វិធីសាស្រ្តក្នុងការ​ប្រុងប្រៀបអាជីវកម្ម​ និងបុគ្គលិកសម្រាប់​អនាគត​នៃ​ការងារ​

នៅ​ត្រឹម​ឆ្នាំ២០៣០​ កម្លាំង​ពលកម្ម​សកល​ដែល​ត្រូវ​ប្រើប្រាស់​មនុស្ស​ប្រហែល ៣,៥ ពាន់​លាន​នាក់​ អាច​នឹង​ត្រូវ​ដឹកនាំ​ដោយ​ពលកម្ម​ចំណេះដឹង​ និង​ជំនាញ​ផ្លាស់​ប្តូរ​ដែល​ធ្វើការ​ជាមួយ​ប្រាជ្ញា​សិប្បនិម្មិត​។

ការវិវត្តបច្ចេកវិទ្យានៃបដិវត្តឧស្សាហកម្មទី៤ នឹងបង្កើតឱ្យមានប្រភេទការងារថ្មីៗ ហើយក៏នឹងបណ្តាលឱ្យបាត់បង់ការងាររបស់យុវជនផងដែរ ប្រសិនបើពួកគេមិនទទួលបានការបណ្តុះបណ្តាលជំនាញទ្បើងវិញ និងបង្កើនសមត្ថភាពជំនាញឱ្យស៊ីចង្វាក់ជាមួយតម្រូវការទីផ្សារ។

ការសិក្សាមួយរបស់អង្គការ ILO ក្នុងឆ្នាំ២០១៦ ស្តីពីអនាគតនៃការងារដែលប្រឈមនឹងហានិភ័យស័្វយប្រវត្តិកម្ម បានបង្ហាញថា ៥៦% នៃការងារសរុបនៅក្នុងប្រទេសអាស៊ានចំនួន ៥ នឹងប្រឈមហានិភ័យខ្ពស់ទៅនឹងការធ្វើស្វ័យប្រវត្តិកម្ម ក្នុងរយៈពេល ២ ទសវត្សរ៍ ខាងមុខ ក្នុងនោះប្រទេសកម្ពុជាមានអត្រា ៥៧% ឥណ្ឌូនេស៊ី ៥៦% ហ្វីលីពីន ៤៩% ថៃ ៤៤% និងវៀតណាម ៧០%។ យោងតាមរបាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីការអង្កេតអនាគតនៃការងារ នៅឆ្នាំ២០១៨ ការរីកចម្រើននៃបច្ចេកវិទ្យានេះ មិនទាន់បណ្តាលឱ្យមានការកាត់បន្ថយការងារជាទូទៅនៅទ្បើយនោះទេ។ ខណៈការផ្លាស់ប្តូរនេះ ធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានលើវិស័យមួយចំនួន ប៉ុន្តែវាក៏បានបង្កើតការងារថ្មីៗជាច្រើនដោយផ្ទាល់ និងដោយប្រយោលនៅក្នុងវិស័យ និងមុខរបរផ្សេងៗផងដែរ។

