ទំនាក់ទំនង ៣ ប្រភេទ ដែលជួយរក្សាអាជីវកម្មបានល្អ
បុគ្គលគ្រប់រូបនៅក្នុងគ្រប់សង្គមទាំងអស់ មានទំនាក់ទំនងច្រើនប្រភេទខុសៗគ្នាដូចជា ទំនាក់ទំនងជាមួយសមាជិកគ្រួសារ មិត្តភក្តិ សហការី អ្នកជិតខាង មនុស្សស្គាល់គ្នា មិត្តប្រុស មិត្តស្រី គ្រូបង្រៀន និងមនុស្សផ្សេងៗទៀត។ ទំនាក់ទំនងអន្តរបុគ្គល គឺជាទំនាក់ទំនង ចំណង ឬការបញ្ចូលគ្នាក្នុងសង្គមរវាងមនុស្សពីរ ឬច្រើននាក់ ដែលជាផ្នែកមួយដ៏សំខាន់នៃភាពសប្បាយរីករាយ និងអាចបំពេញតម្រូវការផ្សេងៗខាងផ្នែកសញ្ចេតនា សង្គម រាងកាយ បញ្ញា និងសេដ្ឋកិច្ច។
នៅក្នុងសង្គមដែលមានទំនាក់ទំនងមិនដាច់នេះ លោកអ្នកប្រហែលយល់ថាយើងមានជំនាញទំនាក់ទំនងល្អឥតខ្ចោះហើយ។ ប៉ុន្តែ ការពិត គឺមនុស្សយើងច្រើនតែបង្កើតបញ្ហាស្មុគស្មាញលើសតម្រូវការទៅវិញ។ ជំនាញទំនាក់ទំនង មានឥទ្ធិពលដោយផ្ទាល់លើសមត្ថភាពធ្វើអាជីវកម្ម។ ហេតុដូច្នេះហើយបានជាលោកអ្នកចាំបាច់ត្រូវមានទំនាក់ទំនងក្នុងរបៀបច្បាស់លាស់។ លោក ប៊ីល ហ្គេត (Bill Gates) ធ្លាប់និយាយថា “ខ្ញុំជាអ្នកជឿជាក់ថា ឧបករណ៍ណាក៏ដោយដែលជួយពង្រឹងទំនាក់ទំនង មានឥទ្ធិពលយ៉ាងខ្លាំងលើរបៀបដែលមនុស្សអាចរៀនពីគ្នាបាន។”
លោកអ្នកអាចប្រើប្រាស់ទំនាក់ទំនងក្នុងរបៀប ៣ យ៉ាង ខាងក្រោមនេះ ដើម្បីជាប្រយោជន៍ដល់អាជីវកម្មនៅក្នុងដៃ៖
១. ទំនាក់ទំនងជាមួយខ្លួនឯង
សូមចាប់ផ្តើមពីរបៀបដែលលោកអ្នកទាក់ទងជាមួយនឹងខ្លួនឯង។ នៅពេលដាច់ឆ្នាំម្តងៗជាពេលល្អដើម្បីវាយតម្លៃខ្លួនឯង។ ចំណុចសំខាន់គឺលោកអ្នកត្រូវមានភាពស្មោះត្រង់និងច្បាស់លាស់ចំពោះខ្លួនឯង។ ពិចារណាទៅមើលថាតើលោកអ្នកបានសម្រេចគោលដៅដែលបានកំណត់ទុកហើយឬនៅ។ សូមសុំយោបល់ពីដៃគូ បុគ្គលិក អតិថិជន និងមិត្តភក្តិទាំងអស់ដើម្បីស្គាល់ខ្លួនឯងកាន់តែច្បាស់។ លើកទឹកចិត្តមនុស្សទាំងអស់នេះឱ្យនិយាយការពិតអំពីលោកអ្នក។
មានមធ្យោបាយប្រកបដោយប្រសិទ្ធភាពខ្ពស់មួយដែលលោកអ្នកគួរតែអនុវត្តគឺសរសេរសំបុត្រជូនខ្លួនឯងដោយកំណត់យ៉ាងច្បាស់អំពីគោលដៅនិងផ្លូវដែលត្រូវដើរ។ លោកអ្នកត្រូវបញ្ជាក់អំពីអ្វីដែលចង់សម្រេចបាននៅក្នុងពាណិជ្ជកម្ម និងអ្វីដែលលោកអ្នកចង់អភិវឌ្ឍក្នុងនាមជាបុគ្គល។ ការសរសេរលើក្រដាសធ្វើឱ្យគំនិតរបស់លោកអ្នកមានភាពច្បាស់លាស់និងលេចរូបរាងពិតប្រាកដ ហើយក៏ផ្តល់កម្លាំងចិត្តច្រើនដើម្បីសម្រេចគោលដៅពិតប្រាកដដែរ។
