គន្លឹះទាំង ៩ ដើម្បីក្លាយជាអ្នកដឹកនាំល្អប្រសើរម្នាក់

ការយល់ខុសដ៏ធំមួយរបស់អ្នកដឹកនាំនោះ គឺជារឿងមួយដែលមានពីកំណើត។ មនុស្សជាច្រើនគិតថា​ អ្នកដឹកនាំ គឺកើតមកជាមួយជំនាញនេះស្រាប់ ហើយពួកគេមិនចាំបាច់ចំណាយពេលវេលា ឬការខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍសមត្ថភាពការដឹកនាំរបស់ពួកគេនោះទេ។ ការយល់ឃើញដូចនេះ ហាក់ដូចជាចាកឆ្ងាយពីការពិត។ ដោយអនុវត្តនូវអាថ៌កំបាំងទាំង ៩ នៃភាពជាអ្នកដឹកនាំក្នុងឆាកជីវិតរបស់លោកអ្នក អ្នកនឹងអាចអភិវឌ្ឍសក្តានុពលរបស់អ្នកក្នុងនាមជាអ្នកដឹកនាំមួយរូប បង្កើនប្រាក់ចំណូលក្នុងអាជីពការងាររបស់អ្នក ថែមទាំងទទួលបានការគោរពពីអ្នករួមការងារ និងកាន់តែមានសេចក្តីសោមនស្សពេញចិត្តក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក។ ដូច្នេះ ទាំងនេះគឺជាគន្លឹះទាំង ៩ ពីរបៀបក្លាយជាអ្នកដឹកនាំល្អប្រសើរមួយរូប។

គន្លឹះទី១៖ សុចរិតភាព (Integrity)

សុចរិតភាព គឺជាមូលដ្ឋានគ្រឹះនៃភាពជាអ្នកដឹកនាំទាំងអស់។ មនុស្សទូទៅ នឹងមិនដើរតាមការណែនាំរបស់នរណាម្នាក់ដែលសកម្មភាពរបស់គេគ្មានក្រមសីលធម៌ ឬ មិនសមហេតុផលនោះទេ។ អ្នកសាកស្រមៃថា អ្នកកំពុងធ្វើការឲ្យប្រធានក្រុមម្នាក់ដែលមិនខ្វល់ពីការលះបង់ និងការខិតខំប្រឹងប្រែងរបស់អ្នកចំពោះក្រុមហ៊ុន ហើយបែរជាផ្តល់ឱកាសដំឡើងតំណែងទៅកាន់បុគ្គលិកដទៃដែលខ្វះសមត្ថភាពទៅវិញ។ តើហេតុអ្វីដែលអ្នកត្រូវដើរតាមអ្នកដឹកនាំបែបនេះ? ផ្ទុយមកវិញ នៅពេលដែលយើងបំពេញកិច្ចការងារដោយចេញពីចិត្តប្រកបដោយសុចរិតភាព យើងនឹងទទួលបាននូវការទុកចិត្តពីសំណាក់មនុស្សម្នាទាំងឡាយដែលយើងធ្វើការជិតស្និទ្ធិជាមួយយើង។ ទំនុកចិត្តក្នុងចំណោមសមាជិកក្រុម គឺជាអ្នកព្យាករណ៍ដ៏ជាក់លាក់មួយនៃភាពជោគជ័យ ហើយវាចាប់ផ្តើមជាមួយនឹងសុចរិតភាពរបស់អ្នកដឹកនាំ។ បន្ទាប់មក សមាជិកក្រុម អាចឆ្លើយតបទៅវិញទៅមកជាមួយនឹងអាកប្បកិរិយារបស់អ្នកដឹកនាំ ហើយបង្កើតនូវបរិយាកាសគួរជាទីពេញចិត្តមួយ។ ដោយការធ្វើដូចនេះ ម្នាក់ៗនឹងទទួលបានផលប្រយោជន៍រៀងៗខ្លួន។

