គន្លឹះ​ប្រកបដោយ​ប្រសិទ្ធភាពចំនួន ៥ ​ក្នុង​ការគ្រប់គ្រង​ឥរិយាបថ​បុគ្គលិក​ឆ្នើម​

មេដឹកនាំ គឺជាបុគ្គលម្នាក់មានបទពិសោធន៍ច្រើនឆ្នាំលើមុខជំនាញដែលគាត់បានធ្វើ ហើយក៏ជាបុគ្គលពូកែរៀបចំផែនការ លើកទឹកចិត្ត ដោះស្រាយបញ្ហា និងបែងចែកការងារឲ្យអ្នកនៅក្រោមបង្គាប់របស់គាត់ធ្វើបានដោយរលូន ដើម្បីសម្រេចនៅផែនការរួមនៅក្នុងក្រុមរបស់គាត់ផងដែរ។

អាជីវកម្មខ្លាំងពូកែ ​និង​រីកចម្រើន​ ត្រូវ​អាស្រ័យ​លើ​បុគ្គលិក​ដែល​មាន​ជំនាញ​ខ្ពស់ ​និង​ប្រឹងប្រែង​ធ្វើការ​។ ប៉ុន្តែ​ បញ្ហា​ធំ​មួយ​របស់​បុគ្គលិក​ឆ្នើម ​គឺ​គេ​ច្រើនតែ​ជា​មនុស្ស​ដែល​ពិបាក​គ្រប់គ្រង​។ សហគ្រិន​ជើងចាស់​មួយចំនួន ​បាន​ចែករំលែក​គន្លឹះ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​ឥរិយាបថ​បុគ្គលិក​ឆ្នើម​៖

១. ផ្តល់​ការ​គាំទ្រ​

រក​ឱកាស​និយាយ​គ្នា​ទាក់ទង​នឹង​របៀប​ធ្វើការ​ ដោយ​ដំបូង​ត្រូវ​បង្ហាញ​បញ្ហា​ឥរិយាបថ​ និង​ឥទ្ធិពល​នៃ​ឥរិយាបថ​នោះ​លើ​ពាណិជ្ជកម្ម​។ ជំហាន​បន្ទាប់មក​ទៀត​គឺ​ត្រូវ​កំណត់​ការ​រំពឹង​ទុក​របស់​ក្រុមហ៊ុន​។ បន្ទាប់​ប្រាប់​ឱ្យ​ច្បាស់​ថា​លោកអ្នក​ចង់ឱ្យ​គេ​ធ្វើអ្វី​ខ្លះ​ ដោយ​ការ​បង្ហាញ​ជំនឿ​ចិត្ត​របស់​លោកអ្នក​ចំពោះ​ទេពកោសល្យ​និង​ជំនាញ​របស់​គេ​។ ប៉ុន្តែ​សូមកុំ​ភ្លេច​តាមដាន​និង​ផ្ទៀងផ្ទាត់​លទ្ធផល​ផង​។ បើ​ការ​ត្រឹមតែ​ប្រាប់​នៅ​មិនទាន់​គ្រប់គ្រាន់​ទេ​ លោកអ្នក​ត្រូវ​ផ្តល់​ជំនួយ​ផ្សេងទៀត​។

២. ជីក​ឱ្យ​ជ្រៅ​ទៅ​ក្នុង​បញ្ហា​

សួរ​ឱ្យ​ដឹង​ថា​បុគ្គលិក​មាន​អារម្មណ៍​ដូចម្តេច​ចំពោះ​ការងារ​។ សំណួរ​បើកទូលាយ​ដូចជា​ “តើ​អ្នក​អាច​កែប្រែ​រឿង​មួយ​អំពី​ក្រុមហ៊ុន​នេះ​ តើ​វា​គួរតែ​ជា​រឿង​អ្វី​?” ឬសំណួរ​ថា​ “បើ​អ្នក​អាច​រៀបចំ​របៀបរបប​ធ្វើការ​របស់​អ្នក​ឡើងវិញ​ តើ​វា​គួរតែ​មាន​របៀបណា​?” អាច​បើក​កកាយ​ឱ្យ​ឃើញ​បញ្ហា​ដែល​បុគ្គលិក​នោះ​កំពុងតែ​មាន​ ទោះជា​រឿង​ផ្ទាល់ខ្លួន​ រឿង​ទំនាក់ទំនង​ជាមួយ​ក្រុមការងារ​ ឬរឿង​ទិសដៅ​ជា​រួម​របស់​ក្រុមហ៊ុន​ក៏ដោយ​។ ទោះជា​គេ​ឆ្លើយតប​របៀបណា​ក៏ដោយ​ លោកអ្នក​ត្រូវ​បើក​ចិត្តទូលាយ​ចាំ​ស្តាប់​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​។ ការយល់​ច្បាស់​អំពី​បុគ្គលិក​នឹង​ធ្វើ​ឱ្យ​លោកអ្នក​អាច​កំណត់​ជំហាន​បន្ទាប់​ទៀត​កាន់តែ​ច្បាស់​ដែរ​។

៣. កុំ​មាន​លេស​

ជា​ញឹកញាប់​ពេក​ណាស់​ដែល​សហគ្រិន​ច្រើនតែ​បង្កើត​លេស​សម្រាប់​បុគ្គលិក​ដែល​ពូកែ​ធ្វើការ​ ប៉ុន្តែ​ជា​មនុស្ស​ដែល​ជះឥទ្ធិពល​អវិជ្ជមាន​លើ​មនុស្ស​ជុំវិញ​ខ្លួន​។ លោកអ្នក​ត្រូវ​រក​ឱកាស​និយាយ​ជាមួយ​គេ​ក្នុង​បំណង​ចង់​យល់ដឹង​ពិតប្រាកដ​ថា​មានក​ត្តា​អ្វីខ្លះ​នៅ​ពីក្រោយ​ឥរិយាបថ​ឬច​រិត​ខុសប្រក្រតី​។ ប៉ុន្តែ​បើ​លោកអ្នក​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ជួយ​អស់ហើយ​នៅតែ​មិន​អាច​កែប្រែ​បាន​ គ្មាន​ហេតុផល​អ្វី​ដែល​លោកអ្នក​ត្រូវ​រក្សាទុក​បុគ្គលិក​បែប​នោះ​ទេ​។  

៤. ពិចារណា​ប្រភព​

កំណត់​ឱ្យ​ឃើញ​មូលហេតុ​ចំពោះ​ឥរិយាបថ​មិនល្អ​។ ប្រហែល​ឥរិយាបថ​នោះ​ជា​ការ​ឆ្លើយតប​ទៅ​សកម្មភាព​ឬទង្វើ​មិនល្អ​ណាមួយ​របស់​អ្នកគ្រប់គ្រង​។ ក្នុងករណី​ជាច្រើន​ បុគ្គលិក​ប្រហែល​មិន​ចង់​ប្រឈម​នឹង​បញ្ហា​ដែល​ធ្វើ​ឱ្យ​គេ​មិន​សប្បាយចិត្ត​ទេ​ ហើយ​បញ្ហា​ដែល​មិន​ដោះស្រាយ​នេះ​ក៏​ក្លាយជា​មូលហេតុ​នៃ​ឥរិយាបថ​អវិជ្ជមាន​ជាច្រើន​ទៀត​។ ដូច្នេះហើយ​ រឿង​សំខាន់​គឺ​ត្រូវ​រក​ឱកាស​ដើម្បី​យល់ដឹង​ចន្លោះ​ក្នុង​ប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​។ ការសន្ទនា​ក្នុង​របៀប​ក្រៅផ្លូវការ​ខ្លះ​ជួយ​អភិវឌ្ឍ​ចំណុច​ខ្វះខាត​ដែល​សហគ្រិន​មើល​រំលង​។

៥. ផ្លាស់​ប្តូរ​ឱ្យ​ទាន់ពេល​

ក្រោយពី​ដោះស្រាយ​មូលហេតុ​គ្រប់​អស់ហើយ​នៅតែ​មិន​បាត់​ឥរិយាបថ​អវិជ្ជមាន​នោះ​ លោកអ្នក​មិន​ត្រូវ​ស្តាយស្រណោះ​ចំពោះ​ផលិតភាព​របស់​បុគ្គលិក​នោះ​ទេ​។ ផលិតភាព​ដែល​បាន​មក​ពី​ឥរិយាបថ​មិនល្អ​មិន​ប្រសើរ​ជាង​ការ​គ្មាន​ផលិតភាព​ទេ​។ ឥរិយាបថ​អវិជ្ជមាន​ជះ​ឥទ្ធិ​លយូរ​អង្វែង​និង​នាំ​ឱ្យ​ខាតបង់​ច្រើន​នៅពេល​ទៅមុខ​។


អត្ថបទទាក់ទង

មូលហេតុចំនួន ៦ ​ដែលធ្វើឲ្យ​បុគ្គ​លិ​កល្អ​ៗលាឈប់​ពី​ការងារ​

 

Leave a Reply

Your email address will not be published.