វិធីសាស្រ្ត ៧ យ៉ាងដែលជួយឲ្យអ្នកដោះស្រាយភាពតានតឹងនៅកន្លែងធ្វើការ

ភាពតានតឹង គឺជាពាក្យទូទៅដែលត្រូវបានគេប្រើជាញឹកញាប់នៅគ្រប់ទីកន្លែង។ ភាពតានតឹង វាជាការឆ្លើយតបមិនជាក់លាក់មួយនៃរាងកាយទៅនឹងតម្រូវការរបស់មនុស្ស។ ភាពតានតឹង ក៏ជាប្រតិកម្មនៃរាងកាយដែលអាចកើតឡើងនៅក្នុងការឆ្លើយតប ដូចជាកត្តាខាងក្នុង កត្តាខាងក្រៅ (ពុទ្ធិ) និងវត្ថុភ្ញោចពីបរិស្ថាននៅជុំវិញខ្លួនយើង (Huffman, 1994)។​ ភាពតានតឹង ជាបញ្ហា ឬស្ថានភាពណាដែលបុគ្គលម្នាក់មានការលំបាកក្នុងការប្រឈមមុខដោះស្រាយ អាចបណ្តាលឲ្យបុគ្គលនោះមានការតានតឹងចិត្ត។ បុព្វហេតុដែលបណ្តាលឲ្យមានការតានតឹងចិត្ត អាចការពារ ឬកាត់បន្ថយបាន។ ការការពារ ឬកាត់បន្ថយការតានតឹងចិត្ត អាចជួយធ្វើឲ្យមនុស្សយើងមានសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយល្អប្រសើរ។ 

ភាពស្មុគស្មាញជាផ្នែកមួយដែលរំខានដល់ការធ្វើការរបស់អ្នក និងអាចធ្វើឲ្យការងាររបស់អ្នកថយចុះ។ ជាទូទៅ អ្នកគ្រប់គ្នាពិតជាចៀសមិនផុតពីការជួបបញ្ហា ដែលធ្វើឲ្យអ្នកស្មុគស្មាញនោះទេ ប៉ុន្តែយើងពិតជាមានវិធីក្នុងការកំចាត់វា។ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួន ដែលអាចជួយឲ្យអ្នកដោះស្រាយភាពតានតឹងនៅកន្លែងធ្វើការបាន៖

១. រក្សាភាពវិជ្ជមាន

នៅពេលដែលអ្នកមានអារម្មណ៏តានតឹងខ្លាំង អ្នកត្រូវតែរំឮកខ្លួនឯងពីអ្វីដែលអ្នករីករាយនឹងការងាររបស់អ្នក។ ហើយថាវាជាការងារដែលអ្នកពេញចិត្ត ហើយប្រហែលជាអ្នកអាចទទួលបានរង្វាន់សម្រាប់ខ្លួនអ្នក នៅពេលដែលអ្នកបញ្ចប់ការងារនេះ អ្នកមិនគួរយកភាពតានតឹងនេះជាចម្បងគិតពីវារហូតនោះទេ។

២. រៀបចំពេលវេលា

នៅពេលដែលអ្នកនៅកន្លែងធ្វើការ ការរៀបចំ និងគ្រប់គ្រងពេលវេលាពិតជាមានអត្ថប្រយោជន៏ខ្លាំងណាស់។ របៀបដែលអ្នករៀបចំការងាររបស់អ្នក គឺអាស្រ័យលើខ្លួនរបស់អ្នក ប៉ុន្តែដើម្បីឲ្យមានប្រសិទ្ធភាព អ្នកគួរតែរៀបចំតារាងការងារប្រចាំថ្ងៃ ប្រចាំសប្តាហ៏ និងប្រចាំខែផងដែរ ហើយកត់សម្គាល់ការងារដែលសំខាន់ និងចាំបាច់ ដើម្បីបញ្ចប់វាឲ្យទាន់ពេលវេលា។ ការរៀបចំពេលវេលាបានត្រឹមត្រូវ ជាជំនួយការដ៏ធំមួយក្នុងការកាត់បន្ថយតភាពតានតឹងរបស់អ្នក។

៣. ប្រើភាពតានតឹងបង្កើតជាផលប្រយោជន៏

ភាពតានតឹង ជាប្រតិកម្មធម្មជាតិទៅនឹងស្ថានភាពអ្វីមួយដែលពិបាកខ្លាំង។ ប៉ុន្តែនៅពេលភាពតានតឹងស្ថិតក្នុងការគ្រប់គ្រងរបស់អ្នក អ្នកអាចប្រើវាជាប្រយោជន៏របស់អ្នកបាន។ សូមប្រើវាក្នុងការជំរុញខ្លួនអ្នកឲ្យមានភាពប្រសើរជាងមុន។ អ្នកប្រហែលជាមានអារម្មណ៏ស្មុគស្មាញខ្លាំងពីការងាររបស់អ្នក ប៉ុន្តែប្រសិនបើអ្នកប្រើវាក្នុងផ្លូវវិជ្ជមាន អ្នកក៏ប្រហែលជាទទួលបានលទ្ធផលច្រើនជាងមុនផងដែរ។

