កំហុសចៀសវាងចំនួន ៤ ដើម្បីរៀបចំដំណើររបស់ក្រុមហ៊ុនទៅរកជោគជ័យ

កំហុស គឺជាស្ថានភាពផ្លូវចិត្តរបស់មនុស្សដែលអាចធ្វើជាម្ចាស់នៃខ្លួន ពោលគឺអា​ចយល់ដឹងបាននូវអំពើ និងលទ្ធផលដែលកើតចេញពីអំពើរបស់ខ្លួន។

ពីឆ្នាំ ២០០៧ ដល់ ២០១២ ក្រុមហ៊ុន Wells Fargo បានជួបបញ្ហាមួយចំនួនក្នុងការពង្រីកខ្លួន។ ក្នុងអំឡុងពេលនោះ កំហុសធំៗជាច្រើនបានកើតឡើងជាបន្តបន្ទាប់។ បុគ្គលិកថ្នាក់ក្រោមមួយចំនួនបានមើលឃើញបញ្ហាទាំងអស់នោះហើយព្យាយាមប្រាប់ថ្នាក់លើឱ្យបានដឹង ប៉ុន្តែមិនដឹងថាមូលហេតុអ្វីបានជាដំណឹងទាំងនោះហាក់ដូចជាមិនឡើងទៅដល់អ្នកគ្រប់គ្រងក្រុមហ៊ុនសោះ។

គេអាចនិយាយជារួមបានថាក្រុមមេដឹកនាំក្រុមហ៊ុន Wells Fargo ធ្វើខ្លួនឱ្យរវល់ពេករហូតដល់គ្មានពេលពិនិត្យមើលការគ្រប់គ្រងថ្នាក់ក្រោម។ ក្នុងនាមជាមេដឹកនាំ លោកអ្នកមិនអាចគ្រប់គ្រងបានគ្រប់ជ្រុងជ្រោយទេ។ ទោះជាយ៉ាងណា មានកិច្ចការខ្លះដែលលោកអ្នកអាចធ្វើបាន ហើយក៏មានកំហុសខ្លះដែលលោកអ្នកអាចជៀសវាងបានដែរ ដើម្បីរៀបចំដំណើររបស់ក្រុមហ៊ុនទៅរកជោគជ័យ៖

១. ទទួលខុសត្រូវច្រើនពេក

មាននាយកប្រតិបត្តិ (CEO) ច្រើននាក់ណាស់ដែលទទួលយកការងារច្រើនមកធ្វើលើសពីសមត្ថភាពឬពេលវេលាដែលខ្លួនឯងមាន។ ដើម្បីបញ្ជៀសបញ្ហានេះ ការកំណត់ព្រំដែនលើកិច្ចការដែលត្រូវធ្វើនិងកិច្ចការដែលមិនត្រូវធ្វើជាមធ្យោបាយល្អបំផុត។ CEO មិនត្រូវប្រើប្រាស់ផ្នត់គំនិតដូចអ្នកបង្កើតក្រុមហ៊ុនថ្មីទេ។ បើលោកអ្នកមិនឈប់គិតដូចមនុស្សដែលរៀបចំបង្កើតពាណិជ្ជកម្មនៅផ្ទះ​ ហើយចាប់ផ្តើមគិតឱ្យដូច CEO លំដាប់ថ្នាក់ពិភពលោកទេ ក្រុមហ៊ុនរបស់លោកអ្នកនឹងមិនអាចឡើងទៅដល់លំដាប់ពិភពលោកទេ។

CEO ត្រូវអង្គុយមួយកន្លែង ហើយសរសេរកិច្ចការគ្រប់យ៉ាង ហើយសម្រិតសម្រាំងមើលថាតើកិច្ចការណាខ្លះដែលគួរតែជាអាទិភាព និងកិច្ចការណាខ្លះដែលអាចបែងចែកទៅមនុស្សផ្សេងទៀតឱ្យជួយធ្វើជំនួស។

២. ភ្លេចស្តាប់អ្នកដទៃ

យោងតាមការសិក្សាមួយ CEO ភាគច្រើនមិនសូវមានជំនាញគ្រប់គ្រងមនុស្សទេ ជាពិសេសនៅពេលត្រូវប្រើប្រាស់ជំនាញស្តាប់។ បើទោះជាបញ្ហាពិបាកនឹងជម្នះបាន ក៏លោកអ្នកនៅតែអាចធ្វើឱ្យបានប្រសើរឡើងតាមរយៈការប្រើប្រាស់វិទ្យាសាស្រ្តនៃចិត្តករុណានៅក្នុងកន្លែងធ្វើការដែរ។ លោក David Desteno ជាសាស្រ្តាចារ្យចិត្តវិទ្យាម្នាក់បានពន្យល់ថា មនុស្សដែលមានចិត្តករុណាច្រើនតែចេះអត់ធ្មត់ច្រើនចំពោះកិច្ចការពិបាកធ្វើ។

