ជំនាញសំខាន់ៗចំនួន ៥ សម្រាប់អ្នកដែលចង់ធ្វើមេគេ

មិនថាអ្នកក្លាហាន ឬអ្នកកំសាកទេ ក៏មានក្តីស្រមៃចង់ក្លាយជាមេគេនៅថ្ងៃណាមួយ ចង់បានមុខតំណែងធំ ចង់បានប្រាក់ខែច្រើន ចង់មានកូនចៅឆ្វេងស្តាំ… ប៉ុន្តែមិនមែនមានន័យថាអ្នកណាក៏អាចធ្វើមេគេបានទេ។ អ្នកដឹកនាំពិតប្រាកដ សាងនូវទំនុកចិត្ត និងថាមពលតាមរយៈគោលដៅដ៏មោះមុតរបស់ពួកគេដើម្បីឆ្ពោះទៅរកភាពជោគជ័យ។ ក្នុងនាមជាអ្នកដឹកនាំអស្ចារ្យម្នាក់ អ្នកត្រូវមានសមត្ថភាពបំផុសឡើងនូវការព្រមព្រៀងដែលល្អប្រសើរព្រមទាំងប្រសិទ្ធភាពការងារដែលរីកចម្រើនពីមនុស្សជុំវិញខ្លួនអ្នកផងដែរ។ 

អ៊ីចឹងបើចង់ឆាប់បានធ្វើមេគេ អ្នកត្រូវចេះជំនាញសំខាន់ៗមួយចំនួនដូចខាងក្រោមនេះ៖

១. ការគ្រប់គ្រងមនុស្ស

អ្នកខ្លះយល់ថាឲ្យតែចេះជាងគេដឹងតែឡើងធ្វើមេហើយ។ សូមប្រាប់ត្រង់ អ្នកគិតខុសហើយ… ធ្វើជាមេ កិច្ចការទី១ គឺគ្រប់គ្រងក្រុម។ ត្រឹមដាក់ការងារ ហ្នឹងវាមានអីពិបាក? គិតអ៊ីចឹងមែនទេ? ចង់ប្រាប់ថា អត់ស្រួលទេ… ដាក់ការងារមិនស្រួល អាចនឹងនាំឲ្យវ៉ល់ពេញក្រុម។ ត្រូវចេះបែងចែកការងារ មួយណាស្រាល មួយណាចាំបាច់ មួយណាទុកពេលក្រោយបាន។ ហើយត្រូវដឹងថា អ្នកណាចេះអី ធ្វើបានត្រឹមណាទៀត បើមិនអ៊ីចឹងទេ ត្រៀមខ្លួនម៉ួម៉ងចិត្តឲ្យហើយទៅ។

២. ចេះច្រើន រៀនលឿន

ពេលខ្លះ ចូលប្រជុំជាមួយថ្នាក់លើក្នុងគម្រោងថ្មីៗ តែងមានពាក្យបច្ចេកទេសច្រើនលេចមុខមក ហើយសុទ្ធតែពាក្យមិនចេះ។ អ៊ីចឹងយើងត្រូវមានសមត្ថភាពក្នុងការរៀនឲ្យបានលឿនជាទីបំផុតថាអាហ្នឹងវាម៉េច ដើរពីណាទៅណា ព្រោះដល់ពេលធ្វើ គឺយើងជាអ្នកបញ្ជាផ្ទាល់ទៅថ្នាក់ក្រោមហើយ។ ពេលខ្លះទៀត សំណួរដែលថ្នាក់ក្រោមលើកមក ក៏មិនច្បាស់ថាយើងចេះទាំងអស់ដែរ ជាពិសេសចំណេះដឹង និងការអភិវឌ្ឍថ្មីៗក្នុងតំបន់ និងពិភពលោក…។

៣. ការសម្រេចចិត្ត

សូមសួរតាមត្រង់ តើអ្នកធ្លាប់សម្រេចចិត្តកិច្ចការចំបាច់ប៉ុន្មានដងហើយ? ធ្វើមេគេ គឺត្រូវមានការសម្រេចចិត្ត។ ពីមុនកាលនៅកូនចៅ មានរឿងតូច រឿងធំ វឹបឡើងរត់រកមេៗ… ដល់ធ្វើមេគេ គឺដល់ពេលដែលគេរត់រកវិញ។ ពេលខ្លះ ការសម្រេចចិត្ត មិនមានចន្លោះពេលឲ្យគិតយូរទេ គឺត្រឹមប៉ុន្មាននាទី ឬវិនាទីប៉ុណ្ណោះ ដូច្នេះជាមេត្រូវតែគិតឲ្យបានល្អិតល្អន់ លឿនជាទីបំផុត ហើយភ្ជាប់ជាមួយហានិភ័យទាបទៀត។

៤. សម្ពាធ

ពាក្យចាស់ពោលថា កាន់តែខ្ពស់គឺកាន់តែត្រូវខ្យល់ ចុងស្រល់លូតផុតគេ តែលែងមានមេឃអីបាំងហើយ គឺឯកោ… ពេលខ្លះយើងខ្លួនឯងដឹងថាថ្នាក់ក្រោមធ្វើមិនបានល្អ តែថ្នាក់លើមិនមែនដាប់ថ្នាក់ក្រោ​មឯណា គឺដាប់យើងហ្នឹង… ចឹងត្រូវទទួលរងកំដាប់ដៃ ឬហក់ជើងខ្ទប់ខ្លាំងៗហ្មង… សួរខ្លួនឯងថាហ៊ានទទួលសម្ពាធបានកម្រិតណា តវ៉ាមិនចេញ ក្រៅពីពាក្យថា បាទ/ចា បងៗរហូត🙂

៥. ការដោះស្រាយបញ្ហា

ដល់វគ្គមួយទៀត គឺដោះស្រាយបញ្ហា វាអាចភ្ជាប់ជាមួយចំណុចខាងលើដែរ… ចឹងមេជាតួនាទីនៅចំកណ្តាលរវាង កូនចៅ និងថ្នាក់លើខ្លាំង… និយាយទៅស្នូលនំប័ុង គៀបលើក្រោម😔។ កាលពីនៅបុគ្គលិកថ្នាក់ក្រោម និយាយដើមថ្នាក់លើហុយ ដល់ពេលឡើងធ្វើមេ ដឹងរឿងគ្រប់សព្វហា និយាយមែន ពេលឮថ្នាក់ក្រោមនិយាយម្តងៗអួលដើមក… ពេលសម្រេចចិត្តលែងមានពាក្យថាខ្លួនឯង គឺគិតបុគ្គលិកខាងក្រោម និងផលប្រយោជន៍ក្រុមហ៊ុនជាបឋមតែប៉ុណ្ណោះ។

ខាងលើនេះ គ្រាន់តែជាចំណុចគោលៗដែលយើងយកមករៀបរាប់ប៉ុននោះ នៅមានចំណុចជាច្រើនទៀតដែលអ្នកគួរស្វែងយល់បន្ថែម។


អត្ថបទទាក់ទង

ចំណុចទាំង ៥ របស់អ្នកគ្រប់គ្រងដែលបុគ្គលិកពេញចិត្ត

Leave a Reply

Your email address will not be published.