តើអំណាចជាអ្វី?

តើអំណាចជាអ្វី?

អំណាច គឺជាភាពប៉ិនប្រសប់ និងសមត្ថភាពរបស់បុគ្គល ឬក្រុម ដើម្បីធ្វើឲ្យសម្រេចកិច្ចការតាមគំនិតរបស់ខ្លួន ដោយបានសម្តែងនូវទង្វើទៅលើអ្នកដទៃជាអត្តនោម័តដោយពុំចាំបាច់មានការយល់ព្រម ឬការមិនយល់ព្រមពីអ្នកនោះឡើយ។ អំណាចធ្វើឲ្យទំនាក់ទំនងសង្គមមានសណ្តាប់ធ្នាប់ ដោយប្រើមធ្យោបាយផ្សេងៗគ្នា ដូចជាការបញ្ជា អំពើហិង្សា ​ការបញ្ជុះបញ្ចូល បង្ខិតបង្ខំ ការអប់រំណែនាំ ការជួយផ្តល់កម្លាំងចិត្ត និងការបំភ័យ ។ល។

គោលការណ៍នៃការបែងបែកអំណាច ត្រូវបានគេលើកឡើងជាដំបូងដោយទស្សនវិទូអង់គ្លេស ចន ឡុក (១៦៣២-១៧០៤) នៅក្នុង “សន្ឋិសញ្ញានៃរដ្ឋាភិបាលស៊ីវិល” ឬ “Treaty of Civil Government” និងក្រោយមកត្រូវបានសិក្សាស៊ីជម្រៅដោយទស្សនវិទូបារាំង គឺលោក ម៉ុងតេសឃ្យើ (១៦៨៩-១៧៥៥) ដែលបានលើកឡើងក្នុងស្នាដៃរបស់ខ្លួនក្រោមចំណងជើងថា “មូលភាពធម្មនិយាមសាស្រ្ត” ឬ “Of the Spirit of Laws” ឬ “De l’esprit des lois” ។ ម៉ុងតេសឃ្យើ បានសរសេរជាអាទិ៍ថា “ដើម្បីចៀសវាងការរំលោភអំណាច យើងត្រូវយកអំណាចមួយទប់នឹងអំណាចមួយទៀត” ឬ “In order for power not to be abused, it is necessary that, by the arrangement of things, power arrest power.” ឬ “Pour qu’on ne puisse abuser du pouvoir, il faut que, par la disposition des choses, le pouvoir arrête le pouvoir.” ដែលការការលើកឡើងនេះស្របនឹងប្រព័ន្ឋត្រួតពិនិត្យតុល្យភាព “Check and Balance” ដែលអ្នកតាក់តែងរដ្ឋធម្មនុញ្ញសហរដ្ឋអាម៉េរិក បានបញ្ញត្តិក្នុងរដ្ខធម្មនុញ្ញឆ្នាំ១៧៨៧ របស់ខ្លួន ដើម្បីកំណត់អំពីការបែងចែកទាំងបី គឺ អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។

ការបែងចែកអំណាច

ប្រភេទអំណាច ត្រូវបានគេបែងចែកជាអំណាចបែបវណ្ណៈ និងអំណាចគ្មានវណ្ណៈ។ អាស្រ័យទៅតាមដំណាក់កាលវិវឌ្ឍន៍នៃសង្គមមនុស្ស ហើយអំណាចត្រូវបានគេចាត់ទុកនៅក្នុងសម័យកុំម្មុយនីសបុព្វកាល ក្នុងសម័យទាសភាព ក្នុងសម័យសក្តិភូមិ ក្នុងសម័យមូលធននិយម និងក្នុងសម័យសង្គមនិយម និងអំណាចសេរីនិយម។ ទៅតាមទម្រង់គ្រប់គ្រងរដ្ឋ អង្គការអំណាច ចែកជារាជានិយម និងសាធារណរដ្ឋនិយម។ តាមកម្រិតនៃស្ថាប័នភាវូបនីយកម្ម ចែកជារដ្ឋាភិបាលសហព័ន្ធ ទីក្រុង ជនបទ និងមូលដ្ឋាន។ តាមសញ្ញាណនីតិក្រម ចែកជាអំណាចស្របច្បាប់ និងអំណចមិនស្របច្បាប់ ជាផ្លូវការ និងក្រៅផ្លូវការ។ ​តាមរយៈវិស័យនៃជីវិត គេចែកជាអំណាចសេដ្ឋកិច្ច អំណាចនយោបាយ អំណាចសង្គម អំណាចជំនឿ ។ល។ ម្យ៉ាងទៀត ប្រភេទអំណាច យើងអាចរាប់បានថា អំណាចនយោបាយ អំណាចសេដ្ឋកិច្ច អំណាចសង្គម អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ អំណាចតុលាការ អំណាចព័ត៌មាន អំណាចយោធា និងអំណាចស្រមោល។ តែអំណាចដែលសំខាន់ជាងគេ គឺអំណាចនយោបាយ។ អំណាចនេះ មានឥទ្ធិពលខ្លាំងក្លាគ្របដណ្តប់លើអំណាចផ្សេងៗទៀត និងមានមុខងារសម្របសម្រួល ធ្វើអន្តរាគមន៍ និងដោះស្រាយបញ្ហាក្នុងជីវិត ក្នុងសង្គម និងក្នុងប្រទេស។