ដើម្បីអនុវត្តតាមវិធីសាស្រ្តនេះ លោកអ្នកត្រូវចាប់ផ្តើមស្តាប់បុគ្គលិកឱ្យបានច្រើន។ រៀនតាមរយៈការនិយាយជាមួយបុគ្គលិកនិងក្រុមអ្នកគ្រប់គ្រងដើម្បីឱ្យដឹងថាពួកគេចូលចិត្តអ្វីខ្លះនិងមិនចូលចិត្តអ្វីខ្លះអំពីការងាររាល់ថ្ងៃ។ បន្ទាប់មក រកមើលរបៀបដែលលោកអ្នកអាចកាត់បន្ថយបញ្ហារបស់ពួកគេនិងបង្កើតរង្វាន់ដែលពួកគេចង់បានពីការងារ។ លោកអ្នកត្រូវតែធ្វើឱ្យដូចការនិយាយ ដើម្បីធ្វើឱ្យក្រុមការងារមានអារម្មណ៍ជឿជាក់និងទុកចិត្តថាលោកអ្នកពិតជាយល់ចិត្តពួកគេមែន។

៣. ឆាប់បោះបង់ចោលពេក

ក្រុមហ៊ុន Barnes & Noble បានដឹងថាគេត្រូវប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Amazon ដែលកំពុងតែមានឥទ្ធិពលខ្លាំងឡើង។ ដំបូង ក្រុមហ៊ុននេះមានកម្លាំងខ្លាំងណាស់ ដោយបានដាក់បន្ថែមសេវាលក់កាហ្វេនៅតាមហាងលក់សៀវភៅទាំងអស់ ដើម្បីទាក់ទាញអតិថិជន។ គេថែមទាំងបង្កើតឧបករណ៍អានសៀវភៅអេឡិចត្រូនិចដោយខ្លួនឯងដើម្បីប្រកួតជាមួយនឹង Amazon Kindle ថែមទៀត។

បើទោះជាមានការផ្លាស់ប្តូរទ្រង់ទ្រាយធំទាំងអស់នេះ ក៏ក្រុមហ៊ុន Amazon នៅតែរីកចម្រើន រហូតដល់ចំណុចមួយដែលក្រុមហ៊ុ​ន Barnes & Noble ត្រូវបោះបង់ចោលការប្រកួត។ តាមពិតទៅក្រុមហ៊ុនផលិតនិងលក់សៀវភៅមួយនេះអាចធ្វើបានច្រើនជាងនេះទៅទៀត ប៉ុន្តែថ្នាក់ដឹកនាំមិនមានគំនិតឬកម្លាំងចិត្តដើម្បីបន្តយុទ្ធសាស្រ្តថ្មីៗ។ សព្វថ្ងៃការលក់សៀវភៅរបស់ក្រុមហ៊ុន Amazon នៅតែបន្តគ្របដណ្តប់លើទីផ្សារដដែល។

៤. មិនបានកំណត់ព្រំដែន

សព្វថ្ងៃនេះមានការនិយាយច្រើនណាស់ទាក់ទងនឹងរចនាសម្ព័ន្ធក្រុមហ៊ុនដែលមានលក្ខណៈបត់បែន។ ដោយសាររបៀបរបបធ្វើពាណិជ្ជកម្មផ្លាស់ប្តូរ លំដាប់លំដោយ និងតួនាទីជាច្រើននៅក្នុងក្រុមហ៊ុនក៏លែងមានប្រយោជន៍ទៀតដែរ។ បោះជារចនាសម្ព័ន្ធក្រុមហ៊ុនផ្លាស់ប្តូរមែន ក៏ព្រំដែនត្រូវតែមានភាពច្បាស់លាស់ដែរ។ ក្នុងនាមជា CEO លោកអ្នកត្រូវអនុវត្តច្បាប់ដែលជួយក្រុមការងារឱ្យធ្វើការទទួលបានប្រសិទ្ធភាពខ្ពស់។

លោក ហេនរី ខ្លោត (Henry Cloud) ដែលអ្នកជំនាញខាងចិត្តវិទ្យា និងមានអាជីពជាអ្នកផ្តល់ប្រឹក្សាដល់ CEO អះអាងថា មេដឹកនាំត្រូវចេះកំណត់ព្រំដែនច្រើនប្រភេទ។ ដំបូងគឺត្រូវបង្កើតការណែនាំដែលជួយឱ្យបុគ្គលិកផ្តោតចិត្តលើកិច្ចការដែលសំខាន់។ ព្រំដែនបន្ទាប់មកទៀតគឺត្រូវជៀសវាងអារម្មណ៍អវិជ្ជមាន។ ម្ចាស់ពាណិជ្ជកម្មអាចបង្កើតក្បួនច្បាប់ដែលជួយរក្សាបរិយាកាសអារម្មណ៍គាំទ្រដែលលើកកម្ពស់ទាំងរបៀបធ្វើការនិងសុភមង្គលរបស់បុគ្គលិក។

ប្រភព ៖​ Entrepreneur


អត្ថបទទាក់ទង

ប្រព័ន្ធចំនួន ៤ ដែលសហគ្រិនជោគជ័យប្រើប្រាស់ដើម្បីសម្រេចគោលដៅ

 

Leave a Reply

Your email address will not be published.