គន្លឹះទី២៖ សកម្មភាពដែលសម្តែងចេញ មានសារៈសំខាន់ជាងពាក្យដែលគ្រាន់តែនិយាយ (Actions Speak Louder than Words)

អ្នកដឹកនាំដែលល្អ គួរតែដឹកនាំដោយប្រើឧទាហរណ៍ និងមិនទម្លាក់ការងារបន្តទៅកាន់អ្នកក្រោមឱវាទដោយមិនមានឆន្ទៈក្នុងការធ្វើកិច្ចការដោយខ្លួនឯងនោះទេ។ ក្នុងកំឡុងពេលសង្រ្គាមលោកលើកទីពីរ លោកមេបញ្ជាការ ចច ផេតុន (George S. Patton) បានដឹកនាំកងទ័ពរបស់គាត់ដោយការដើរពីមុខរថក្រោះ ដោយមិនមានខ្លាចញញើតនូវការងាយរងគ្រោះដោយការបាញ់សម្លាប់របស់សត្រូវនោះឡើយ។ លោក ម៉ាទីន ឡូហ្សឺ ឃីង  (Martin Lurther King Jr.) និង មហាត្មៈ គន្ឋី (Mahatma Gandhi) ធ្លាប់ជាអ្នកដឹកនាំដែលតែងតែឈរពីមុខ និងធ្វើជាឧទាហរណ៍ដល់អ្នកក្រោមឱវាទ។ ប្រសិនបើអ្នកមិនមានភាពអង់អាចក្លាហានក្នុងការឈានជំហានមុនដំបូងនោះទេ អ្នកមិនសាកសមជាអ្នកដឹកនាំពិតប្រាកដឡើយ។ អ្នកអាចសាកអនុវត្តធ្វើរឿងតូចៗចំនួន ៣ ដែលអ្នកតែងតែខ្លាចធ្វើវាជារៀងរាល់ថ្ងៃ ដើម្បីបន្សំខ្លួនអ្នកជាមួយនឹងស្ថានភាពលំបាក។ ដូច្នេះនៅពេលដែលពេលវេលាសាកសមណាមួយមកដល់ ពេលនោះអ្នកប្រហែលជាបានកសាងនូវភាពអត់ធន់ ក៏ដូចជាសមត្ថភាពជំនឿចិត្តរួចជាស្រេច។ មិត្តភក្តិ និងមិត្តរួមថ្នាក់របស់អ្នកនឹងមើលមកអ្នកថា ជាអ្នកដឹកនាំដែលមានទេពកោសល្យខ្លាំងក្លាមួយរូប ខណៈពេលដែលអ្នកផ្ទាល់កំពុងតែសប្បាយរីករាយជាមួយនឹងសមិទ្ធិផលនៃការប្រឹងប្រែងរបស់អ្នក។

គន្លឹះទី៣៖ ចេះនិយាយបញ្ចុះបញ្ចូល (Be Persuasive)