អំណចនយោបាយ

គឺជាភាពប៉ិនប្រសប់ និងសមត្ថភាពធ្វើឲ្យសម្រេចតាមគំនិតរបស់ខ្លួនដោយប្រើឥទ្ធិពលជាក់លាក់មួយទៅលើសកម្មភាពការងារ ទៅលើឥរិយាបថមនុស្ស ដោយមានជំនួយពីកិត្យានុភាព ប្រើច្បាប់ និងប្រើឧបករណ៍អំណាច អំពើហឹង្សា ។ល។

អំណាចសេដ្ឋកិច្ច​

ជាអំណាចដែលត្រួតពិនិត្យទៅលើប្រភពធនធានសេដ្ឋកិច្ច ទៅលើកម្មសិទ្ធិនៃសម្ភារៈមានតម្លៃនានា។ ជាអំណាចចាត់ចែងទៅលើប្រភពធនធានសម្រាប់ការរីកចម្រើនសង្គម និងជាអ្នកបែងចែកធនធានទាំងនោះសម្រាប់បំពេញតម្រូវការសង្គម។

អំណាចស្មារតី

ជាអំណាចដែលគ្របដណ្តប់លើគ្រប់មនុស្សទាំងអស់ ក្រោមជំនួយឧបត្ថម្ភពីសំណាក់ពុទ្ធិវិទ្យាសាស្ត្រ និងព័ត៌មាននានា។ ពុទ្ធិទាំងឡាយ​ និងពត៍មានទាំងឡាយ គឺជាប្រភពចម្បងនៃអំណាចដឹកនាំសង្គម។ ការផ្សព្វផ្សាយពុទ្ធិ និងព័ត៌មាននានា គឺជាដំណើរនៃការអប់រំស្មារតីប្រជាជនឲ្យគាំទ្ររដ្ឋាភិបាល។

ទ្រឹស្តីនៃការបែងចែកអំណាចបញ្ឈរ

ទ្រឹស្តីនេះ មានន័យថា ត្រូវឲ្យមានការទទួលស្គាល់ អង្គកណ្តាលផ្សេងៗ ដែលស្ថិតនៅចន្លោះរវាងស្តេច និងប្រជារាស្រ្ត ក្នុងនោះមានវណ្ណៈទាំង ៣ ដែលមាននៅក្នុងរបបចាស់ គឺវណ្ណៈអភិជន សហធម្មិក និងវណ្ណៈផ្សេងៗទៀត។ វណ្ណៈទាំងឡាយដែលនៅចន្លោះរវាងស្តេច និងប្រជារាស្ត្រ សម្រាប់ធ្វើជាកម្លាំងទប់អំណាចរបស់ស្តេច ប៉ុន្តែទ្រឹស្តីនៃការបែងចែកអំណាចបញ្ឈរនេះ មានន័យពេញលេញបាន លុះត្រាតែមានទ្រឹស្ត នៃការបែងចែកអំណាចផ្តេក​មកបង្ក្រប់បន្ថែមដែរ។

ទ្រឹស្តីនៃការបែងចែកអំណាចផ្តេក

ដើម្បីមានស្ថេរភាព នៅក្នុងសាធារណរដ្ឋ ក៏ដូចជានៅក្នុងរាជានិយម ចាំបាច់ត្រូវតែមានការបែងចែកអំណាចរដ្ឋ ព្រោះថាការបែងចែកអំណាចរដ្ឋ អាចធ្វើឲ្យសមាជិកនៃសង្គមទទួលបាននូវសេរីភាព សុវត្ថិភាព យុត្តិធម៌ ពិសេសគឺស្ថេរភាពសង្គមតែម្តង។

លោក ម៉ុងតេសឃ្យើ (Montesquieu) បានបែងចែកអំណាច ដូចខាងក្រោមនេះ

១. អំណាចនីតិបញ្ញត្តិ

ជាអំណាចធ្វើច្បាប់ កែច្បាប់ និងលុបច្បាប់។ អំណាចនិតិបញ្ញត្តិ ត្រូវប្រគល់ទៅឲ្យសភាពីរជាន់ជាអ្នកកាន់កាប់ គឺសភាអភិជន (សភាជាន់ខ្ពស់) និងសភាប្រជារាស្ត្រ (សភាជាន់ទាប) ។ ក្រៅពីបង្កើត ឬលុបច្បាប់ អំណាចនេះនៅមានតូនាទីជាអ្នកតាមដាន ត្រួតពិនិត្យ ការប្រតិបត្តិរបស់ព្រះរាជា និងមានតួនាទីជាអ្នកកាត់ក្តី វិនិច្ឆ័យទៅលើសកម្មភាពប្រតិបត្តិក្នុងសង្គមទាំងមូល។