២. ទំនាក់ទំនងជាមួយនឹងបុគ្គលិក
នៅពេលលោកអ្នកកំណត់ដឹងចំណុចដែលត្រូវអភិវឌ្ឍ និងរៀបចំផែនការអនុវត្តរួចហើយ ដល់ពេលដែលលោកអ្នកត្រូវប្រកាសប្រាប់មនុស្សគ្រប់គ្នាដែលពាក់ព័ន្ធក្នុងពាណិជ្ជកម្មរបស់លោកអ្នក ជាពិសេសបុគ្គលិករបស់លោកអ្នក។ សូមធ្វើយ៉ាងណាឱ្យបុគ្គលិកទាំងអស់យល់អំពីបំណងនិងគោលដៅរបស់លោកអ្នក និងដឹងច្បាស់អំពីការរំពឹងទុកចំពោះពួកគេ។ ការធ្វើឱ្យបុគ្គលិកចូលរួមជាផ្នែកមួយនៃដំណើរការនឹងផ្តល់ឱ្យពួកគេនូវអារម្មណ៍នៃភាពជាម្ចាស់ការក្នុងដំណើរជោគជ័យពាណិជ្ជកម្ម។
ការបញ្ចូលបុគ្គលិកទៅក្នុងដំណើរការរបៀបនេះអាចជួយពួកគេឱ្យរៀននិងអាចជំរុញគំនិតថ្មីៗដម្បីជួយពាណិជ្ជកម្មលោកអ្នកឱ្យរីកចម្រើនថែមទៀត។ បន្ថែមពីលើនេះ ពួកគេអាចជួយលោកអ្នកឱ្យមានទំនួលខុសត្រូវចំពោះគោលដៅដែលបានកំណត់។ ការសិក្សាមួយបានរកឃើញថា៧៦%នៃមនុស្សដែលសរសេរគោលដៅ សកម្មភាព និងរាយការណ៍ដំណើររីកចម្រើនប្រចាំសប្តាហ៍ឱ្យមិត្តភក្តិស្តាប់ តែងតែសម្រេចគោលដៅពិតប្រាកដ។
៣. ទំនាក់ទំនងជាមួយនឹងអតិថិជន
ប្រហែលមនុស្សសំខាន់បំផុតដែលលោកអ្នកត្រូវរក្សាទំនាក់ទំនងជាមួយគឺអតិថិជនរបស់លោកអ្នក។ អតិថិជនជាឆ្អឹងខ្នងនៃពាណិជ្ជកម្ម ពីព្រោះបើគ្មានអតិថិជនទេ ពាណិជ្ជកម្មរបស់លោកអ្នកក៏មិនអាចជោគជ័យបានដែរ។ សម្រាប់អតិថិជន លោកអ្នកមិនត្រឹមតែចាំបាច់ត្រូវបង្ហាញផលិតផលនិងសេវាកម្មឱ្យបានច្បាស់លាស់ប៉ុណ្ណោះទេ ប៉ុន្តែលោកអ្នកត្រូវបញ្ជាក់អំពីកិច្ចការអ្វីខ្លះដែលលោកអ្នកអាចធ្វើបានដើម្បីជួយឱ្យជីវិតរបស់ពួកគេកាន់តែងាយស្រួលឡើង។ យោងតាមការសិក្សាមួយ ៨៩%នៃអតិថិជនផ្លាស់ប្តូរការគាំទ្រចំពោះក្រុមហ៊ុនដោយសារបទពិសោធន៍ទាក់ទងអតិថិជនមិនល្អ។ សូមចងចាំថាបទពិសោធន៍នៃទំនាក់ទំនងជាមួយអតិថិជនក៏មានសារៈសំខាន់ដូចគ្នានឹងគុណភាពនៃផលិតផលនិងសេវាកម្មដែរ។
ក្រុមហ៊ុនល្បីឈ្មោះដូច Apple និង Ikea ជាដើមតែងតែស្វែងរកមតិយោបល់ពីអតិថិជន។ ជាក់ស្តែង ក្រុមហ៊ុន Ikea បញ្ជូនបុគ្គលិកទៅដើរមើលតាមផ្ទះដើម្បីបានឃើញច្បាប់របៀបដែលអតិថិជនប្រើប្រាស់ផលិតផលរបស់ពួកគេដើម្បីអភិវឌ្ឍឱ្យកាន់តែប្រសើរឡើង។
ប្រភពយោង៖
- Entrepreneur
- RHAC
អត្ថបទទាក់ទង