គន្លឹះចំនួន ៣ ​ដែលអ្នកគ្រប់គ្រងអាជីវកម្មអាចបញ្ចេញភាពលេចធ្លោ​ក្នុង​ទីផ្សារ​ប្រកួតប្រជែង​

ការប្រកួតប្រជែង ក្នុងន័យសេដ្ឋកិច្ច គឺជាការប្រកួតប្រជែងគ្នាក្នុងការស្វែងរកទីផ្សារ វត្ថុធាតុដើម ឱកាសសម្រាប់ការបណ្តាក់ទុន ឬការរកប្រាក់ចំណេញឱ្យបានច្រើនជាអតិបរមា។ នៅក្នុងទីផ្សារសេរីសព្វថ្ងៃ មានក្រុមហ៊ុនជាច្រើន កំពុងតែមានការប្រកួតប្រជែងលើវិស័យផ្សេងៗ ដូចជា ឧស្សាហកម្មរថយន្ត ឧស្សាហកម្មអេឡិចត្រូនិច និងឧស្សាហកម្មសម្លៀកបំពាក់ជាដើម។ ការធ្វើបែបនេះ គឺដើម្បីប្រមូលអតិថិជន។ ទោះជាមិនចង់ធ្វើការប្រកួតប្រជែង ក៏ក្រុមហ៊ុនត្រូវពង្រឹងជំហរឱ្យជាប់ ដើម្បីទប់ទល់នៅក្នុងវិស័យឧស្សាហកម្មនេះផងដែរ។

សព្វថ្ងៃ​នេះ​ គ្រប់​ពាណិជ្ជកម្ម​របស់​សហគ្រិន ពិតជា​ពិបាក​ឈរ​ឱ្យ​លេចធ្លោ​ជាងគេ​ណាស់​។ ការប្រកួត​ប្រជែង​យ៉ាង​ខ្លាំងក្លា​ បាន​នាំទៅ​អ្នកប្រើ​ប្រាស់​ទៅ​រក​ការ​រំពឹង​កាន់តែ​ខ្ពស់​។ ជាទូទៅ​ ការ​ត្រឹមតែ​ផ្តល់​ជូន​ផលិតផល​ដែល​មានគុណ​ភាព​លើ​កម្រិត​ធម្មតា​បន្តិច​ មិន​អាចយ​កឈ្នះ​គេ​បានទេ​។ ម្ចាស់អាជីវកម្ម ត្រូវតែ​ច្រានចោល​គំនិត​គ្រោះថ្នាក់​ដែល​ថា​ភាព​លេចធ្លោ​ស្ថិតនៅ​ត្រង់​ដំណើរការ​មានតែ​មួយ​ ការ​វេច​ខ្ចប់​ ការ​ដឹកជញ្ជូន​ ការ​ធ្វើ​ទីផ្សារ​ ។ល។ តាមការពិត​ ភាព​លេចធ្លោ​ ស្ថិតនៅ​ត្រង់​អ្វី​ដែល​អតិថិជន​ទទួល​បាន​ពី​ផលិតផល​ ទោះជា​តាមរយៈ​ការប្រើ​ប្រាស់​កាន់តែ​អស្ចារ្យ​ ផលិតផល​កាន់តែ​ល្អ​ តម្លៃ​កាន់តែ​ទាប​ និង​អត្ថ​ប្រយោជន៍​ស្រដៀង​នេះ​ជាច្រើន​ទៀត​។

ដូច​កំពូល​អ្នកជំនាញ​ខាង​គ្រប់គ្រង លោក ភីតថឺ ដ្រាក់ឃឺ​ (Peter​ Drucker)​ ធ្លាប់​និយាយ​ថា​ អតិថិជន​ចាយ​លុយ​តែ​លើ​អ្វី​ដែល​មានប្រយោជន៍​សម្រាប់​គេ​ និង​ផ្តល់​គុណ​តម្លៃ​ដល់​គេ​ទេ​។ គ្មានអ្វី​ផ្សេងទៀត​ដែល​បង្កើត​គុណភាព​ទេ។ ប្រយោជន៍​នៃ​ការប្រកួត​ប្រជែង​ គឺ​ការ​ងប់ងុល​របស់​អតិថិជន​ ​ការ​ផ្តល់​ជូន​អត្ថ​ប្រយោជន៍​ដែល​ធ្វើ​ឱ្យ​អ្នកប្រើ​ប្រាស់​សប្បាយចិត្ត​ និង​លើកទឹកចិត្ត​គេ​ឱ្យ​បញ្ជាទិញ​ម្តង​ហើយ​ម្តង​ទៀត​។ ខាងក្រោម​នេះ​ ជា​គន្លឹះ​មួយចំនួន​ដែល​ម្ចាស់​ពាណិជ្ជកម្ម​គួរតែ​ចងចាំ​ទុក​នៅពេល​ប្រកួតប្រជែង​៖