អាថ៌កំបាំងទីបី ដើម្បីធ្វើឲ្យមនុស្សដើរតាមអ្នកក្នុងនាមជាអ្នកដឹកនាំនោះ គឺត្រូវក្លាយខ្លួនជាអ្នកដែលពូកែនិយាយបញ្ចុះបញ្ចូល។ ការនិយាយបញ្ចុះបញ្ចូល គឺជាប្រធានបទដ៏ធំមួយ ដែលយើងអាចពិភាក្សាក្នុងចំណុចដ៏តូចមួយ។ ដូច្នេះអ្នកគួរតែចំណាយពេលឲ្យកាន់តែច្រើនបន្ថែមទៀតសិក្សាអំពីវា ព្រោះជំនាញការនិយាយបញ្ចុះបញ្ចូលនេះនឹងជួយជំរុញដល់ការជោគជ័យរបស់អ្នកកាន់តែឆាប់រហ័ស។ ចំណុចដ៏សំខាន់មួយដែលអ្នកអាចធ្វើបាន ដើម្បីអភិវឌ្ឍជំនាញការនិយាយបញ្ចុះបញ្ចូលរបស់អ្នក ១០ដង ប្រសើរជាងមុន នៅពេលដែលអ្នកសុំឲ្យនរណាម្នាក់ធ្វើអ្វីមួយសម្រាប់អ្នកនោះ គឺអ្នកត្រូវចេះរៀបចំការនិយាយ ធ្វើដូចនេះពួកគេនឹងឃើញពីគុណសម្បត្តិដែលពួកគេនឹងទទួលយកបានដោយការធ្វើអ្វីជាក់លាក់មួយ។ ប្រសិនបើអ្នកអាចបញ្ចុះបញ្ចូលមិត្តភក្តិរបស់អ្នកឲ្យមកហាត់ប្រាណជាមួយអ្នក វាអាចនឹងប្រសើរក្នុងការបង្ហាញគាត់នូវអ្វីដែលគាត់នឹងទទួលបានអាចបង្កើនទំនុកចិត្តក្នុងរយៈពេលវែង ហើយនារីៗមើលមកគាត់ជាជាងការនិយាយថាឲ្យអ្នកមានអារម្មណ៍ធុញថប់ ឬគ្មានការជំរុញចិត្តឲ្យទៅកន្លែងហាត់ប្រាណតែឯង ហើយអ្នកត្រូវការដៃគូ។

គន្លឹះទី៤៖ ធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាពួកគេសំខាន់ (Make People Feel Important)

គន្លឹះទីបួននេះ គឺធ្វើឲ្យមនុស្សមានអារម្មណ៍ថាពួកគេសំខាន់។ លោកស្រីមហាសេដ្ឋី ម៉ារី ខៃ (Mary Kay) ចែករំលែកនូវអាថ៌កំបាំងក្នុងការកសាងអាណាចក្ររបស់អ្នក គឺត្រូវសាកគិតថា រាល់មនុស្សដែលគាត់បានជួប គឺមានសញ្ញានៅលើថ្ងាស់របស់ពួកគេដែលនិយាយថា “ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំសំខាន់”។ ភាពជាអ្នកដឹកនាំ មិនសំដៅតែលើអ្នកដឹកនាំប៉ុណ្ណោះទេ តែសំដៅដល់អ្នកដើរតាមផងដែរ។ យោងតាមអ្នកស្រី ម៉ារី នេះគឺជាអាថ៌កំបាំងដើម្បីឈានដល់ភាពជោគជ័យក្នុងជីវិត។ ប៉ុន្តែសួរថាតើខ្ញុំត្រូវធ្វើដូចម្តេច ដើម្បីឲ្យមនុស្សមានអារម្មណ៍ថាពួកគេសំខាន់? អ្នកត្រួវសួរពួកគេដោយសុទ្ធចិត្តអំពីចំណង់ចំណូលចិត្ត ចំណាប់អារម្មណ៍ ការព្រួយបារម្ភ និងរឿងរ៉ាវដទៃទៀតរបស់ពួកគេ។ កុំភ្លេចសរសើរ ឬសម្តែងការអរគុណដល់ពួកគេ ចំពោះការសម្រេចបានអ្វីមួយ បើទោះបីជាតូចតាចក៏ដោយ។ អ្នកមិនត្រូវដាក់ទោសទណ្ឌលើពួកគេទេ។ អ្នកត្រូវផ្តល់នូវមតិយោបល់ក្នុងគោលបំណងស្ថាបនា និងជួយឲ្យពួកគេមានការអភិវឌ្ឍ។

គន្លឹះទី៥៖ សរសើរនៅទីសាធារណៈ កែលម្អនៅទីឯកជន (Praise in Public, Correct in Private)

