គន្លឹះគ្រប់គ្រងចំនួន ៤ សម្រាប់មេដឹកនាំក្រុមការងារដែលរវល់ខ្លាំង

ការគ្រប់គ្រង គឺជាដំណើររការនៃការធ្វើផែនការ ការចាត់តាំង ការដឹកនាំ និងការត្រួតពិនិត្យ ទៅលើការប្រើប្រាស់ធនធានមនុស្ស និងធនធានដទៃទៀតដើម្បីសម្រេចគោលដៅអង្គភាព។ ចំណែកឯអ្នកគ្រប់គ្រង គឺជាអ្នកអនុវត្តការងារនៅអង្គភាពមួយ ឬអង្គការចាត់តាំងមួយ ដោយរៀបចំជាប្រព័ន្ធរបស់មនុស្ស ដើម្បីសម្រេចគោលដៅជាក់លាក់មួយ។ ចំពោះអ្នកដឹកនាំត្រូវបានគេពិពណ៌នាថាជាអ្នកដែលមានជំនាញមួយជាក់លាក់អាចពង្រឹងពង្រីក និងបណ្តុះបណ្តាលទៅដល់មនុស្សក្រោមឱវាទ ឬមនុស្សជុំវិញខ្លួន។

គោលការណ៍គ្រប់គ្រង ដូចជាការបញ្ចូលផ្នត់គំនិតរីកចម្រើនក្នុងចំណោមបុគ្គលិក ឬការដឹកនាំដោយការយល់ចិត្ត អាចក្លាយទៅជាឧបសគ្គខ្លះចំពោះការងារ។ ប៉ុន្តែនៅពេលលោកអ្នកទទួលខុសត្រូវចំពោះការគ្រប់គ្រងក្រុមការងារទ្រង់ទ្រាយធំ ឧបសគ្គនោះនឹងមានទំហំកាន់តែធំ។ ពេលក្រុមការងារកាន់តែធំ លោកអ្នកនឹងកាន់តែពិបាកក្នុងការផ្តល់ការយកចិត្តទុកដាក់ដល់បុគ្គលិកម្នាក់ៗឱ្យបានគ្រប់គ្រាន់ណាស់។ បើលោកអ្នកមិនប្រុងប្រយ័ត្នទេ លោកអ្នកងាយនឹងធ្លាក់ចូលក្នុងបញ្ហា ឬទុកទំនួលខុសត្រូវខ្លះចោលមិនខាន។

ដំណឹងល្អនោះ គឺថាការមើលខុសត្រូវលើក្រុមការងារច្រើនគ្នា មិនមែនជារឿងដែលមិនអាចធ្វើបាននោះទេ។ តាមរយៈការបញ្ចូលក្បួនអនុវត្តខាងក្រោមនេះទៅក្នុងការគ្រប់គ្រង លោកអ្នកនឹងប្រុងប្រៀបខ្លួនបានកាន់តែប្រសើរដើម្បីដឹកនាំក្រុមការងារទៅរកជោគជ័យ៖

១. បើកច្រកទំនាក់ទំនង

ពេលមានក្រុមការងារគ្នាច្រើន លោកអ្នកពិបាកនឹងរៀបចំកិច្ចប្រជុំជួបមុខគ្នាទៀងទាត់ណាស់។ ប៉ុន្តែការលំបាកនេះក៏មិនមែនមានន័យថាលោកអ្នកគួរតែទុកទំនាក់ទំនងចោលដូចរឿងមិនសំខាន់នោះទេ។ សូម្បីតែបុគ្គលិកថ្មីបំផុតនៅក្នុងក្រុមការងារក៏ត្រូវការចំណាប់អារម្មណ៍ខ្លះពីលោកអ្នកដើម្បីគេអាចមានអារម្មណ៍ថាដូចជាបានចូលរួមវិភាគទានខ្លះដែរ។ ដើម្បីរក្សាទំនាក់ទំនងបានល្អជាមួយបុគ្គលិកគ្រប់លំដាប់ថ្នាក់ លោកអ្នកអាចប្រើប្រាស់បច្ចេកវិទ្យាដូចជាSlack Basecamp ដើម្បីបន្ថែមពីលើការជួបប្រជុំគ្នាដោយផ្ទាល់។ នៅពេលក្រុមការងារយល់ថាច្រកទំនាក់ទំនងបន្ថែមនេះអាចធ្វើឱ្យគេទទួលបានការណែនាំផងនិងសួរចម្ងល់ទាំងអស់ផង គេនឹងបើកចិត្តកាន់តែទូលាយដើម្បីធ្វើការ។

