លក្ខណៈ​សំខាន់​ចំនួន ៧ ​ដែល​មេដឹកនាំ​ខ្លាំងពូកែ​ត្រូវតែ​មាន

តើន​រណា​ជា​មេដឹកនាំ​? តើ​លោកអ្នក​កំណត់​ដឹង ​និង​បែងចែក​មេដឹកនាំ​ពី​កូនចៅ​ដោយ​របៀបណា​? បើ​មើលតាម​សម្បក​ក្រៅ​ ភាព​ខុសគ្នា​មាន​លក្ខណៈ​ច្បាស់​ណាស់​ គឺ​មេដឹកនាំ​ជា​មនុស្ស​ដែល​ដឹកនាំ​ ហើយ​កូនចៅ​គេ​ជា​មនុស្ស​ដែល​ដើរតាម​គេ​។ ទោះជាយ៉ាងណា​ អត្ថន័យ​ពិត​មាន​ភាព​ស៊ីជម្រៅ​ជាង​និយមន័យ​សាមញ្ញ​នេះ​។

មេដឹកនាំ មានន័យថា អ្នកគ្រប់គ្រង ឬអ្នកដឹកនាំផ្លូវ អ្នកឈានមុខគេ ធ្វើជាគំរូគេលើគ្រប់សកម្មភាពទាំងពួងតាំងពីការដេក ដើរ ឈរ អង្គុយ និយាយ ស្តាប់ គិត ដែលយើងនិយាយថាដឹកមុខគេ។ ភាពជាអ្នកដឹកនាំសំដៅទៅលើការដឹកនាំ ទៅរកផ្លូវល្អផ្លូវដែលត្រឹមត្រូវមិនបំផ្លាញផលប្រយោជន៍ជាតិ ឬសង្គម និងមានចក្ខុវិស័យត្រឹមត្រូវ។

មនុស្ស​គ្រប់គ្នា​នៅក្នុង​មុខតំណែង​ជា​មេដឹកនាំ ​សុទ្ធតែ​អាច​ដឹកនាំ​បាន​។ ប៉ុន្តែ​មុខតំណែង​មិន​អាច​ធ្វើ​ឱ្យ​មនុស្ស​ក្លាយជា​មេដឹកនាំ​ពិតប្រាកដ​បានទេ​។ ដើម្បី​ក្លាយទៅជា​មេដឹកនាំ​ខ្លាំងពូកែ​ មនុស្សម្នាក់​ត្រូវតែ​មាន​លក្ខណ​សម្បត្តិ​មួយចំនួន​។ ខាងក្រោម​នេះ​ជា​លក្ខណៈ​សំខាន់​មួយចំនួន​ដែល​មេដឹកនាំ​ខ្លាំងពូកែ​ត្រូវតែ​មាន​៖

១. មហិច្ឆតា​ និង​ការ​ប្តេជ្ញា​ចិត្ត​

ការងារ​របស់​មេដឹកនាំ​មិនមែន​គ្រាន់តែ​ធ្វើការ​ឱ្យ​រួចរាល់​តាម​ពេលកំណត់​នោះ​ទេ​។ ការងារ​របស់​មេ​ដឹ​នាំ​ត្រូវតែ​មាន​មហិច្ឆតា​និង​ការ​ប្តេជ្ញា​ចិត្ត​ដែរ​។ មេដឹកនាំ​ជា​មនុស្សម្នាក់​ដែល​មាន​មហិច្ឆតា​ចំពោះ​ការងារ​របស់​គេ​ និង​ប្តេជ្ញា​ចិត្ត​គ្រប់គ្រាន់​ដើម្បី​សម្រេច​បាន​លទ្ធផល​វិជ្ជមាន​។ ការ​ប្តេជ្ញា​ចិត្ត​កម្រិតខ្ពស់​ជា​រឿង​ដែល​ត្រូវតែ​មាន​ដើម្បី​បណ្តុះ​ទំនួល​ខុសត្រូវ​ក្នុង​ក្រុមការងារ​។

