វិធី​សាស្រ្ត​ចំនួន ៥ ដើម្បីគ្រប់គ្រង​ទម្លាប់​អាក្រក់​របស់​បុគ្គលិក​

ទម្លាប់ ( កិ. ) ធ្វើ​ឲ្យ​ធ្លាប់, ឲ្យ​ថ្នឹក : ទម្លាប់​ខ្លួន, ទម្លាប់​ចិត្ត, ទម្លាប់​ដៃ, ទម្លាប់​មាត់ ។ល។ ( ន. ) ការ​ដែល​ធ្លាប់, លំអាន​ដែល​ធ្លាប់​តែ​មាន​មក : ទម្លាប់​ចាស់​បុរាណ; ធ្វើ​តាម​ទម្លាប់​ពី​មុន​មក; មាន​ទម្លាប់​ពី​នាយ​មក ។ល។

មេដឹកនាំ​ក្រុមហ៊ុន​ និង​អ្នកគ្រប់គ្រង​ភាគច្រើន​សព្វថ្ងៃ​នេះ ​កំពុងតែ​ជួប​បញ្ហា​លំបាក​មួយ​ចំពោះ​ការ​ខ្ជះខ្ជាយ​ពេលវេលា​របស់​បុគ្គលិក​ ឬការ​មិន​យកចិត្ត​ទុកដាក់​បង្ហើយ​កិច្ចការ​ទៅតាម​ពេលកំណត់​។ បញ្ហា​មាន​តាំងពី​ការ​មកដល់​កន្លែង​ធ្វើការ​យឺត​ ការរវល់​លេង​បណ្តាញ​សង្គម​ និង​មូលហេតុ​ជាច្រើន​រាប់មិនអស់​ទៀត​។

ទោះជាយ៉ាងណា​ បើ​លោកអ្នក​អនុវត្ត​តាម​គន្លឹះ​ខាងក្រោម​ លោកអ្នក​នឹង​កាត់បន្ថយ​មូលហេតុ​បាន​ច្រើន​៖

១. ផ្តល់​ជម្រើស​ឱ្យ​បុគ្គលិក​ដោះស្រាយ​បញ្ហា​ដោយខ្លួនឯង​

សូម​ពិចារណា​រក​ពេល​ចរចា​ជាមួយ​បុគ្គលិក​តាមរយៈ​ការ​ផ្តល់​ជម្រើស​ច្រើន​ដល់​គេ​ គឺ​លោកអ្នក​នឹង​ត្រូវ​កាត់ប្រាក់ខែ​ដែលគេ​មកយឺត​រាល់ថ្ងៃ​ ឬពេល​ដែលគេ​ចំណាយ​លើ​ការ​លេង​បណ្តាញ​សង្គម​ ឬមួយ​គេ​សុខចិត្ត​មក​ទៀងទាត់​ម៉ោង​និង​យកចិត្ត​ទុកដាក់​ធ្វើការ​ឱ្យ​បាន​ពេញលេញ​។ បើ​អាច​ទៅរួច​ លោកអ្នក​គួរតែ​ធ្វើ​ឱ្យ​គេ​ក្លាយជា​ចៅហ្វាយនាយ​ដោយខ្លួនឯង​ ហើយ​ប្រាប់​ឱ្យ​គេ​បង្កើត​ដំណោះស្រាយ​ផ្ទាល់ខ្លួន​។ ការ​ធ្វើបែប​នេះ​ជា​ការ​ប្រគល់​ភាពជា​ម្ចាស់ការ​ដល់​បុគ្គលិក​។

២. ជួយ​អភិវឌ្ឍ​គោលដៅ​ក្នុង​ជីវិត​របស់​បុគ្គលិក​

អ្នកជំនាញ​ខាង​ចិត្តវិទ្យា​ Robert​ Cialdini​ និយាយ​ថា​មធ្យោបាយ​មួយ​ដើម្បី​បង្កើត​ឥទ្ធិពល​លើ​មនុស្ស​គឺ​ត្រូវ​អារម្មណ៍​នៃ​ការ​ជួយគ្នា​ទៅវិញទៅមក​។ លោកអ្នក​អាច​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ផ្ទាល់ខ្លួន​ឬបញ្ហា​ក្នុង​គ្រួសារ​របស់​គេ​ បន្ទាប់មក​គេ​នឹង​មាន​អារម្មណ៍​ចង់​ជួយ​ចូលរួម​ដោះស្រាយ​បញ្ហា​ក្រុមហ៊ុន​ដែរ​។ ការគ្រប់គ្រង​មនុស្ស​ស្ថិតនៅ​លើ​ការ​ភ្ជាប់​ទំនាក់ទំនង​។ បើ​លោកអ្នក​ដាក់ខ្លួន​នៅក្នុង​ស្ថានការណ៍​របស់​គេ​ដើម្បី​យល់ដឹង​បញ្ហា​របស់​គេ​ គេ​នឹង​ចង់​យល់​ពី​លោកអ្នក​វិញ​ ហើយ​បរិយាកាស​ការងារ​នឹង​មាន​ភាព​រីករាយ​ច្រើន​ជា​ការ​បង្ខិតបង្ខំ​គ្នា​ទៅវិញទៅមក​។

