គន្លឹះសំខាន់ៗចំនួន ៧ ដើម្បី​បណ្តុះ ​និង​សម្រួច​ជំនាញ​ដោះស្រាយ​បញ្ហា​

បញ្ហា –ប័ញហា ឬ​ប៉័ញ– បា.; សំ. ( ន. ) (បញ្ហា; ប្រឝ្ន) ពាក្យ​ឬ​សេចក្ដី​ដែល​មាន​អាថ៌​កំបាំង លុះ​តែ​អ្នក​មាន​ប្រាជ្ញា​វាងវៃ​ទើប​អាច​ដឹង ឬ​លុះ​តែ​សួរ​អ្នក​ចេះ ទើប​អាច​ដឹង​ច្បាស់​បាន; ប្រស្នា, ចំណោទ : ដោះ​បញ្ហា (ប្រើ​ជា ប្រស្នា វិញ​ក៏​បាន) ។

ជំនាញដោះស្រាយបញ្ហា គឺសំដៅទៅលើសមត្ថភាពរបស់យើងក្នុងការដោះស្រាយបញ្ហាដោយមានប្រសិទ្ធភាព និងទាន់ពេលវេលា។​ យើងប្រឈមមុខនឹងបញ្ហាគ្រប់ពេល​ ទោះយ៉ាងណាក៏ដោយ មិនថាអ្នកប្រឈមមុខនឹងបញ្ហាធំ ឬបញ្ហាតូចនោះទេ ជំនាញនេះជួយដោះស្រាយវាប្រកបដោយប្រសិទ្ធភាព។

ជំនាញ​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ ជា​តម្រូវការ​ចាំបាច់ក្នុង​ពាណិជ្ជកម្ម​។ បើ​គ្មាន​ការ​អភិវឌ្ឍ​សមត្ថភាព​ដើម្បី​បោះជំហាន​ថយ​ និង​សម្លឹង​មើល​មូល​ហេ​តុ​ផ្សេង​ៗ ហើយ​បោះជំហាន​ចាំបាច់ក្នុង​ផ្លូវត្រូវ​ទេ​ លោកអ្នក​ និង​ក្រុមការងារ​នឹង​ធ្លាក់​ចូលក្នុង​វិបត្តិ​ជាបន្តបន្ទាប់​ ដោយមិន​អាច​ដឹកនាំ​ពាណិជ្ជកម្ម​ទៅមុខ​បាន​ឆ្ងាយ​នោះទេ​។

នៅពេល​លោកអ្នក​យល់ថា​ខ្លួនឯង​កំពុងតែ​ដើរ​ដល់​ផ្លូវ​ទ័ល​ក្នុង​ភាពជា​អ្នកដឹកនាំ​ ឬដំណើរ​សហគ្រិនភាព​ លោកអ្នក​នឹង​ចង់​ស្វែងរក​ផ្លូវ​ផ្សេង​។ ដើម្បី​ជួយ​លោកអ្នក​ដោះស្រាយ​បញ្ហា​ និង​ផ្លូវ​ទ័ល​មួយចំនួន​ ក្រុម​សហគ្រិន​ជើងចាស់​បាន​ណែនាំ​គន្លឹះ​មួយចំនួន​ដូច​ខាងក្រោម​៖

១. ខ្ចីគំនិត​របស់​អ្នកដទៃ​មក​ប្រើ​

លោកអ្នក​អាច​ទទួល​បាន​ប្រយោជន៍​ច្រើនណាស់​ពី​ការ​និយាយ​អំពី​បញ្ហា​របស់​ខ្លួនឯង​ឱ្យ​អ្នកដទៃ​ស្តាប់​ គឺ​លោកអ្នក​នឹង​បាន​ទទួល​គំនិត​យោ​បល់​ថ្មី​ៗពី​អ្នកដទៃ​មកវិញ​។ មនុស្សដទៃ​តែងតែ​អាច​ចង្អុលបង្ហាញ​រឿង​ច្បាស់ក្រឡែត​មួយចំនួន​ដែល​លោកអ្នក​មើល​រំលង​ដោយសារ​លោកអ្នក​ជិតនឹង​បញ្ហា​ពេក​។ លោកអ្នក​មិន​ចាំបាច់​ត្រូវ​ធ្វើការ​តែម្នាក់ឯង​ទេ​ពេល​ព្យាយាម​ដោះស្រាយ​បញ្ហា​។

