ទម្លាប់ចំនួន ៧ របស់មនុស្សដែលមានភាពជាអ្នកដឹកនាំពីកំណើត
ភាពជាអ្នកដឹកនាំ គឺសំដៅលើបុគ្គលដែលមានឥទ្ធិពលក្នុងការគ្រប់គ្រង និងចាត់ចែងកិច្ចការ ព្រមទាំងបង្កើតយុទ្ធសាស្ត្រ ដើម្បីឲ្យអ្នកក្រោមបង្គាប់អនុត្តតាមប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលនៃការងារ។ ភាពជាអ្នកដឹកនាំ ក៏ជាការយល់ពីរបៀបនៃការគ្រប់គ្រងមនុស្ស និងអាចទំនាក់ទំនងជាមួយនឹងមនុស្សបានគ្រប់ប្រភេទ គ្រប់សាសន៍ គ្រប់វប្បធម៌ដែលមានលក្ខណៈខុសគ្នា។
មានសៀវភៅនិយាយអំពីភាពជាអ្នកដឹកនាំរាប់ពាន់ច្បាប់ មានសិក្ខាសាលារាប់ពាន់ស្តីពីជំនាញនៃភាពជាអ្នកដឹកនាំ ហើយមានអត្ថបទច្រើនរាប់មិនអស់នៅក្នុងទស្សនាវដ្តីដែលប្រមូលផ្តុំមេរៀននៃភាពជាអ្នកដឹកនាំ ពីប្រធាននាយកប្រតិបត្តិ និងបុគ្គលដែលមានឥទ្ធិពលជាច្រើន។ ទោះជាយ៉ាងណា ភាពជាអ្នកដឹកនាំ មិនត្រឹមតែជាការអង្គុយនៅកន្លែងដែលខ្ពស់បំផុតនៃកាំជណ្តើរ និងដំណើរការការបញ្ជានោះទេ វាគឺជាមធ្យោបាយនៃការប្រាស្រ័យទាក់ទងជាមួយបណ្តាញសង្គមសហគមន៍ មិត្តរួមការងារ និងនិយោជិត ដើម្បីចែករំលែកនូវចក្ខុវិស័យ និងបង្រួបបង្រួមអ្នកទាំងនោះឲ្យខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅរួមមួយ។
ដូច្នេះ តើការធ្វើជាអ្នកដឹកនាំល្អម្នាក់មានអត្ថន័យយ៉ាងដូចម្តេច? នេះគឺជាទម្លាប់ចំនួន ៧ របស់អ្នកដឹកនាំដែលកើតមានពីកំណើត។
១. ស្តាប់ច្រើន
លោក ប៊ីល ឃ្លីនតុន (Bill Clinton) មានការសម្ងាត់ដ៏សាមញ្ញនិងគួរឲ្យភ្ញាក់ផ្អើលក្នុងការសម្រេចជោគជ័យ៖ អតីតប្រធានាធិបតី ផ្តោតការយកចិត្តទុកដាក់ទាំងស្រុងទៅលើមនុស្សគ្រប់រូប។សាច់រឿងខ្លីៗស្តីអំពីលោក Clinton ច្រើនរាប់មិនអស់បានណែនាំថា សមត្ថភាពក្នុងការទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃដ៏ល្បីល្បាញរបស់គាត់បានមកពីការផ្តោតការយកចិត្តទុកដាក់ ចំពោះមនុស្សគ្រប់រូបដែលគាត់បានជួបហើយវាបានធ្វើឲ្យគាត់ក្លាយជាអ្នកទំនាក់ទំនង ផ្នែកនយោបាយដ៏ល្អបំផុតម្នាក់នៅក្នុងប្រវត្តិសាស្រ្តនាពេលថ្មីៗនេះ។
ក្នុងរយៈពេលដំបូងនៃអាជីពរបស់គាត់ Clinton ត្រូវបានទទួលស្គាល់ចំពោះផ្នែកទំនាក់ទំនងជាមួយអ្នកដែលស្ថិតនៅក្រោមការដឹកនាំរបស់គាត់ដោយសម្លឹងមើលពួកគេនៅក្នុងខ្សែភ្នែក និងស្តាប់អ្វីដែលពួកគេបាននិយាយ។ គាត់បានសម្តែងចេញមកនូវបុគ្គលិកលក្ខណៈដែលអ្នកដឹកនាំល្អមានពីធម្មជាតិ៖ ពួកគេពូកែយកចិត្តទុកដាក់ចំពោះអ្នកដទៃ ហើយទោះបីជាពួកគេរវល់យ៉ាងណា ក៏ដោយពួកគេតែងតែចំណាយពេលវេលាឲ្យអ្នកដទៃ។