កន្លែង​ធ្វើការ​នៃ​សតវត្ស​ទី២០ នឹង​លែង​មានប្រសិទ្ធភាព​ទៀតហើយ​។ កិច្ចការ​ភាគច្រើន​ដែល​ធ្វើ​ដោយ​កម្លាំង​មនុស្ស ​និង​ដៃ​មនុស្ស ​នឹង​លែង​ត្រូវការ​។ អនាគត​នៃ​ការងារ​ ពឹងផ្អែក​លើ​ពិភព​បច្ចេកវិទ្យា​។ ក្រុមហ៊ុន Amazon​ បាន​ប្រកាស​ថា​ គេ​មាន​គម្រោង​ចាយ​លុយ ៧០០ លាន​ដុល្លារ​ ដើម្បី​បណ្តុះបណ្តាល​អ្នកធ្វើការ ១០០​,០០០ នាក់​ ក្នុង​សហរដ្ឋអាមេរិក​នៅ​ត្រឹម​ឆ្នាំ២០២៥​ ដោយ​ជួយ​រុញច្រាន​អ្នកធ្វើការ​ទាំងនោះ​ទៅ​រក​ជំនាញ​កាន់តែ​ខ្ពស់​។ ហេតុអ្វី​ក៏​ចាំបាច់​ចាយ​លុយ​ច្រើនបែប​នេះ​? ពីព្រោះ​ក្រុមហ៊ុន​ Amazon​ បាន​ទទួលយក​ការពិត​ដែល​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​ និង​ការងារ​ស្វ័យប្រវត្តិ​ នឹង​ចូល​មក​ជំនួស​ការងារ​ភាគច្រើន​បច្ចុប្បន្ន​នេះ​។

សាលា​ពាណិជ្ជកម្ម​នៃ​សកលវិទ្យាល័យ Harvard​ ជួយ​ជ្រោមជ្រែង​តម្រូវការ​សម្រាប់​គំនិត​ផ្តួចផ្តើម​របៀប​នេះ​ ដោយ​បញ្ជាក់​ថា​ពាណិជ្ជកម្ម​ប្រឈម​នឹង​ភាព​មិន​ច្បាស់លាស់​យ៉ាង​ធំ​ដោយសារ​កម្លាំង​ផ្លាស់​ប្តូរ​ជាច្រើន​ដែល​ត្រូវ​ប្រុងប្រៀប​សម្រាប់​អនាគត​នៃ​ការងារ​។

សំណួរ​សួរ​ថា​ តើ​យើង​អាច​ជួយ​អ្នកធ្វើការ​ដោយ​របៀបណា​ដើម្បី​បត់បែន​ និង​រីកចម្រើន​នៅក្នុង​បរិស្ថាន​ថ្មីនេះ​? តើមាន​យុទ្ធ​សាស្រ្ត​ និង​ដំណោះស្រាយ​អ្វី​សម្រាប់​កម្លាំង​ពលកម្ម​នៃ​អនាគត​?

ឥទ្ធិពល​នៃ​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ប្រាជ្ញា​សិប្បនិម្មិត ​និង​ការ​រៀន​តាម​ម៉ាស៊ីន​ ទំនងជា​នឹង​ធ្វើ​ឱ្យ​មាន​ភាព​ផ្លាស់​ប្តូរ​សម្រាប់​អនាគត​ការងារ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ ​គឺ​មេដឹកនាំ​ក្រុមហ៊ុន​ និង​ម្ចាស់​ពាណិជ្ជកម្ម​ត្រូវ​ចាប់ផ្តើម​ប្រុងប្រៀប​ខ្លួន​ និង​បុគ្គលិក​សម្រាប់​អនាគត​ចាប់ពី​ពេលនេះ​ទៅ​។

១. បំភ្លេច​គំនិត​ចង់ឱ្យ​បុគ្គលិក​ទាំងអស់​មក​ធ្វើការ​ជុំគ្នា​

គំនិតល្អ​ដែល​ត្រូវ​ពិចារណា​ គឺ​ការរៀបចំ​គំរូ​ពាណិជ្ជកម្ម​របស់​លោកអ្នក​ឡើងវិញ​ ដើម្បី​ទទួលយក​បុគ្គលិក​ដែល​ធ្វើការ​ពី​ចម្ងាយ​។ ទេពកោសល្យ​ល្អ​បំផុត​ មិន​ចាំបាច់​ត្រូវតែ​មាននៅ​ជុំវិញ​ទីតាំង​មួយ​ជាក់លាក់​ទេ​។ ទេពកោសល្យ​ទាំងអស់​ អាច​មាននៅ​ក្នុង​ក្រុង​ ឬប្រទេស​ផ្សេង​ៗ ដែល​ធ្វើការ​ច្នៃប្រតិដ្ឋ​គ្រប់បែបយ៉ាង​។ នៅក្នុង​ការស្ទង់មតិ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ចំនួន ៦,៥០០ នាក់ ​ទូទាំង​ពិភពលោក​ មាន ៤០​% ឆ្លើយ​ថា​គេ​រំពឹង​ចង់បាន​បុគ្គលិក​ធ្វើការ​ឯករាជ្យ​ដើម្បី​បង្កើន​កម្លាំង​ការងារ​ក្នុង​ស្ថាប័ន​របស់​គេ​។

