វិធីសាស្រ្ត ៧ យ៉ាងដែលអាចលើកទឹកចិត្តបុគ្គលិកឱ្យខិតខំធ្វើការ
ការលើកទឹកចិត្ត ជាកក្តាមួយដ៏សំខាន់ដែលអាចជួយឲ្យការអនុវត្តការងាររបស់បុគ្គលិកទទួលបានដោយជោគជ័យ។ ការលើកទឹកចិត្ត បានជំរុញឲ្យបុគ្គលិកមានឆន្ទៈបំពេញការងារប្រកបដោយគំនិតផ្តួចផ្តើម យកចិត្តទុកដាក់ និងមានទទួលខុសត្រូវចំពោះការងារ ដោយហ៊ានលះបង់ខ្ពស់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដើម្បីសម្រេចឲ្យបាននូវគោលដៅដែលក្រុមហ៊ុនបានកំណត់។
គ្រប់នាយកប្រតិបត្តិ អ្នកគ្រប់គ្រង និងអ្នកដឹកនាំអាជីវកម្ម សុទ្ធតែដឹងថានិយោជិតរបស់ពួកគេគឺជាអាយុជីវិតរបស់ក្រុមហ៊ុន។ បើគ្មាននិយោជិតដែលមានប្រសិទ្ធិភាពនៅពីក្រោមទេ ពួកគេនឹងមិនអាចទទួលបានជោគជ័យរយៈពេលវែងបានឡើយ។ ដើម្បីឱ្យអាជីវកម្មរីកចម្រើន ក្រុមហ៊ុនត្រូវផ្តោតលើការខិតខំរបស់បុគ្គលិក ដើម្បីបង្កើតផលិតភាពការងារ បន្ថែមភាពរីករាយ។ ទាំងនេះគឺជាវិធី ៧ យ៉ាងដើម្បីលើកទឹកចិត្តនិយោជិកឱ្យខិតខំធ្វើការ៖
១. លើកទឹកចិត្តការងារ
អ្នកគ្រប់គ្រងមិនចាំបាច់តែដំឡើងប្រាក់បុគ្គលិកណាម្នាក់ទើបហៅថាការលើកទឹកចិត្តពួកគេនោះទេ។ ដោយគ្រាន់តែធ្វើការលើកទឹកចិត្តជាប្រាក់រង្វាន់ខ្លះសម្រាប់ការសម្រេចបានគោលដៅណាមួយ ឬជាអ្វីផ្សេងដែលសាមញ្ញៗដូចជា អាហារថ្ងៃត្រង់ ឬកាតអំណោយ ។ល។ ទាំងនេះជាវិធីល្អដែលធ្វើឲ្យបុគ្គលិកមានអារម្មណ៍ល្អនិងកក់ក្ដៅ ព្រមទាំងខិតខំធ្វើការកាន់តែខ្លាំង។
២. ស្តាប់តម្រូវការរបស់បុគ្គលិក
ក្នុងនាមជាអ្នកគ្រប់គ្រង ត្រូវប្រាកដថាតម្រូវការបុគ្គលត្រូវបានដោះស្រាយដោយផ្តល់ការវាយតម្លៃជាប្រចាំ និងទៀងទាត់។ សូមព្យាយាមផ្ញើកម្រងសំណួរខ្លីដើម្បីស្វែងយល់ថាតើបុគ្គលិកពេញចិត្តនឹងតួនាទីរបស់ពួកគេដែរទេ? ប្រសិនបើបានដឹងថា មានបុគ្គលិកណាម្នាក់កំពុងនឹងមានតម្រូវការខ្លាំង អ្នកគ្រប់គ្រងត្រូវប្រាកដថា អាចធ្វើអ្វីមួយបានដើម្បីជួយពួកគេ។
វិធីនេះអ្នកនឹងអាចកំណត់បញ្ហាបានយ៉ាងឆាប់រហ័សនិងផ្តល់នូវដំណោះស្រាយសមស្របសម្រាប់បុគ្គលិក។ ទោះបីជាបញ្ហាមិនអាចត្រូវបានដោះស្រាយភ្លាមៗក៏ដោយ ក៏បុគ្គលិកនៅតែពេញចិត្តក្នុងការដែលដឹងថា មេកើយរបស់ខ្លួនកំពុងស្តាប់នូវបញ្ហារបស់ពួកគេ។
៣. បង្កើតបរិយាកាសរីករាយ