Clinton បានសរសេរនៅក្នុងសៀវភៅប្រវត្តិផ្ទាល់ខ្លួនរបស់គាត់ ជីវិតរបស់ខ្ញុំ ថា “ពេលមួយជីវិតរបស់ខ្ញុំខ្ញុំចាប់អារម្មណ៍ចំពោះរឿងរ៉ាវរបស់អ្នកដទៃ” “ខ្ញុំចង់ស្គាល់ពួកគេ យល់អំពីពួកគេ និងយល់ពីអារម្មណ៍ដែលពួកគេមាន។”
២. យល់ពីអារម្មណ៍អ្នកដទៃ
អ្នកដឹកនាំដែលមានចិត្តល្អ និងយល់ចិត្តរបស់អ្នកដទៃ ដោយយកចិត្តទុកដាក់យ៉ាងពិតប្រាកដចំពោះអ្នកដែលធ្វើការឲ្យពួកគេ នោះគឺជាអ្នកគ្រប់គ្រងម្នាក់ក្នុងចំណោមអ្នកគ្រប់គ្រងដែលជោគជ័យបំផុតដែលពួកគេបំផុសគំនិតរបស់អ្នកដទៃ និងធ្វើឲ្យអ្នកដទៃឈរនៅខាងពួកគេដោយខ្លួនឯង។ អ្នកដឹកនាំដែលបង្ហាញការយល់ចិត្ត អាចប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ និងយល់អំពីទស្សនៈរបស់អ្នកដទៃបានច្រើនជាងអ្នកដឹកនាំផ្សេងៗទៀត។ ត្រឡប់មកវិញ ពួកគេអាចប្រើប្រាស់ទំនាក់ទំនងទាំងនេះ ដើម្បីគាំទ្រពួកគេនៅពេលដែលពួកគេត្រូវការការគាំទ្រទាំងនោះ។
បុគ្គលដែលជោគជ័យ មិនធ្វើការតែម្នាក់ឯងឡើយ។ ពួកយើងម្នាក់ៗត្រូវការការគាំទ្រពីអ្នកដទៃដើម្បី សម្រេចបាននូវលទ្ធផលវិជ្ជមាន ដែលជំរុញពួកយើងឆ្ពោះទៅកាន់គោលដៅរបស់ពួកយើង។ ការយល់ចិត្តយ៉ាងពិតប្រាកដ រួមបញ្ចូលគ្នារវាងការយល់ពីភាពសមហេតុផលផ្នែកអារម្មណ៍ និងផ្អែកលើភាពជាក់ស្តែង ដែលមាននៅក្នុងការសម្រេចចិត្តនីមួយៗ។
៣. ស្វែងរកបទពិសោធន៍ និងវិធីសាស្រ្តក្នុងការគិតថ្មីៗ
នៅក្នុងពិភពលោកដែលពោរពេញដោយភាពប្រកួតប្រជែង និងមានការប្រែប្រួលយ៉ាងលឿន គំនិតច្នៃប្រតិដ្ឋ គឺកាន់តែសំខាន់ចំពោះអ្នកដឹកនាំក្នុងការអភិវឌ្ឍខ្លួនដើម្បីធ្វើឲ្យអាជីវកម្មបន្តដំណើរការទៅមុខយ៉ាងល្អប្រសើរ។ អ្នកដឹកនាំប្រកបដោយគំនិតច្នៃប្រតិដ្ឋ គឺជាអ្នកដឹកនាំដែលបើកចិត្តយ៉ាងទូលាយ។
ការបើកចំហរចំពោះបទពិសោធន៍ ជាបុគ្គលិកលក្ខណៈដែលមានឥទ្ធិពលមួយក្នុងចំណោមបុគ្គលិកលក្ខណៈដែលមានឥទ្ធិពលទាំងប្រាំនៃចិត្តវិទ្យា ជាបុគ្គលិកលក្ខណៈមួយដែលកំណត់ដោយភាពចង់ដឹងចង់ឮផ្នែកបញ្ញា និងការដឹកនាំយ៉ាងខ្លាំង។ ការរុករកផ្នែកចិត្តគំនិត គឺជាបុគ្គលិកលក្ខណៈមួយដែលទាក់ទងខ្លាំងបំផុតនឹងស្នាដៃផ្នែកគំនិតច្នៃប្រតិដ្ឋ។
អ្នកដឹកនាំ ត្រូវមានចិត្តគំនិតដែលអាចបត់បែនបាន និងងាយប្រែប្រួល ដើម្បីសម្របទៅនឹងការប្រែប្រួល និងបញ្ហាប្រឈមថ្មីៗដែលត្រូវបានជំរុញតាមរយៈការបើកចំហរទទួលយកទស្សនៈថ្មីៗ និងវិធីសាស្រ្តក្នុងការចាត់ចែងការងារថ្មីៗ។
