រឿងសំខាន់ៗចំនួន ៤ ដែល​អ្នកដឹកនាំត្រូវធ្វើ​ ដើម្បី​បង្កើត​ដួងព្រលឹងនៃ​ពី​ទស្សនវិស័យ​ភាព​ជា​គ្រួសារ​តែមួយ

ការធ្វើការងារជាក្រុម វាមិនងាយស្រួលដូចការធ្វើការងារតែម្នាក់ឯងនោះទេ វាតម្រូវឱ្យយើងម្នាក់ៗមានគោលការណ៏ និងវិន័យមួយច្បាស់លាស់ ដើម្បីធ្វើឱ្យការងារនោះចេញជាលទ្ធផលដែលប្រកបទៅដោយប្រសិទ្ធិភាព។ ក្រុម​ការងារ​ដែល​ទទួល​បាន​ជោគជ័យ​បំផុត គឺ​ជា​ក្រុម​ដែល​ធ្វើការ​រួម​គ្នា​ប្រកប​ដោយ​ប្រសិទ្ធភាព។ ពួកគេ​ធ្វើការ​ជា​ក្រុម​ ជា​ជាង​ប្រកួត​មើល​បំណាំ​គ្នា។ ពួកគេ​មាន​ជំនាញ​វិជ្ជាជីវៈ​រៀងខ្លួន ​ឲ្យ​តម្លៃ​គ្នាទៅវិញទៅមក គួរ​ឲ្យ​ទុកចិត្ត​បាន និង​ចេះ​គោរព​ក្រុមហ៊ុន​ឲ្យ​តម្លៃ​ដល់​វិន័យ​ក្រម​សីលធម៌ បទបញ្ជា​របស់​ក្រុមហ៊ុន​ខ្ជាប់ខ្ជួន។ ហើយ​នៅ​ចុង​បញ្ចប់​ពួកគេ​មាន​អារម្មណ៍​ដូចជាក្រុម​គ្រួសារ។

ប៉ុន្តែ​មនុស្ស​ជាច្រើនបាន​ប្រើ​ពាក្យ “ក្រុម​គ្រួសារ​” នេះ​ទាំង​មិន​ទាន់​បាន​បង្កើត​គុណ​តម្លៃ​ទ្រទ្រង់​ផង ទើប​ពាក្យ​នេះ​ក្លាយ​ជា​ពាក្យ​ដែល​បាន​ត្រឹម​ជាពាក្យ​ល្អ​ស្ដាប់ និង​ក្លែងក្លាយ។ ការកសាង​គុណ​តម្លៃ​នៃ​ភាព​ជា​គ្រួសារ មិនមែនកើតឡើងត្រឹមតែនិយាយ​ ហើយ​ទន្ទេញ​រូៗទេ។ មាន​រឿង​ជា​ច្រើន​ដែល​អ្នកដឹកនាំត្រូវធ្វើ​ ដើម្បី​បង្កើត​ដួងព្រលឹងនៃ​ពី​ទស្សនវិស័យ​ភាព​ជា​គ្រួសារ​តែមួយ។

១. បង្កើតវប្បធម៌​ទទួលស្គាល់គ្នា

ពាក្យថា​ “ទទួលស្គាល់” គឺទាំងចំណុចល្អ និងព្រមទាំងចំណុចមិនល្អ​រវាងគ្នា។ ក្រៅពីការផ្សារភ្ជាប់កីឡា កម្សាន្ត​ ចំណេះ​ ជំនាញ ដំណោះស្រាយ​ និង​ឱកាស​នៅក្នុងការិយាល័យ ការទទួលស្គាល់បុគ្គលិក គឺជារឿងមួយដ៏ពេញនិយមដែលនិយោជិតសប្បាយចិត្តក្រៃ។

នៅពេលដែលនិយោជិតត្រូវបានគេទទួលស្គាល់ ចំពោះការខិតខំ និងការចូលរួមចំណែករបស់ពួកគេនៅក្នុងកន្លែងធ្វើការ ពួកគេមានអារម្មណ៍ថាត្រូវបានឱ្យតម្លៃដោយក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់ និងមិត្តរួមក្រុម។

អារម្មណ៍នេះ តែងជំរុញឱ្យពួកគេធ្វើការបានកាន់តែ​ល្អប្រសើរ និងកាន់តែមានការប្តេជ្ញាចិត្តឡើង។

២. ជំរុញ​អារម្មណ៍​ជិតស្និទ្ធ

គុណ​តម្លៃ​គ្រួសារ​នៃ​អាជីព គឺផ្អែក​លើការ​គាំទ្រ​គ្នា ភាពគួរ​ឲ្យ​ទុកចិត្តបាន និង​យោគយល់លើកលែង​កំហុស។ មាន​តែ​គ្រួសារ​យើង​ទេ​ដែល​ឲ្យ​​រឿង​ទាំង ៣ នេះបាន។ ការ​រួសរាយ​រាក់ទាក់​ក្លែងបន្លំ មិនមែន​ជាគ្រួសារ​ពិត​ទេ អ្នកណា​ក៏ដឹង​ដែរ។ ដូច្នេះ មេដឹកនាំ​ល្អ​ មិន​និយាយ​ទេ គាត់ធ្វើតែម្តង។ បុគ្គលិក ជា​ស្រទាប់ធនធាន​ដែល​មាន​មនោសញ្ចេតនាខ្ពស់ជាង​អ្នកគ្រប់គ្រង ពួកគេ​ឆាប់​មានមោទកភាពក្នុងការធ្វើការជាមួយ​មេដឹកនាំណាដែលមាន​ ៣ ចំណុច​ខាងលើ ហើយ​អ្នក​ខ្លះ​លះបង់​មួយ​ជីវិត មិន​ចាកចេញ​ទេ។