ការិយាល័យមួយចំនួន បុគ្គលិកអង្គុយមុខកុំព្យូទ័ររាប់ម៉ោងដោយពុំបានសម្រាកឡើយ។ បុគ្គលិក និងអ្នកគ្រប់គ្រង មិនសូវបានជជែកគ្នា ជាហេតុធ្វើឲ្យខ្វះការលើកទឹកចិត្តចំពោះនិយោជិត។ បើចង់រក្សាបុគ្គលិក អ្នកគ្រប់គ្រងត្រូវរៀបចំឲ្យមានកន្លែងសម្រាក និងពត់ខ្លួនប្រាណដើម្បីឲ្យបុគ្គលិកបានទំនាក់ទំនងគ្នា និងកាត់បន្ថយភាពតានតឹង។ ការបង្កើតឲ្យមានបរិយារីករាយនៅកន្លែងធ្វើការ ជួយជំរុញប្រសិទ្ធភាពការងារបានកាន់តែច្រើន។
៤. ធ្វើឲ្យបុគ្គលិកមានអារម្មណ៍ថាមានតម្លៃ
ការជំរុញឱ្យនិយោជិកមានអារម្មណ៍ថា “យើងទាំងអស់គ្នារួមគ្នា” និងធ្វើឱ្យបុគ្គលិកមានអារម្មណ៍ថា មតិរបស់ពួកគេមានតម្លៃ។ ការពិតដែលថា មនុស្សខិតខំធ្វើការនៅពេលដឹងថា ពួកគេត្រូវបានកោតសរសើរ។ វាជាផ្នែកដ៏មានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យបុគ្គលិកមានអារម្មណ៍ថា ពួកគេជាផ្នែកសំខាន់មួយនៃក្រុមហ៊ុន។
៥. ផ្ដល់ឲ្យបុគ្គលិកនូវទំនួលខុសត្រូវ
ដើម្បីជៀសវាងការធុញទ្រាន់របស់បុគ្គលិក និងភាពទំនេរជ្រុល អ្នកគ្រប់គ្រងគួរផ្តល់ឱ្យបុគ្គលិកខ្លួននូវភារកិច្ចថ្មីដែលជួយឲ្យពួកគេបោះជំហានទៅមុខក្រៅពីកន្លែងស្រណុករបស់ពួកគេ។ ការផ្តល់ការទទួលខុសត្រូវឱ្យមនុស្សបន្តិចម្តងៗ គឺមានន័យថាពួកគេកាន់តែមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួន ដែលនឹងជួយឱ្យពួកគេចូលរួមសកម្មភាពការងារកាន់តែល្អ។ យ៉ាងណាមិញ ប្រសិនបើនិយោជិតមានអារម្មណ៍ល្អចំពោះអ្វីដែលពួកគេកំពុងធ្វើ នោះពួកគេនឹងធ្វើបានល្អជាងមុន និងមានផលិតភាពច្រើនជាងមុន។
៦. រក្សាតម្លាភាព
ការរក្សាការប្រាស្រ័យទាក់ទងដោយបើកចំហ គឺមានសារៈសំខាន់ណាស់សម្រាប់ស្ថាប័ននីមួយៗ ព្រោះវាជួយឲ្យបុគ្គលិកមានអារម្មណ៍ថាខ្លួនមានតម្លៃគ្រប់គ្រាន់នៅក្នុងអង្គភាពការងារ។ អ្នកគ្រប់គ្រងគួរនិយាយត្រង់ៗជាមួយបុគ្គលិក និងជូនដំណឹងដល់ពួកគេអំពីបញ្ហាណាមួយដែលក្រុមហ៊ុនកំពុងប្រឈមមុខ។ វិធីនេះនឹងពង្រឹងផ្នែកអារម្មណ៍របស់និយោជិតថាពួកគេសំខាន់។
៧. ជម្រាបខ្លួនចូលជាមួយបុគ្គលិក
ប្រសិនបើចង់ឲ្យបុគ្គលិកធ្វើការឱ្យអស់ពីសមត្ថភាព អ្នកគ្រប់គ្រងត្រូវប្រើវិធីដោះស្រាយដោយផ្ទាល់។ សូមចំណាយពេលដើម្បីប្រាស្រ័យទាក់ទងជាមួយបុគ្គលិកឱ្យបានទៀងទាត់ ដើម្បីយល់ពីអ្វីដែលពួកគេបានធ្វើ និងផ្តល់ជំនួយនៅពេលណាដែលអាចធ្វើបាន។
អត្ថបទទាក់ទង