៤. ហ៊ានបរាជ័យ
សាស្រ្តាចារ្យនៅសាលា Harvard លោក រ៉ូសាបេត (Rosabeth) បានសរសេរថា “ភាពខុសគ្នារវាងអ្នកឈ្នះ និងអ្នកចាញ់ គឺវិធីដែលពួកគេដោះស្រាយចំពោះការចាញ់។”
ការដឹកនាំល្អ គឺជាការប្រថុយនឹងភាពបរាជ័យ ហើយភាពងាយជាសះស្បើយយ៉ាងឆាប់រហ័ស ជួយឲ្យអ្នកដឹកនាំងើបផុតពីភាពលំបាក និងការអូសបន្លាយនៃភាពជោគជ័យ ដែលមិនអាចគេចផុតដែលអ្នកដឹកនាំត្រូវតែប្រឈមនឹងហានិភ័យ។
ភាពបរាជ័យ អាចដំណើរការ ដោយថាមពលនៅក្នុងផ្លូវមួយនៃផ្លូវទាំងពីរនេះ៖ វាអាចជាគ្រូបង្រៀនអ្នក ជាកម្លាំងជំរុញដ៏អស្ចារ្យបំផុត សម្រាប់ភាពជោគជ័យនាពេលអនាគត ឬវាអាចធ្វើឲ្យអ្នកគេចផុតពីការចួបប្រទះនឹងហានិភ័យ ដូច្នេះអ្នកនឹងសម្រេចបានអ្វីដែលអស្ចារ្យម្តងទៀត។ អ្នកដឹកនាំដ៏អស្ចារ្យ ដឹងអំពីចំណុចនេះយ៉ាងច្បាស់ ហើយពួកគេបានរៀនប្រើប្រាស់ភាពបរាជ័យ ដោយយកវាធ្វើជា “ដុំថ្មដើម្បីជាន់ឡើងទៅរកភាពជោគជ័យ”។
៥. អនុវត្តតាមគោលបំណងរបស់ខ្លួនឯង
លោក ស្ទីវ ចបស៍ (Steve Jobs) បាននិយាយថា “គុណតម្លៃស្នូលរបស់ Apple គឺយើងជឿជាក់ថា មនុស្សដែលមានចំណង់អាចផ្លាស់ប្តូរពិភពលោកបាន ហើយមនុស្សដែលឆ្កួតក្នុងការគិតថា ពួកគេអាចផ្លាស់ប្តូរពិភពលោកបាន គឺជាអ្នកដែលអាចធ្វើវាបានយ៉ាងពិតប្រាកដ។”
ការមើលពីរបៀបដែល លោក Jobs លើកឡើងពីនិយោជិតរបស់គាត់ វាមិនអាចទៅរួចឡើយ ដែលយើងមិនមានអារម្មណ៍ដឹងអំពីចំណង់ និងគោលបំណងយ៉ាងមុតមាំរបស់គាត់។ នៅក្នុងយុទ្ធនាការផ្សាយពាណិជ្ជកម្មដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់មនុស្សគ្រប់រូបនៅក្នុងប្រវត្តិសាស្រ្តនេះ ដែលបានសម្តែងចេញនូវកម្លាំងជំរុញ និងចំណង់ដូចគ្នានោះ Jobs បាននិយាយថា “យុទ្ធនាការនោះ ជះឥទ្ធិពលយ៉ាងខ្លាំងចំពោះក្រុមហ៊ុន។”
គោលបំណង ជំរុញឲ្យអ្នកដឹកនាំអស្ចារ្យជាងគេបំផុតដូចជា លោក Jobs បង្កើតផលិតផលដែលពោរពេញដោយអត្ថន័យ ឬសម្រេចគោលដៅដែលលើសពីប្រាក់ចំណេញរបស់ក្រុមហ៊ុន ហើយគិតថាក្រុមហ៊ុនមិនមែនតែជាការចំណេញប្រាក់ ឬការខាតបង់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជា “ដួងព្រលឹង” មួយថែមទៀតផង។ ដើម្បីធ្វើដូច្នេះបាន ពួកគេបំផុសទឹកចិត្តនិយោជិតឲ្យធ្វើការងារឲ្យដល់ចំណុចសក្តានុពលខ្លាំងបំផុតដែលពួកគេមាន ដើម្បីបំពេញតាមទស្សនៈវិស័យដែលកាន់តែធំ។
៦. ចេះផ្តល់ឲ្យ
