យុទ្ធសាស្រ្តចំនួន ៣ ដើម្បីផ្តល់កម្លាំងចិត្តដល់ក្រុមការងារ
ចំណង់របស់មនុស្សមានច្រើនរាប់មិនអស់ និងមានលក្ខណៈខុសគ្នាពីម្នាក់ទៅម្នាក់។ ក្រៅពីអាហារ លំនៅស្ថាន និងគ្រឿងបិតបាំងរាងកាយដែលជាមូលដ្ឋានគ្រឹះនៃតម្រូវការចាំបាច់ មនុស្សត្រូវការរបស់មួយទៀតក្នុងការតតាំងនឹងជីវិតរស់នៅប្រចាំថ្ងៃ ហើយនោះគឺជាកម្លាំងចិត្ត។ កម្លាំង ឬថាមពលជំរុញចិត្ត ត្រូវបានបែងចែកជាពីរ ទីមួយ គឺចេញពីអ្វីដែលមាននៅក្នុងមនុស្សខ្លួនឯងផ្ទាល់ និង ទីពីរ គឺទទួលរងឥទ្ធិពលពីពិភពខាងក្រៅ មិនថាជាមនុស្សដូចគ្នា សត្វ ធម្មជាតិ ឬរបស់ផ្សេងៗ ។ល។
ជាការពិតណាស់ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាពជឿជាក់ និងការផ្តល់កម្លាំងចិត្តពីមជ្ឈដ្ឋាននៅជុំវិញខ្លួន ក្រុមគ្រួសារ មិត្តភក្តិ និងជាពិសេសពីមនុស្សដែលខ្លួនស្រលាញ់ គឺជាធាតុផ្សំដែលមិនអាចខ្វះបានសម្រាប់ការប្រជែងយកជោគជ័យក្នុងជីវិតរបស់មនុស្ស។
ទោះជានៅក្នុងឧស្សាហកម្មអ្វី ឬក្រុមការងារមានទំហំប៉ុនណាក៏ដោយ ក៏ការធ្វើជាមេដឹកនាំគេមិនមែនជារឿងងាយស្រួលទេ។ លោកអ្នកត្រូវធ្វើជាអ្នកផ្តល់ប្រឹក្សាផង ជាអ្នកដាក់វិន័យផង និងជាប្រភពនៃការផ្តល់កម្លាំងចិត្តផងក្នុងពេលជាមួយគ្នា។ ការស្វែងរកតុល្យភាពរវាងតួនាទីទាំងអស់នេះ តម្រូវឱ្យមានទស្សនវិស័យជាយុទ្ធសាស្រ្តច្បាស់លាស់ និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រាជ្ញាអារម្មណ៍របស់លោកអ្នក។
លោកអ្នកអាចផ្លាស់ប្តូរបុគ្គលិកបានមែន ប៉ុន្តែលោកអ្នកមិនអាចជំនួសបណ្តុំជំនាញរបស់មនុស្សម្នាក់ៗបានទេ។ នៅក្នុងសេដ្ឋកិច្ចចំណេះដឹងសព្វថ្ងៃនេះ បុគ្គលិកនៅតែជាធនធានសំខាន់បំផុតរបស់ក្រុមហ៊ុនដដែល។ កិច្ចការសំខាន់បំផុតមួយដែលលោកអ្នកអាចធ្វើបានក្នុងនាមជាមេដឹកនាំ គឺត្រូវបង្ហាញបុគ្គលិករបស់លោកអ្នកឱ្យយល់រឿងនេះ ក៏ដូចជាគុណតម្លៃដែលគេផ្តល់ឱ្យក្រុមហ៊ុន ហើយលោកអ្នកមានជំនឿចិត្តលើបណ្តុំជំនាញរបស់ពួកគេ និងរំពឹងចង់បានលទ្ធផលខ្ពស់។
ការកំណត់ការរំពឹងខ្ពស់ មិនត្រឹមតែជំរុញកម្លាំងចិត្តបុគ្គលិកប៉ុណ្ណោះទេ ប៉ុន្តែការរំពឹងនោះក៏ជួយលោកអ្នកទទួលបានលទ្ធផលល្អបំផុតពីការងាររបស់ពួកគេដែរ។ នៅទីបំផុតទៅ ជោគជ័យរបស់ក្រុមការងារក៏ជាជោគជ័យរបស់លោកអ្នកដែរ។ ខាងក្រោមនេះ ជាគន្លឹះមួយចំនួនដើម្បីផ្តល់កម្លាំងចិត្តដល់ក្រុមការងារ និងជួយក្រុមហ៊ុនទាំងមូលរបស់លោកអ្នកឱ្យទទួលបានជោគជ័យ៖