២. អំណាចនីតិប្រតិបត្តិ

ជាអំណាចប្រតិបត្តិតាមឆន្ទៈ​របស់អំណាចនីតិបញ្ញត្តិ សម្រាប់រៀបចំដឹកនាំសង្គម ទាំងផ្ទៃក្នុងប្រទេស ទាំងលើឆាកអន្តរជាតិ ថែមទាំងជាអំណាចដែលមានសិទ្ធិប្រកាសសង្គ្រាម និងសន្តិភាព។ អំណាចនេះ មានបង្កប់នូវចរិតជាអំណាចនៃច្បាប់អន្តរជាតិផងដែរ។ អំណាចនេះ ត្រូវប្រគល់ទៅឲ្យព្រះមហាក្សត្រជាអ្នកកាន់កាប់។ អំណាចនេះ ក្រៅពីការប្រតិបត្តិ គឺនៅមានសិទ្ធិជំទាស់ចំពោះអំណាចនីតិបញ្ញត្តិផងដែរ តាមនិតិវិធីនៃការប្រើសិទ្ធិរបស់ស្តេច។

៣. អំណាចតុលាការ

ជាអំណាចវិនិច្ឆ័យ ដែលត្រូវបានគេប្រើប្រាស់នៅក្នុងក្របខ័ណ្ឌនៃច្បាប់រដ្ឋប្បវេណី។ អំណាចនេះ​ ត្រូវប្រគល់ឲ្យទៅសភាខេត្ត សភាក្រុងនីមួយៗ ដែលកាន់កាប់អំណាចតុលាការ។

គោលការណ៍នៃការបែងចែកអំណាចនេះ គឺធ្វើឡើងក្នុងគោលបំណងទប់ស្កាត់មិនឲ្យអំណាចដែលស្ថិតនៅក្នុងដៃបុគ្គលណាម្នាក់នោះអាចនាំទៅរកសេចក្តីវិនាសដល់ប្រទេសជាតិបាន និងដើម្បីឲ្យទ្រឹស្តីនៃការបែងចែកអំណាចនេះលុះទៅតាមរូបភាពជារចនាសម្ព័ន្ធ និងដើម្បីរក្សានូវតុល្យភាពនៃអំណាចទាំង៣ របស់រដ្ឋ។ មួយទៀត គោលដៅនៃការបែងចែកអំណាចនេះ គឺធ្វើឡើងដើម្បីប្រឆាំងនឹងរបបរាជានិយមផ្តាច់ការ ហើយសម្របសម្រួលទំនាស់រវាងរបបមូលធននិយម និងពួកវណ្ណៈអភិជន និងជាការគ្រោងទុកជាមុន ដើម្បីការពារគ្រោះថ្នាក់ ចៀសវាងការដណ្តើម យកអំណាចផ្តាច់មុខ ព្រោះលោកយល់ថា “សារជាតិរបស់មនុស្ស បើកាលណាបានអំណាចនៅក្នុងដៃរបស់ខ្លួនហើយ មនុស្សនោះនឹងតស៊ូ ដើម្បីរក្សាអំណាចនោះ លុះដល់តំណក់ឈាមចុងក្រោយ។” ដូច្នេះ ធ្វើយ៉ាងណាឲ្យអំណាចទប់ទល់នឹងអំណាច ពីព្រោះមនុស្សទាំងអស់ដែលមានអំណាចតែងតែមានការប្រើប្រាស់នូវអំណាចទាំងនោះជ្រុលហួស។

យោងតាម មាត្រា​ ៥១​ (ថ្មី)​ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

  • ព្រះរាជាណាចក្រ​កម្ពុជា​ អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។
  • ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​វាសនា​នៃ​ប្រទេស​ជាតិ​របស់​ខ្លួន។
  • អំណាច​ទាំងអស់​ជា​របស់​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​ប្រើ​អំណាច​របស់​ខ្លួន​ តាមរយៈ​រដ្ឋសភា​ ព្រឹទ្ធសភា​ រាជរដ្ឋាភិបាល​ និង​ សាលា​ជម្រះ​ក្ដី។
  • អំណាច​បែង​ចែក​ដាច់​ពី​គ្នា​ រវាង​អំណាច​នីតិប្បញ្ញត្តិ​ អំណាច​នីតិ​ប្រតិបត្តិ​ និង​ អំណាច​តុលាការ។

អត្ថបទទាក់ទង

អំណាចចំនួន ៥ ដែលអ្នកដឹកនាំត្រូវកសាងឡើង

ប្រភព_និងប្រភេទរបស់អំណាច

Leave a Reply

Your email address will not be published. Required fields are marked *