យោងតាមចិត្តវិទូនៃអង្គភាពមួយរូប គឺ អាដាម ហ្គ្រេនត៍ (Adam Grant) នៅលើពិភពលោកនេះ មានមនុស្សបីប្រភេទ៖ អ្នកផ្តល់ឲ្យ (បុគ្គលដែលផ្តល់អាទិភាពលើការជួយអ្នកដទៃ) អ្នកទទួលយក (បុគ្គលដែលជួយខ្លួនឯង) និង អ្នកផ្តល់ និងទទួលយក (បុគ្គលដែលស្វែងរកអត្ថប្រយោជន៍ស្មើៗគ្នា សម្រាប់ខ្លួនឯង និងអ្នកដទៃ)។ បន្ទាប់ពីធ្វើការអង្កេតតម្លៃនៃការសិក្សាផ្នែកចិត្តសាស្រ្តអស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងបានធ្វើការស្រាវជ្រាវដោយខ្លួនឯង លោក Grant បានសន្និដ្ឋានថា អ្នកផ្តល់ឲ្យ គឺជាបុគ្គលដែលជោគជ័យជាងគេបំផុត។
Grant បាននិយាយថា “អ្នកចេះផ្តល់ឲ្យ តែងតែមើលឃើញមនុស្សនៅជុំវិញខ្លួនថាជាត្បូងពេជ្រនៅក្នុងភក់ជ្រាំ ការវិនិយោគដោយវិធីនេះ នឹងអាចធ្វើមនុស្សទាំងនេះសម្រេចបាននូវសក្តានុពលដែលអស្ចារ្យជាងអ្វីដែលពួកគេគិតថាអាចទៅរួច។”
៧. ប្រើពេលសម្រាក
អ្នកដឹកនាំអស្ចារ្យ មានគោលដៅដែលមានមហិច្ឆិតា ហើយពួកគេខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅ ប៉ុន្តែពួកគេក៏បានដឹងផងដែរថា ភាពងប់ងុលនឹងការងារ និងភាពអស់កម្លាំងចិត្ត និងកាយ មិនអាចធ្វើឲ្យពួកគេធ្វើដំណើរទៅបានកាន់តែឆ្ងាយនោះទេ ដូច្នេះពួកគេឆ្លៀតពេលសម្រាក និងបញ្ចូលថាមពលវិញ ដើម្បីបង្កើនគំនិតច្នៃប្រតិដ្ឋ និងភាពឆ្លាតវៃរបស់ពួកគេ។ សូមចំណាយពេលទៀងទាត់សម្រាប់ខ្លួនឯង មិនថាជាការធ្វើយូហ្គា (Yuga) ជារៀងរាល់ថ្ងៃ ការមិនប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិចរៀងរាល់ថ្ងៃសៅរ៍ ឬវិស្សមកាលពីរដងក្នុងមួយឆ្នាំ អាចធ្វើឲ្យអ្នកដឹកនាំមានភាពស្រឡះក្នុងខួរក្បាល និងត្រៀមខ្លួនជាស្រេចសម្រាប់ប្រឈមមុខនឹងបញ្ហាប្រឈមថ្មីៗទៀត។
សម្រាប់អ្នកដឹកនាំមួយចំនួនដូចជាលោក Richard Branson, CEO របស់ Virgin Group វិស្សមកាលអាចផ្តល់ឲ្យគាត់នូវប្រភពនៃការបំផុសគំនិតផ្នែកអាជីវកម្មដែលមិនបានរំពឹងទុកជាមុនទៀតផង។
Branson បានប្រាប់សហគ្រិនថា ៉នៅពេលដែលអ្នកធ្វើវិស្សមកាល ទម្លាប់របស់អ្នកនឹងរងការរំខាន កន្លែងដែលអ្នកនៅ និងមនុស្សថ្មីដែលអ្នកចួប អាចបំផុសគំនិតដោយវិធីណាមួយដែលមិនបានរំពឹងទុកជាមុន។” “ក្នុងនាមជាសហគ្រិន ឬអ្នកដឹកនាំអាជីវកម្ម នៅពេលដែលអ្នកត្រឡប់មកពីវិស្សមកាលវិញ ប្រសិនបើអ្នកមិនបាននាំមកជាមួយនូវគំនិតមួយចំនួនពាក់ព័ន្ធនឹងវិធីកែប្រែអាជីវកម្មរបស់អ្នកឲ្យកាន់តែល្អឡើងទេ នោះវាដល់ពេលហើយដែលអ្នកត្រូវពិចារណាធ្វើការផ្លាស់ប្តូរមួយចំនួន។”
អត្ថបទទាក់ទង