិស័យត្រឹមត្រូវ។
នៅក្នុងពិភពសត្វមានសណ្តាប់ធ្នាប់យ៉ាងច្បាស់លាស់។ ជាក់ស្តែង គេឃើញមានរាជិនីឃ្មុំ ស្តេចស្វាឪ និងដៃគូចចកឈ្មោលញីដែលដឹកនាំហ្វូងនីមួយៗ។ មនុស្សក៏មិនខុសគ្នាដែរ ហើយអាចមានសណ្តាប់ធ្លាប់ដែលប្រសើរជាងសត្វទៅទៀត។ ប្រហែលលោកអ្នកភ្ញាក់ផ្អើលបន្តិច នៅពេលដឹងថាក្រុមបង្កើតឡើងក្នុងរបៀបដែលកុលសម្ព័ន្ធ និងសង្គម ហើយក្រុមហ៊ុនមិនមែនជាលទ្ធផលនៃប្រាជ្ញាកម្រិតខ្ពស់អ្វីទេ ប៉ុន្តែជាលទ្ធផលនៃសភាវគតិដែលប្រឹងប្រែងដើម្បីរស់ដូចមនុស្សសម័យដើមដែរ។
ការលើកឡើងបែបនេះ គឺដើម្បីបង្ហាញថាភាពជាអ្នកដឹកនាំមិនមែនជាដំណើរការនៃគំនិតទេ ប៉ុន្តែជាឥរិយាបថសភាវគតិដែលបានជួយឱ្យមនុស្សយើងអាចរស់នៅ និងបន្តពូជរហូតដល់សព្វថ្ងៃនេះ។ យើងអាចសម្គាល់មើល និងរៀនតាមឥរិយាបថមួយចំនួនក្នុងចំណោមមេដឹកនាំដែលមានគេស្រឡាញ់បំផុត៖
១. ស្តាប់
ទោះជារឿងនយោបាយ ពាណិជ្ជកម្ម ឬកិច្ចការមនុស្សធម៌ក៏ដោយ មេដឹកនាំមានកិច្ចការច្រើនណាស់ដែលត្រូវធ្វើ។ ដូច្នេះគេត្រូវមានវិធីសាស្រ្តដើម្បីចម្រោះ និងផ្តោតចិត្តតែលើកិច្ចការណាដែលសំខាន់ចំពោះគេ។ ទោះជាយ៉ាងណា ជោគជ័យរបស់គេអាស្រ័យលើការបើកចិត្តទូលាយចំពោះទស្សនៈថ្មីៗ និងប្លែកៗ។ ដូច្នេះ បើគេឮបុគ្គលិកនិយាយ គេនឹងស្តាប់។
២. ជម្នះខ្លួនឯង
មេដឹកនាំខ្លាំងពូកែ មិនដែលស្កប់ស្កល់នឹងស្ថានភាពដដែលៗទេ។ គេអាចនឹងទទួលស្គាល់ជោគជ័យរបស់ក្រុមការងារ ជាពិសេសបន្ទាប់ពីការប្រឹងប្រែងអស់រយៈពេលយូរអង្វែង ប៉ុន្តែគេកម្រស្កប់ស្កល់នឹងខ្លួនឯងណាស់។ សមិទ្ធផលផ្ទាល់ខ្លួនរបស់គេ មិនធ្វើឱ្យគេរំជើបរំជួលចិត្តទេ មានតែការប្រឹងប្រែងប្រជែងបន្ទាប់ទៀតប៉ុណ្ណោះដែលធ្វើឱ្យគេរីករាយ។
៣. បង្រៀន
លោក ធីម ខូក (Tim Cook) ជា CEO ក្រុមហ៊ុន Apple បានឱ្យតម្លៃដល់ជោគជ័យរបស់ក្រុមហ៊ុននេះថាជាលទ្ធផលនៃតួនាទីរបស់លោក ស្ទីវ ចបស៍ (Steve Jobs) ជាគ្រូម្នាក់។ របៀបដែលក្រុមហ៊ុនរីកចម្រើនយ៉ាងខ្លាំងរហូតដល់សព្វថ្ងៃនេះ ជាសក្ខីភាពបញ្ជាក់អំពីរបៀបដែលលោក ចបស៍ បានបង្រៀនក្រុមការងារឱ្យស្គាល់អំពីអ្វីដែលសំខាន់បំផុត ដើម្បីគេអាចបន្តបង្រៀនក្រុមការងារពីមួយជំនាន់ទៅមួយជំនាន់ទៀតបាន។
៤. មិនដើរតាមគេ