២. ប្រុងប្រៀប​កម្លាំង​ការងារ​មនុស្ស​ឱ្យ​សហការ​ជាមួយ​បច្ចេកវិទ្យា

ការសិក្សា​មួយ​ពី​ World​ Economic​ Forum​ បាន​រក​ឃើញថា​ ក្នុង​ពេល​ដែល​ការងារ​ចំនួន៧៥លាន​កន្លែង​អាច​នឹង​ត្រូវ​បាត់បង់​នៅ​ត្រឹម​ឆ្នាំ២០២២​ ដោយសារតែ​ការទន្ទ្រាន​ពី​ម៉ាស៊ីន​ និង​ប្រាជ្ញា​សិប្បនិម្មិត​ របត់​ថ្មីនេះ​ក៏​ត្រូវ​គេ​រំពឹង​ថា​នឹង​បង្កើត​តួនាទី​ការងារ​ថ្មី​ប្រហែល ១៣៣ លាន ​កន្លែង​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់គឺ​ត្រូវ​កត់សម្គាល់​ថា​ ការងារ​ទាំងអស់​នោះ​នឹង​ត្រូវ​បញ្ចូល​តួ​នា​ទី​ថ្មី​ៗ និង​ការ​វិវត្ត​នៃ​តួនាទី​ដែល​មានស្រាប់​។ ជំហាន​ល្អ​ គឺ​ត្រូវ​បណ្តុះបណ្តាល​បុគ្គលិក​ឱ្យ​គិតថា​ប្រាជ្ញា​សិប្បនិម្មិត​មិនមែន​គ្រាន់តែ​ជា​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ទេ​ ប៉ុន្តែ​នៅក្នុង​ករណី​ខ្លះ​ វា​អាច​ជា​មិត្ត​រួមការ​ងារ​ទៀតផង​។

៣. បណ្តុះបណ្តាល​បុគ្គលិក​តាមរយៈ​ការ​លេងកម្សាន្ត​

ដោយសារ​ទិដ្ឋភាព​នៃ​ពាណិជ្ជកម្ម​របស់​លោកអ្នក​បត់បែន​ទៅតាម​បច្ចេកវិទ្យា​និង​របត់​សង្គម​ ការ​អភិវឌ្ឍ​ និង​ការ​បណ្តុះបណ្តាល​របស់​លោកអ្នក​ ក៏​ត្រូវតែ​បត់បែន​ជានិច្ច​ដែរ​។ ការ​បណ្តុះបណ្តាល​តាមរយៈ​ការ​លេងកម្សាន្ត​ អាច​ជួយ​បង្រៀន​ និង​រក្សា​បុគ្គលិក​ទាំង​ផ្នែក​ប្រាជ្ញា​ និង​អារម្មណ៍​។ ការ​បណ្តុះបណ្តាល​របៀប​នេះ​ អាច​ធ្វើ​ឱ្យ​ដំណើរ​នៃ​ការ​រៀន​កាន់តែ​មាន​ភាព​ងាយស្រួល​ និង​រហ័ស​សម្រាប់​បុគ្គលិក​។