២. កំណត់​បញ្ហា​ឱ្យ​ច្បាស់​មុននឹង​ចាប់ផ្តើម​ដោះស្រាយ​

លោកអ្នក​ត្រូវ​ស្គាល់​ឱ្យ​ច្បាស់​ថា​អ្វី​ជា​បញ្ហា​ដែល​លោកអ្នក​កំពុងតែ​ប្រឈម​ មុននឹង​លោកអ្នក​អាច​ដោះស្រាយ​បញ្ហា​នោះ​បាន​។ លោកអ្នក​ត្រូវ​លាតត្រដាង​ទាំង​ស្ថានភាព​និង​ជម្រើស​ទាំងអស់​ រួចហើយ​សម្រេច​ថា​ដំណោះស្រាយ​ណាមួយ​ដែល​ល្អ​បំផុត​។ បើ​លោកអ្នក​អនុវត្ត​បែបនេះ​បាន​កាន់តែ​ច្រើន​ លោកអ្នក​នឹង​កាន់តែ​ខ្លាំងពូកែ​។

៣. ពិចារណា​ដល់ពេល​ដែល​លំបាក​បំផុត​

ការ​ដោះស្រាយ​បញ្ហា​ជា​កិច្ចការ​ដែល​យើង​ទាំងអស់គ្នា​ត្រូវ​ធ្វើ​រាល់ថ្ងៃ​។ ទោះជាយ៉ាងណា​ យើង​ដោះស្រាយ​បញ្ហា​ក្នុង​របៀប​ផ្សេងគ្នា​។ ដើម្បី​ដោះស្រាយ​បញ្ហា​ផ្ទាល់ខ្លួន​របស់​លោកអ្នក​ និង​បង្រៀន​អ្នកដទៃ​ឱ្យ​ចេះ​ធ្វើ​ដូចគ្នា​ លោកអ្នក​ត្រូវតែ​ពិចារណា​ត្រឡប់ទៅ​រក​ពេលវេលា​ដែល​លំបាក​បំផុត​ និង​ចងចាំ​ដំណើរការ​ដែល​ធ្លាប់​ដោះស្រាយ​ក្នុង​ពេល​បែប​នោះ​។

៤. ធ្វើខ្លួន​ជា​សិស្ស​គ្រប់ពេល​

នៅពេល​សម្រេច​បាន​ស្នាដៃ​និង​គោលដៅ​ខ្លះ​ក្នុង​ជីវិត​ អំនួត​របស់​យើង​ក៏​ចាប់ផ្តើម​រីក​ធំ​ដែរ​។ ដំបូន្មាន​មួយ​សម្រាប់​មេដឹកនាំ​ទាំងអស់​គឺ​ត្រូវ​តាំងចិត្ត​រៀន​ពី​អ្នកដទៃ​ជានិច្ច​។ យើង​ត្រូវតែ​ធ្វើជា​មនុស្ស​បើក​ចិត្តទូលាយ​ចំពោះ​ឱកាស​និង​ការរៀនសូត្រ​។ ការបាន​ទទួលជោគជ័យ​ក្នុង​កិច្ចការ​អ្វីមួយ​មិនមែន​មានន័យថា​យើង​មិន​មាន​អ្វី​អាច​រីកចម្រើន​លើស​ពីនេះ​ទៀត​នោះ​ទេ​។ យើង​មិន​អាច​ដឹង​និង​ចេះ​រឿង​គ្រប់យ៉ាង​បានទេ​។ ដូច្នេះ​ដើម្បី​សម្រួច​ជំនាញ​ យើង​ត្រូវតែ​ធ្វើជា​កូនសិស្ស​ជានិច្ច​។

