យុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាពចំនួន ៤ ដែលអាចជួយជំរុញទឹកចិត្តម្ចាស់ពាណិជ្ជកម្ម

ពាណិជ្ជកម្មទាំងអស់ តែងតែមានពេលឡើង និងពេលចុះរបស់វា។ ទោះជាយ៉ាងណា សហគ្រិនទាំងអស់ ប្រាថ្នាចង់ឱ្យពាណិជ្ជកម្មរកប្រាក់ចំណូលបានខ្ពស់ និងជោគជ័យ។ តែគួរឱ្យស្តាយដែលពាណិជ្ជកម្មថ្មីត្រូវការពេលច្រើនឆ្នាំមុននឹងទទួលបានផលចំណេញទ្រង់ទ្រាយធំ។ ក្នុងនាមជាម្ចាស់ពាណិជ្ជកម្ម ប្រហែលលោកអ្នកមានអារម្មណ៍បាក់ទឹកចិត្តក្នុងការរង់ចាំឱ្យពាណិជ្ជកម្មឈរជើងបានល្អ ដោយសារលោកអ្នកត្រូវចំណាយពេលច្រើនខែដោយមិនទទួលបានលទ្ធផលអ្វីទាំងអស់។ ពេលខ្លះ បញ្ហានេះធ្វើឱ្យលោកអ្នកចង់បោះបង់ព្យាយាមចោលក៏មានដែរ។

តើលោកអ្នកជឿជាក់លើគំនិតពាណិជ្ជកម្មរបស់ខ្លួនឯងទេ? បើមែន លោកអ្នកមិនគួរបោះបង់ព្យាយាមចោលពាក់កណ្តាលផ្លូវទេ។ បើលោកអ្នកមានស្ថេរភាពហិរញ្ញវត្ថុដើម្បីបន្តដំណើរពាណិជ្ជកម្មទៅមុខទៀត លោកអ្នកគួរតែប្រឹងប្រែងទៅមុខឱ្យបានកាន់តែវែងឆ្ងាយ។ ពាណិជ្ជកម្មខ្លះ ត្រូវការពេលវេលាច្រើនជាងពាណិជ្ជកម្មខ្លះទៀតដើម្បីទទួលបានប្រយោជន៍មកវិញ។ លោកអ្នកគ្រាន់តែត្រូវការកម្លាំងចិត្តបន្ថែមប៉ុណ្ណោះ ដើម្បីសម្រេចបានជោគជ័យ។

ការលើកទឹកចិត្ត ជាកត្តាដ៏សំខាន់មួយដែលជួយឲ្យការដឹកនាំ និងការអនុវត្តការងារទទួលបានជោគជ័យ។ លើសពីនេះទៅទៀត ការលើកទឹកចិត្ត ក៏អាចជំរុញឲ្យបុគ្គលិកមានឆន្ទៈបំពេញការងារប្រកបដោយការផ្ដួចផ្ដើម ការទទួលខុសត្រូវ និងការតស៊ូ ដើម្បីសម្រេចបាននូវលទ្ធផលតាមគោលដៅដែលបានគ្រោងទុក។

បញ្ហាចម្បង គឺថាតើលោកអ្នកត្រូវធ្វើដូចម្តេចដើម្បីរក្សាកម្លាំងចិត្តឱ្យនៅបានខ្ពស់ជានិច្ចក្នុងនាមជាម្ចាស់ពាណិជ្ជកម្ម? ខាងក្រោមនេះ ជាយុទ្ធសាស្រ្តមួយចំនួនដែលលោកអ្នកអាចយកទៅអនុវត្តបាន៖

១. បង្កើតគោលដៅ

ម្ចាស់ពាណិជ្ជកម្មច្រើនតែបាត់បង់កម្លាំងចិត្តនៅពេលណាដែលគេមិនបានបង្កើតគោលដៅសម្រាប់ខ្លួនឯង។ បើលោកអ្នកមិនមានគោលដៅអ្វីមួយដើម្បីធ្វើការឆ្ពោះទៅរកទេ តើលោកអ្នកទទួលបានកម្លាំងចិត្តដើម្បីធ្វើការបានដោយរបៀបណា? លោកអ្នកមិនអាចរំពឹងចង់ឱ្យពាណិជ្ជកម្មទទួលបានជោគជ័យបានទេ បើលោកអ្នកមិនដឹងថាខ្លួនឯងចង់សម្រេចបានអ្វីឱ្យច្បាស់លាស់។

មានគោលដៅបីប្រភេទដែលត្រូវបង្កើតឡើង។ លោកអ្នកអាចបង្កើតគោលដៅរយៈពេលខ្លី គោលដៅរយៈពេលមធ្យម និងគោលដៅរយៈពេលយូរ។ គោលដៅរយៈពេលខ្លីគួរតែមានពេលចន្លោះពី២សប្តាហ៍ទៅ២ខែដើម្បីសម្រេច។ គោលដៅមធ្យមគួរតែមានរយៈពេលចន្លោះពី១២ទៅ២៤ខែដើម្បីសម្រេច។ ហើយគោលដៅវែងគួរតែមានរយៈពេលយូរជាង២៤ខែដើម្បីសម្រេចបាន។