៤. កំណត់ពេលវេលាសម្រាក

ប្រសិនបើអ្នកធ្វើការ ៨ ម៉ោងក្នុងមួយថ្ងៃ អ្នកត្រូវតែមានពេលចន្លោះដើម្បីសម្រាក។ ដូចជាការសម្រាកញ៉ាំអាហារថ្ងៃត្រង់ ប៉ុន្តែអ្នកគួរតែញ៉ាំកន្លែងផ្សេង មិនមែនតុធ្វើការ ហើយក៏មិនធ្វើការបណ្តើរញ៉ាំបណ្តើរនោះដែរ ហើយការចេញទៅញ៉ាំទឹក និងភេសជ្ជៈផ្សេងៗនៅក្រៅក៏ជារឿងល្អផងដែរ។ សូមចំណាយពេល ៥ នាទី ជារៀងរាល់ម៉ោង ក្នុងការងើបចេញពីតុការងារ ក្នុងការដើរចុះឡើងបន្តិច ឬទៅបន្ទប់ទឹកដើម្បីបន្ធូរអារម្មណ៏​។ អ្នកអាចរកកិច្ចការអ្វីដែលចំណាយពេលតិចបំផុតដើម្បីធ្វើ ក្នុងការកាត់បន្ថយភាពតានតឹង និងធ្វើឲ្យអារម្មណ៏របស់អ្នកបានធូរស្រាល។

៥. ការធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ ពិតជាផ្តល់អត្ថប្រយោជន៏ដល់អ្នកមិនថា សុខភាពរាងកាយ ឬក៏សុខភាពផ្លូវចិត្តនោះទេ។ ប្រសិនបើអ្នកអង្គុយជាប់តុធ្វើការរបស់អ្នកពេញមួយថ្ងៃ អ្នកពិតជាមានអារម្មណ៏ស្មុគស្មាញខ្លាំងណាស់ អ្នកអាចឆ្លៀតពេលម៉ោងសម្រាកអាហារថ្ងៃត្រង់របស់អ្នក ដើម្បីពត់ខ្លួនពត់ប្រាណរបស់អ្នក ឬធ្វើការដើរចុះដើរឡើង ៥ នាទីក៏បានដែរ។ អ្នកអាចអង្គុយស្រូបខ្យល់អាកាសធម្មជាតិ និង ពន្លឺព្រះអាទិត្យនាពេលព្រឹកផងដែរ។

៦. បង្កើតទំនាក់ទំនងនៅកន្លែងធ្វើការ

អ្នកគួរតែមានទំនាក់ទំនងល្អនៅកន្លែងធ្វើការ វាធ្វើឲ្យប្រព័ន្ធការងាររបស់អ្នកមានភាពរឹងមាំ ហើយក៏ធ្វើឲ្យអ្នកមានភាពស្រស់ស្រាយ។ លើសពីនេះ អ្នកអាចមានមនុស្សដែលអ្នកនឹងអាចជជែកពីនេះពីនោះ នឹងជួយអ្នកក្នុងការកែរតម្រូវអ្វីមួយផងដែរ។ ហើយអ្នកនឹងអាចមានការនិយាយគ្នាលេងបន្តិចបន្តួចដើម្បីបង្កើតបរិយាការងារឲ្យមានភាពរីករាយ ដើម្បីបន្ធូរភាពតានតឹងរបស់អ្នក។

៧. ធ្វើការងារនៅកន្លែងធ្វើការ

មានថ្ងៃខ្លះ អ្នកមិនអាចបញ្ចប់ការងារបានទាន់ពេលវេលា ប្រសិនបើអ្នកយកការងារដែលសេសសល់នោះទៅបញ្ចប់នៅផ្ទះ អ្នកប្រាកដជាមានអារម្មណ៏ថាធុញថប់ណាស់។ អ្នកគួរតែបែងចែករវាងការងារនៅកន្លែងធ្វើការ និងជីវិតប្រចាំថ្ងៃរបស់អ្នក ដើម្បីឲ្យពេលវេលារបស់អ្នកកន្លងទៅដោយមានអត្ថន័យ។


អត្ថបទទាក់ទង

វិធីសាស្រ្ត ៦ យ៉ាងដែលជួយបង្កើនទំនុកចិត្តលើខ្លួនឯងនៅកន្លែងធ្វើការ

Leave a Reply

Your email address will not be published. Required fields are marked *