ជំនាញសំខាន់ៗ ចំនួន៥ ដែលអ្នកគ្រប់គ្រងមានភាពខ្វះខាតបំផុត

ការ​កសាង​ជំនាញ​ភាព​ជា​អ្នកដឹកនាំ​ប្រកបដោយប្រសិទ្ឋភាព គឺ​ជាបញ្ហាប្រឈមមួយ​ដែល​អ្នក​គ្រប់គ្រង​ជា​ច្រើនជួបប្រទះ។ ទន្ទឹម​នឹង​នេះ ​វា​ក៏​មិនមែន​ជា​រឿង​ងាយស្រួល​ដែរ សម្រាប់​អ្នក​គ្រប់គ្រង​ម្នាក់ៗ ក្នុងការកំណត់មធ្យោបាយផ្សេងៗដើម្បីកែលម្អឲ្យមានភាពល្អប្រសើរឡើង។ ជាពិសេស ក្នុងសម័យកូវីដ១៩នេះ បញ្ហា​ប្រឈម​ថ្មីៗ​​សម្រាប់​ការ​ដឹកនាំ​ស្ថាប័ន​​ចេះ​តែ​កើត​មាន​ឡើង​កាន់តែ​ច្រើនឡើងៗ​​។ ​​យោង​តាម​របាយការណ៍គ្រប់គ្រង​មនុស្ស​ប្រចាំ​ឆ្នាំ ២០០៩ (2019 People Management Report) បាន​​រក​ឃើញ​​នូវ​ជំនាញ ចំនួន៥ ដែល​អ្នក​គ្របគ្រង​នៅ​មាន​ចំណុច​ខ្វះខាត​ខ្លាំងជាងគេ ដោយរបាយការណ៍​នេះ​បាន​ធ្វើ​​ឡើងទៅ​លើ​បុគ្គលិកចំនួន ១ ០០០នាក់។ 

១. ការ​បង្កើត​ក្រុម​ការងារ (Team Building)

តាម​របាយការណ៍​នេះបានលើកឡើងថា បុគ្គលិក ២៨% និយាយ​ថា ការ​​បង្កើត​ក្រុម​ការងារ គឺ​ជា​​ជំនាញ​មួយ​ដែល​អ្នកដឹកនាំ​​ខ្វះខាតច្រើនជាងគេបំផុត ទោះបី​ជា​​អ្នកដឹកនាំ​ទាំង​នោះ​ ស្ថិត​នៅ​ក្នុង​លំដាប់​ថ្នាក់​​ដឹកនាំ​កម្រិត​កំពូល​ក៏ដោយ។ ការ​បង្កើត​ក្រុម​ការងារ​ឡើង គឺ​ជា​ការ​​ប្រមូលផ្ដុំ​​បុគ្គលិក​របស់​អ្នក​​​​​គ្រប់​ជាន់ថ្នាក់​​ទាំងអស់​ឲ្យ​​​ធ្វើ​ការ​ជា​ក្រុម​ដោយ​មិន​​ប្រកាន់​ឋានៈ​តួនាទី ​ដើម្បី​សម្រេច​ផែនការ​ការងារ​របស់​អង្គភាព។ មុនពេលដែលរឿងនេះមិនទាន់អាក្រក់ឡើងៗ អ្នកត្រូវតែធ្វើឲ្យអស់លទ្ឋភាពតាមដែលអាចធ្វើទៅបាន ដើម្បីបង្កើតភាពស្អិតរមួតនៅក្នុងក្រុម។ វាគឺ​ជា​​យុទ្ធសាស្ត្រ​​មួយ​ដែល​​​ជួយ​លើក​កម្ពស់​ទៅ​ដល់​ភាព​ច្នៃប្រឌិត ការ​ទទួល​បាន​គំនិត​ថ្មីៗ គុណភាព​ការងារ និង​ការ​សហការ ​​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ​​ និងភាពរីក​​​ចម្រើន​ទៅ​មុខ​ក្នុងអង្គភាព។

២. ការ​ផ្ដល់​មតិ​រិះគន់​កែលំអ​ (Providing Feedback)