២. ចាត់ចែងការងារឱ្យអ្នកដទៃធ្វើ

នៅពេលក្រុមការងាររីកកាន់តែធំ ទម្ងន់ការងារក៏កើនឡើងដែរ ហើយលោកអ្នកមិនអាចធ្វើកិច្ចការទាំងអស់ដោយខ្លួនឯងបានទេ។ ការបែងចែកការងារទៅឱ្យមនុស្សត្រូវជំនាញនឹងជួយលោកអ្នកជៀសផុតពីស្ថានភាពការងារលើសទម្ងន់ បង្កើនផលិតភាពជាទូទៅរបស់ក្រុមការងារ ហើយលោកអ្នកក៏មានពេលកាន់តែច្រើនដើម្បីគ្រប់គ្រង និងពេលផ្ទាល់ខ្លួន។ ការសិក្សាបានបង្ហាញថាការបែងចែកការងារជួយបង្កើនឥរិយាបថនៃការសុំគំនិតយោបល់ក្នុងចំណោមបុគ្គលិក ដែលនាំទៅរកលទ្ធផលកាន់តែប្រសើរ។ លោក Andrew Carnegie បានក្លាយជាកំពូលអ្នកមានក្នុងពិភពលោកនៅក្នុងសតវត្សទី២០ ដោយសារតែការចេះបែងចែកការងារឱ្យមនុស្សធ្វើត្រូវជំនាញ។

៣. សម្លឹងរកមើលលទ្ធភាពនៃទំនាស់

ទំនាស់មិនល្អនៅក្នុងក្រុមការងារធំអាចរំខានដល់ភាពស្វាហាប់នៅក្នុងចំណោមបុគ្គលិកទាំងអស់បាន។ មនុស្សទាំងអស់មានទំនោរប្រកាន់បក្សពួក ហើយកាលណាមានទំនាស់ សាមគ្គីភាពក៏បែកបាក ដែលរំខានដល់ទំនាក់ទំនងនិងប្រសិទ្ធភាពការងារទាំងអស់តាំងពីការផលិតរហូតដល់សេវាអតិថិជន។ ក្នុងនាមជាមេដឹកនាំក្រុម លោកអ្នកត្រូវដាក់ការរំពឹងច្បាស់លាស់ចំពោះរបៀបដោះស្រាយបញ្ហានៅក្នុងចំណោមក្រុមការងារ ហើយត្រូវមានគំនិតផ្តួចផ្តើមដើម្បីដោះស្រាយបញ្ហាទាំងអស់។ ការស្គាល់បរិយាកាសការងារគ្រប់ពេលនឹងជួយលោកអ្នកកំណត់ដឹងបញ្ហាទាំងតូចទាំងធំ ហើយលោកអ្នកក៏អាចចាត់វិធានការបានទាន់ពេលដែរ។

៤. សម្លឹងមើលឱ្យហួសពីបុគ្គល

នៅក្នុងចំណោមក្រុមការងារធំ សមត្ថភាពវិភាគគុណភាពនិងស្នាដៃរបស់មនុស្សម្នាក់ៗកាន់តែចាំបាច់ជាងពេលណាទាំងអស់។ ការសម្លឹងមើលដំណើរការ វិធីសាស្រ្តទំនាក់ទំនង និងតួនាទីរបស់បុគ្គលម្នាក់ៗដោយភ្ជាប់នឹងទិដ្ឋភាពធំនឹងជួយឱ្យលោកអ្នកកំណត់ដឹងផ្នែកណាដែលក្រុមការងាររបស់លោកអ្នកមានភាពស្អិតរមួតនិងផ្នែកណាខ្លះដែលមានប្រសិទ្ធភាព។ ការគ្រប់គ្រងបែបល្អិតល្អន់នៅតែសំខាន់ដដែល ប៉ុន្តែការដកឃ្លាថយមួយជំហាន និងមើលជារួមនឹងជួយលោកអ្នកឱ្យកំណត់ដឹងតម្រូវការដើម្បីធ្វើឱ្យស្របគ្នានឹងគោលដៅ និងចំណុចដែលត្រូវកែតម្រូវដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។

គោលការណ៍ជាច្រើននៃភាពជាអ្នកដឹកនាំជោគជ័យនៅតែដដែល ទោះជាក្រុមការងារតូច ឬធំយ៉ាងណាក៏ដោយ។ ទោះជាយ៉ាងណា តាមរយៈការចេះគ្រប់គ្រងបានល្អ លោកអ្នកអាចត្រៀមខ្លួនដើម្បីដោះស្រាយបញ្ហាផង និងដឹកនាំក្រុមហ៊ុនទៅរកជោគជ័យកាន់តែខ្ពស់ផង។

ប្រភព៖ Entrepreneur


អត្ថបទទាក់ទង

ប្រព័ន្ធចំនួន ៤ ដែលសហគ្រិនជោគជ័យប្រើប្រាស់ដើម្បីសម្រេចគោលដៅ

Leave a Reply

Your email address will not be published.