៥. ហ្វឹកហាត់​គំនិត​ច្នៃប្រតិដ្ឋ​ឱ្យ​ដូច​ហាត់ប្រាណ​

លោកអ្នក​អាច​ហ្វឹកហាត់​គំនិត​ច្នៃប្រឌិត​ក្នុង​របៀប​ទៀងទាត់​ដើម្បី​ដោះស្រាយ​បញ្ហា​បាន​កាន់តែ​ប្រសើរ​។ សមត្ថភាព​នេះ​មាន​លក្ខណៈ​ដូចជា​សាច់ដុំ​ដែរ​ គឺ​បើ​លោកអ្នក​ហ្វឹកហាត់​កាន់តែ​ច្រើន​ វា​នឹង​កាន់តែ​រឹងមាំ​និង​ខ្លាំងពូកែ​។ សកម្មភាព​មានប្រយោជន៍​មួយចំនួន​ដើម្បី​ហ្វឹកហាត់​គំនិត​ច្នៃប្រឌិត​គឺ​ការ​សរសេរ​រឿង​ស្រមើស្រមៃ​ ការ​គូររូប​ និង​ការ​គិត​បំផុសគំនិត​។

៦. កុំ​យក​បញ្ហា​មក​ទុក​ធ្វើជា​រឿង​ផ្ទាល់ខ្លួន​

នៅពេល​យើង​មិន​អាច​ដោះស្រាយ​បញ្ហា​អ្វីមួយ​បាន​ទាន់ចិត្ត​ ឬមានប្រសិទ្ធភាព​ដូច​ការ​រំពឹង​ទុក​ យើង​ច្រើនតែ​មានទម្លាប់​ស្តី​បន្ទោស​ខ្លួនឯង​។ ប៉ុន្តែ​ ការ​ស្តី​បន្ទោស​ខ្លួនឯង​ធ្វើ​ឱ្យ​យើង​កាន់តែ​ពិបាក​ដោះស្រាយ​បញ្ហា​ថ្មី​ៗទៀត​នៅពេល​កើតឡើង​។ វិធី​សាស្រ្ត​គឺ​លោកអ្នក​គួរតែ​ដកខ្លួន​ចេញពី​ស្ថានការណ៍​ដែល​តម្រូវ​ឱ្យ​មាន​ដំណោះស្រាយ​ និង​សម្លឹង​មើល​បញ្ហា​ក្នុង​របៀប​សត្យានុម័ត​ជាជាង​រឿង​ផ្ទាល់ខ្លួន​។

៧. ផ្លាស់​ប្តូរ​ផ្នត់គំនិត​របស់​លោកអ្នក​

បើ​លោកអ្នក​ផ្លាស់​ប្តូរ​របៀប​ដែល​លោកអ្នក​មើល​បញ្ហា​ ដោយ​សម្លឹង​ពី​ទស្សនៈ​របស់​មនុស្ស​ផ្សេងទៀត​ លោកអ្នក​ប្រហែល​នឹង​ទទួល​បាន​ឧបករណ៍​ចាំបាច់​ដែល​លោកអ្នក​ត្រូវការ​ដើម្បី​យល់ដឹង​ក្នុង​កម្រិត​ថ្មី​។ ការ​ធ្វើ​របៀប​នេះ​នឹង​ជួយ​លោកអ្នក​ឱ្យ​បង្កើត​តុល្យភាព​បាន​កាន់តែ​ច្រើន​និង​សម្រេចចិត្ត​ក្នុង​របៀប​កាន់តែ​មាន​ភាព​ជឿជាក់​។

ប្រភព​៖

  • វចនានុក្រមខ្មែរ
  • គេហទំព័រ Success​

អត្ថបទទាក់ទង

គន្លឹះ​សំខាន់ៗចំនួន ៥ ​នេះ​ដើម្បី​អភិវឌ្ឍ​ជំនាញ​ស្តាប់

 

Leave a Reply

Your email address will not be published.