១. ជួយបុគ្គលិកឱ្យបង្កើតមាគ៌ាអាជីព
បុគ្គលិកកម្រពេញចិត្តតែនៅក្នុងការមកបង្ហាញវត្តមានក្នុងកន្លែងការងារ និងរង់ចាំទទួលបា្រក់ណាស់។ គេចង់ដឹងថាគេកំពុងតែរៀនសូត្រ និងរីកចម្រើនក្នុងការងារ គឺគេចង់ធ្វើឱ្យប្រាកដថាការងាររបស់ពួកគេមានគោលដៅច្បាស់លាស់។ យោងតាមការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍអាជីព ជាមូលហេតុចម្បងមួយនៃការបម្រើការងារបស់បុគ្គលិកភាគច្រើន។
សូមបង្ហាញឱ្យបុគ្គលិកឃើញថាលោកអ្នកយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍរបស់ពួកគេតាមរយៈការចូលរួមសន្ទនាអំពីគោលដៅអាជីពរបស់ពួកគេ ទាំងនៅក្នុងឱកាសប្រជុំវាយតម្លៃប្រចាំឆ្នាំ និងនៅក្នុងឱកាសជួបនិយាយគ្នាលេងក្រៅផ្លូវការ។
តើលោកអ្នកគួរតែធ្វើអ្វីខ្លះនៅក្នុងពេលជួបសន្ទនាជាមួយបុគ្គលិក? ដំបូង ត្រូវប្រើប្រាស់ប្រាជ្ញាអារម្មណ៍ និងយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់បុគ្គលិក និងការឆ្លើយតបរបស់គេចំពោះលោកអ្នក។ សូមធ្វើឱ្យប្រាកដថា បុគ្គលិករបស់លោកអ្នកដឹងថា ជោគជ័យក្នុងអាជីពរបស់ពួកគេ ស្ថិតនៅក្នុងអាទិភាពចម្បងរបស់លោកអ្នក។ បន្ទាប់មក លោកអ្នកអាចនឹងចែករំលែកគោលដៅរបស់លោកអ្នកជាមួយនឹងពួកគេ រួចហើយសួរអំពីគោលដៅរបស់ពួកគេ។ តាមរយៈការបង្ហាញអំពីគោលដៅបែបនេះ លោកអ្នកកំពុងតែបង្ហាញការទុកចិត្ត និងជួយពួកគេឱ្យមានអារម្មណ៍ជឿជាក់លើលោកអ្នក។
២. ចាប់យកឱកាសដើម្បីរៀនសូត្រ
សូមលើកទឹកចិត្តបុគ្គលិកឱ្យរៀនសូត្រពីបទពិសោធការងារ ទាំងល្អ និងអាក្រក់។ ចំណុចមួយនេះ ប្រហែលតម្រូវឱ្យមានការជួយបុគ្គលិកណាដែលលោកអ្នកសម្គាល់ឃើញថាចង់អភិវឌ្ឍខ្លួនជាមុន។ អ្នកជំនាញណែនាំថា បុគ្គលិកតែងតែរងសម្ពាធពីពេលវេលាក្នុងការងាររហូតដល់មិនបានកំណត់អាទិភាពចំពោះការរៀនសូត្ររផ្ទាល់ខ្លួនរបស់គេ។ ក្នុងនាមជាមេដឹកនាំ លោកអ្នកអាចចាប់ផ្តើមតាមរយៈការជួយក្រុមការងាររៀនមេរៀនសំខាន់ៗពីបទពិសោធន៍ការងាររបស់ពួកគេ។