៣. អភិវឌ្ឍ​បរិយាកាស​គ្រួសារ​តាម​រយៈ​អ្នកគ្រប់គ្រង

ប្រសិន​មេដឹកនាំរវល់ ឬមិនសូវប៉ិនខាង​សិល្បិ៍វិធីជិតដិត អាច​ប្រញាប់​​​រើសអ្នកគ្រប់គ្រងណា ដែលអាចជំនួស​យើងបាន​ចំណុចទាំងនេះ ទើប​​ជារឿងចាំបាច់មួយ។ មធ្យោបាយងាយស្រួលបំផុតដែលអ្នកគ្រប់គ្រងត្រូវធ្វើជាប្រចាំដើម្បីលើកកម្ពស់ស្មារតីគ្រួសារ គឺ​ការបង្កើតព្រឹត្តិការណ៍ស្និទ្ធស្នាលនៅកន្លែងធ្វើការ ដូច​ឪពុកម្តាយត្រូវនាំកូនៗសប្បាយចិត្ត​ កក់ក្តៅក្នុងផ្ទះ​ ជា​អារម្មណ៍នៃភាពជាម្ចាស់ ព្រោះធ្វើឲ្យពួកគេមានមោទកភាពចំពោះអ្វីដែលកំពុង​ធ្វើ និងកន្លែងដែលពួកគេ​ឈរជើង។

ការគ្រប់គ្រងក្នុងការនាំបុគ្គលិកឱ្យនៅជិតគ្នា ស្គាល់ក្រុមគ្រួសាររបស់គ្នាទៅវិញទៅមក មកកន្លែងធ្វើការមានអារម្មណ៍​ដូច​ជាផ្ទះទី ២ ស្នាក់នៅបានយូរជាងនៅផ្ទះ ទៅឆ្ងាយបន្តិច​ក៏នឹកការិយាល័យ នេះហើយដោយសារតែជាបរិយាកាសគ្រួសារ​ទី២ ដែល​ស្វាគមន៍ពួកគេមិនចង់ចាកចេញ។ គុណតម្លៃនេះ ជាអ្វីដែលសូម្បីតែប្រាក់ខែធំជាង​ក៏ពិបាកនឹង​ផ្តួល។

៤. ឈឺឆ្អាល យកចិត្ត​ទុកដាក់

ខណៈពេលដែលមានវិធីជាច្រើនទៀត ដើម្បីលើកកម្ពស់សីលធម៌របស់និយោជិត ក៏ដូចជាបង្កើតបរិយាកាសការងារឱ្យរីករាយជាងមុន ការឈឺឆ្អាល រមែង​ឈរនៅលំដាប់កំពូល។

“ហើយឈឺប៉ុណ្ណឹងហើយ មេឯងមិនមកមើលសោះ?” សំណួរនេះ តែងកើតមានឡើង ហើយធ្វើឱ្យបុគ្គលិកស្រពន់ចិត្ត​ជាខ្លាំង។ ពាក្យមេជាអ្វីដែលពួកគេ​តម្កល់នៅទីខ្ពស់ក្នុងជីវិត ចំណែក​អត្ថន័យ​នេះ​អាចធ្លាក់មកដល់បាតជើងវិញ អាស្រ័យ​ការប្រព្រឹត្តិ​របស់យើង។

ការ​ជះឥទ្ធិពលជាចម្បងពីរបៀបដែលថ្នាក់ដឹកនាំស្គាល់មនុស្សដែលធ្វើការជាមួយខ្លួន ឬយកចិត្ត​ទុកដាក់បង្ហាញខ្លួនពេលពួកគេ​លំបាក​ អ្នកនឹងទទួលបាន​ទឹកចិត្ត​មកវិញ លើសពីជីវិតរបស់ពួកគេ។

កន្លែង​ណាមានវប្បធម៌អស់ទាំងនេះ បានបង្ហាញ​ប្រាប់យើងជាស្រេចថា ជា​កន្លែងធ្វើការដ៏ល្អឥតខ្ចោះសម្រាប់និយោជិតដែលមានអារម្មណ៍ដូចជាផ្ទះទី ២ និងជាគួ្រសារពិតៗ។

សម្រួលពី៖ globalsolidarity


អត្ថបទទាក់ទង

មេរៀនចំនួន ១០ ដើម្បីប្រែក្លាយពីអ្នកគ្រប់គ្រងល្អ ទៅជាអ្នកគ្រប់គ្រងដ៏អស្ចារ្យ

 

Leave a Reply

Your email address will not be published. Required fields are marked *