៤. បង្កើត​ប្រវត្តិរូប​នៅ​លើ​អ៊ី​នធឺណេ​ត ជាជាង​នៅ​លើ​ក្រដាស​

សូម​ពិចារណា​តម្រូវ​ឱ្យ​បេក្ខភាព​បុគ្គលិក​ទាំងអស់​មាន​ប្រវត្តិរូប​ដែល​បង្ហាញ​ជំនាញ​ និង​បទពិសោធន៍​របស់​គេ​នៅ​លើ​អ៊ី​នធឺ​ណេ​ត។ សូមស្វែង​រក​សក្តា​នុ​ពល​បុគ្គលិក​ដែល​បង្ហាញ​វត្តមាន​ និង​សកម្មភាព​ច្រើន​នៅ​លើ​វេទិកា​ទំនាក់ទំនង​សង្គមវិជ្ជា​ជីវៈ​ ដូចជា LinkedIn​។ វត្តមាន​នៅ​តាម​បណ្តាញ​សង្គមវិជ្ជា​ជីវៈ​បែបនេះ​ ជា​សញ្ញា​បង្ហាញថា​គេ​បាន​ទទួលយក​ចំណែក​មួយ​នៃ​កម្លាំង​ពលកម្ម​នៅ​តាម​អ៊ី​នធឺ​ណេ​តដែល​ជា​ឆ្អឹងខ្នង​នៃ​ពាណិជ្ជកម្ម​អនាគត​។

សូមបញ្ជាក់ថា ដោយបានយល់ឃើញអំពីបញ្ហាប្រឈមនៃអនាគតការងារ និងសក្តានុពលផ្នែកប្រជាសាស្ត្ររបស់កម្ពុជា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ សំដៅធានាកំណើនសេដ្ឋកិច្ចខ្ពស់និងប្រកបដោយចីរភាព តាមរយៈការទាញយកប្រយោជន៍ពីកាលានុវត្តភាព នៅក្នុងតំបន់ចាប់យកបច្ចេកវិទ្យាថ្មីៗ និងចាប់យកឱកាស ក៏ដូចជាជម្នះរាល់ផលអវិជ្ជមាននៃបដិវត្តឧស្សាហកម្មទី៤ ព្រមទំាងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងគោលដៅឈានទៅសម្រេចបានឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ នៅឆ្នាំ២០៥០ ចំណុចនេះរាជរដ្ឋាភិបាលបានផ្តោតជាពិសេសលើអាទិភាព ដូចខាងក្រោម៖

  • ការអភិវឌ្ឍធនធានមនុស្ស រួមមាន៖ ការពង្រឹងគុណភាពវិស័យអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ និងការពង្រឹងសមភាពយេនឌ័រ និងការគំាពារសង្គម។
  • ការធ្វើពិពិធកម្មសេដ្ឋកិច្ច រួមមាន៖ ការកែលម្អប្រព័ន្ធទ្បូជីស្ទីក ការលើកកម្ពស់ការតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមពល និងឌីជីថល ការអភិវឌ្ឍប្រភពកំណើនសេដ្ឋកិច្ចគន្លឹះ និងថ្មីៗ ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងការឆ្លើយតបនឹងបដិវត្តឧស្សាហកម្មទី៤ និងការជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងធនាគារ។
  • ការអភិឌ្ឍវិស័យឯកជន និងការងារ រួមមាន៖ ការអភិវឌ្ឍទីផ្សារការងារ ការលើកស្ទួយសហគ្រាសធុនតូចនិងមធ្យម និងសហគ្រិនភាព ការរៀបចំ និងអនុវត្តភាពជាដៃគូវិស័យសាធារណៈ និងឯកជន និងការពង្រឹងការប្រកួតប្រជែង។

ប្រភព​យោង៖

  • គេហទំព័រ Entrepreneur
  • ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

អត្ថបទទាក់ទង

អនាគតនៃការងារ គឺនៅគ្រប់ទីកន្លែង និងធ្វើបានគ្រប់ពេលវេលា

Leave a Reply

Your email address will not be published.