២. ជៀសវាងកិច្ចការដែលខ្ជះខ្ជាយពេលវេលា

ការខ្ជះខ្ជាយពេលវេលាជារឿងងាយធ្វើណាស់នៅក្នុងពេលសព្វថ្ងៃនេះ។ យើងមានទូរស័ព្ទទំនើប មានកុំព្យូទ័រ និងឧបករណ៍រក្សាទំនាក់ទំនងគ្រប់ពេលជាមួយមនុស្សគ្រប់ទីកន្លែងក្នុងពិភពលោក។ លោកអ្នកអាចមើលទូរទស្សន៍ ខ្សែភាពយន្ត ឬស្តាប់ចម្រៀងនិងភ្លេងគ្រប់ប្រភេទនិងគ្រប់ពេលទាំងអស់។ គួរឱ្យស្តាយដែលឧបករណ៍និងសកម្មភាពកម្សាន្តគ្មានព្រំដែនទាំងអស់នេះអាចដាក់កម្រិតផលិតភាពរបស់មនុស្សដែលគ្មានវិន័យបាន។

បើលោកអ្នកយល់ថាខ្លួនឯងមើលវីដេអូឥតប្រយោជន៍ច្រើនពេក ឬមើលបណ្តាញសង្គមច្រើនម៉ោងដោយគ្មានគោលដៅអ្វី ប្រហែលដល់ពេលដែលត្រូវផ្តាច់ខ្លួនចេញពីសកម្មភាពទាំងអស់នេះខ្លះហើយ។ ពេលក្រោកពីព្រឹកភ្លាម លោកអ្នកគួរតែធ្វើខ្លួនឱ្យមានផលិតភាពភ្លាមដែរ ហើយត្រូវបន្តផលិតភាពនោះរហូតដល់ពេលចូលគេងវិញ។

៣. រក្សាកំណត់ត្រានៃស្នាដៃដែលសម្រេចបាន

តើលោកអ្នកធ្លាប់យល់ថាខ្លួនឯងប្រឹងប្រែងធ្វើការរហូតដោយគ្មានបានទទួលរង្វាន់អ្វីមកវិញទេ? នេះជាអារម្មណ៍របស់សហគ្រិនជើងថ្មីភាគច្រើននៅពេលគ្រប់គ្រងពាណិជ្ជកម្ម។ កុំបណ្តោយឱ្យអារម្មណ៍នេះស៊ីថាមពលនិងកម្លាំងចិត្តរបស់លោកអ្នក ដោយសារមានស្នាដៃមួយចំនួនដែលលោកអ្នកមិនបានកត់សម្គាល់។ រក្សាកំណត់ហេតុនៃស្នាដៃទាំងអស់ដែលលោកអ្នកសម្រេចបាន ទោះជាតូចឬធំយ៉ាងណាក៏ដោយ។ នៅពេលពាណិជ្ជកម្មរបស់លោកអ្នកលក់ដាច់អ្វីខ្លះនៅថ្ងៃទីមួយ ត្រូវកត់ត្រាទុក។ នៅពេលលោកអ្នកទទួលបានយោបល់វិជ្ជមានលើកទីមួយពីអតិថិជន ត្រូវកត់ត្រាទុក។ តាមរយៈការកត់ត្រាស្នាដៃទាំងអស់នេះទុក លោកអ្នកនឹងកត់សម្គាល់ឃើញបែបផែននៃសមិទ្ធផលរបស់ខ្លួនឯង ហើយនិងមានកម្លាំងចិត្តដើម្បីបន្តធ្វើការទៅមុខទៀត។

៤. រក្សាបរិស្ថានវិជ្ជមាន

ភាពអវិជ្ជមានជាឃាតកបំផ្លាញកម្លាំងចិត្ត។ លោកអ្នកមិនអាចរក្សាកម្លាំងចិត្តបាន និងរីកមច្រើនក្នុងនាមជាបុគ្គលម្នាក់បានទេប្រសិនបើលោកអ្នកមានមនុស្សអវិជ្ជមានច្រើននៅជុំវិញខ្លួន។ ចំណុចមួយនេះសំដៅលើទាំងបរិស្ថានក្នុងផ្ទះនិងបរិស្ថានក្នុងកន្លែងធ្វើការ។ បើលោកអ្នកមានបុគ្គលិកដែលមិនសូវប្តេជ្ញាចិត្តធ្វើការឱ្យអស់ពីសមត្ថភាពទេ លោកអ្នកត្រូវរកមធ្យោបាយជម្រុះគេចោលឱ្យបានឆាប់។ បរិស្ថានវិជ្ជមាន ធ្វើឱ្យលោកអ្នកមានអារម្មណ៍ស្វាហាប់កាន់តែច្រើន ដូច្នេះលោកអ្នកនឹងប្រឹងប្រែងកាន់តែខ្លាំង។ នេះជាកិច្ចការដែលលោកអ្នកគួរតែប្រឹងប្រែងដើម្បីសម្រេចឱ្យបាននៅក្នុងពាណិជ្ជកម្ម និងជីវិត។

ប្រភព៖ Addicted2success


អត្ថបទទាក់ទង

គន្លឹះធ្វើទីផ្សារចំនួន ៥ របស់បិតាផ្សព្វផ្សាយពាណិជ្ជកម្មលោក ដេវីដ អូហ្គីវលី  (David Ogilvy)

Leave a Reply

Your email address will not be published.