បើអ្នកគ្រប់គ្រង អាចផ្ដល់ឲ្យបុគ្គលិកនូវ ៧ចំណុចនេះ នោះពួកគេនឹងមិនលាឈប់ទេ

ក្រុមហ៊ុន​មួយ​អាច​រីក​ចម្រើន​ទៅ​មុខ​បាន​ដោយ​រលូន​​ គឺ​អាស្រ័យ​មាន​អ្នក​ដឹកនាំ​ល្អ ​ចក្ខុវិស័យ ​និង​គម្រោង​ច្បាស់លាស់​ ​​ជាពិសេស​ គឺបុគ្គលិក​ដែល​មាន​ទេពកោសល្យ។​​ ​ក្រុមហ៊ុន​មួយ​ដែល​ផ្លាស់​ប្ដូរ​បុគ្គលិក​ញឹកញាប់​រមែង​មិន​សូវ​ជោគជ័យ​នោះ​ទេ ​ពោល​គឺខាត​ពេលវេលា​​បង្ហាត់បង្រៀន​បុគ្គលិក​ពី​ការងារ​ម្ដង​ហើយ​ម្ដង​ទៀត។ ​​ដូច្នេះបើចង់ឲ្យបុគ្គលិកនៅជាមួយអ្នកបានយូរ អ្នកត្រូវដឹងពីវិធីចងចិត្តរបស់ពួកគេមិនមែនត្រឹមតែដំឡើងប្រាក់ខែមួយមុខឡើយ។ ខាងក្រោមនេះ​ ជាគន្លឹះសំខាន់ៗចំនួន ៦ បើក្រុមហ៊ុន ឬអ្នកគ្រប់គ្រង អាចផ្ដល់ឲ្យបុគ្គលិកបាន នោះពួកគេនឹងមិនលាឈប់ទេ៖

១. ផ្ដល់ក្ដីស្រលាញ់ស្មើភាព

បុគ្គលិកក៏គ្រាន់តែជាមនុស្សធម្មតាដែលត្រូវការក្ដីស្រលាញ់ និងការយល់ចិត្តពីមេដឹកនាំ រួមទាំងមានទំនាក់ទំនងល្អជាមួយមិត្តរួមការងារផងដែរ។ ដូច្នេះហើយ វាពិតជាសំខាន់ណាស់ដែលអ្នកគួរបង្កើតបរិយាកាសល្អមួយឲ្យបុគ្គលិកធ្វើការមិនមានអារម្មណ៍រងសម្ពាធ ឬស្រ្តេសខ្លាំងពេក។ ក្រៅពីនេះ អ្នកមិនគួរលម្អៀង ឬស្រលាញ់ម្នាក់អត់ម្នាក់ដាច់ខាត ប៉ុន្តែគួរប្រព្រឹត្តចំពោះអ្នកគ្រប់គ្នាស្មើៗគ្នា។ បើអ្នកធ្វើឲ្យបុគ្គលិកមានអារម្មណ៍ស្រលាញ់អ្នកបាន គេក៏មិនងាយទៅណាចោលអ្នកដែរ។ សរុបមកអ្វីដែលកញ្ញាបានលើកមកខាងលើនេះ គឺសុទ្ធតែជាចំណុចសំខាន់សម្រាប់ផ្លូវចិត្ត។

២. ទទួលមតិ ឬហេតុផលពីបុគ្គលិក

ក្នុងការសិក្សារបស់ Gallup បានរកឃើញថា មូលហេតុមួយដែលធ្វើឲ្យបុគ្គលិកលាឈប់ គឺការដែលមេដឹកនាំមិនស្ដាប់ ឬព្យាយាមយល់ពីកូនចៅ ដែលបែបនេះនឹងធ្វើឲ្យបាត់បង់អារម្មណ៍ល្អជាមួយមេ ឬរហូតធ្វើឲ្យពួកគេមានអារម្មណ៍ពិបាក ចង់ផ្លាស់ប្ដូរកន្លែងធ្វើការតែម្ដង។ ដូច្នេះបើទោះបីអ្នកជាមេរបស់គេក៏ដោយ ប៉ុន្តែការស្ដាប់មតិយោបល់របស់អ្នកក្រោមបង្គាប់គឺជាអ្វីដែលមិនគួរមើលរំលង។

៣. សរសើរ លើកទឹកចិត្តពេលធ្វើការងារបានល្អ

ការសិក្សាមួយពីក្រុមហ៊ុន Gallup បានបង្ហាញថា បុគ្គលិកដែលទទួលបានការសរសើរ ឬការដែលបុគ្គលិកមានអារម្មណ៍ថាខ្លួនឯងសំខាន់ នឹងធ្វើឲ្យពួកគេមានកម្លាំងចិត្តក្នុងការធ្វើការកាន់តែច្រើន ព្រមទាំងអាចបន្ថែមសមិទ្ធផលការងារបានល្អថែមទៀត។ ដូច្នេះបើសិនកូនចៅរបស់អ្នកធ្វើការបានល្អ អ្នកក៏មិនគួរភ្លេចនិយាយសរសើរពួកគេដែរ។

