ក្បួនចំនួន ៤ ក្នុងការគ្រប់គ្រង​អាទិភាព​ការងារ​ដែល​កើតឡើង​ស្រប​ពេល​គ្នា​

ការគ្រប់គ្រង​ខ្លួនឯង​ និង​កំណត់​ការងារ​ជាអាទិភាព​ ជា​រឿង​សំខាន់​មួយ​ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​មានប្រសិទ្ធភាព​ការងារ​ខ្ពស់​ ព្រោះ​វា​អាច​ជួយ​ឱ្យ​មនុស្ស​ផ្តោត​លើ​ភាព​សំខាន់​នៃ​ការងារ​បាន​ល្អ​។

មនុស្ស​ម្នា​ក់ៗ​ថ្វី​ដ្បិតតែ​ទទួល​បានការ​អប់រំ​ជាមួយគ្នា​ រស់នៅ​ក្នុង​បរិស្ថាន​ស្រដៀងគ្នា​ និង​ក្នុង​ប្រទេស​តែមួយ​ជាមួយគ្នា​ តែ​មិន​ប្រាកដ​ថា​ នឹង​ទទួល​បាន​លទ្ធផល​ក្នុង​ជីវិត​ដូចគ្នា​នោះ​ទេ​។ បញ្ហា​នេះ​កើតឡើង​ដោយសារតែ​មនុស្ស​ម្នា​ក់ៗ​មានទម្លាប់​ក្នុង​ការ​គិត​ និង​របៀបរបប​នៃ​ការអនុវត្ត​ខុសគ្នា​ទាំង​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ក្នុង​ការងារ​ និង​ក្នុង​អាជីវកម្ម​ជាដើម​។

ក្រុមហ៊ុន​មាន​បញ្ជី​អាទិភាព​ការងារ​ប្រកួតប្រជែង​គ្នា​មិន​ចេះ​ចប់​ ជាពិសេស​នៅក្នុង​ដំណាក់កាល​ចាប់ផ្តើម​។ ការ​ព្យាយាម​ដោះស្រាយ​កិច្ចការ​ទាំងអស់​ក្នុង​ពេល​ជាមួយគ្នា​បាន​ត្រឹមតែ​នាំទៅរក​លទ្ធផល​មិនជា​ទីគាប់ចិត្ត​ប៉ុណ្ណោះ​។ តើ​អ្នកគ្រប់គ្រង និងដឹកនាំត្រូវ​បង្កើត​ក្បួន​សម្រេចចិត្ត​ដោយ​របៀបណា​ដើម្បី​ជួយ​កំណត់​អាទិភាព​ការងារ​ និង​ដើរ​ក្នុង​ទិសដៅ​ដែល​ត្រូវ​?

សម្រាប់​ក្រុមហ៊ុន​ភាគច្រើន​ ការ​តម្រង់​ទិសដៅ​ក្រុមហ៊ុន​ឱ្យ​ស្របគ្នា​នឹង​ការ​លើកទឹកចិត្ត​បុគ្គលិក​ឱ្យ​ប្រឹងប្រែង​ធ្វើការ​ឆ្ពោះទៅ​រក​គោលដៅ​នោះ​ជា​គន្លឹះ​។ ខាងក្រោម​នេះ​ជា​ក្បួន​ដែល​លោកអ្នក​អាច​ចាប់ផ្តើម​បាន​៖

១. កំណត់​ដឹង​គោលដៅ​របស់​ក្រុមហ៊ុន​

ចំណុចរួម​នៃ​ការកំណត់​អាទិភាព​ការងារ​ស្ថិតនៅ​លើ​ការ​រុញច្រាន​ទៅ​រក​ជោគជ័យ​ក្នុង​របៀប​ប្រកបដោយ​ប្រសិទ្ធភាព​។ ជោគជ័យ​មានន័យ​ខុសគ្នា​នៅក្នុង​ផ្នែក​ផ្សេង​ៗនៃ​ពាណិជ្ជកម្ម​ ប៉ុន្តែ​ទោះជា​មានការ​យល់​ខុសគ្នា​ចំពោះ​ជោគជ័យ​ ក៏​វា​ត្រូវតែ​កំណត់​ឱ្យ​បានដឹង​ច្បាស់ជា​មុន​ដែរ​។ ក្នុងករណី​ភាគច្រើន​ ជោគជ័យ​នេះ​ស្ថិតនៅ​លើ​គោលដៅ​រួម​របស់​ក្រុមហ៊ុន​។ តើ​លោកអ្នក​កំពុងតែ​ធ្វើការ​ដើម្បី​ពង្រីក​ប្រភព​ចំណូល​? បង្កើន​ចំណែក​ទីផ្សារ​? និង​ធ្វើ​ឱ្យ​សេវា​អតិថិជន​កាន់តែ​ប្រសើរ​ឡើង​ទេ​? គោលដៅ​ក្រុមហ៊ុន​គួរតែ​ជា​ត្រីវិស័យ​តម្រង់​ទិស​ការងារ​ប្រចាំថ្ងៃ​របស់​បុគ្គលិក​។ គោលដៅ​ដែល​ត្រូវ​អាច​ភ្ជាប់​ទៅ​នឹង​តួនាទី​និង​ទំនួល​ខុសត្រូវ​ទាំងអស់​ក្នុង​ក្រុមហ៊ុន​។