៣. និយាយ​ឱ្យ​ចំ​បញ្ហា​

ជា​ញឹកញាប់​ពេក​ណាស់​ អ្នកគ្រប់គ្រង​ឆ្លើយតប​បញ្ហា​តូចតាច​ក្នុង​របៀប​ពីរ​យ៉ាង​ គឺ​យើង​សម្តែង​ការ​ហួសចិត្ត​ ឬនាំ​យក​រឿង​នោះ​ទៅ​ប្រាក់​ថ្នាក់ដឹកនាំ​កំពូល​ក្នុង​ស្ថាប័ន​ឱ្យ​ជួយ​ដោះស្រាយ​។ ទោះជាយ៉ាងណា​ សម្រាប់​បញ្ហា​តូចតាច​ដែល​កើតឡើង​ជាប្រចាំ​នៅក្នុង​ការិយាល័យ​ មធ្យោបាយ​ដំបូង​និង​សាមញ្ញ​បំផុត​គឺ​ត្រូវ​បង្កើត​វិន័យ​និង​ឆ្លើយតប​ឱ្យ​ចំ​បញ្ហា​តែម្តង​។ បើ​បុគ្គលិក​ណា​ម្នាក់​មក​ធ្វើការ​យឺត​រាល់ថ្ងៃ​ លោកអ្នក​ត្រូវ​ប្រាប់​គេ​ថា​លោកអ្នក​បាន​កត់សម្គាល់​ឃើញ​បែប​នោះ​។ ការ​និយាយត្រង់​បែបនេះ​អាច​ឱ្យ​គេ​ពន្យល់​ហេតុផល​សមរម្យ​ណាមួយ​បើ​គេ​មាន​ និង​ជា​ឱកាស​ឱ្យ​គេ​បាន​កែខ្លួន​។

៤. រក​ចំណុច​ភ្ជាប់​មនុស្ស​ និង​បញ្ហា​

នៅក្នុង​ការសិក្សា​មួយ​ ក្រុម​អ្នកស្រាវជ្រាវ​សួរ​សំណួរ​មួយ​ដោយ​ប្រើ​របៀប​ពីរ​ខុសគ្នា​ គឺ​គេ​សួរ​ថា​តើ​ការបោះឆ្នោត​នៅ​ថ្ងៃស្អែក​នេះ​មាន​សារៈសំខាន់​យ៉ាងណា​ចំពោះ​អ្នក​? និង​សួរ​ថា​តើ​ការ​ធ្វើជា​អ្នកបោះឆ្នោត​នៅ​ថ្ងៃស្អែក​នេះ​មាន​សារៈសំខាន់​យ៉ាងណា​? សំណួរ​ទីពីរ​ធ្វើ​ឱ្យ​អ្នកឆ្លើយ​មើលឃើញ​សារៈសំខាន់​របស់​ខ្លួន​គេ​ច្រើនជាង​សំណួរ​ទីមួយ​ ហើយ​ធ្វើ​ឱ្យ​គេ​ចង់​ចូលរួម​បោះឆ្នោត​ច្រើនជាង​។ ការ​យក​បញ្ហា​មក​ឆ្លុះបញ្ចាំង​មើលក្នុង​របៀប​ផ្សេង​និង​រក​វិធី​ធ្វើ​យ៉ាងណា​ឱ្យ​បុគ្គលិក​មើលឃើញ​តួនាទី​របស់​គេ​សំខាន់​ចំពោះ​ការងារ​ដូច​មេដឹកនាំ​ ឬជា​គំរូ​ នឹង​នាំទៅរក​ការ​រំពឹង​ខ្ពស់​ជាង​ធម្មតា​។

៥. ប្រើ​ប្រាស់​ខ្នាតវាស់​ឥទ្ធិពល​

នៅពេល​បុគ្គលិក​នៅតែ​បន្ត​លេង​បណ្តាញ​សង្គម​ក្នុង​ពេលធ្វើការ​ បើ​ទោះជា​លោកអ្នក​បាន​និយាយ​ជាមួយ​ច្បាស់លាស់​ហើយ​ លោកអ្នក​គួរតែ​រក​មធ្យោបាយ​បញ្ហា​ឱ្យ​ឃើញថា​ឥរិយាបថ​របស់​គេ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ក្រុមហ៊ុន​។ លោកអ្នក​ត្រូវ​បំបែក​ប្រាក់ខែ​របស់​បុគ្គលិក​នោះ​ទៅតាម​នាទី​ រួចហើយ​បង្ហាញ​គេ​ថា​ការ​ចំណាយពេល​លេង​បណ្តាញ​សង្គម​ដោយ​មិនដឹង​ខ្លួន​របស់​គេ​ស្មើនឹង​តម្លៃ​ប៉ុន្មាន​នៃ​ប្រាក់ខែ​ដែលគេ​បាន​ទទួល​ពី​ក្រុមហ៊ុន​។ ការ​សម្រាយ​ឥរិយាបថ​មិនល្អ​ទៅជា​រង្វាស់​ដែល​អាច​មើលឃើញ​យ៉ាង​ងាយ​នឹង​ធ្វើ​ឱ្យ​បុគ្គលិក​ចាប់ផ្តើម​ពិចារណា​ក្នុង​របៀប​ត្រឹមត្រូវ​។

ប្រភព​យោង៖

  • វចនានុក្រមខ្មែរ
  • គេហទំព័រ Entrepreneur​

អត្ថបទទាក់ទង

គន្លឹះ​ប្រកបដោយ​ប្រសិទ្ធភាពចំនួន ៥ ​ក្នុង​ការគ្រប់គ្រង​ឥរិយាបថ​បុគ្គលិក​ឆ្នើម​

 

Leave a Reply

Your email address will not be published.