៤. ធ្វើឲ្យមានអារម្មណ៍កក់ក្ដៅ

ការដែលមេដឹកនាំធ្វើឲ្យកូនចៅមានអារម្មណ៍កក់ក្ដៅថាពួកគេអាចរីកចម្រើនជាមួយក្រុមហ៊ុនបាន ការសួរនាំពីគោលដៅ ឬអ្វីដែលពួកគេត្រូវការទៅអនាគត រួមទាំងការធ្វើឲ្យពួកគេជឿជាក់លើភាពរីកចម្រើនក្នុងអាជីពរបស់ពួកគេ នឹងអាចកាត់បន្ថយឱកាសដែលពួកគេនឹងលាឈប់ ព្រោះអ្នកណាៗក៏ត្រូវការមានអាជីពមួយដែលរីកចម្រើនទៅមុខជានិច្ចដែរ។

៥. ឲ្យពួកគេមានអារម្មណ៍ថាខ្លួនឯងមានតម្លៃ

អ្នកណាៗក៏ចង់មានអារម្មណ៍ថាខ្លួនឯងមានតម្លៃដែរ ជាពិសេសការមានតម្លៃក្នុងខ្សែភ្នែករបស់មេដឹកនាំ។ វានឹងធ្វើឲ្យពួកគេមានកម្លាំងចិត្តក្នុងការធ្វើការបន្ត។ ដូច្នេះមេដឹកនាំគួរបង្ហាញឲ្យកូនចៅបានឃើញថា ពួកគេមានសារសំខាន់ចំពោះក្រុមហ៊ុន មិនថាតាមរយៈពាក្យសម្ដី ឬទង្វើនោះទេ ព្រោះថានៅពេលណាដែលបុគ្គលិកមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃហើយ ឱកាសដែលពួកគេអាចនឹងលាឈប់ក៏ទៅតាមនោះដែរ។

ដូចដែលបានបញ្ជាក់ខាងលើ ការដែលចង់ឲ្យបុគ្គលិកល្អៗនៅជាមួយយើងឲ្យបានយូរ គឺមិនមែនត្រឹមតែដំឡើងប្រាក់ខែនោះទេ ប៉ុន្តែត្រូវគិតគូរពីអារម្មណ៍របស់ពួកគេដែរ។ ទោះបីមិនអាចទប់គេជាប់ ១០០% ប៉ុន្តែវាអាចមានប្រសិទ្ធភាពខ្ពស់គួរសមដែរ។

៦. ធ្វើឲ្យបុគ្គលិកយល់ពីគោលបំណងនៃការងារដែលខ្លួនធ្វើ

នៅក្នុងសៀវភៅ Give and Take របស់ Adam Grant បានបញ្ជាក់ថា នៅពេលបានដឹងពីគោលបំណងនៃការងារ វាមិនត្រឹមតែធ្វើឲ្យគេធ្វើការបានស្រួលចិត្តនោះទេ ប៉ុន្តែវាក៏បន្ថែមប្រសិទ្ធភាពក្នុងការធ្វើការផងដែរ។ ដូច្នេះការដែលអ្នកបង្ហាញឲ្យបុគ្គលិកដឹងថាការងារដែលពួកគេធ្វើមានគោលបំណង ឬនឹងហុចផលយ៉ាងណាចំពោះស្ថាប័ន វានឹងធ្វើឲ្យពួកគេបានយល់ពីតម្លៃការងារខ្លួនឯង និងតាំងចិត្តធ្វើវាអស់ពីសមត្ថភាព។

៧. ផ្ដល់ Feedback លើការងាររបស់ពួកគេ

លទ្ធផលស្រាវជ្រាវរបស់ Gallup បានរកឃើញថា កំហុសឆ្គងលំដាប់ទីពីរដែលនាំឲ្យបុគ្គលិកលាឈប់ គឺការខ្វះទំនាក់ទំនងរវាងមេដឹកនាំ និងកូនចៅ។ ចំណុចនេះ មេដឹកនាំគួរតែផ្ដល់ដំបូន្មាន ឬ Feedback ចំពោះការធ្វើការរបស់ពួកគេយ៉ាងទៀងទាត់ ព្រមទាំងផ្ដល់យុទ្ធសាស្ត្រថ្មីៗឲ្យពួកគេផង ដើម្បីឲ្យពួកគេមានឱកាសកែលម្អ និងអភិវឌ្ឍខ្លួនឯង។ ប៉ុន្តែបើបុគ្គលិកធ្វើខុសហើយ អ្នកមិនតឿន ឬប្រាប់ពួកគេភ្លាមៗ និងទុកនិយាយពេលវាយតម្លៃ Probation ឬវាយតម្លៃប្រចាំឆ្នាំ វានឹងអាចធ្វើឲ្យបុគ្គលិកមានអារម្មណ៍រងសម្ពាធខ្លាំងជាងការ Feedback ជាប្រចាំ។


អត្ថបទទាក់ទង

​បុគ្គលិក​ចង់​ធ្វើការ​ជាមួយក្រុមហ៊ុនដែលមានចំណុចសំខាន់ៗទាំង ៦ នេះ

Leave a Reply

Your email address will not be published. Required fields are marked *