គន្លឹះទីប្រាំ គឺការសរសើរនៅទីសាធារណៈ និងកែលម្អនៅទីឯកជន។ កំហុសឆ្គងដ៏ធំបំផុត ដែលអ្នកដឹកនាំអាចនឹងប្រព្រឹត្តនោះ គឺការស្តីបន្ទោស ឬដាក់ទោសទណ្ឌនរណាម្នាក់ចំពោះកំហុសអ្វីមួយនៅពីមុខអ្នករួមការងារដទៃទៀត។ ឥឡូវ សាកស្រមៃថា អ្នកមានមិត្តភក្តិមកលេងផ្ទះ ហើយឳពុកម្តាយរបស់អ្នកខឹងសម្បារនឹងអ្នករឿងអ្វីមួយ អ្នកប្រាកដជាយល់អារម្មណ៍មួយនេះច្បាស់។ ការធ្វើដូចនេះ មិនត្រឹមតែបំផ្លាញនូវគន្លឹះអំពី “ការធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាសំខាន់” តែប៉ុណ្ណោះទេ អ្នកថែមទាំងបាត់បង់នូវការគោរព ក៏ដូចជាភាពជឿជាក់ក្នុងនាមជាអ្នកដឹកនាំផងដែរ។

ប្រាកដណាស់ យើងប្រហែលជាយល់ស្របចំពោះការដែលថា កំហុស គួរតែត្រូវបានយកចិត្តទុកដាក់ និងកែលម្អ ដើម្បីចៀសវាងការកើតឡើងម្តងទៀត ប៉ុន្តែវាក៏មានក្បួនច្បាប់ពីរបៀបនៃការរិះគន់ឲ្យបានត្រឹមត្រូវផងដែរ។ ដូច្នេះ បុគ្គលដែលអ្នកកំពុងស្តីបន្ទោស មានរឿងពីរដែលពួកគេធ្វើបានល្អមុនពេល និងក្រោយពេលមានការរិះគន់។ នេះហៅថា “វិធីសាស្ត្រនំប៉័ងសាំងវ៉ិច”។ ឧទាហរណ៍ថាមិត្តរួមការងារ ឬដៃគូអាជីវកម្មរបស់អ្នកតែងតែមកយឺត ២០ នាទីជារៀងរាល់ព្រឹក។ មុនដំបូងអ្នកត្រូវនិយាយជាមួយគាត់នៅទីឯកជន និងចាប់ផ្តើមសរសើរគាត់ដោយរួមពាក្យរិះគន់ និងសារជាថ្មីម្តងទៀត អ្នកត្រូវបញ្ចប់ជាមួយនឹងការសរសើរ។

“ចេមស៍ សេវាកម្មអតិថិជនដែលអ្នកបានផ្តល់ឲ្យអតិថិជនរបស់យើងនោះពិតជាល្អមែនទែន” យ៉ាងណាមិញការដែលអ្នកមកយឺតរៀងរាល់ព្រឹក គឺជាបញ្ហាសម្រាប់យើងពីព្រោះក្រុមការងារ និងអតិថិជនរបស់យើងត្រូវការជំនាញដែលខានមិនបានរបស់អ្នក ក៏ដូចជាចំណេះដឹង និងជំនាញរបស់អ្នកនៅពេលព្រឹកនោះ។ អ្នកអាចនិយាយដូច្នេះជាការស្រេច។

គន្លឹះទី៦៖ មានទំនួលខុសត្រូវចំពោះកំហុសរបស់អ្នក (Take Responsobilty for Your Mistakes)

គន្លឹះទីប្រាំមួយ គឺមានទំនួលខុសត្រូវចំពោះកំហុសរបស់អ្នក។ អ្នកដឹកនាំ មិនមែនត្រូវតែល្អឥតខ្ចោះនោះទេ ឬជាអ្នកដែលមិនដែលត្រូវរហូតនោះទេ។ ការធ្វើខុស គឺជារឿងសាមញ្ញ លុះត្រាតែអ្នកព្យាយាមលាក់បាំងវា ឬបដិសេធ ឬឲ្យនរណាម្នាក់មកទទួលកំហុសជំនួសអ្នក។ អ្នកដឹកនាំល្អម្នាក់ ទទួលបានការគោរពដោយការទទួលស្គាល់នូវកំហុសរបស់ខ្លួន ហើយចាត់ទុកវាជាមេរៀនសម្រាប់ការរៀនសូត្រមួយ។ ភាពងាយរងគ្រោះ គឺជាសញ្ញានៃភាពខ្លាំងក្នុងភាពជាអ្នកដឹកនាំ។ វាត្រូវបានបង្ហាញដោយខុសថា គឺជាចំណុចខ្សោយ។