២. សមត្ថភាព​ក្នុង​ការគ្រប់គ្រង​

យើង​តែងតែ​ឮថា​មេដឹកនាំ​ខ្លាំងពូកែ​ច្រើនតែ​មាន​ប្រវត្តិ​ចេញពី​មនុស្ស​ដែល​ប្រឹងប្រែង​ធ្វើការ​។ ដោយសារ​មនុស្ស​ពូកែ​ធ្វើការ​យល់​គោលនយោបាយ​របស់​ក្រុមហ៊ុន​ ស្គាល់​ផលិតផល​ឬសេវាកម្ម​ច្បាស់​ និង​ច្រើនតែ​ជា​មនុស្ស​ដែល​មិន​ខ្លាច​ការងារ​លំបាក​ យើង​អាច​យល់​បាន​ថា​ហេតុអ្វីបានជា​មនុស្ស​ទូទៅ​និយាយ​បែបនេះ​។ ទោះបី​ការ​ប្រឹងប្រែង​ជា​លក្ខណៈ​សំខាន់​ ក៏​មិនមែន​បុគ្គលិក​ដែល​ពូកែ​ធ្វើការ​ទាំងអស់​សុទ្ធតែ​មាន​ភាពជា​អ្នកដឹកនាំ​នោះ​ទេ​។ សមត្ថភាព​លើកទឹកចិត្ត​ បង្ហាត់បង្រៀន​ និង​ដឹកនាំ​អ្នកដទៃ​មាន​សារៈសំខាន់​ជាង​ការ​ប្រឹងប្រែង​ធ្វើការ​ដើម្បី​តែខ្លួន​ឯង​។

៣. ស្មារតី​ស្វាហាប់​

មនុស្សម្នាក់​ក្លាយជា​មេដឹកនាំ​ ដោយសារ​គេ​មាន​មហិច្ឆតា ​និង​ភាព​ស្វាហាប់​ចំពោះ​កិច្ចការ​។ គេ​ស្រឡាញ់​ការងារ​ដែលគេ​ធ្វើ​ ហើយ​គេ​ព្យាយាម​បណ្តុះ​មហិច្ឆតា​កម្រិត​ដូចគ្នា​ក្នុង​មនុស្សដទៃ​។ បើ​ទោះជា​គេ​មិនបាន​តាំងចិត្ត​បណ្តុះ​មហិច្ឆតា​ក្នុង​មនុស្សដទៃ​ ក៏​ថាមពល​វិជ្ជមាន​របស់​គេ​នៅតែ​អាច​ចម្លង​ទៅ​មនុស្ស​ជុំវិញ​ខ្លួន​គេ​ដែរ​។ បើ​ទោះជា​ភាព​ស្វាហាប់​តែ​ម្យ៉ាង​មិន​អាច​ជំនួស​លក្ខណៈ​ផ្សេងទៀត​នៃ​ភាពជា​អ្នកដឹកនាំ​ ក៏អាច​ជួយ​ធ្វើ​ឱ្យ​មេដឹកនាំ​ទទួល​បាន​ជោគជ័យ​បាន​ដែរ​បើ​រួមបញ្ចូល​ជាមួយ​លក្ខណ​សម្បត្តិ​ផ្សេងទៀត​។

៤. ជំនាញ​ទំនាក់ទំនង​

សមត្ថភាព​ដើម្បី​ទាក់ទង​បាន​ល្អជា​ជំនាញ​មួយ​ដែល​មានតម្លៃ​ មិន​ត្រឹមតែ​សម្រាប់​បុគ្គលិក​ទេ​ ប៉ុន្តែ​ក៏​សម្រាប់​មេដឹកនាំ​ដែរ​។ ច្បាស់​ណាស់​ មនុស្ស​ដែល​អាច​បង្ហាញ​គំនិត​ និង​ ឬទស្សនវិស័យ​របស់​គេ​ប្រកបដោយ​ប្រសិទ្ធភាព​ជា​មនុស្ស​ដែល​នឹង​មើលឃើញ​លទ្ធផល​វិជ្ជមាន​។ ដោយសារ​ជំនាញ​ទំនាក់ទំនង​ជា​លក្ខណៈ​សំខាន់​ មេដឹកនាំ​ត្រូវ​ចេះ​របៀប​ប្រើប្រាស់​ជំនាញ​នេះ​ដើម្បី​លើកទឹកចិត្ត​និង​ដឹកនាំ​ក្រុមការងារ​។ ចំណុច​ដែល​គួរ​ចងចាំ​គឺថា​ជំនាញ​ទំនាក់ទំនង​មិនមែន​ស្ថិតនៅ​ត្រង់​តែ​ការ​និយាយ​ម្យ៉ាង​ទេ​ ប៉ុន្តែ​ក៏​ត្រូវ​មានការ​ស្តាប់​ដែរ​។

៥. ទំនួល​ខុសត្រូវ​ចំពោះខ្លួន​ឯង​

បើ​មាន​កិច្ចការ​អ្វីមួយ​មិន​អាច​ប្រព្រឹត្តទៅ​បាន​ដូច​គម្រោង​ មេដឹកនាំ​ត្រូវតែ​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទទួលខុសត្រូវ​។ ឥរិយាបថ​បែបនេះ​ នឹង​ធ្វើ​ឱ្យ​ក្រុមការងារ​មើលឃើញ​កំហុស​របស់​ខ្លួនឯង​ ព្រមទាំង​បង្កើត​បាន​អារម្មណ៍​ទទួលខុសត្រូវ​បាន​យ៉ាង​ល្អ​។ គេ​នឹង​ប្រឹងប្រែង​ធ្វើការ​កាន់តែ​ប្រសើរ​ឡើង​។ សូម​ចងចាំ​ថា​ការ​រិះ​គន់​ដដែល​ៗបាន​ត្រឹមតែ​ធ្វើ​ឱ្យ​បុគ្គលិក​បាក់ទឹកចិត្ត​បុ​ណ្ណោះ​។ ដូច្នេះ​មេដឹកនាំ​ត្រូវ​ដឹង​ថា​ពេលណា​គួរ​សរសើរ ​និង​ពេលណា​គួរ​រិះគន់​។

៦. ការ​បង្ហាញ​ភាព​សុចរិត​

ភាព​សុចរិត​ជា​ទង្វើ​ស្មោះត្រង់​ និង​របៀប​ដែល​មនុស្សម្នាក់​អាច​ក្លាយជា​មេដឹកនាំ​ល្អ​។ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ អៃសុិនហោវើ (D. Eisenhower)​ ធ្លាប់​និយាយ​ថា​ “លក្ខណ​សម្បត្តិ​កំពូល​នៃ​ភាពជា​អ្នកដឹកនាំ​ គឺ​សុចរិត​ភាព​ដែល​ឥតមន្ទិល​។” ការ​មាន​សុចរិត​ភាព ​និង​ភាព​ស្មោះត្រង់​ ជា​លក្ខណៈ​សំខាន់​បំផុត​នៃ​ភាពជា​អ្នកដឹកនាំ​ ដោយ​វា​ជា​ជួយ​ឱ្យ​មនុស្សម្នាក់​ហ៊ាន​ប្រកាន់​ជំហរ​ដែលគេ​ជឿជាក់​លើ​។ មេដឹកនាំ ​មិន​គួរ​មានលទ្ធភាព​ក្នុង​ការ​ជ្រើសរើស​ថា​ពេលណា​ត្រូវ​កុហក ​និង​ពេលណា​ត្រូវ​និយាយ​ការពិត​នោះ​ទេ​។

៧. គំនិត​ច្នៃប្រតិដ្ឋខ្ពស់​

កត្តា​ដែល​បែងចែក​មេដឹកនាំ​ពី​កូនចៅ ​គឺ​មេដឹកនាំ​មាន​ទស្សនវិស័យ ​និង​គំ​និ​តច្នែ​ប្រតិដ្ឋ​ខ្ពស់​ដើម្បី​សម្រេច​បាន​លទ្ធផល​ដែល​មនុស្ស​ទូទៅ​គិត​មិនដល់​។ ស្ថាបនិក​ក្រុមហ៊ុន Apple​ លោក ស្ទីវ ចបស៍ (Steve​ Jobs)​ បាន​និយាយ​ថា​ «គំនិត​ច្នៃប្រឌិត​ជា​កត្តា​បែងចែក​មេដឹកនាំ​និង​កូនចៅ​។» ការ​មានគំនិត​ច្នៃប្រឌិត​តែ​ម្យ៉ាង​នៅ​មិនទាន់​គ្រប់គ្រាន់​ទេ​ គឺ​មេដឹកនាំ​ត្រូវតែ​ត្រៀមខ្លួន​ដើម្បី​ប្រែក្លាយ​ស្មារតី​ច្នៃប្រឌិត​នោះ​ទៅជា​កិច្ចការ​ឬស្នាដៃ​អ្វីមួយ​។ នេះ​ជា​លក្ខណ​សម្បត្តិ​ពិតប្រាកដ​មួយ​របស់​មេដឹកនាំ​ដែល​តែងតែ​រុញច្រាន​គេ​ឱ្យ​គិត​លើស​ពី​មនុស្ស​ទូទៅ​។

ប្រភព​៖ Addicted2success​


អត្ថបទទាក់ទង

អន្ទាក់​ទាំង​ ៥ ដែលអ្នក​ត្រូវ​ចៀសវាង ដើម្បី​សម្រេចចិត្ត​ឲ្យបាន​ល្អ​

Leave a Reply

Your email address will not be published.