បង្កើនផលិតភាពការងាររបស់អ្នក ជាមួយនឹងគន្លឹះសំខាន់ៗទាំង៣នេះ
ផលិតភាព គឺជាលទ្ធផលដែលអ្នកទទួលបានពីអ្វីដែលអ្នកធ្វើ ដូច្នេះហើយផលិតភាព ពិតជាសំខាន់ណាស់ក្នុងជីវិតរស់នៅសព្វថ្ងៃ។ យោងតាម ឯកឧត្តម បណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល បានលើកឡើងថា “ផលិតភាព គឺជាការធ្វើការប្រកបដោយភាពឆ្លាតវៃ និងមានប្រសិទ្ធភាព មិនធ្វើការកាន់តែលំបាកទេ។ លើសពីនេះ យើងត្រូវចាប់ផ្តើមពីខ្លួនយើងម្នាក់ៗក្នុងការផ្លាស់ប្តូរឥរិយាបទមិនល្អ ឬទម្លាប់អាក្រក់ចេញ ការប្រើប្រាស់ទស្សនបែបវិជ្ជមាននៅកន្លែងធ្វើការ។”
ដើម្បីលើកកម្ពស់ផលិតភាព ឯកឧត្តម បានផ្តល់អនុសាសន៍បីចំណុចគឺ៖
- លើកទឹកចិត្តដល់បុគ្គលិកឲ្យចូលរួម លក្ខខណ្ឌការងារល្អ
- ការចូលរួមដោយសកម្មដោយអ្នកគ្រប់គ្រង
- ត្រូវប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើការកាន់តែឆ្លាតវៃ (ពេជ្រ សោភ័ណ, ២០១៩)
ដើម្បីសម្រេចកិច្ចការឲ្យបានផលច្រើន អ្នកចាំបាច់ត្រូវតែផ្តោតទៅលើចំណុចសំខាន់ៗ ចំនួន៣ ខាងក្រោមនេះ៖
១. គំនិត
ដើម្បីបង្កើនផលិតភាព អ្នកប្រហែលជាត្រូវមានអារម្មណ៍ល្អ ហើយកិច្ចការដែលខុសៗគ្នា ប្រហែលជាទាមទារឲ្យអារម្មណ៍របស់អ្នកខុសៗគ្នាដែរ។ លើសពីនេះទៅទៀត ការកត់ត្រានូវកិច្ចការដែលអ្នកត្រូវធ្វើមិនត្រឹមតែសន្សំពេលវេលា ថែមទាំងកាត់បន្ថយស្ត្រេស។
២. ពេលវេលា
ជាទូទៅ មនុស្សមិនសូវពូកែធ្វើកិច្ចការជាច្រើនក្នុងពេលតែមួយនោះទេ។ ដូច្នេះហើយ ការរៀបចំពេលវេលា គឺពិតជាមានសារៈសំខាន់ណាស់ ប្រសិនជាអ្នកចង់បង្កើនផលិតភាពក្នុងការងារ។ តាមការសិក្សារបស់សាកលវិទ្យាល័យ Califonia បានរកឃើញថា ”មនុស្សត្រូវការពេល ២៥នាទី ដើម្បីផ្តោតអារម្មណ៍វិញក្រោយការរំខានអ្វីមួយ។” ដូច្នេះហើយ ដើម្បីជៀសវាងបញ្ហានេះ អ្នកគួរតែមានគម្រោងច្បាស់លាស់។
៣. កន្លែង
កន្លែងនៅទីនេះសំដៅទៅលើបរិយាកាសដែលនៅជុំវិញអ្នក។ ទីតាំងដែលអ្នកអង្គុយធ្វើការពិតជាប៉ះពាល់ដល់ផលិតភាពរបស់អ្នក។ ក្រុមហ៊ុនជាច្រើនបានតុបតែងការិយាល័យបែបធម្មជាតិ ដោយសង្ឃឹមថាវានឹងជួយកាត់បន្ថយស្ត្រេសរបស់បុគ្គលិកបានល្អប្រសើរ។
ឯកសារយោង៖
Entrepreneur.Asia Pacific
សន្និសីទស្តីពី “យុទ្ធសាស្ត្រផលិតភាពសម្រាប់កម្ពុជា-ការត្រួសត្រាយផ្លូវសម្រាប់ការប្រកួតប្រជែងជាសកល” ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩
អត្ថបទទាក់ទង
វិធីសាស្រ្តសំខាន់ៗ ចំនួន ៧ ដើម្បីប្រើប្រាស់ពេលវេលាប្រកបដោយប្រសិទ្ឋភាព