មេដឹកនាំ គួរតែរំឮកបុគ្គលិកឱ្យឧស្សាហ៍ពិចារណាអំពីកិច្ចការណាដែលប្រព្រឹត្តទៅល្អ កិច្ចការណាដែលមានដំណើរការមិនល្អ និងរបៀបដែលពួកគេអាចធ្វើឱ្យបានប្រសើរជាងនេះនៅក្នុងពេលអនាគត។ លោកអ្នកអាចគូសបង្ហាញឱកាសរៀនប្រចាំថ្ងៃទាំងអស់នេះ ហើយកំណត់ពេលជួបប្រជុំគ្នាប្រចាំសប្តាហ៍ ឬប្រចាំខែក្នុងគោលបំណងពិចារណាអំពីមេរៀនជាជាងគិតតែប្រជុំរឿងការងារ។
ការកំណត់ដឹង និងការឆ្លើយតបទៅនឹងបទពិសោធរៀនសូត្រទាំងនេះ មានឥទ្ធិពលខ្លាំងណាស់ ដោយសារវាជួយបង្កើតវប្បធម៌រៀនសូត្រនៅក្នុងក្រុមការងារ។ បន្ថែមពីលើនេះ លោកអ្នកត្រូវផ្តល់ធនធានសម្រាប់បន្តការរៀនសូត្រឱ្យបានគ្រប់ពេល។ ជំនួសបន្ថែមនេះ អាចមានទម្រង់ជាការរៀបចំជួលអ្នកជំនាញពីខាងក្រៅមកបណ្តុះបណ្តាល ឬជាការចេញថ្លៃវគ្គសិក្សាណាដែលបុគ្គលិកចង់រៀនសូត្របន្ថែមដោយខ្លួនឯង។
៣. រក្សាមិត្តភាព
បុគ្គលិកចង់មានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយនឹងមិត្តរួមការងាររបស់គេ នេះជាការបញ្ជាក់ក្នុងការសិក្សាស្រាវជ្រាវ។ បន្ថែមពីលើនេះ មិត្តភាពនៅក្នុងកន្លែងការងារ ក៏ជួយនាំទៅរកលទ្ធផលការងារកាន់តែប្រសើរដែរ។ នៅពេលបុគ្គលិកមានអារម្មណ៍ស្និទ្ធស្នាលជាមួយនឹងមិត្តរួមការងារ ពួកគេចង់ធ្វើសកម្មភាពវិជ្ជមាន ដើម្បីជាប្រយោជន៍ដល់ពាណិជ្ជកម្មទាំងមូល។
ដើម្បីជួយបង្កើតមិត្តភាពនៅក្នុងកន្លែងធ្វើការ លោកអ្នកត្រូវផ្តល់ពេលគ្រប់គ្រាន់សម្រាប់ក្រុមការងារប្រាស្រ័យទាក់ទងគ្នាក្នុងពេលធ្វើការ។ លោកអ្នកអាចនឹងកំណត់ពេល ១៥ នាទី ដើម្បីសម្រាកពីការងារ ឬរៀបចំកម្មវិធីទទួលទានអាហារសម្រន់ ឬភេសជ្ជៈនៅក្នុងកន្លែងធ្វើការ។ បុគ្គលិកភាគច្រើន ត្រូវការពេលវេលាជួបជុំគ្នាក្នុងរបៀបក្រៅផ្លូវការ ដើម្បីបង្កើតបរិយាកាសស្និទ្ធស្នាល។
លទ្ធភាពសម្រាប់ទំនាក់ទំនងសង្គម មានមិនខ្វះទេក្នុងពេលបច្ចុប្បន្ននេះ។ លោកអ្នកអាចរៀបចំកម្មវិធីជួបជុំដោយផ្ទាល់នៅក្នុងកន្លែងធ្វើការ ឬរៀបចំកម្មវិធីជួបជុំនៅក្រៅកន្លែងធ្វើការជាលក្ខណៈគ្រួសារ ឬមួយក៏បង្កើតឱកាសរក្សាទំនាក់ទំនងនៅលើបណ្តាញសង្គម។ លោកអ្នកត្រូវរក្សាវប្បធម៌ក្រុមហ៊ុនក្នុងចិត្ត និងលើកកម្ពស់ប្រភេទនៃសកម្មភាពដែលលោកអ្នកគិតថាមានប្រយោជន៍ច្រើនដល់ក្រុមការងារ។
អត្ថបទទាក់ទង
កូនសោដឹកនាំចំនួន ៣ ដើម្បីជួយគាំទ្រក្រុមរបស់អ្នកក្នុងពេលមានវិបត្តិ