រឿងខ្លី៖ តើអ្នកវិទ្យាសាស្ត្រ​ជា​មនុស្ស​បែប​ណា?

ស៊ែកហ្គេ អ៊ីវ៉ាណូវិច វ៉ាវីឡូវ (Sergey Ivanovich Vavilov, 1891-1951) មាន​កំណើត​ក្នុង​គ្រួសារ​អ្នករដ្ឋការ​ក្រីក្រ​ម្នាក់។ តាំង​ពី​ពេល​នៅ​សិក្សា​ម៉្លេះ យុវសិស្ស​នេះ​ចូលចិត្ត​មុខវិជ្ជា​ធម្មជាតិវិទ្យា​ណាស់។ ពេល​ចូល​រៀន​នៅ​មហាវិទ្យាល័យ និស្សិត​ដ៏​ពូកែ​ឆ្នើម​វ៉ាវីឡូវ​ត្រូវ​បាន​អ្នកប្រាជ្ញ ឡេបេឌែហ្វ យក​ចិត្ត​ទុកដាក់​ណែនាំ​យ៉ាង​ពិសេស។

វ៉ាវីឡូវ​ បាន​ក្លាយ​ទៅ​ជា​អ្នករូបវិទ្យា​ដ៏​ល្បីល្បាញ​តាំងពី​ឆ្នាំ​ដំបូង​ក្រោម​រដ្ឋ​អំណាច​សូវៀត។ លោក​ទទួល​បន្ទុក​មុខវិជ្ជា​ពន្លឺវិទ្យា (Optique) នៅ​ក្នុង​វិទ្យាស្ថាន​រូបវិទ្យា។ នៅ​ទីនេះ​លោក​សម្រេច​បាន​នូវ​ស្នាដៃ​ធំៗ​មាន​តម្លៃ​ជាច្រើន ទាំង​ខាង​ទ្រឹស្ដី ទាំង​ខាង​បច្ចេកទេស​ពន្លឺ ព្រម​ទាំង​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ​វិទ្យាសាស្ត្រ។ ចាប់​ពី​ឆ្នាំ​១៩៣២លោក​បាន​ក្លាយ​ទៅ​ជា​សមាជិក​បណ្ឌិតសភា​វិទ្យាសាស្ត្រ​សូវៀត រួច​មក​ទល់​ឆ្នាំ​១៩៤៥ លោក​ត្រូវ​បាន​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​វិទ្យាស្ថាន។

អ្នកប្រាជ្ញ​រូប​នេះ​បាន​ទទួល​រង្វាន់​ឥស្សរិយយស​លេនីន ២​លើក ដោយ​ការ​រួម​ចំណែក​យ៉ាង​សំខាន់​របស់​លោក​ក្នុង​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកទេស​ការពារ​សន្តិសុខ​ជាតិ។

ពេល​ដែល​បាន​ក្លាយ​ទៅ​ជា​អ្នកដឹកនាំ​ផ្នែក​រូបវិទ្យា​នៅ​មហាវិទ្យាល័យ​មូស្គូ មាន​ម្ដង​នោះ វ៉ាវីឡូវ​ បាន​ប្រគល់​ឲ្យ​សហការី​របស់​ខ្លួន​នូវ​ការងារ​ចាត់​តាំង​មួយ​ចំនួន។

“ជម្រាប​ប្រសាសន៍​លោក​សាស្ត្រាចារ្យ បើ​តែ​យ៉ាង​ហ្នឹង ធ្វើ​ម៉េច​ខ្ញុំ​ធ្វើការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​បាន​ទៅ?”

វ៉ាវីឡូវ​ឆ្លើយ​តប​វិញ​យ៉ាង​ម៉ឺងម៉ាត់​ថា៖ “ឯង​យល់​ច្រឡំ​ហើយ! អ្នកវិទ្យាសាស្ត្រ​ម្នាក់ៗ​ មិន​អាច​ជា​អ្នក​ដែល​មិន​ដឹង​អ្វី​សោះ​ពី​ការងារ​ចាត់តាំង​នោះ​ឡើយ។ បើ​ធ្វើ​ការងារ​ចាត់តាំង​មិន​ល្អ នោះ​យើង​មិន​បាច់​និយាយ​ដល់​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​បាន​ត្រឹមត្រូវ​សោះ​ឡើយ។”

វ៉ាវីឡូវ​ គឺ​ជា​មនុស្ស​ម្នាក់​ដែល​យក​ចិត្ត​ទុកដាក់​ខ្លាំង​ដល់​ការងារ​ចាត់តាំង​ដែរ។ ក្នុង​តួនាទី​របស់​ខ្លួន​ជា​អ្នក​ដឹកនាំ លោក​បាន​ចំណាយ​ពេល​វេលា​យ៉ាងច្រើន​សម្រាប់​ការងារ​ចាត់តាំង ណែនាំ​សហការី និង​សិស្ស​របស់​ខ្លួន ដូចជា សេហ្វសែនកូ ឆេរ៉ែនកូហ្វហ្វ្រង់​…​ឲ្យ​សម្រេច​បាន​នូវ​ស្នាដៃ​ស្រាវជ្រាវ​រូបវិទ្យា​ដ៏​មាន​តម្លៃ​ជាច្រើន។


អត្ថបទទាក់ទង

ជីវិត និង​ស្នាដៃរបស់អ្នកប្រាជ្ញវិទ្យាសាស្រ្ត ស៊ែកហ្គេ អ៊ីវ៉ាណូវិច វ៉ាវីឡូវ (Sergey Ivanovich Vavilov)

 

Leave a Reply

Your email address will not be published. Required fields are marked *