មេដឹកនាំទាំងអស់រៀនពីបទពិសោធន៍ និងគ្រូបង្ហាញផ្លូវ។ មេដឹកនាំទាំងអស់បម្រើម្ចាស់ភាគហ៊ុន ប៉ុន្តែការរៀន និងការបម្រើ មិនដូចគ្នានឹងការធ្វើតាមទេ។ មេដឹកនាំពិតប្រាកដ បម្រើ និងរៀនពីអ្នកដទៃ ប៉ុន្តែគេនៅតែប្រឹងប្រែងបង្កើតផ្លូវដើរដោយខ្លួនឯង។ គេមានរបៀបផ្ទាល់ខ្លួនក្នុងការធ្វើកិច្ចការ ហើយនៅពេលត្រូវសម្រេចចិត្តធំដុំ គេធ្វើតែតាមការវាយតម្លៃផ្ទាល់ខ្លួនរបស់គេតែប៉ុណ្ណោះ។
៥. ដោះស្រាយបញ្ហាធំ
មេដឹកនាំពិតប្រាកដ មិនធ្វើកិច្ចការតូចតាចទេ។ ទោះបីជាបញ្ហារបស់អតិថិជន បញ្ហាក្រុមហហ៊ុន ឬបញ្ហាសង្គមក៏ដោយ ក៏គេតែងតែមានគំនិតច្នៃប្រតិដ្ឋដោះស្រាយបញ្ហាធំៗ និងស្មុគស្មាញដែរ។ មេដឹកនាំខ្លាំងពូកែ ជាមនុស្សពូកែដោះស្រាយបញ្ហាធំ។
៦. លើកទឹកចិត្តអ្នកដទៃឱ្យដើរតាម
ការជជែកគ្នាអំពីរឿងភាពជាអ្នកដឹកនាំ ជាដំណើរដែលមានទីបញ្ចប់។ មេដឹកនាំ ជាមនុស្សដែលអ្នកដទៃដើរតាម ហើយឥរិយាបថរបស់មេដឹកនាំធ្វើឱ្យអ្នកដទៃធ្វើសកម្មភាព។ ទោះជាគេមានទស្សនវិស័យចំពោះផលិតផល ក្រុមហ៊ុន មនុស្ស ឬអនាគត ក៏អ្វីៗទាំងអស់នេះលើកទឹកចិត្តឱ្យអ្នកដទៃចង់ដើរតាមដែរ។
៧. មិនងប់ងល់នឹងខ្លួនឯងពេក
មេដឹកនាំជោគជ័យបំផុត តែងតែមានអារម្មណ៍ជឿជាក់លើខ្លួនឯង។ ទោះជាយ៉ាងណា នៅពេលការជឿជាក់លើខ្លួនឯងឡើងដល់កម្រិតខ្ពស់ពេករហូតដល់មិនអាចប្រែក្លាយគំនិតទៅជាការពិតបាន ឥរិយាបថនេះក្លាយទៅជាការកំណត់ព្រំដែនខ្លួនឯងទៅវិញ។ មេដឹកនាំខ្លះរៀនពីកំហុសទាំងអស់នេះ ហើយទទួលបានចំណេះដឹង និងការចេះឱនលំទោន។ ចំណែកមេដឹកនាំខ្លះទៀតមិនព្រមរៀន ហើយក៏មិនអាចទទួលបានជោគជ័យធំដុំទេ។
៨. ធ្វើតែកិច្ចការសំខាន់
តាមនិយមន័យ មេដឹកនាំជាមនុស្សនៃលទ្ធផល។ គេទទួលបានកម្លាំងចិត្តពីទស្សនៈវិស័យរបស់គេ ឬបញ្ហាដែលគេត្រូវដោះស្រាយ។ ប៉ុន្តែជារួម គេទទួលបានកម្លាំងចិត្តធំពីប្រភពមួយ គឺកិច្ចការដែលសំខាន់។ គេប្រឹងប្រែងជម្នះគ្រប់ឧបសគ្គទាំងអស់ដើម្បីធ្វើឱ្យបានជោគជ័យ និងព្រងើយកន្តើយចំពោះកិច្ចការតូចតាចផ្សេងៗទៀត។
រឿងសំខាន់ដែលត្រូវចងចាំ គឺមេដឹកនាំខ្លាំង ឬខ្សោយអាស្រ័យលើឥរិយាបថរបស់គេ គឺកិច្ចការដែលគេធ្វើ និងកិច្ចការដែលគេមិនធ្វើ។
ប្រភពយោង៖
- វចនានុក្រមខ្មែរ
- គេហទំព័រ Entrepreneur
អត្ថបទទាក់ទង