អនាគតនៃការងារ គឺនៅគ្រប់ទីកន្លែង និងធ្វើបានគ្រប់ពេលវេលា

ការវិវត្តនៃបច្ចេកវិទ្យា និងសកលភាវូបនីយកម្ម ព្រមទាំងបម្រែបម្រួលប្រជាសាស្ត្រ និងអាកាសធាតុ គឺជានិន្នាការធំៗដែលកំពុងនាំមកនូវការផ្លាស់ប្ដូរក្នុងពិភពនៃការងារ។

បច្ចេកវិទ្យាដោយរួមទាំងទូរស័ព្ទទំនើប បណ្តាញសង្គម និងការតភ្ជាប់អ៊ីនធឺណេតដែលមានល្បឿនលឿនផង ហាក់ដូចជាកំពុងតែរួមកម្លាំងគ្នាក្នុងរបៀបមួយដើម្បីទាក់ទាញអារម្មណ៍មនុស្សគ្រប់ពេលទាំងអស់។ បើទោះជាបច្ចេកវិទ្យាទាំងអស់នេះអាចជះឥទ្ធិពលអវិជ្ជមានដល់អ្នកប្រើប្រាស់ខុសក៏ដោយ ក៏សម្រាប់មនុស្សភាគច្រើន វាបានក្លាយជាធនធានសំខាន់មួយដែលជួយបង្កើនគុណភាពជីវិត​ឱ្យកាន់តែងាយស្រួលដែរ។

នៅក្នុងកន្លែងការងារសម័យទំនើបនេះ បច្ចេកវិទ្យានិងកម្មវិធីថ្មីៗកើតឡើងរាល់ថ្ងៃ ដោយជួយសម្រួលការងារ និងបង្កើនផលិតភាព។ បញ្ហាចោទស្ថិតនៅត្រង់ថា តើមនុស្សអាចទាញប្រយោជន៍ និងគ្រប់គ្រងបច្ចេកវិទ្យាទាំងនេះបានដោយរបៀបណាក្នុងពេលដែលជីវិតនៅក្នុងកន្លែងការងារ និងក្រៅពីការងារចាប់ផ្តើមភ្ជាប់ទំនាក់ទំនងឥតដាច់បែបនេះ?

គំនិតនៃការងារពីចម្ងាយមិនមែនជារឿងថ្មីទេ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មនុស្សកាន់តែយកចិត្តទុកដាក់និងអនុវត្តច្រើនឡើងៗ ខណៈដែលក្រុមហ៊ុននិងបុគ្គលិកចាប់ផ្តើមយល់អំពីប្រយោជន៍នៃការងារពីចម្ងាយ។ ភាពសម្បូរបែបនេះបច្ចេកវិទ្យាទំនើបដែលកំពុងតែនាំកម្លាំងពលកម្មគ្រប់ប្រភេទទៅជិតគ្នា រួមជាមួយនឹងការផ្លាស់ប្តូរវប្បធម៌ការងារក្នុងពេលពីរបីឆ្នាំចុងក្រោយនេះផង អនាគតនឹងពោរពេញដោយជម្រើសនិងរបៀបការងារពីចម្ងាយ។

សព្វថ្ងៃនេះ និយោជកភាគច្រើនមានការយល់ដឹងកាន់តែប្រសើរអំពីសេដ្ឋកិច្ចនៃការងារពីចម្ងាយ។ ប្រយោជន៍នៃការងារបែបនេះ មានដូចជាបង្កើនផលិតភាព និងសុខភាព កាត់បន្ថយអវត្តមាន រក្សាបានបុគ្គលិកដែលមានទេពកោសល្យខ្ពស់ និងជ្រើសរើសបុគ្គលិកកាន់តែមានប្រសិទ្ធភាព។ ក្រុមហ៊ុនអាចជួលក្រុមការងារ និងក្រុមអ្នកជំនាញពីគ្រប់កន្លែងទាំងអស់ក្នុងពិភពលោក។ ចំណែកបុគ្គលិកវិញសន្សំពេល និងការចំណាយលុយកាក់ដើម្បីធ្វើដំណើរទៅកន្លែងធ្វើការ។ បន្ថែមពីលើនេះ គេក៏អាចសម្រេចបានតុល្យភាពជីវិត និងការងារកាន់តែប្រសើរតាមរយៈការងារដែលគេជ្រើសរើសធ្វើនៅកន្លែងណា និងពេលណាក៏បាន។

ទោះបីបច្ចេកវិទ្យាបានក្លាយជាឧបករណ៍មិនអាចខ្វះបាននៅក្នុងបដិវត្តន៍ការងារពីចម្ងាយនេះ ការផ្លាស់ប្តូរវប្បធម៌នៅក្នុងកន្លែងការងារ នឹងតម្រង់ទិសដៅអនាគតនៃការងារ។ ក្រុមអ្នកធ្វើការយុវវ័យ ធំដឹងក្តីឡើងជាមួយនឹងបច្ចេកវិទ្យា ហើយពួកគេជាមនុស្សដែលនិយោជកនឹងត្រូវគិតដល់នៅពេលជ្រើសរើសកម្លាំងពលកម្ម។ ជំនាញបច្ចេកវិទ្យាជាជំនាញចាំបាច់សម្រាប់ការងារ ក្នុងពេលដែលតម្រូវការខាងបច្ចេកវិទ្យាព័ត៌មាន បណ្តាញសង្គម ការវិភាគ និងតួនាទីបច្ចេកវិទ្យាថ្មីៗកើតឡើងឥតឈប់នៅក្នុងឧស្សាហកម្មគ្រប់ប្រភេទ។ និយោជកនឹងត្រូវបត់បែនឱ្យបានរហ័សទៅតាមការងារចង់បានរបស់កម្លាំងការងារថ្មីនេះ គឺសមត្ថភាពបត់បែនម៉ោងពេលធ្វើការ និងភាពចល័តនៃការងារ ព្រមទាំងវប្បធម៌នៃការងារឯករាជ្យ។