១. អ្នកប្រើ​ប្រាស់​រំពឹង​ចង់បាន​ល្បឿន​ ហើយ​ម្ចាស់​ពាណិជ្ជកម្ម​ជា​អ្នក​ផ្តល់​ឱ្យ​

ល្បឿងន លែង​មានន័យ​ដូច​ពីមុន​ទៀតហើយ​។ មនុស្ស​លែង​ភ្ញាក់ផ្អើល​នៅពេល​ក្រុមហ៊ុន Apple​ Google​ និង​ Amazon​ បំពុល​ពួកគេ​ដោយ​ឧបករណ៍ ​និង​សេវាកម្ម​អស្ចារ្យ​យ៉ាង​ទាន់ចិត្ត​ទៀតហើយ​។ សព្វថ្ងៃ​នេះ​ ល្បឿន​ មានន័យថា​ជា​ការ​ដោះ​ដូរ​ភ្លាម​ៗ សេវាកម្ម​អតិថិ​ជនភ្លាមៗ​ និង​ការ​ដឹកជញ្ជូន​ក្នុង​ពេល​ត្រឹមតែ​មួយថ្ងៃ​ ឬក្នុង​ថ្ងៃជា​មួយ​គ្នា​តែម្តង​។ នៅក្នុង​ឧស្សាហកម្ម​អាហារ​ ល្បឿន​ក៏​ជា​រឿង​សំខាន់​ដែរ​។ ការសិក្សា​ជាច្រើន​បាន​បង្ហាញថា​ អ្នកទទួល​ទាន​ខឹង​ខ្លាំង ​ប្រសិនបើ​គេ​ត្រូវ​រង់ចាំ​អាហារ​លើស​ពី ២០ នាទី​។

ល្បឿន​ និង​គុណភាព​ ជាហេតុ​ផល​ដែល​ធ្វើ​ឱ្យ​ផលិតផល Instant​ Pot​ លក់ដាច់​ជាងគេ​បំផុត​នៅក្នុង​ក្រុមហ៊ុន​ Amazon​ ។ កាលពី​ពេល​ថ្មី​ៗនេះ​ លោក រូបឺត វ៉ាង (​Robert​ Wang)​ បាន​គិតទុក​ថា​ឆ្នាំង​ចម្អិ​តអាហារ​បាន​ច្រើន​របៀប​ដែល​អាច​ចម្អិន​បាន​រហ័ស ​នឹង​ក្លាយជា​តម្រូវការ​របស់​មេផ្ទះ ​និង​អ្នកមាន​វិជ្ជាជីវៈ​ខាង​ចម្អិន​អាហារ​។ ដើម្បី​បន្ត​រក្សា​ជោគជ័យ​ លោក​ វ៉ាង​ បាន​ប្រើប្រាស់​គោលការណ៍​របស់​លោក​ ដ្រាក់ឃឺ គឺ​អាន​គ្រប់​មតិយោបល់​អវិជ្ជមាន​ទាំងអស់​អំពី​ផលិតផល​ និង​ប្រឹងប្រែង​កែច្នៃ​តម្រូវចិត្ត​អតិថិជន​។

