ម៉ូដែលនៃការអភិវឌ្ឈកម្មវិធីជាលក្ខណៈ Agile (ទាញយកគំរូជាកម្មវិធី Excel ដោយឥតគិតថ្លៃ)

Agile ទាក់ទងនឹង ឬបង្ហាញពីវិធីសាស្រ្តនៃការគ្រប់គ្រងគម្រោង ដែលត្រូវបានប្រើជាពិសេសសម្រាប់ការអភិវឌ្ឍន៍កម្មវិធី ដែលត្រូវបានកំណត់លក្ខណៈដោយការបែងចែកភារកិច្ចទៅជាដំណាក់កាលខ្លីៗនៃការងារ និងការវាយតម្លៃឡើងវិញជាញឹកញាប់ និងការសម្របខ្លួននៃផែនការ។ ជាទូទៅ វដ្តមួយ មានរយៈពេលប្រហែលពីមួយទៅបីសប្តាហ៍។ ក្នុងវដ្ដនីមួយៗ មានការសហការគ្នារវាងក្រុមដែលទទួលខុសត្រូវលើមុខងារផ្សេងៗគ្នា ដែលផ្ទុយពី Waterfall ដែលផ្តោតលើមុខងារមួយមុខក្នុងមួយដំណាក់កាល។ រូបខាងលើ បង្ហាញពីការប្រើប្រាស់ម៉ូដែល Waterfall និង Agile នៅលើគម្រោងមួយ។ នៅក្នុងវដ្ដនីមួយៗ នៃម៉ូដែល Agile កិច្ចការផ្សេងៗគ្នាត្រូវធ្វើក្នុងពេលតែមួយ។ ត្រឹមតែបញ្ចប់វដ្ដដំបូងប៉ុណ្ណោះ អ្នកអភិវឌ្ឍន៍ អាចមានកម្មវិធីមួយដែលអាចបង្ហាញដល់អតិថិជនរួចទៅហើយ បើទោះជាវានៅមិនទាន់គ្រប់លក្ខណៈក៏ដោយ។

លក្ខណៈពិសេសមួយនៃម៉ូដែល Agile គឹវាមិនទាមទារឲ្យមានការធ្វើផែនការសម្រាប់ការអភិវឌ្ឍក្នុងពេលខាងមុខលម្អិតពេកនោះទេ។ ជាទូទៅ ផែនការដែលគ្រោងទុកសម្រាប់ពេលខាងមុខ គឺត្រឹមតែមុខងារដែលគេត្រូវធ្វើប៉ុណ្ណោះ។ អ្នកអភិវឌ្ឍន៍ អាចសម្របទៅតាមការប្រែប្រួលនៃតម្រូវការកម្មវិធីបានល្អ ព្រោះគេអាចបន្ថែមបន្ថយ កែសម្រួលកិច្ចការនានានៅវដ្ដខាងមុខបាន។ ជាលទ្ធផល កម្មវិធីដែលផលិតបានដោយប្រើប្រាស់ម៉ូដែល Agile មិនសូវមានបញ្ហានោះទេ ព្រោះវាត្រូវបានឆ្លងកាត់ការធ្វើតេស្តយ៉ាងញឹកញាប់តាមវដ្ដនីមួយៗ។  ជាមួយនឹង Agile អ្នកអភិវឌ្ឍន៍ មិនចាំបាច់ចំណាយពេលច្រើនក្នុងការចងក្រងឯកសារនោះទេ ព្រោះគេអាចទំនាក់ទំនងផ្ទាល់ជាមួយអ្នកអតិថិជនដើម្បីយល់កាន់តែច្បាស់ពីតម្រូវការនៃកម្មវិធី។

គោលគំនិតសំខាន់ៗនៃ Agile

  • បុគ្គល និងការទំនាក់ទំនង៖ អ្នកអភិវឌ្ឍន៍ដែលប្រើប្រាស់ម៉ូដែល Agile ត្រូវមានការរៀបចំខ្លួនឲ្យបានល្អ ដោយហេតុថាគេអាចនឹងធ្វើការសហការគ្នាជាមួយអ្នកដទៃ។
  • កម្មវិធីដែលអាចដំណើរការបាន៖ ការប្រើប្រាស់កម្មវិធីដែលអាចដំណើរការបាន ដែលត្រូវយកមកបង្ហាញ និងប្រាស្រ័យទាក់ទងជាមួយនឹងអតិថិជនដោយផ្ទាល់ គឺជាមធ្យោបាយដ៏មានប្រសិទ្ធិភាពមួយក្នុងការបង្កើតកម្មវិធីដែលត្រូវនឹងតម្រូវការរបស់អតិថិជន ដែលប្រសើរជាងការពឹងផ្អែកតែលើឯកសារ។
  • ការសហការពីអតិថិជន៖ ជារឿងមួយដែលសឹងតែមិនអាចទៅរួច ដែលអ្នកអភិវឌ្ឍន៍អាចទទួលបានតម្រូវការដ៏ជាក់លាក់នៃគម្រោងមួយ ដោយគ្រាន់តែចួបជាមួយអតិថិជនលើកដំបូង។ ការពិគ្រោះជាមួយអតិថិជនញឹកញាប់ ជារឿងសំខាន់មួយដែលអាចធ្វើឲ្យអ្នកអភិវឌ្ឍន៍ច្បាស់ថាគេកំពុងធ្វើអ្វីដែលត្រឹមត្រូវ។
  • ឆ្លើយតបទៅនឹងការប្រែប្រួល៖ ម៉ូដែលមួយនេះ បានផ្តោតសំខាន់ទៅលើភាពងាយស្រួលក្នុងផ្លាស់ប្តូរ និងការអភិវឌ្ឍន៍បន្ត។

ទាញយកគំរូកម្មវិធី Agile ជា Excel ៖ Agile-Project-Plan-Template


 

Leave a Reply

Your email address will not be published. Required fields are marked *