២. ដាក់​គោលដៅ​នៅចំពោះមុខ​

បើ​លោកអ្នក​រំពឹង​ចង់ឱ្យ​បុគ្គលិក​ធ្វើការ​ឆ្ពោះទៅ​រក​គោលដៅ​នេះ​រាល់ថ្ងៃ​ ថ្នាក់ដឹកនាំ​ត្រូវតែ​តាំងចិត្ត​និង​ប្រឹងប្រែង​បង្ហាញ​ឱ្យ​ឃើញ​គោលដៅ​រាល់ថ្ងៃ​ដែរ​។ ចែករំលែក​គោលដៅ​នោះ​នៅក្នុង​ពេល​ប្រជុំ​ ក្នុង​ការរៀបចំ​ផែនការ​ និង​តាម​គ្រប់​មធ្យោបាយ​ទំនាក់ទំនង​ទាំង​ផ្លូវការ​និង​ក្រៅផ្លូវការ​។ តើ​ហេតុអ្វីបានជា​ការ​ទុកចិត្ត​ទាំងស្រុង​លើ​គោលដៅ​ជា​រឿង​សំខាន់​? ចម្លើយ​គឺ​វា​ជួយ​ផ្តល់​កម្លាំងចិត្ត​ដល់​បុគ្គលិក​។ បើ​បុគ្គលិក​នី​មួយ​ៗមាន​សមត្ថភាព​កំណត់​អាទិភាព​តាម​គោលដៅ​ដូចគ្នានឹង​អ្នកគ្រប់គ្រង​ដែរ​ មានន័យថា​មនុស្ស​ទាំងអស់គ្នា​ក្នុង​ក្រុមហ៊ុន​កំពុងតែ​រុញច្រាន​ទៅមុខ​ក្នុង​ទិសដៅ​ត្រឹមត្រូវ​។

៣. សួរ​សំណួរ​ឱ្យ​កំណត់​អាទិភាព​

លោកអ្នក​មាន​គោលដៅ​ និង​មាន​ក្រុមការងារ​ដែល​ជឿជាក់​លើ​គោលដៅ​ហើយ​។ ពេលនេះ​លោកអ្នក​អាច​ប្រើប្រាស់​ធាតុផ្សំ​ទាំងនេះ​ដើម្បី​ជួយ​កំណត់​អាទិភាព​។ ពាណិជ្ជកម្ម​មាន​លក្ខណៈ​បត់បែន​ទៅតាម​ស្ថានការណ៍​ ដែល​នាំទៅរក​ឱកាស​ផង​និង​ការ​ប្រថុយ​ផង​ ហើយក៏​អាច​នឹង​តម្រូវ​ឱ្យ​មានការ​កែតម្រូវ​ទិសដៅ​ខ្លះ​ដែរ​។ ដូច្នេះតើ​លោកអ្នក​អាច​កំណត់​ដឹង​ដោយ​របៀបណា​ថា​គំនិត​មួយ​មានតម្លៃ​គួរ​ដល់​ការ​ប្រឹងប្រែង​បន្ត​ទៅមុខ​ទៀត​? លោកអ្នក​អាច​នឹង​សួរ​សំណួរ​ជាប្រចាំ​ថា​ «តើ​សកម្មភាព​ដែល​ស្នើ​ឡើង​នេះ​ជួយ​យើង​ឱ្យ​សម្រេច​បាន​គោលដៅ​បានទេ​?» បើ​ចម្លើយ​វិជ្ជមាន​កាន់តែ​ច្រើន​ កម្រិត​អាទិភាព​ក៏​គួរតែ​ខ្ពស់​ដែរ​ ហើយ​ធ្វើ​ឱ្យ​លោកអ្នក​មើលឃើញ​កាន់តែ​ច្បាស់​។

៤. វិភាគ​លទ្ធផល​

ដូច្នេះ​នៅទីបញ្ចប់​ តើ​លោកអ្នក​បានសម្រេច​គោលដៅ​ទេ​? តើ​ដំណើរការ​វាយតម្លៃ​ឱកាស​ពាណិជ្ជកម្ម​ប្រព្រឹត្តទៅ​ល្អ​ទេ​? តើ​មនុស្ស​នៅ​គ្រប់​កម្រិត​ទាំងអស់​នៃ​ក្រុមហ៊ុន​ទទួល​បាន​អំណាច​ដើម្បី​សម្រេចចិត្ត​ដោយ​ផ្អែកលើ​គោល​ការ​យក​គោលដៅ​ជាធំ​ទេ​។ បើ​លោកអ្នក​ទទួល​បាន​ចម្លើយ​អវិជ្ជមាន​ខ្លះ​ក៏​មិនមែន​ជា​បញ្ហា​អ្វី​ទេ​ វា​ជា​សញ្ញា​បញ្ជាក់​ថា​ដល់ពេល​ដែល​លោកអ្នក​ត្រូវ​វិវត្ត​ហើយ​។ ការ​ផ្លាស់​ប្តូរ​ជា​រឿង​ជៀស​មិន​រួច​ទេ​ ហើយ​លោកអ្នក​គួរតែ​បើក​ចិត្ត​ទទួលយក​ការ​ផ្លាស់​ប្តូរ​ដែល​ចាំបាច់​។

ប្រភព​យោង៖ គេហទំព័រ Entrepreneur​


អត្ថបទទាក់ទង

អន្ទាក់​ទាំង​ ៥ ដែលអ្នក​ត្រូវ​ចៀសវាង ដើម្បី​សម្រេចចិត្ត​ឲ្យបាន​ល្អ​

 

Leave a Reply

Your email address will not be published. Required fields are marked *