បុគ្គលិក​ ១៧% ផ្សេងទៀត​និយាយ​ថា ភាព​ខ្វះចន្លោះ​ដ៏​ធំ​បំផុត​របស់​អ្នក​គ្រប់គ្រង​  គឺ​ការ​​​ផ្ដល់​មតិ​រិះគន់​កែលម្អទៅ​កាន់​បុគ្គលិក​។ ​អ្នក​ដឹកនាំជា​ច្រើន ​​ទំនង​ជា​ស្ទាក់ស្ទើរ​ក្នុង​ការ​រិះគន់​​ចំៗ​ដល់​បុគ្គលិក​មួយ​ចំនួន​ ដោយ​បារម្ភ​ថា​វា​នឹង​អាច​​បង្ក​ឲ្យ​​មាន​​ភាព​ថ្នាំងថ្នាក់ ឬ​ការ​បែកបាក់​ក្នុង​ស្ថាប័ន​។  ទោះបីជាយ៉ាងណា មតិ​រិះគន់​កែលម្អ​នេះ​ គឺ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​អភិវឌ្ឍន៍​បុគ្គលិក។ មតិ​រិះគន់​របស់​អ្នក​គួរតែ​មាន​​ការ​ឆ្លើយតប​ទាន់​ពេលវេលា​ និង​ជាក់លាក់​បំផុត​។ សូម​កុំ​រង់ចាំ​យូរ​ពេក​ដោយ​គ្រាន់តែ​ដើម្បី​ចែករំលែក ឬ​ផ្ដល់​​អនុសាសន៍​សំខាន់​​ៗ​សម្រាប់​កែលំអ។  សំខាន់​ជាង​នេះ​ទៅទៀត ត្រូវ​​រិះគន់​ដោយ​ភាព​ស្មោះត្រង់ ហើយ​គាំទ្រ​ពួកគេ​។ នោះ​មាន​ន័យ​ថា​ អ្នក​ត្រូវ​បង្ហាញ​ការ​អបអរ​សាទរ​​ចំពោះ​ភាព​ជោគជ័យ​របស់​បុគ្គលិក និង​បង្ហាញ​ថា ពួកគេ​ពិត​ជា​បាន​រៀន​សូត្រ​​ពី​កំហុស​ខុសឆ្គង​ទាំង​នោះ។

៣. ការ​គ្រប់គ្រង​ពេលវេលា (Time Management)

ចំណុច​ខ្សោយ​បំផុត​ ទី៣​ របស់អ្នក​គ្រប់គ្រង​ នោះគឺ​ការ​គ្រប់គ្រង​ពេលវេលា​។ បុគ្គលិក ១៤% និយាយ​ថា អ្នក​គ្រប់គ្រង​របស់​ខ្លួន​មាន​ចំណុច​ខ្វះខាត​លើ​ចំណុច​នេះ។ ពួកគេ​និយាយ​ថា ការ​គ្រប់គ្រង​ពេលវេលា​ មិន​មាន​ប្រសិទ្ធភាព​របស់​ថ្នាក់​លើ​ បាន​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការងារ​ដល់​ថ្នាក់​ក្រោម​ ដែល​ត្រូវការ​ការឆ្លើយតប​យល់ព្រម​ជា​បន្ទាន់​​​ពី​ថ្នាក់​លើ ចំពោះ​ការងារ​ជា​ច្រើន​មុន​នឹងត្រូវ​អនុវត្តការងារ។ ការ​គ្រប់គ្រង​ពេលវេលា​ប្រកបដោយ​ប្រសិទ្ធភាព ទាមទារ​ឲ្យ​អ្នក​ស្គាល់​ច្បាស់​ពី​ខ្លួនឯង ក៏ជា​អ្នកដទៃផងដែរ។ ចូរ​ក្រឡេក​មើល​កាលវិភាគ​របស់​អ្នក​ថា តើ​អ្នក​មាន​ការ​អ្វីខ្លះ ​ដែល​ត្រូវ​ធ្វើ​ជាមួយ​មនុស្ស​ក្រោម​បង្គាប់​អ្នក? អ្នក​ត្រូវ​បែងចែក​ផែនការ​ការងារ​ទៅ​តាម​ពេល​នីមួយៗ​ឲ្យ​បាន​ច្បាស់លាស់​ ដើម្បី​ឲ្យ​អ្នក​មាន​ពេលវេលា​ទំនេរ​មួយ​ចំនួន​មក​ជួយ​ពិនិត្យ​សកម្មភាព​ការងារ​របស់​ពួកគេ​វិញ។

៤. ការ​​ផ្ទេរ​​ភារកិច្ច​ការងារ​ដល់​ថ្នាក់​ក្រោម (Delegation)