ការបង្កើតផែនការត្រឹមត្រូវ និងច្បាស់លាស់សម្រាប់ការងារពីចម្ងាយ នឹងជួយធានាបានថាសករាជថ្មីនេះនឹងនាំប្រយោជន៍ឱ្យមនុស្សគ្រប់គ្នា។ និយោជក ត្រូវផ្តល់ការបណ្តុះបណ្តាលជាប្រចាំសម្រាប់បុគ្គលិកអភិវឌ្ឍខ្លួន។ គេគួរតែរៀបចំឱ្យមានការជួបប្រជុំទល់មុខគ្នារវាងក្រុមអ្នកគ្រប់គ្រង និងក្រុមការងារប្រចាំសប្តាហ៍ ប្រចាំខែ ឬប្រចាំត្រីមាស ដើម្បីរក្សាបានវ​​ប្បធម៌ក្នុងកន្លែងការងារ និងថែរក្សារបៀបធ្វើការដែលមនុស្សគ្រប់គ្នាចង់បាន។

ចំណែកបុគ្គលិកវិញត្រូវបង្កើតផែនការការងារដើម្បីធានាបានថាគេអាចគ្រប់គ្រងពេលវេលាខ្លួនឯងយ៉ាងមានប្រសិទ្ធភាព រក្សាផលិតភាព និងសុខភាពក្នុងពេលជាមួយគ្នា។ ការសម្រេចបានគោលដៅទាំងអស់នេះ តម្រូវឱ្យមានការជ្រើសរើសកន្លែងត្រឹមត្រូវដើម្បីធ្វើការនៅថ្ងៃ និងពេលដែលត្រឹមត្រូវ។ សរុបមក គឺការយកចិត្តទុកដាក់មិនធ្វើការច្រើនជ្រុល និងរក្សាការផ្តោតចិត្តលើការងារឱ្យបានច្បាស់លាស់។

ការងារស្វ័យប្រវត្តិ នឹងមានការកើនឡើង។ ការងារនាពេលអនាគត អាចបង្ហាញថា នៅឆ្នាំ២០២៥ ម៉ោងធ្វើការដែលធ្វើដោយម៉ាស៊ីន និងមនុស្សមានរយ:ពេលស្មើគ្នា។ មុខងារប្រមាណ ៨៥ លាន នឹងត្រូវបានផ្លាស់ប្តូរដោយម៉ាស៊ីនដែលភាគច្រើនផ្តោតលើការធ្វើអ្វីដដែលៗ។

ការងារថ្មី នឹងត្រូវបានបង្កើតឡើង។ តួនាទីដែលមានតម្រូវការច្រើនបំផុតនៅក្នុងទីផ្សារការងារនាពេលអនាគត រួមមាន៖

  • អ្នកវិភាគទិន្នន័យ និងអ្នកវិទ្យាសាស្ត្រ
  • អ្នកជំនាញខាងបច្ចេកវិទ្យា AI និងម៉ាស៊ីនវិស្វកររ៉ូបូត
  • វិស្វករផ្នែកទន់ និងអ្នកអភិវឌ្ឍន៍កម្មវិធី ក៏ដូចជាអ្នកឯកទេសបម្រែបម្រួលឌីជីថល 
  • អ្នកវិភាគសន្តិសុខព័ត៌មាន។

ជំនាញដែលត្រូវការបំផុត គឺការលាយបញ្ចូលគ្នារវាង Hard and Soft skills។ ជំនាញដោះស្រាយបញ្ហា និងជំនាញគ្រប់គ្រងខ្លួនឯង ដូចជាភាពអត់ធ្មត់ ភាពតានតឹង និងភាពបត់បែន (Soft Skills)។ ជំនាញទាំងនេះ គឺត្រូវការនៅពេលដែលប្រឈមមុខនឹងសម្ពាធជាច្រើនដើម្បីសម្របខ្លួនទៅនឹងវិធីឌីជីថលថ្មីនៃការងារ។

ធនធានមនុស្ស គឺមានសារៈសំខាន់កាន់តែខ្លាំងឡើង។ និយោជកចាប់ផ្តើមវិនិយោគទៅលើការបណ្តុះបណ្តាលសម្រាប់បុគ្គលិករបស់ខ្លួន។ វាពិតជាត្រឹមត្រូវដែលបង្កើនសម្ថភាពបុគ្គលិករបស់ខ្លួន ក៏ដូចជាអភិវឌ្ឈធនធានមនុស្សបន្ថែមសម្រាប់ប្រកួតប្រជែងក្នុងទីផ្សារអាជីវកម្មរបស់ខ្លួន ​ក៏ព្រោះតែដៃគូប្រកួតប្រជែងក៏មិននៅស្ងៀមដែរ។​ បែបនេះ សម្រាប់មនុស្សគ្រប់គ្នា គួរតែបង្កើនសមត្ថភាពខ្លួនឯង ព្រោះថាទីផ្សារការងារមានតម្រូវការខ្ពស់ជាងមុន។

ប្រភពយោង៖

គេហទំព័រ Entrepreneur

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ


អត្ថបទទាក់ទង

តើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) គឺជាអ្វី?

 

Leave a Reply

Your email address will not be published.