តើអំណាចគឺជាអ្វី?

ន័យទូទៅរបស់ ពាក្យ “អំណាច” តាមវចនានុក្រមខ្មែរ មានន័យថា “ជាអនុភាព គឺសេចក្ដីអាច, ដំណើរអង់អាច, សេចក្ដីក្លាហាន,ដំណើរអាចធ្វើអ្វីៗបានតាមចិត្ត ឬតាមលំអានច្បាប់…” ។ អំណាចគឺដំណើរអាចធ្វើអ្វីៗបានតាមចិត្ត ឬតាមលំអានច្បាប់ ដោយសារកម្លាំង ឬជាឥទ្ធិពល លទ្ធភាពនៃសកម្មភាពរបស់មនុស្សម្នាក់ឬរបស់វត្ថុមួយ ។

តាមន័យនិតីសាស្ត្រ អំណាចជាសិទ្ធិដែលត្រូវប្រគល់មកឱ្យដើម្បីធ្វើសកម្មភាព ឬធ្វើអំពើអ្វីមួយ ។ ឧ. អំណាចដឹកនាំរបស់រដ្ឋាភិបាល គឺជាសិទ្ធិដែលប្រជាជនប្រគល់ឱ្យដើម្បីធ្វើកិច្ចការ។ នៅក្នុងន័យនេះ អំណាចសុទ្ធតែមានព្រំដែន មានកម្រិត លើកលែងតែអំណាចផ្ដាច់ការដែលមានប្រភពផ្សេងៗ។

ឥទ្ធិពលរបស់សម្ពស្ស ឬរបស់ប្រាក់កាស ក៏សុទ្ធតែជាអំណាចដែរ ប៉ុន្ដែជាអំណាចដែលមានប្រភពប្លែកៗពីគ្នា។

ដូច្នេះ ពាក្យ “អំណាច” នេះមានន័យច្រើនណាស់ ដូចគ្នានឹងពាក្យ នយោបាយ ដែរ។ គិតជាទូទៅ ពាក្យនេះស្ថិតនៅក្នុងសញ្ញាណបី ដែលទាក់ទងគ្នាគឺ៖

  • ទីមួយ៖ ប្រភពជាទុន
  • ទីពីរ៖ សមត្ថភាព
  • ទីបី៖ ការប្រើប្រាស់ ។

នៅក្នុងន័យនយោបាយ ប្រសិនបើមានប្រជាជនជាទុនក៏ដោយ ហើយទោះបីមានសមត្ថភាពក៏ដោយ ( នៅក្នុងនោះ សមត្ថភាពប្រមូលទុននេះផងទៀត) តែមានគ្មានចរិតជាយុទ្ធសាស្ត្រនៃអំណាចនោះ អំណាចនោះក៏គ្មានអត្ថិភាពគ្រប់លក្ខណៈរបស់វាដែរ។

អំណាចជាបច្ច័យ ( Relations) ដែលគ្មានសមភាពរវាងអ្នកធ្វើសកម្មភាពពីរនាក់ ឬច្រើនលើសលប់ជាងនេះ និយាយរួមគឺប្រើឥទ្ធិពលគ្នាទៅវិញទៅមក តាមតិច តាមច្រើន ។ ប៉ុន្ដែអ្នកធ្វើសកម្មភាពទាំងនោះ ត្រូវស្ថិតនៅក្នុងការរណប ទៅវិញទៅមកជាដរាប។ នេះជាមូលដ្ឋានសំខាន់នៃអត្ថិភាពពិតប្រាកដរបស់អំណាច។ ប៉ុន្ដែអំណាច មិនអាចបង្រួមមកត្រឹមការប្រើកម្លាំង គាបសង្កត់ផ្លូវយោធា ឬផ្លូវសីលធម៌ (ច្បាប់) នោះទេ ពីព្រោះកម្លាំងដែលចេញពីប្រភពខាងលើនេះគ្មានស្ថេរភាពជាអចិន្ត្រៃយ៍នោះឡើយ។ ជំនឿទៅលើច្បាប់ ឬសីលធម៌ ក៏ជាអំណាចដែរ។ ជាទូទៅ អំណាចជាបច្ច័យរវាងកម្លាំងទាំងឡាយនេះ។

និយាយរួម ប្រភពមួយប្រភេទរបស់អំណាច គឺធម្មានុកូលភាព (Legitimate) អំណាចនេះបានមកដោយសារ សមត្ថភាព ដើម្បីធ្វើឱ្យគេយល់តាម ធ្វើតាម។ ប៉ុន្ដែអំណាចបែបនេះ ក៏ពុំទាន់ចាត់ទុកថាជាអំណាចពេញលេញនៅឡើយដែរ ពីព្រោះវាពុំមានស្ថេរភាព។

ដើម្បីយល់ឱ្យកាន់តែច្បាស់អំពីអំណាច នៅក្នុងសភាពស្មុគស្មាញរបស់វានេះ គេត្រូវគួបផ្សំការវិភាគអំពីប្រភពរបស់វា ជាមួយនឹងការវិភាគអំពីយុទ្ធសាស្ត្រដែលគេប្រើវា។

អំណាចទាក់ទងគ្នាជាមួយនឹង មនោគមវិជ្ជា ( Ideologies) ។ តាំងពីយូរលង់ណាស់មកហើយ ដែលអំណាចជាកម្លាំងវត្ថុនៃសំណួរនៃការពិចារណា។ ហេតុដូចម្ដេចបានជាមនុស្សសុខចិត្តរស់នៅជាមួយគ្នា ហើយទទួលយកទាំងអស់គ្នានូវអំណាចមួយ។ សំណួរមានចម្លើយតាមរយៈមនោគមវិជ្ជាផងដែរ ។

តាមន័យដើម មនោគមវិជ្ជាជាវិទ្យាសាស្ត្រ ដែលមានកម្មវត្ថុ ធ្វើការសិក្សាអំពីគំនិត។ មនោគមវិជ្ជា រហូតមកដល់សតវត្សទី១៨ សំដៅសម្គាល់ក្រុមអ្នកទស្សនវិជ្ជាដែលសិក្សាអំពីនយោបាយ។

មកដល់បច្ចុប្បន្ននេះ ពាក្យមនោគមវិជ្ជា ត្រូវបានប្ដូរន័យ។ អ្នកនិពន្ធល្បីៗយល់ស្របគ្នាថា គឺជាគំនិតនៃការតំណាងជាសមូហភាព ដែលផ្ដុំបានជាមនោគមវិជ្ជានោះ។

ដូច្នេះ មនោគមវិជ្ជាមានច្រើនដូចជា សេរីនិយម ( Liberalism) សង្គមនិយម ( Socialism) ចក្រពត្តិនិយម ( Imperialism ) ពូជសាសន៍និយម ( Racism) ជាដើម ។

ដកស្រង់ចេញពីសៀវភៅ៖ គំនិតនយោបាយ


អត្ថបទទាក់ទង

ស្រីហិតោបទេស សៀវភៅភាគ១ – ភាគ៤ (មួយចប់)

Leave a Reply

Your email address will not be published. Required fields are marked *