គន្លឹះទី៧៖ មានគោលដៅច្បាស់លាស់ (Have a Clear Goal)

គន្លឹះទីប្រាំពីរ គឹមានគោលដៅច្បាស់លាស់ ឬមានចក្ខុវិស័យ។ ក្រុមហ៊ុនដែលមានភាពជោគជ័យ តែងតែទទួលបាននូវការឯកភាពមតិជាឯកច្ឆន្ទ ចំពោះគោលដៅរួមណាមួយពីថ្នាក់លើដល់ថ្នាក់ក្រោម។ សូម្បីតែយុទ្ធសាស្ត្រឆ្លាតវៃយ៉ាងណា ក៏នឹងបរាជ័យ ប្រសិនបើមិនមានការមូលមតិជាឯកច្ឆន្ទ។ ក្នុងនាមជាអ្នកដឹកនាំ បន្ទាប់ពីអ្នកកំណត់នូវគោលដៅដែលមានលក្ខណៈប្រកួតប្រជែង និងអាចសម្រេចបាន ហើយអ្នកត្រូវប្រាស្រ័យទំនាក់ទំនងនូវរាល់គោលដៅទាំងនោះ តាមលំដាប់លំដោយជាមួយអ្នកដើរតាមរបស់អ្នក ពួកគេនឹងខំប្រឹងសម្រេចនូវកិច្ចការទាំងនោះ ដោយមិនគិតពីការលំបាក់ណាមួយឡើយ។

គន្លឹះមួយទៀតដើម្បីសម្រេចនូវគោលបំណងសម្រាប់ខ្លួនអ្នក ក៏ដូចជាសម្រាប់ស្ថាប័នដែលអ្នកកំពុងធ្វើការនោះ គឺអ្នកត្រូវសរសេរគោលដៅទាំងនោះនៅលើក្រដាស។ បុគ្គលដែលបានសរសេរគោលដៅរបស់គេទុក មានចំនួន ៥១ ភាគរយ ទំនងជាអាចសម្រេចកិច្ចការរបស់ពួកគេច្រើនជាងអ្នកដែលមិនបានសរសេរ។ ប៉ុន្តែជាក់ស្តែងក្នុងចំណោមមនុស្ស ១០០ នាក់ មានតែ ៣នាក់ប៉ុណ្ណោះ ដែលពិតជាបានសរសេរគោលដៅរបស់ពួកគេទុក បើផ្អែកតាមការសិក្សានៅក្នុងចក្រភពអង់គ្លេស។

គន្លឹះទី៨៖ ត្រូវមានចំណេះដឹង (Be Kbnowledgeable)