២. មិន​អាច​មើលស្រាល​សារៈសំខាន់​នៃ​គុណភាព​

លោក ភីតថឺ ដ្រាក់ឃឺ​ (Peter​ Drucker)​ និយាយ​ថា​ គុណភាព​គួរតែ​ឆ្លុះបញ្ចាំង​មើល​ពីអ​តិថិ​ជន​មកវិញ​ មិន​មើលតាម​គំនិត​របស់​អ្នកផ្គត់ផ្គង់​ទេ​។ កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​គឺ​វា​គួរតែ​ឆ្លើយតប​ ឬប្រសើរ​ជាង​ការ​រំពឹង​ទុក​របស់​អ្នកទិញ​ ទាំង​ក្នុង​ផ្នែក​ទំនុកចិត្ត​ សុវត្ថិភាព​ ប្រសិទ្ធភាព​ បទ​ពិសោធ​ និង​សេវា​អតិថិជន​។ ឧទាហរណ៍​មួយ​នៃ​ចំណុច​ទាំងអស់​នេះ​គឺ​ការ​បង្ហាញ​ផលិតផល​ Cybertruck​ របស់​ក្រុមហ៊ុន​ Tesla​។ នៅក្នុង​ការ​ដាក់​តាំង​បង្ហាញ​កាលពី​ឆ្នាំ២០១៩​ ក្រុមហ៊ុន​ទទួល​បានការ​វាយតម្លៃ​ខ្ពស់​ជាច្រើន​ពី​ក្រុម​អ្នកជំនាញ​ខាង​រថយន្ត​ ហើយ​ក្នុង​ពេល​មិនដល់​មួយ​សប្តាហ៍​ផង​ ក្រុមហ៊ុន​ទទួល​បានការ​បញ្ជាទិញ​ជាមុន​ប្រហែល២៥ម៉ឺន​គ្រឿង​។ បើ​ទោះជា​ក្រុមហ៊ុន​ភាគច្រើន​មិន​មាន​ទស្សនវិស័យ​ធំ​ ធនធាន​ច្រើន​ និង​ការរចនា​ដូច​លោក អ៊ីឡុន ម៉ាសក៍ (Elon​ Musk)​ ក៏​ក្រុមហ៊ុន Tesla​ អាច​ក្លាយជា​ប្រភព​នៃ​កម្លាំងចិត្ត​សម្រាប់​សហគ្រិន​ដែល​ព្យាយាម​ចង់បាន​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់​ និង​អតិថិជន​ដែល​គាំទ្រ​យូរអង្វែង​ដែរ​។

៣. រឿង​ឯកជន​កំពុងតែ​ក្លាយជា​ក្តី​បារម្ភ​សម្រាប់​អ្នកទិញ​គ្រប់​ទីកន្លែង​

ការ​បកអាក្រាត​អំពី​របៀប​ប្រមូល​ទិ​ន្ន​ន័យ​របស់​ក្រុមហ៊ុន ​Google​ និង ​Facebook​ កំពុងតែ​ធ្វើ​ឱ្យ​មនុស្ស​បារម្ភ​ចំពោះ​ការប្រើ​ប្រាស់​ព័ត៌មាន​ផ្ទាល់ខ្លួន​។ ច្បាប់​ដែល​កំណត់​ទិន្នន័យ​ផ្ទាល់ខ្លួន​ជា​ទ្រព្យសម្បត្តិ​ឯកជន​ កំពុងតែ​ជាប់​គាំង​ក្នុង​សភា​ ប៉ុន្តែ​ក្រុមហ៊ុន​បច្ចេកវិទ្យា​មិន​គួរ​រង់ចាំ​ច្បាប់​នេះ​ទេ​ ដោយសារ​គេ​អាច​ទទួល​បានការ​ទុកចិត្ត​ពី​អ្នកប្រើ​ប្រាស់​តាមរយៈ​គោលនយោបាយ​រក្សា​ការសម្ងាត់​ផ្ទាល់ខ្លួន​។

បើ​គ្មាន​ការ​លក់​ជាបន្តបន្ទាប់​ទេ​ ពាណិជ្ជកម្ម​នឹង​ដួល​រលំ​បន្តិច​ម្តង​ៗ ហើយ​អតិថិជន​ដែល​សប្បាយចិត្ត​ជាហេតុ​ផល​តែមួយគត់​ដែល​រុញច្រាន​ឱ្យ​មានការ​លក់​កើនឡើង​។ ហេតុដូច្នេះ​ហើយ​បាន​ជាចាំបាច់​ម្ចាស់​ពាណិជ្ជកម្ម​ត្រូវ​ចងចាំ​ថា​ គុណភាព​ ល្បឿន​ និង​ការសម្ងាត់​ អាច​ធ្វើ​ឱ្យ​ពាណិជ្ជកម្ម​មួយ​ឈរជើង​បាន​យូរអង្វែង​ និង​រីកចម្រើន​ក្នុង​ការប្រកួត​ប្រជែង​សព្វថ្ងៃ​នេះ​។


អត្ថបទទាក់ទង

៤ ជំហាន ក្នុងការអនុវត្តផែនការយុទ្ឋសាស្រ្ត ដើម្បីដើរឲ្យទាន់សភាពការណ៍

 

Leave a Reply

Your email address will not be published.