បុគ្គលិក ១១% និយាយ​ថា អ្នក​គ្រប់គ្រង​របស់​ពួកគេ​នៅ​តែ​មាន​ចំណុច​ខ្វះ​ខាត​ត្រង់ការ​ផ្ទេរ​ភារកិច្ច​ការងារ​​។ ដូចគ្នា​ទៅ​នឹង​ការ​គ្រប់គ្រង​ពេលវេលា​ដែរ ការ​ផ្ទេរ​ភារកិច្ច​ការងារ​ដល់​​បុគ្គលិក​ក្រោម​បង្គាប់ គឺ​ជា​ជំនាញ​ដ៏​ចាំបាច់​បំផុត​មួយ​​ក្នុង​ការ​ធានា​រាល់​ផ្នែក​ទាំងអស់​នៃ​ក្រុម​ការងារ​​ឲ្យ​ដំណើរការ​ទៅ​មុខ​ដោយ​​ភាព​រលូន។ អ្នក​ប្រហែល​កំពុង​ព្យាយាម​ធ្វើ​ការ​ងារ​រាប់រយ​ជំពូក​ទាំង​នោះ​ដោយ​មិន​ទំនេរ​ដៃ ហើយ​អ្នក​ប្រហែល​ជា​ស្ទាក់ស្ទើរ​​មិន​ចង់​ទម្លាក់​ការងារ​ខ្លះ​ទៅ​ឲ្យ​បុគ្គលិក​របស់​អ្នកទេ​ នេះ​ក៏ដោយសារតែ​អ្នក​ព្រួយបារម្ភ​ថា សមត្ថភាព​របស់​ពួកគេ​នៅ​មាន​កម្រិត អ្នក​នៅ​មិន​ទាន់​មាន​ទំនុក​ចិត្ត ឬ​មិន​ចង់​ដាក់​បន្ទុក​លើ​ពួកគេ។ ទោះ​ជា​ក្នុង​រូបភាព​បែប​ណា​ក៏ដោយ ទាំង​នេះ​គឺ​ជា​ឧបសគ្គ​ធ្វើ​ឲ្យ​ការងារ​របស់​អ្នក​មិន​រីកចម្រើន​ទៅមុខ។ អ្វី​ដែល​សំខាន់​បំផុត​ដែល​អ្នក​ត្រូវ​យកចិត្ត​ទុកដាក់​នៅ​ពេល​នេះ គឺ​ត្រូវ​ផ្ដល់​ទំនុក​ចិត្ត​​ដល់​បុគ្គលិក​របស់​អ្នក ហើយ​ទម្លាក់​ការងារ​មួយ​ចំនួន​ឲ្យ​ពួកគេ​ធ្វើ​ជំនួស​អ្នក​។ អនុញ្ញាត​ឲ្យ​ពួកគេ​រៀន​ទទួលខុសត្រូវ ប៉ុន្តែ​ត្រូវ​ប្រគល់​ភារកិច្ច​ការងារ​ឲ្យ​ចំ​កន្លែង និងឲ្យ​ចំ​មនុស្ស។

៥. ការប្រាស្រ័យទាក់ទង (Communication)

ការប្រាស្រ័យទាក់ទង គឺ​ជា​ជំនាញ​​ទី៥ ដែល​អ្នក​គ្រប់គ្រង​ខ្វះខាត​បំផុត​។ បុគ្គលិក ១០% និយាយ​ថា ថ្នាក់​ដឹកនាំ​របស់​ពួកគេ​ នៅ​មាន​ចន្លោះប្រហោង​ក្នុង​ការ​​ពង្រឹង​ជំនាញ​ប្រាស្រ័យទាក់ទង។ ខណៈ​ដែល​វា​ជា​ជំនាញ​សំខាន់​បំផុត​មួយ​​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​ទំនាក់ទំនង​រវាង​អ្នក​គ្រប់គ្រង និង​បុគ្គលិក ការ​ប្រាស្រ័យទាក់ទង ​បាន​ដើរ​តួនាទី​កាន់តែ​សកម្ម​ឡើង​ៗ សម្រាប់​អ្នក​គ្រប់គ្រង​នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ។ ប្រសិនបើ​អ្នក​ឆ្ងល់​ថា តើ​​បុគ្គលិក​របស់​អ្នក​អាច​ទទួល​បាន​អត្ថប្រយោជន៍​​អ្វី​ខ្លះ​ពី​ការ​ទំនាក់ទំនង​ដ៏​ជាក់លាក់​មួយ អ្នក​គួរ​សាកសួរ​ពួកគេ​ភ្លាម។  អ្នក​ត្រូវ​ផ្ដល់​លទ្ធភាព​ឲ្យ​ខ្លួនឯង​​មាន​ពេលវេលា​គ្រប់គ្រាន់ ​ដើម្បី​ឆ្លើយ​​តប​នូវ​រាល់​សំណួរ ក្តី​កង្វល់ និង​ផ្ដល់​ដំណោះស្រាយ​​ជូន​ចំពោះ​ពួកគេ។

សម្រួលពី៖​ Inc., New Survey Uncovers Five Skills Managers Lack According to Their Employees

Leave a Reply