គន្លឹះទីប្រាំបី គឺត្រូវមានចំណេះដឹង។ ដូច្នេះវាគឺជាគន្លឹះទីមួយ និងរបៀបគិតដូចលោកបណ្ឌិត ហោសិ៍ (House) ។ ជាអ្នកដឹកនាំដែលប្រកបកដោយចំណេះ គឺមានសារៈសំខាន់ណាស់ ដើម្បីធានាថាខ្លួនមានទំនុកចិត្ត និងទទួលបានការគោរពពីអ្នកក្រោមបញ្ជា។ ការនិយាយថា អ្នកមិនដឹងពីរបៀបធ្វើអ្វីមួយ និងស្វែងរកជំនួយ គឺគ្មានបញ្ហាទេ។ ក៏ប៉ុន្តែនៅពេលដែលការធ្វើដូចនេះញឹកញាប់ពេក អ្នកនឹងចាប់ផ្តើមបាត់បង់នូវភាពជឿជាក់ថាជាអ្នកដឹកនាំ។ អ្នកនៅតែត្រូវមានព័ត៌មាន ឬចំណេះដឹងបច្ចេកទេសទាំងនោះ។ ជានិច្ចកាល ត្រូវស្វែងរកព័ត៌មានថ្មីៗ ហើយព្យាយាមធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សប្រសើរជាងនេះ។ វាប្រាកដជាធ្វើឲ្យអ្នកក្លាយជាអ្នកដឹកនាំល្អប្រសើរម្នាក់ និងក្លាយជាមនុស្សកាន់តែមានតម្លៃ។

គន្លឹះទី៩៖ ត្រូវនៅក្បែរមនុស្សអស្ចារ្យ (Sorround Yourself with Great People)

គន្លឹះទីប្រាំបួន គឺអ្នកត្រូវនៅក្បែរនឹងមនុស្សដែលអស្ចារ្យ។ មានពាក្យមួយលើកឡើងថា “អ្នកគឺជាផលបូកជាមធ្យមនៃមនុស្សប្រាំនាក់ដែលអ្នកចំណាយពេលវេលារបស់អ្នកនៅជាមួយពួកគេ។” មិនថាអ្នកដឹកនាំល្អប៉ុណ្ណាក៏ដោយ ក៏គាត់នឹងជួបប្រទះការខ្វះមនុស្សដែលមានសក្តានុពលក្នុងចំណោមបុគ្គលិករបស់គាត់។ អ្នកត្រូវចាកចេញពីមិត្តភក្តិចាស់ៗ និងសាច់ញាតិចាស់ៗ ដែលតែងតែប្រកាន់រកគំនិតបែបអវិជ្ជមានក្នុងជីវិតរបស់ពួកគេ។ វាមិនអីទេក្នុងការជួយពួកគេ ប៉ុន្តែប្រសិនបើពួកគេនៅបន្តទាញអ្នកធ្លាក់ជាមួយគ្នា អ្នកគួរតែឲ្យពួកគេចេញពីជីវិតអ្នក។

អ្នកត្រូវចំណាយពេលនៅក្បែរមនុស្សពូកែៗ ដែលនឹងប្រកួតប្រជែងអ្នក ដើម្បីឲ្យអ្នកមានចក្ខុវិស័យកាន់តែខ្លាំងអំពីខ្លួនអ្នកបន្ថែមទៀត។ លោក អាន់ឌ្រូ ខានេជី (Andrew Carnegie) កំណត់ភាពជោគជ័យរបស់គាត់ ដោយការនៅជុំវិញជាមួយមនុស្សដែលឆ្លាតវៃជាងគាត់ ដោយផ្តល់នូវកម្លាំងការគិតទៅកាន់យុវជន ហើយគាត់បានក្លាយជាបុរសដែលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងចំណោមអ្នកមានផ្សេងៗក្នុងពិភពលោក។ តើលោក ថូម៉ាស់ អេឌីសាន់ (Thomas Edison) អាចច្នៃប្រតិដ្ឋអំពូលភ្លើងដោយមិនមានការអប់រំដោយរបៀបណា? គាត់បានប្រើប្រាស់ខួរក្បាលរបស់រូបវិទូដែលទទួលបានការអប់រំខ្ពស់ៗ និងមនុស្សដែលមានជំនាញសិក្សាបានខ្ពស់។ ជាមួយនឹងការតស៊ូរបស់គាត់ គាត់បានបង្កើនចំនួនប័ណ្ណប៉ាតង់រហូតដល់លើស ១០០០ ជាឈ្មោះរបស់គាត់។

សម្រួលពី៖ 9 Tips to be a Better Leader – Leadership and Management Skills and Qualities, Practical Psychology


អត្ថបទទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *