រូបមន្ដចងចិត្តបុគ្គលិកចំនួន ៥ ដែលផ្នែកគ្រប់គ្រង ឬម្ចាស់អាជីវកម្មមិនគួរមើលរំលង

ជាការពិតណាស់ មិនថានៅកម្ពុជា ឬនៅបរទេសនោះទេ បុគ្គលិក គឺជាស្នូលនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន។ កាលណាក្រុមហ៊ុនសម្បូរធនធានមនុស្ស និងបុគ្គលិកឆ្នើម នោះប្រាកដជាមានការរីកចម្រើនខ្លាំង និងទទួលបានទិន្នផលជាបន្ដបន្ទាប់។ តែធ្វើយ៉ាងណាទៅ ទើបអាចយកឈ្នះចិត្តបុគ្គលិក និងរក្សាពួកគេកុំឲដើរចេញពីក្រុមហ៊ុន?

បុគ្គលិកឈប់ច្រើន អាចបណ្ដាលមកពីកត្តាជាច្រើន អាចថាជាកត្តាការងារ បរិយាកាសក្រុមហ៊ុន ក្រុមការងារ និងកត្តាផ្ទាល់ខ្លួនរបស់បុគ្គល ក៏ប៉ុន្តែវាអាចប៉ះពាល់ដល់ប្រតិបត្តិការផ្ទៃក្នុងរបស់ក្រុមហ៊ុន។​ ដើម្បីបញ្ចៀសបុគ្គលិកលាឈប់ដោយសារកត្តាបរិយាកាសការងារក្រុមហ៊ុន ដូច្នេះយើងសូមចែករំលែកនូវរូបមន្ដចងចិត្តបុគ្គលិកមួយចំនួនដែលផ្នែកគ្រប់គ្រង ឬម្ចាស់អាជីវកម្មមិនគួរមើលរំលង៖

១. ផ្តល់ឱកាសដល់បុគ្គលិកបង្ហាញពីតម្រូវការរបស់ពួកគេ

អ្នកគ្រប់គ្រង ឬម្ចាស់អាជីវកម្ម អាចធ្វើការសាកសួរពីការចង់បានរបស់បុគ្គលិក ដើម្បីផ្ដល់នូវអ្វីមួយឲ្យចំតម្រូវការរបស់ពួកគេជាជាងអ្នកគ្រប់គ្រងអង្គុយគិតថាធ្វើយ៉ាងម៉េចទើបបុគ្គលិកសប្បាយចិត្ត ចុះហេតុអ្វីបានជាមិនសួរបុគ្គលិកតែម្តងទៅ? បន្ទាប់មកយកសំណូមពរមកពិចារណា ថាធ្វើបានឬអត់។ ការធ្វើរបៀបនេះ យ៉ាងហោចណាស់ក៏ធ្វើឲ្យបុគ្គលិកមានអារម្មណ៍ថាសំឡេងរបស់ពួកគេត្រូវបានថ្នាក់ដឹកនាំដឹងឮដែរ។ ចំណេញទាំងពេល និង កម្លាំង ហើយគ្រប់គ្នារីករាយទៀត!​

២. ផ្តល់រង្វាន់លើកទឹកចិត្ត

ក្រុមហ៊ុន និងស្ថាប័នជាច្រើន អនុវត្តវិធីមួយនេះ ដោយមានជាការផ្តល់ជាប្រាក់រង្វាន់ ឬ ពានរង្វាន់ដែលភ្ជាប់មកជាមួយថវិកា លិខិតទទួលស្គាល់ដល់បុគ្គលិកដែលខិតខំធ្វើការ ឬធ្វើការបានយូរ ដើម្បីបង្ហាញថាការខំប្រឹងរបស់គេពិតជាត្រូវបានមើលឃើញ។ ចូរកុំយល់ថាការចង់បានរង្វាន់លើកទឹកចិត្តជាការលោភលន់ ព្រោះមនុស្សយើងនរណាក៏ចង់បានការទទួលស្គាល់ដែរ។

៣. រៀបចំកន្លែងការងារជាកន្លែងដែលគួរឲ្យចង់ទៅ

ការរៀបចំ ឬ គ្រប់គ្រងសណ្ដាប់ធ្នាប់កន្លែងធ្វើការឲ្យមានរបៀប ផាសុកភាព មានសម្ភារគ្រប់គ្រាន់ និង ដំណើរការល្អ អាចធ្វើឲ្យបុគ្គលិកម្នាក់ៗចូលចិត្ត។ បើកន្លែងធ្វើការគ្មានសណ្ដាប់ធ្នាប់អាចប៉ះពាល់ទាំងការធ្វើការ និង សុខភាពរបស់បុគ្គលិកទៀតផង។

៤. ការគ្រប់គ្រង និងការបែងចែកតួនាទី

អ្នកគ្រប់គ្រង គួរធ្វើការរៀបចំបែងចែកការងារ និង ផ្ដល់សិទ្ធិសម្រេចចិត្តជាក់លាក់ណាមួយទៅកាន់បុគ្គលិកដើម្បីងាយស្រួលក្នុងការអនុវត្តការងារផ្សេងៗ និងធ្វើឲ្យពួកគាត់មានអារម្មណ៍ថាជាផ្នែកមួយសំខាន់នៃស្ថាប័ន។

៥. ទុកឱកាសឲ្យបុគ្គលិកបានអភិវឌ្ឍខ្លួន

ក្នុងស្ថាប័នមួយមានផ្នែកជាច្រើន ដែលអាចឲ្យបុគ្គលិកអាចអភិវឌ្ឍខ្លួន ដើម្បីទទួលបាននូវចំណេះដឹង និងជំនាញកាន់តែច្រើនជាងមុន ហើយបើអាចគួរផ្ដល់តំណែងណាមួយដែលល្អជាងមុនក្នុងស្ថាប័នក៏រឹតតែល្អ។

ជារួមមក​ ចំណុចទាំងប៉ុន្មានខាងលើនេះ ជាការយល់ឃើញមួយជ្រុងដែលកើតចេញពីការស្វែងយល់ពីកន្លែងការងារភាគច្រើន ហើយសង្ឃឹមថាវាអាចជួយជាផ្នែកមួយដល់អ្នកក្នុងការគ្រប់គ្រងបុគ្គលិក ជាពិសេសរក្សាបុគ្គលិកល្អ បុគ្គលិកឧស្សាហ៍ឲ្យធ្វើការឲ្យបានយូរ។


អត្ថបទទាក់ទង

វិធីសាស្រ្តចំនួន ១០ ដើម្បីយកឈ្នះចិត្តបុគ្គលិក និងរក្សាពួកគេកុំឲដើរចេញពីក្រុមហ៊ុន

Leave a Reply

Your email address will not be published.